លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់ដៃជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងពិធីជប់លៀងអបអរខួបលើកទី៥០ របស់អាស៊ាន កាលពីថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០១៧។ |
អាមេរិក ថា របប ក្រុងភ្នំពេញ រំលោភ សិទ្ធិមនុស្ស និងធ្វើ ទុក្ខបុកម្នេញ បក្សប្រឆាំង កាន់តែ ធ្ងន់ធ្ងរ
RFA / វិទ្យុ អាស៊ី សេរី | ២២ មេសា ២០១៨
ក្រសួងការបរទេសអាមេរិក កាលពីចុងសប្ដាហ៍នេះ ផ្សាយរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១៧អំពើរំលោភសិទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញគណបក្សប្រឆាំងបន្តកើតឡើងធ្ងន់ធ្ងរ។ ក្រសួងការបរទេសអាមេរិកកត់សំគាល់ថា ការបំពានទាំងនោះ ប្រព្រឹត្តឡើងដោយភ្នាក់ងាររបបផ្ដាច់ការលោក ហ៊ុន សែន ដែលគណបក្សកាន់អំណាចឋិតនៅពីក្រោយខ្នង។
អំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរមានដូចជា ការបាញ់សម្លាប់ក្រៅប្រព័ន្ធច្បាប់ កងកម្លាំងនិងអាជ្ញាធររបបភ្នំពេញជាប់ពាក់ព័ន្ធនឹងករណីបាត់ខ្លួនរបស់ព្រះសង្ឃ ការរំលោភបំពានសិទ្ធិជនជាប់ឃុំក្នុងមន្ទីរឃុំឃាំងរបស់រដ្ឋ ការចាប់ឃុំខ្លួនមនុស្សដោយមិនស្របច្បាប់គ្មានដីកាតុលាការជាក់ស្ដែង ករណីលោក កឹម សុខា។
របាយការណ៍បន្ថែមទៀតថា ការបំបិទសិទ្ធិបញ្ចេញមតិ ការប្រមូលផ្តុំ សេរីភាពសារព័ត៌មាន និងការបញ្ចេញមតិតាមបណ្ដាញអ៊ីនធឺណិតនៅតែបន្តកើតឡើង។ អាជ្ញាធររបបលោក ហ៊ុន សែន នៅតែប្រើការសម្លុតបំភ័យ ប្រើប្រាស់ហិង្សា ចាប់អ្នកប្រឆាំងសង្គមស៊ីវិល ដាក់ពន្ធនាគារ។ ក្រៅពីនេះ បញ្ហាអំពើពុករលួយ អំពើហិង្សាលើស្ត្រី និងមនុស្សស្រលាញ់ភេទដូចគ្នា ការរំលោភបំពានលើកុមារ និងពលកម្មដោយបង្ខំបន្តចាក់ឫសនៅកម្ពុជា។
របាយការណ៍ផ្សាយកាលពីថ្ងៃទី២០ ខែមេសា ចុងសប្ដាហ៍នេះ ឲ្យដឹងថា ករណីឃាតកបាញ់សម្លាប់បណ្ឌិត កែម ឡី អឿត អាង ហៅ ជួប សម្លាប់ បង្កឲ្យមានការមន្ទិលសង្ស័យជាច្រើនពីសំណាក់អ្នកសង្កេតការណ៍ថា ករណីឃាតកម្មដ៍ល្បីល្បាញមួយនេះ ត្រូវបានរៀបចំដោយភាគីទីបីផ្សេងទៀត ដែលបានជួលឃាតកស៊ីឈ្នួល ជួប សម្លាប់ ដើម្បីពិឃាដបណ្ឌិត កែម ឡី ដែលល្បីខាងរិះគន់កែលម្អរបបលោក ហ៊ុន សែន។
