Paris Peace Accords 23 Oct. 1991

Friday, May 11, 2018

សាលា​ឧទ្ធរណ៍​ បន្ត​ច្រានចោល ​សំណើសុំ​ នៅ​ក្រៅ​ឃុំ ​របស់​ សកម្មជន​ បក្ស​ប្រឆាំង ​ទាំង​១១​នាក់ | Appeal Court stays decision to continue detention of 11 opposition officials

សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ត្រូវ​បាន​រថយន្ត​ពន្ធនាគារ​ដឹក​ចេញ​ពី​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ។ សកម្មជន​បក្ស​សង្គ្រោះជាតិ ៥​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស មាន​លោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​មេធាវី​ជន​ជាប់​ចោទ។
សកម្មជន​នយោបាយ​បក្ស​ប្រឆាំង ត្រូវ​បាន​រថយន្ត​ពន្ធនាគារ​ដឹក​ចេញ​ពី​តុលាការ​កាល​ពី​ថ្ងៃ​ទី​២៥ ធ្នូ។ សកម្មជន​បក្ស​សង្គ្រោះជាតិ ៥​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស មាន​លោក មាជ សុវណ្ណារ៉ា ជាដើម ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​សំណើ​មេធាវី​ជន​ជាប់​ចោទ។

សាលា​ឧទ្ធរណ៍​ បន្ត​ច្រានចោល ​សំណើសុំ​ នៅ​ក្រៅ​ឃុំ ​របស់​ សកម្មជន​ បក្ស​ប្រឆាំង ​ទាំង​១១​នាក់

