Paris Peace Accords 23 Oct. 1991

Monday, April 23, 2018

លោក ហ៊ុន សែន បន្ត​អំពាវនាវ ​ឱ្យ​ពលរដ្ឋ​ បោះ​ឆ្នោត ​ឱ្យ​លោក ខណៈ​ អ្នក​និយម​ ប្រជាធិបតេយ្យ​ ទាមទារ​ ឱ្យ​ស្តា​ស្ថានការណ៍ ​ឡើងវិញ | Hun Sen urges people to vote for him as democrats urge renewal of situation

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​គណបក្ស​សង្គ្រោះជាតិ។

លោក ហ៊ុន សែន បន្ត​អំពាវនាវ ​ឱ្យ​ពលរដ្ឋ​ បោះ​ឆ្នោត ​ឱ្យ​លោក ខណៈ​ អ្នក​និយម​ ប្រជាធិបតេយ្យ​ ទាមទារ​ ឱ្យ​ស្តា​ស្ថានការណ៍ ​ឡើងវិញ

RFA / វិទ្យុ អាស៊ី សេរី | ២២ មេសា ២០១៨


មេដឹកនាំ ​របប​ ក្រុងភ្នំពេញ នៅ​ថ្ងៃ​ទី​២២ មេសា នេះ បន្ត​អំពាវនាវ​ ដល់​ពលរដ្ឋ​ ឱ្យ​បោះឆ្នោត​ ជូន​គណបក្ស​ ប្រជាជន​ កម្ពុជា​ត ទៅ​ទៀត ខណៈ ក្រុម​និយម​ ប្រជាធិបតេយ្យ ដែល​រួមមាន ​គណបក្ស​ សង្គ្រោះជាតិ, ក្រុម​អង្គការ​ សង្គម​ស៊ីវិល, និង​សារព័ត៌មាន​ ឯករាជ្យ​ ជាដើម បូករួម​ទាំង​ សហគមន៍​ អន្តរជាតិ​ផង​នោះ ទាមទារ​ ឱ្យ​របប ​ក្រុងភ្នំពេញ ស្តា​ស្ថានការណ៍​ នយោបាយ និង​ប្រជាធិបតេយ្យ​ ឡើងវិញ។  អ្នកវិភាគ​នយោបាយ​អះអាង​ថា មាន​តែ​ការ​កែទម្រង់​របៀប​ដឹកនាំ និង​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​ក្រុម​និយម​ប្រជាធិបតេយ្យ​ទេ ដែល​អាច​ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច​អាច​ស្តា​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើងវិញ​បាន។
លោក ហ៊ុន សែន បាន​ប្រកាស​ជាថ្មី​ទៀត​ថា លោក​នឹង​បន្ត​ធ្វើជា​នាយករដ្ឋមន្ត្រី យ៉ាងហោចណាស់​ពីរ​អាណត្តិ​ថែមទៀត ដោយ​លើក​ហេតុផល​ថា ដើម្បី «រក្សា​សន្តិភាព»។
ពេល​ជួប​ក្រុម​កម្មករ និង​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ម្តងៗ បុរស​ខ្លាំង​រូប​នេះ មិនដែល​ភ្លេច​ទេ​រឿង អំពាវនាវ​ឱ្យ​ពលរដ្ឋ​បន្ត​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​តទៅទៀត ដើម្បី​ឱ្យ​បក្ស​ដែល​មាន​ឫសគល់​ពី​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន​របស់​វៀតណាម​នេះ មាន​ឱកាស​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ឱ្យ​រីកចម្រើន​ថែមទៀត។
ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ក្រុម​សហជីព ដែល​ជា​សមាជិក​-​សមាជិកា​បក្ស លោក ហ៊ុន សែន ថ្លែង​ដោយ​មោទនភាព​ថា ការ​រីកចម្រើន និង​អភិវឌ្ឍន៍​នៅ​កម្ពុជា​រយៈពេល​ជាង ២​ទសវត្ស​ចុងក្រោយ​នេះ គឺ​បាន​មក​ដោយសារ​ការ​រក្សា​បាន​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង​វ័ណ្ឌកង់ស្នាប់​សង្គម ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
ការ​អំពាវនាវ​ជាថ្មី​របស់​មេដឹកនាំ​របប​ក្រុងភ្នំពេញ​នេះ ធ្វើឡើង​ខណៈ​ការបោះឆ្នោត​កាន់តែ​ខិត​ជិត​មកដល់។ 
គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការបោះឆ្នោត (គ.ជ.ប.) ដែល​មាន​ថ្នាក់ដឹកនាំ និង​សមាជិក​ភាគ​ច្រើន គឺជា​មន្ត្រី​បក្ស​កាន់អំណាច​នោះ បាន​កំណត់​យក​ថ្ងៃទី២៩ កក្កដា ខាងមុខ ជា​ថ្ងៃ​បោះឆ្នោត ដោយ​គ្មាន​ការ​កែប្រែ បើ​ទោះ​បី​ជា​ខាង​ក្រុម​និយម​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​ទាមទារ​ឱ្យ​របប​ក្រុងភ្នំពេញ​ស្តា​ស្ថានការណ៍​នយោបាយ និង​ប្រជាធិបតេយ្យ​ជាមុន យ៉ាង​ណា​ក្តី។
ប្រធាន​ក្រុម​អ្នកវិភាគ​វ័យក្មេង លោក ហង្ស វិទូ កត់សម្គាល់​ថា ថ្នាក់ដឹកនាំ​បក្ស​កាន់អំណាច​តែងតែ​លើក​យក​ចំណុច ៣​យ៉ាង ដើម្បី​ទាក់ទាញ​ការ​គាំទ្រ​ពី​ម្ចាស់​ឆ្នោត។ ចំណុច​ទីមួយ គឺ​ការ​លើកឡើង​អំពី​គុណបំណាច់​ថ្ងៃ ៧ មករា ដែល​ក្រោម​ការ​ទំនុកបម្រុង​ពី​វៀតណាម ថ្នាក់ដឹកនាំ​បក្ស​ប្រជាជន​កម្ពុជា​បាន​វាយ​ផ្ដួល​រំលំ​របប​ខ្មែរក្រហម។ ចំណុច​ទី​ពីរ គឺ​ការព្រមាន​អំពី​សង្គ្រាម ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ចាញ់​ការបោះឆ្នោត និង​ចំណុច​ទី​បី គឺ​ការ​លើកឡើង​អំពី​សន្តិភាព អធិបតេយ្យភាព និង​បូរណភាព​ទឹកដី ដែល​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ជឿជាក់​ថា គ្មាន​នរណា​អាច​ធ្វើ​បាន​ដូច​ខ្លួន​ឡើយ។
