Paris Peace Accords 23 Oct. 1991

Tuesday, April 24, 2018

អាមេរិក​ ថា ​របប​ ក្រុង​ភ្នំពេញ ​រំលោភ​ សិទ្ធិមនុស្ស​ និង​ធ្វើ​ ទុក្ខបុកម្នេញ​ បក្ស​ប្រឆាំង​ កាន់​តែ ​ធ្ងន់ធ្ងរ | US says Phnom Penh regime violates human rights, oppresses opposition party in increasing measure

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុង​ពិធី​ជប់លៀង​អបអរ​ខួប​លើក​ទី​៥០ របស់​អាស៊ាន កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា ឆ្នាំ​២០១៧។

អាមេរិក​ ថា ​របប​ ក្រុង​ភ្នំពេញ ​រំលោភ​ សិទ្ធិមនុស្ស​ និង​ធ្វើ​ ទុក្ខបុកម្នេញ​ បក្ស​ប្រឆាំង​ កាន់​តែ ​ធ្ងន់ធ្ងរ

RFA / វិទ្យុ អាស៊ី សេរី | ២២ មេសា ២០១៨






ក្រសួង​ការបរទេស​អាមេរិក កាលពី​ចុង​សប្ដាហ៍​នេះ ផ្សាយ​របាយការណ៍​សិទ្ធិមនុស្ស​ប្រចាំ​ឆ្នាំ​២០១៧​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​គណបក្ស​ប្រឆាំង​បន្ត​កើតឡើង​ធ្ងន់ធ្ងរ។ ក្រសួងការបរទេស​អាមេរិក​កត់សំគាល់​ថា ការបំពាន​ទាំងនោះ ប្រព្រឹត្ត​ឡើង​ដោយ​ភ្នាក់ងារ​របប​ផ្ដាច់ការ​លោក ហ៊ុន សែន ដែល​គណបក្ស​កាន់អំណាច​ឋិត​នៅ​ពី​ក្រោយខ្នង។