RFA / វិទ្យុ អាស៊ី សេរី | ១០ ឧសភា ២០១៨

សាលាឧទ្ធរណ៍ បន្ត​ច្រានចោល​សំណើសុំ​នៅ​ក្រៅ​ឃុំ របស់​សកម្មជន​គណបក្ស​ប្រឆាំង ទាំង​១១​នាក់ ជាថ្មី​ម្តង​ទៀត នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ឧសភា​នេះ ដោយ​តម្កល់​ការសម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ និង​បន្ត​ឃុំខ្លួន​ពួកគេ​ដដែល។ ក្រុម​គ្រួសារ​ជនជាប់ចោទ រិះគន់​ថា ការ​សម្រេចចិត្ត​របស់​តុលាការ​គ្មាន​យុត្តិធម៌ និង​ធ្វើតាម​បញ្ជា​របស់​អ្នក​យោ​បាយ​តែប៉ុណ្ណោះ។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់ ដែល​សង្គម​ស៊ីវិល​ចាត់ទុកជា​អ្នក​ទោស​នយោបាយ ដែល​ត្រូវ​តុលាការ​នៃ​របប​លោក ហ៊ុន សែន សម្រេច​ដាក់​ពន្ធនាគារ​ពី ៧​ឆ្នាំ ទៅ ២០​ឆ្នាំ បាន​បរាជ័យ​ជាថ្មី​ទៀតហើយ ទាក់ទង​ទៅ​និង​សំណើសុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគាត់។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ នៃ​សាលាឧទ្ធរណ៍ លោក ប្លង់ សំណាង បាន​ប្រើ​រយៈពេល​ត្រឹម​ពីរ​នាទី​ប៉ុណ្ណោះ សម្រាប់​ការប្រកាស​សាលក្រម ដោយ​លោក​បដិសេធ ទៅ​នឹង​បណ្ដឹង​សាទុក្ខ របស់​ជនជាប់ចោទ​ទាំង​១១​រូប ហើយ​បញ្ជា​ឱ្យ​បន្ត​ឃុំខ្លួន​ពួកគាត់​តទៅទៀត។ សាលដីកា​នេះ ត្រូវ​បាន​ធ្វើឡើង បន្ទាប់ពី​បាន​អនុវត្ត​នីតិវិធី​បណ្ដឹង​ឧទ្ធរណ៍​យ៉ាង​យូរ ដែល​ត្រូវ​បាន​ចាប់ផ្ដើម​តាំងពី​ឆ្នាំ២០១៦ ហើយ​ត្រូវ​បាន​បញ្ចប់​នៅ​ក្នុង​សវនាការ​រយៈពេល ៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៣ ដល់​២៥ ខែ​មេសា នា​ឆ្នាំនេះ។
អំឡុង​ពេល​សវនាការ​ នៅពេលនោះ ត្រូវ​បាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) មើល​ឃើញ​ថា មានការ​រឹតត្បិត​សិទ្ធិ​សេរីភាព​យ៉ាង​ខ្លាំង។ អង្គការ​លីកាដូ រក​ឃើញ​ថា ការ​ផ្តល់​សក្ខីកម្ម​ដោយ​ផ្ទាល់ គឺ​ត្រូវ​បាន​គេ​កម្រិត​យ៉ាង​ខ្លាំង។ ភាគី​ដើម​បណ្ដឹង មិន​បាន​ចំណាំ​ថា ជនជាប់ចោទ​ទាំងនោះ​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​លើ​រូប​គាត់​ទេ ហើយ​បាន​សារភាព​ថា​មាន​បុគ្គល​ផ្សេងទៀត បាន​សរសេរ​ពាក្យ​បណ្តឹង​ជំនួស​អ្នក​ទាំងនោះ។ សេចក្ដី​ថ្លែង​ហេតុ​បន្ថែម និង​ស្ទើរតែ​ដូចគ្នា​ទាំងស្រុង​របស់​សមាជិក​សន្តិសុខ​ខណ្ឌ​ដូនពេញ ដែល​អវត្តមាន​ផ្សេងទៀត​ចំនួន ៤០ នាក់ ត្រូវ​បាន​ថត​ទុក និង​អាន​ជំនួស ដែល​នេះ​ជា​ការ​រារាំង មិន​ឱ្យ​មាន​នីតិវិធី​សួរដេញដោល​ពី​សំណាក់​មេធាវី​ជនជាប់ចោទ។ ភស្តុតាង​ជា​វីដេអូ ដែល​ត្រូវ​បាន​ដាក់​ជូន​តុលាការ បាន​បង្ហាញ​ថា​ជនជាប់ចោទ​មួយ​ចំនួន មាន​ភាព​សកម្ម នៅ​ក្នុង​ការ​ព្យាយាម​រារាំង​មិន​ឱ្យ​មាន​អំពើ​ហិង្សា​កើតឡើង ហើយ​បាន​ជួយ​ការពារ​សមាជិក​សន្តិសុខ​ខណ្ឌ​ដែល​រង​របួស​ទៀត​ផង។
ចំណែកឯ​ក្នុងអំឡុងសវនាការ​ឧទ្ធរណ៍​នៅ​ថ្ងៃទី១០ ខែ​ឧសភា​នេះវិញ តុលាការ​មិន​អនុញ្ញាត ឱ្យ​ប្រពន្ធ​និង​កូនៗ​របស់​អ្នក​ទាំងនោះ ចូល​ស្ដាប់​ក្នុង​សវនាការ​ទេ ពួកគេ​បាន​ត្រឹម​ស្រែក​ទ្រ​ហ៊ោ​យំ ពីមុខ​របង​តុលាការ​ប៉ុណ្ណោះ។ «»
ភរិយា​របស់​លោក អ៊ុក ពេជ្រសំណាង លោកស្រី ទិត្យ ណារិន និយាយ​ទាំង​យំសោក ដោយ​មិន​ពេញចិត្ត​ចំពោះ​ការ​សម្រេច របស់​សាលាឧទ្ធរណ៍​នៅ​ពេល​នេះ​ឡើយ។ លោកស្រី​ចោទ​ប្រកាន់​ថា តុលាការ​របប​ក្រុងភ្នំពេញ ដោះលែង​តែ​ឧក្រិដ្ឋជន​ជា​ចោរឆក់ ចោរប្លន់ ប៉ុន្តែ​អ្នក​ជួយ​សង្គម​គេ​មិន​ដោះលែង​ទេ។ «»
មេធាវី​ការពារ​ក្តី ឱ្យ​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំង ១១​នាក់​នោះ លោក ជូង ជូងី ឱ្យ​អាស៊ីសេរី​ដឹង​ថា សវនាការ​កាលពី​ព្រឹក​មិញ​នេះ គឺ​ក្រុម​មេធាវី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​រាល់​បទ​ចោទ ព្រោះ​សំអាង​ថា​កូន​ក្តី​របស់​ពួកគាត់ មិនបាន​ប្រព្រឹត្ត ដូច​ការ​ចោទប្រកាន់​របស់​តុលាការ​ក្រុងភ្នំពេញ​នោះ​ឡើយ។ លោក​បន្ត​ថា ក្រោយ​តុលាការ​សម្រេច​ឃុំខ្លួន​កូន​ក្តី​របស់​ខ្លួន​ដដែល​បែបនេះ លោក​នឹង​ទៅ​ជួប​កូន​ក្តី នៅ​ពន្ធនាគារ មុននឹង​សម្រេច​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​បន្ត​ទៀត។ «»