ចំណែក ករណីធ្វើទារុណកម្ម អមនុស្សធម៌វិញ ក៏បន្តកើតឡើងមាននៅកម្ពុជា។ អង្គការសិទ្ធិមនុស្សរកឃើញថា យ៉ាងហោចណាស់ក៏មាន ១០ករណីនៃការធ្វើទារុណកម្ម ប្រព្រឹត្តឡើងដោយ ភ្នាក់ងាររបបលោក ហ៊ុន សែន ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។ របាយការណ៍ក៏ឲ្យដឹងថា ក្រសួងមហាផ្ទៃក៏បានឃុំឃាំងមនុស្សដោយមិនគោរពស្តង់ដារអន្តរជាតិ។
របបលោក ហ៊ុន សែន កាលពីឆ្នាំ ២០១៧ បានឃុំខ្លួនមនុស្សប្រមាណ ២ពាន់ ៦នាក់ ក្នុងមន្ទីរឃុំឃាំងចំនួន ២៩មន្ទីរឃុំឃាំង ដែលអាចដាក់អ្នកទោសបានត្រឹមតែ មួយពាន់មួយរយនាក់តែប៉ុណ្ណោះ។ ចំណែកឯជនសុំសិទ្ធិជ្រកកោននយោបាយ ម៉ុងតាញ៉ា (Montagnard) វិញ របបលោក ហ៊ុន សែន បានចាប់បញ្ជូនជនជាតិម៉ុងតាញ៉ា ប្រមាណ១៤០នាក់ ទៅវៀតណាមវិញ ចាប់តាំងពីឆ្នាំ ២០០៥។ ការបង្ខំបញ្ជូនជនភៀសខ្លួនទៅវិញនោះ ធ្វើឡើងដោយមិនបានស៊ើបអង្កេត និងសិក្សាផ្ដល់ឋានៈជាជនភៀសខ្លួនដល់ពួកគេ ឲ្យតាមត្រឹមត្រូវបានច្បាប់នៅឡើយទេ។
របាយការណ៍បន្ថែមទៀតថា សេរីភាពសារព័ត៌មានក៏រងការវាយប្រហារដែរ។ កាលពីខែកញ្ញា អាស៊ីសេរីផ្នែកខេមរភាសាបានបង្ខំចិត្តបិទការិយាល័យនៅកម្ពុជាដោយសារគំនាប និងការធ្វើទុក្ខបុកម្នេញពីរបបក្រុងភ្នំពេញ មុនពេលនៃការបោះឆ្នោតខាងកក្កដាខាងមុខ។ អតីតអ្នករាយការណ៍ព័ត៌មានអាស៊ីសេរីពីរនាក់ ត្រូវបានភ្នាក់ងាររបបលោក ហ៊ុន សែន ចាប់ខ្លួនកាលខែវិច្ឆិកា ដោយចោទប្រកាន់ទាំងគ្មានភស្តុតាងថា អ្នកទាំងពីរផ្តល់ព័ត៌មានសំងាត់ទៅឲ្យអាមេរិក ក្នុងការបង្កើតបដិវត្តពណ៌។
តុលាការក្រោមគំនាបលោក ហ៊ុន សែន បន្តឃុំខ្លួនពួកគេដោយមិនព្រមដោះលែង ដោយលើកហេតុផលករណីអ្នកទាំងពីរជាករណីពិសេស ហើយចោទប្រកាន់លាបព័ត៌មានអតីតអ្នករាយការណ៍អាស៊ីសេរីម្នាក់ដែលមានដើមកំណើតជាខ្មែរកម្ពុជាក្រោមថា ជាជាតិវៀតណាមមិនអាចដោះលែងបាន។ ក្រសួងការបរទេសថា ការចាប់ខ្លួននេះ ត្រូវបានមើលឃើញថា ជាករណីនយោបាយ។ ក្រសួងការបរទេសកម្ពុជាមិនទាន់ឆ្លើយតបនឹងរបាយការណ៍របស់ក្រសួងការបរទេសអាមេរិកនៅឡើយទេ កាលពីថ្ងៃទី២១ មេសា៕
After Sam Rainsy won the lawsuit against Facebook, he will sue President Trump for shaking hand with Hun Sen and propping up the illegal regime.
ReplyDeleteTrump is now very scared of Sam Rainsy.
Delete