អំពើ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​មាន​ដូចជា ការ​បាញ់សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ កងកម្លាំង​និង​អាជ្ញាធរ​របប​ភ្នំពេញ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​បាត់​ខ្លួន​របស់​ព្រះសង្ឃ ការ​រំលោភបំពាន​សិទ្ធិ​ជន​ជាប់ឃុំ​ក្នុង​មន្ទីរឃុំឃាំង​របស់​រដ្ឋ ការ​ចាប់​ឃុំ​ខ្លួន​មនុស្ស​ដោយ​មិន​ស្របច្បាប់​គ្មាន​ដីកា​តុលាការ​ជាក់ស្ដែង ករណី​លោក កឹម សុខា។
របាយការណ៍​បន្ថែម​ទៀត​ថា ការ​បំបិទ​សិទ្ធិ​បញ្ចេញមតិ ការ​ប្រមូល​ផ្តុំ សេរីភាព​សារព័ត៌មាន និង​ការ​បញ្ចេញមតិ​តាម​បណ្ដាញ​អ៊ីនធឺណិត​នៅតែ​បន្ត​កើតឡើង។ អាជ្ញាធរ​របប​លោក ហ៊ុន សែន នៅតែ​ប្រើ​ការ​សម្លុត​បំភ័យ ប្រើប្រាស់​ហិង្សា ចាប់​អ្នកប្រឆាំង​សង្គម​ស៊ីវិល ដាក់​ពន្ធនាគារ។ ក្រៅ​ពី​នេះ បញ្ហា​អំពើពុករលួយ អំពើ​ហិង្សា​លើ​ស្ត្រី និង​មនុស្ស​ស្រលាញ់​ភេទ​ដូចគ្នា ការ​រំលោភបំពាន​លើ​កុមារ និង​ពលកម្ម​ដោយ​បង្ខំ​បន្ត​ចាក់ឫស​នៅ​កម្ពុជា។
របាយការណ៍​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែ​មេសា ចុង​សប្ដាហ៍​នេះ ឲ្យ​ដឹង​ថា ករណី​ឃាតក​បាញ់សម្លាប់​បណ្ឌិត កែម ឡី អឿត អាង ហៅ ជួប សម្លាប់ បង្ក​ឲ្យ​មានការ​មន្ទិលសង្ស័យ​ជាច្រើន​ពី​សំណាក់​អ្នក​សង្កេតការណ៍​ថា ករណី​ឃាតកម្ម​ដ៍​ល្បីល្បាញ​មួយ​នេះ ត្រូវ​បាន​រៀបចំ​ដោយ​ភាគី​ទី​បី​ផ្សេងទៀត ដែល​បាន​ជួល​ឃាតក​ស៊ីឈ្នួល ជួប សម្លាប់ ដើម្បី​ពិឃាដ​បណ្ឌិត កែម ឡី ដែល​ល្បី​ខាង​រិះគន់​កែ​លម្អ​របប​លោក ហ៊ុន សែន។
ចំណែក ករណី​ធ្វើ​ទារុណកម្ម អមនុស្សធម៌​វិញ ក៏​បន្ត​កើតឡើង​មាននៅ​កម្ពុជា។ អង្គការ​សិទ្ធិមនុស្ស​រក​ឃើញ​ថា យ៉ាងហោចណាស់​ក៏​មាន ១០​ករណី​នៃ​ការ​ធ្វើ​ទារុណកម្ម ប្រព្រឹត្ត​ឡើង​ដោយ ភ្នាក់ងារ​របប​លោក ហ៊ុន សែន ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា។ របាយការណ៍​ក៏​ឲ្យ​ដឹង​ថា ក្រសួងមហាផ្ទៃ​ក៏បាន​ឃុំឃាំង​មនុស្ស​ដោយ​មិន​គោរព​ស្តង់ដារ​អន្តរជាតិ។
របប​លោក ហ៊ុន សែន កាលពី​ឆ្នាំ ២០១៧ បាន​ឃុំខ្លួន​មនុស្ស​ប្រមាណ ២​ពាន់ ៦​នាក់ ក្នុង​មន្ទីរឃុំឃាំង​ចំនួន ២៩​មន្ទីរឃុំឃាំង ដែល​អាច​ដាក់​អ្នកទោស​បាន​ត្រឹម​តែ មួយ​ពាន់​មួយ​រយ​នាក់​តែ​ប៉ុណ្ណោះ។ ចំណែក​ឯ​ជន​សុំ​សិទ្ធិ​ជ្រកកោន​នយោបាយ ម៉ុងតាញ៉ា (Montagnard) វិញ របប​លោក ហ៊ុន សែន បាន​ចាប់​បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ប្រមាណ​១៤០​នាក់ ទៅ​វៀតណាម​វិញ ចាប់​តាំង​ពី​ឆ្នាំ ២០០៥។ ការ​បង្ខំ​បញ្ជូន​ជនភៀសខ្លួន​ទៅវិញ​នោះ ធ្វើឡើង​ដោយ​មិនបាន​ស៊ើបអង្កេត និង​សិក្សា​ផ្ដល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​ពួកគេ ឲ្យ​តាម​ត្រឹម​ត្រូវ​បាន​ច្បាប់​នៅឡើយ​ទេ។
របាយការណ៍​បន្ថែម​ទៀត​ថា សេរីភាព​សារព័ត៌មាន​ក៏​រង​ការវាយប្រហារ​ដែរ។ កាលពី​ខែ​កញ្ញា អាស៊ីសេរី​ផ្នែក​ខេមរភាសា​បាន​បង្ខំចិត្ត​បិទ​ការិយាល័យ​នៅ​កម្ពុជា​ដោយសារ​គំនាប និង​ការ​ធ្វើទុក្ខបុកម្នេញ​ពី​របប​ក្រុងភ្នំពេញ មុន​ពេល​នៃ​ការបោះឆ្នោត​ខាង​កក្កដា​ខាងមុខ។ អតីត​អ្នករាយការណ៍​ព័ត៌មាន​អាស៊ីសេរី​ពីរ​នាក់ ត្រូវ​បាន​ភ្នាក់ងារ​របប​លោក ហ៊ុន សែន ចាប់ខ្លួន​កាល​ខែ​វិច្ឆិកា ដោយ​ចោទប្រកាន់​ទាំង​គ្មាន​ភស្តុតាង​ថា អ្នក​ទាំងពីរ​ផ្តល់​ព័ត៌មាន​សំងាត់​ទៅ​ឲ្យ​អាមេរិក ក្នុង​ការ​បង្កើត​បដិវត្ត​ពណ៌។
តុលាការ​ក្រោម​គំនាប​លោក ហ៊ុន សែន បន្ត​ឃុំខ្លួន​ពួកគេ​ដោយ​មិន​ព្រម​ដោះលែង ដោយ​លើក​ហេតុផល​ករណី​អ្នក​ទាំងពីរ​ជា​ករណី​ពិសេស ហើយ​ចោទប្រកាន់​លាប​ព័ត៌មាន​អតីត​អ្នករាយការណ៍​អាស៊ីសេរី​ម្នាក់​ដែល​មាន​ដើមកំណើត​ជា​ខ្មែរ​កម្ពុជា​ក្រោម​ថា ជា​ជាតិ​វៀតណាម​មិន​អាច​ដោះលែង​បាន។ ក្រសួងការបរទេស​ថា ការ​ចាប់ខ្លួន​នេះ ត្រូវ​បាន​មើល​ឃើញ​ថា ជា​ករណី​នយោបាយ។ ក្រសួងការបរទេស​កម្ពុជា​មិន​ទាន់​ឆ្លើយតប​នឹង​របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​២១ មេសា៕



2 comments:

  1. Anonymous9:27 AM

    After Sam Rainsy won the lawsuit against Facebook, he will sue President Trump for shaking hand with Hun Sen and propping up the illegal regime.

    ReplyDelete
    Replies
    1. Anonymous9:29 AM

      Trump is now very scared of Sam Rainsy.

      Delete