របប​លោក ហ៊ុន សែន បាន​ចាប់ខ្លួន​សកម្មជន និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ១១​នាក់​នេះ ដាក់​ពន្ធនាគារ​ដោយ​ចោទ​ប្រកាន់​ថា ពួកគេ​ចូលរួម​ដឹកនាំ​ចលនា​កុប្បកម្ម និង​ករណី​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី ខែ​កក្កដា ឆ្នាំ​២០១៤។
ទាំង​អ្នកវិភាគ​ជាតិ ទាំង​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​សិទ្ធិ​អន្តរជាតិ សុទ្ធតែ​ចាត់​ទុក​ករណី​ធ្វើទុក្ខបុកម្នេញ លើ​សមាជិក អ្នកគាំទ្រ និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ទាំងនេះ គឺជា​រឿង​នយោបាយ។ អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ យល់ថា បើសិនជា​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ របប​ក្រុង​ភ្នំពេញ ក៏​នឹង​មិន​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងនោះ​ដែរ។ «»
លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ជា​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ក្រាញ​អំណាច​ជាង ៣៣ ឆ្នាំ​មកនេះ តែងតែ​ប្រើ​អំណាច​បញ្ជា​លើ​ប្រព័ន្ធ​តុលាការ ដោយ​លោក​ចង់​បញ្ជា​ឱ្យ​នរណា​ជាប់គុក គេ​អ្នកនោះ​គេច​មិន​រួច​ពី​ជាប់គុក ជាប់​ច្រវាក់​តាម​ការ​ចង់​បាន​របស់​លោក​នោះ​ឡើយ។ ជុំវិញ​ករណី​នេះ លោក ហ៊ុន សែន កាលពី​ថ្ងៃទី២៧ ខែ​មីនា កន្លង​ទៅ នៅ​ចំពោះ​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​-​អឺរ៉ុប​រាប់​រយ​នាក់ បង្ហាញ​ពី​ភាព​ផ្ដាច់ការ និង​ភាសា​អសុរោះ​អាមឹង​របស់​លោក តាមរយៈ​ការ​បញ្ជា​ឱ្យ​មន្ត្រី​ពន្ធនាគារ បន្ត​ឃុំខ្លួន​លោក មាជ សុវណ្ណារ៉ា កុំ​ឱ្យ​ចេញ​ឱ្យ​សោះ ព្រោះតែ​រឿង​លោក​មិន​ពេញចិត្ត នឹង​អតីត​ប្រធាន​គណបក្ស​សង្គ្រោះជាតិ គឺ​លោក សម រង្ស៊ី៖ «ហើយ​អា មាជ សុវណ្ណារ៉ា ប្រហែល​កំពុង​ស្ដាប់​អា​ហ្នឹង ព្រោះ​វា​ដោនឡូត ចូល​អា​ក្នុង​ហ្នឹង​មាន​អ៊ីន​ធឺណិត​ទៀត។ ប្រាប់​លោក​ឯង​ឱ្យ​ហើយ ជាប់​អត់​មាន​ថ្ងៃ​ចេញ​ទេ អញ​ប្រាប់​ឱ្យ​ហើយ មេ​លោក​ឯង​ព្រហើន ហើយ​ពន្ធនាគារ​គ្រប់គ្រង​ឱ្យ​ស្រួល»។
នាយក​ប្រតិបត្តិ ទទួលបន្ទុក​កិច្ចការ​តំបន់​អាស៊ី របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) ចាត់​ទុក​ការចោទប្រកាន់​របស់​តុលាការ​របប​លោក ហ៊ុន សែន មក​លើ​អ្នក​ទាំង ១១​នាក់​នោះ គឺជា​ការ​ប្រឌិត​បទ​ចោទ ដើម្បី​ដាក់​បន្ទុក​បក្ស​ប្រឆាំង​តែប៉ុណ្ណោះ។ លោក​ហៅ​ការ​យក​ប្រព័ន្ធ​តុលាការ ដើម្បី​បង្ក្រាប​បក្ស​ប្រឆាំង​បែបនេះ ថា​ជា​ការ​ផ្ញើ​សារ​មួយ ឱ្យ​ឮ​ដល់​សហគមន៍​អន្តរជាតិ ថា​ការ​តវ៉ា​ដោយ​អហិង្សា​ជា​សាធារណៈ​ណាមួយ ក្រោម​របប​លោក ហ៊ុន សែន គឺ​ស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់។ លោក ប្រ៊ែដ អាដាម បាន​ស្នើ​ឱ្យ​របប​លោក ហ៊ុន សែន បញ្ឈប់​ប្រើប្រាស់​តុលាការ មក​ធ្វើជា​ឧបករណ៍ ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​បក្ស​ប្រឆាំង តទៅ​ទៀត៕







1 comment:

  1. Anonymous7:34 AM

    Appeal Court stays decision to continue detention of 11 opposition officials
    -------------------------
    Scam Rainsy announced that those 11 opposition officials were guilty as charged, thus CNRP will join the National Assembly as planned.

    (He was asked to continue to refuse to join the NA until those 11 were released. Refusing to join NA was the only leverage left to secure their release but Scam Rainsy decided to join anyway: They were guilty as charged and we will join the National Assembly as planned.)

    So sad...

    ReplyDelete