លោក​យល់​ឃើញ​ថា ការ​បន្ត​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដដែលៗ​នេះ នឹង​មិន​អាច​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ស្តា​ប្រជាប្រិយភាព​របស់​ខ្លួន​បាន​ឡើយ ក្រោយពេល​ថ្នាក់ដឹកនាំ​បក្ស​នេះ​បាន​រំលាយ​បក្ស​ប្រឆាំង និង​បន្ត​ធ្វើ​ទុក​បុក​ម្នេញ​សំឡេង​ឯករាជ្យ ដែល​សហគមន៍​ជាតិ និង​អន្តរជាតិ​វាយ​តម្លៃ​ថា ជា​ការ​រំលោភ​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ៖ «នៅ​ពេល​សង្គម​មួយ​គ្មាន​យុត្តិធម៌​សង្គម និង​តម្លាភាព ទាំង​សន្តិភាព​ក៏ដោយ និង​ការ​អភិវឌ្ឍ​ក៏ដោយ វា​បានតែ​បុគ្គល​មួយ​ក្ដាប់​ប៉ុណ្ណោះ ជាពិសេស​បុគ្គល​ដែល​មាន​អំណាច​បុណ្យ​សក្ដិ ឬមួយ​ក៏​សែស្រឡាយ​គ្នីគ្នា​គេ​ហ្នឹង ដូច​យើង​ឃើញ​ស្រាប់​ហើយ​ថា ការ​អភិវឌ្ឍ​សព្វថ្ងៃ​នេះ​វា​ផ្អៀង វា​បាន​ផលប្រយោជន៍​ទៅ​ខាង​បក្ខពួក​គណបក្ស​កាន់អំណាច គឺថា​គេ​បាន​ទទួល​ផលប្រយោជន៍​កប់​ក្ដោង​តែម្ដង​។ ចំណែក​ឯ ប្រជាពលរដ្ឋ​ដែល​នៅ​កណ្ដាល ឬ​មាន​និន្នាការ​ទៅ​រក​បក្ស​ប្រឆាំង ឬ​ពលរដ្ឋ​ទូទៅ​វិញ ពួកគាត់​ដូចជា​មិន​ឃើញ​បាន​អ្វី​ទេ។ អ្នកក្រ​ក៏​ចេះតែ​ក្រ​ទៅ ហើយ​តួលេខ និង​ទិន្នន័យ​សេដ្ឋកិច្ច ក៏​ចេះតែ​ល្អ​កើន​ឡើង​រាល់​ឆ្នាំ ប៉ុន្តែ​ជីវភាព​ពលរដ្ឋ​នៅតែ​លំបាក​វេទនា រហូតដល់​បង្ខំចិត្ត​ត្រូវ​ធ្វើជា​ពលករ​គេ​សឹងតែ​គ្រប់​ប្រទេស។»
កាល​ពី​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ កន្លងទៅ លោក ហ៊ុន សែន បាន​ថ្លែង​សារ​នយោបាយ​បែប​អង្វរករ​ថា «បើ ​​ស្រឡាញ់, បើ ​​អាណិត, បើ​ ជឿជាក់ ហ៊ុន សែន, សូម​ បោះឆ្នោត​ ឱ្យ​គណបក្ស​ ប្រជាជន​ កម្ពុជា» ដើម្បី​អន្ទង​ចិត្ត​ពលរដ្ឋ​ឱ្យ​បោះឆ្នោត​គាំទ្រ​រូបលោក បន្ត​កាន់អំណាច​តទៅ​ទៀត ក៏ប៉ុន្តែ​សារ​អង្វរករ​នេះ មិន​បាន​បន្ទន់ចិត្ត​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​បាន​រងគ្រោះ​ដោយសារ​ការដឹកនាំ​របស់​លោក​ឡើយ។ ផ្ទុយទៅវិញ ពលរដ្ឋ​ជិត​កន្លះ​នគរ​បាន​បោះឆ្នោត​ដក​សេចក្ដី​ទុកចិត្ត​ពី​លោក​វិញ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​របូត​អាសនៈ​សភា​ជាង ២០​អាសនៈ ទៅ​ខាង​បក្ស​សង្គ្រោះ​ជាតិ ហើយ​និង​បន្ត​របូត​អាសនៈ​ក្រុម​ប្រឹក្សាឃុំ​សង្កាត់​ជាង ៤ ពាន់​អាសនៈ​បន្ថែម​ទៀត ទៅ​ខាង​បក្ស​ប្រឆាំង​ដដែល នៅ​ក្នុង​ការបោះឆ្នោត​ឃុំ​សង្កាត់​កាលពី​ឆ្នាំ ២០១៧ កន្លង​ទៅ។

មិន​ទាន់​មាន​ការសិក្សា​ស្រាវជ្រាវ​ណា​ដែល​បង្ហាញ​អំពី​ការ​កើន​ឡើង ឬ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​បក្ស​កាន់អំណាច​នៅឡើយ​ទេ ក្រោយ​ពេល​ដែល​បក្ស​ដឹកនាំ​ប្រទេស​ជិត ៤០ ឆ្នាំនេះ បាន​បើក​យុទ្ធនា​ការ​រំលាយ​បក្ស​ប្រឆាំង ធ្វើ​ទុក​បុក​ម្នេញ​សំឡេង​ឯករាជ្យ និង​បោះជំហាន​ទៅ​រក​ការដឹកនាំ​បែប​ឯក​បក្ស​ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នោះ។
អ្នកវិភាគ​នយោបាយ​វ័យក្មេង លោក ហង្ស វិទូ យល់ឃើញ​ថា មាន​មធ្យោបាយ​ពីរ​យ៉ាង​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​អាច​ស្តា​ប្រជាប្រិយភាព​របស់​ខ្លួន​ឡើងវិញ​បាន។ នោះ​គឺ​ការ​បើក​ឱ្យ​មាន​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ដោយមាន​ការចូលរួម​ពី​បក្ស​សង្គ្រោះជាតិ និង​ការ​ធ្វើ​កំណែទម្រង់​លើ​របៀប​ដឹកនាំ​របស់​ខ្លួន។ លោក​បន្ថែម​ថា បើ​គ្មាន​ការ​កែប្រែ​លើ​របៀប​ដឹកនាំ​ទេ​នោះ ទោះបីជា​គណបក្ស​កាន់អំណាច​បន្ត​ឈ្នះ​ឆ្នោត​ទៀត​ក៏ដោយ ក៏​កម្ពុជា​នឹង​គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ជា​ដុំកំភួន​ឡើយ ដ្បិត​ការដឹកនាំ​របស់​របប​ក្រុងភ្នំពេញ​សព្វថ្ងៃ​បាន​បង្កើត​បញ្ហា​អយុត្តិធម៌​សង្គម​យ៉ាង​ច្រើន​សម្បើម៖ «គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ធ្វើ​យ៉ាងម៉េច​បង្ហាញ​ថា ខ្លួនឯង​ជា​កីឡាករ​ពិតប្រាកដ មានន័យថា ត្រូវតែ​បើក​ឱ្យ​មាន​ការប្រកួតប្រជែង​ពី​គណបក្ស​ដែល​មាន​ឥទ្ធិពល និង​ប្រជាប្រិយភាព គឺ​គណបក្ស​សង្គ្រោះជាតិ។ ទាំង​មតិ​ជាតិ និង​អន្តរជាតិ គឺ​សុទ្ធតែ​ចង់​ឱ្យ​គណបក្ស​ប្រជាជន​បើក​ឱ្យ​មាន​ការប្រកួតប្រជែង​ដោយ​ស្មើភាព។ ទី​ពីរ​គណបក្ស​ប្រជាជន​ក៏​ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​យ៉ាង​ស៊ីជម្រៅ មានន័យថា ហ៊ាន​ថា ហ៊ាន​ធ្វើ និង​ឱ្យ​មាន​ប្រសិទ្ធភាព​ពិតប្រាកដ កុំ​ឱ្យ​មានរឿង​អី្វ ចាំតែ​អនុសាសន៍​សម្ដេច និង​ថ្នាក់ដឹកនាំ​កំពូល។ បើ​ទោះ​ជា​ជាប់​គណបក្ស​ប្រជាជន​មួយ​អាណត្តិ​ទៀត ក៏​ខ្ញុំ​យល់ថា កម្ពុជា​នឹង​គ្មាន​អ្វី​កែប្រែ​ពី​ភាព​អវិជ្ជមាន​មក​ជា​វិជ្ជមាន​វិញ​នោះ​ទេ ប្រសិនបើ​នៅតែ​ប្រើ​នយោបាយ​ដដែល យុទ្ធសាស្ត្រ​ដដែល និង​គោលនយោបាយ​ដដែល​នោះ។»
នៅ​ចុង​អាណត្តិ​ទី​៥ នេះ របប​ក្រុងភ្នំពេញ​បាន​បង្កើន​ការវាយប្រហារ​កាន់តែ​ខ្លាំង​ទៅលើ​គណបក្សប្រឆាំង និង​សំឡេង​ឯករាជ្យ ហើយ​ហាក់​ដូច​ជា​បាន​បំភ្លេច​ចោល​នូវ​កាតព្វកិច្ច​សំខាន់ៗ​ដូចដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ យន្តការ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ ភាគច្រើន​មិន​សូវ​មាន​ដំណើរការ។ ទំនាស់​ដីធ្លី បទល្មើស​ព្រៃឈើ និង​ធនធានធម្មជាតិ បញ្ហា​គ្រឿងញៀន ល្បែងស៊ីសង អំពើពុករលួយ និង​រឿង​អយុត្តិធម៌​សង្គម​ជាដើម បាន​កក្រើក​ឡើង​ពេញ​ផ្ទៃ​ប្រទេស ដោយ​មិន​មាន​ការ​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។ ចំណុច​ទាំងនេះ​ហើយ​ដែល​អ្នកវិភាគ​យល់ឃើញ​ថា នឹង​អាច​នាំ​ទៅ​រក​បដិវត្តន៍​ពណ៌​នៅ​កម្ពុជា មិនមែន​ដូច​ការ​លាប​ពណ៌​របស់​ពួក​មេដឹកនាំ​របប​ក្រុងភ្នំពេញ​ថា ក្រុម​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជា​អ្នកបង្កើត​បដិវត្តន៍​ពណ៌​នោះ​ឡើយ៕




No comments:

Post a Comment