Tuesday, July 1, 2014

​លោក កឹម សុខា ចង់ឲ្យ​មាន​ សមាជជាតិ ដើម្បី ​លោក ​អាច​តទល់ ​ជាមួយ​ លោកនាយក ​រដ្ឋមន្ត្រី​​

សមាជរបស់គណបក្សសង្គ្រោះជាតិ នាពលេកន្លងមក

លោក កឹម សុខា ចង់ឲ្យ​មាន​ សមាជជាតិ ដើម្បី ​លោក ​អាច​តទល់ ​ជាមួយ​ លោកនាយក ​រដ្ឋមន្ត្រី​​


ដោយ៖​ ឡាយ សា​មាន​​ / វីអូឌី | ថ្ងៃចន្ទ ទី30 មិថុនា 2014

ប្រធានស្តីទី និង​ជា​ អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ លោក កឹម សុខា ចង់ឲ្យ​ ព្រះរាជ​អន្តរាគមន៍ ព្រះម​ហាក្ស​ត្រ ​ប្រកាស​បង្កើត​ សមាជជាតិ ដើម្បី​ឲ្យ​ រូប​លោក ​អាច​តទល់ ​ជា​មួយ​ លោកនាយក ​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​លោក​យល់ ថា ​ជា​មធ្យោបាយ​មួយ ​ក្នុង​ការទម្លាយ​ ភាពជាប់គាំង ​នយោបាយ​។​
​លោក កឹម សុខា មានប្រសាសន៍​បែប​នេះ នៅក្នុង​ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ នៅ​ពេល​លោក​ ចុះសួរសុខទុក្ខ​ ប្រជាពលរដ្ឋ​។ លោក ​យល់ថា សមាជ​នេះ គឺ​ដើម្បី​ចៀសវាង ​ការចោទប្រកាន់​ដាក់​គ្នា​ ​ថា ​តើ​ គណបក្ស​ ណាមួយ ​មិនមាន ឆន្ទៈ​ក្នុង​ការដោះស្រាយ​ «គណបក្ស ប្រជាជន ចោទថា មកពី សង្គ្រោះជាតិ បន្ទាប់មក សង្គ្រោះជាតិ ចោទថា មកពី គណបក្ស ប្រជាជន ទើបជាប់គាំង។  ឥឡូវ សង្ឃឹមស្នើឲ្យ ព្រះមហាក្សត្រ  ប្រកាសបង្កើតសមាជចុះ សមាជជាតិ ព្រោះក្នុង រដ្ឋធម្មនុញ្ញ មានចែងហើយ ថា ឲ្យមាន សមាជជាតិ ដូចសម័យសង្គមរាស្រ្តនិយម សម័យព្រះករុណា សម័យសម្តេចឳ សម្តេចតា សម្តេចព្រះបាទ នរោត្តម សីហនុ មានសមាជជាតិ បើមានទំនាស់ធំៗ យកមកដោះសមាជជាតិមក។  ឥឡូវ ឡើងសមាជជាតិ មកឲ្យ ប្រជារាស្ត្រ មកស្តាប់មើល ហើយឡើងតទល់គ្នា ឲ្យរាស្ត្រស្តាប់»។​
លោក កឹម សុខា ថ្លែងថា ការបង្កើត​សមាជជាតិ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ទាំង​ពីរ អាច​តទល់​គ្នា​ឲ្យ​ប្រជារាស្ត្រ​ស្តាប់ ហើយ​ប្រសិនបើ​គណបក្ស​ប្រជាជន​កម្ពុជា​ហ៊ាន​គាំទ្រ​ធ្វើ​សមាជ ប្រជារាស្ត្រ​នឹង​អស់​មន្ទិល។ លោក​បន្តថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ចូលរួម​ប្រជុំ​សភា ដើម្បី​ធ្វើការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លុះត្រាតែ​មាន​ការធានា​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គជប​) ឯករាជ្យ​។
​មន្ដ្រីជាន់ខ្ពស់ គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មានប្រសាសន៍ថា ការធ្វើ​សមាជជាតិ ទាល់តែ​មាន​ច្បាប់​ស្តីពី​ការធ្វើ​សមាជ​ជាមុនសិន។ តែ​លោកបញ្ជាក់ថា រដ្ឋាភិបាល​កំពុង​ពិចារណា​អំពីការ​ធ្វើ​សមាជ​ដែរ ប៉ុន្តែ​រង់ចាំ​ការ​កាលៈទេសៈ​សមរម្យ​ណា​មួយ​ទើប​អាច​បង្កើត​ច្បាប់​ស្តីពី​ការធ្វើ​សមាជ​បាន​ «យើងមិនទាន់បានរៀបចំទេ មានតែសមាជរវាង ព្រឹទ្ធសភា និងរដ្ឋសភាតែប៉ុណ្ណឹងទេ ចំនែកសមាជជាតិ យើងមិនទាន់មានទេ ដោយសារយើងឃើញថា គណបក្សនោះ មិនទាន់រៀបរយ គ្រប់បែបយ៉ាងទាំងអស់ សម័យនេះ មិនមែនដូចសម័យសង្គមរាស្ត្រនិយម បក្សតែមួយ ឯកបក្ស គេធ្វើអ៊ីចឹងក៏បានដែរ ព្រះករុណាលោករៀបចំធ្វើនោះ»។
សម្រាប់​អ្នកវិភាគ​ឯករាជ្យ លោកស្រី ជា វណ្ណាត យល់ថា មុន​នឹង​ឈានទៅដល់​ធ្វើ​សមាជជាតិ គួរតែ​ប្រើ​យន្តការ​ងាយស្រួល​ជាង​នេះ ដោយសារ​ក្នុង​បរិបទ​សព្វថ្ងៃ គណបក្ស​ទាំង​ពីរ​ខ្វះ​ទំនុក​ទុកចិត្ត​គ្នា​ទៅវិញទៅមក​។ លោកស្រី​បន្ត​ថា សមា​ជាតិ​គឺជា​យន្តកា​ររ​ធំធេង មាន​នីតិវិធី​ស្មុគស្មាញ ហើយ​មិន​ប្រាកដ​ជា​ទទួល​បាន​លទ្ធ​ផល​តាម​ការរំពឹង​ទុក​ទេ «កាលណាយើងមិនបន្ទន់ឥរិយាបថ ដាក់គ្នាទេ យើងចេះតែផ្លែផ្កាសម្តី ទ្រគោះបោះបោក ចោទប្រកាន់គ្នាទៅវិញទៅមក តើយើងចាប់ដៃគ្នា ធ្វើការជាមួយគ្នាម៉េចនឹងកើត បើយើងអត់មានការគោរពគ្នាផង យើងអត់មានជំនឿជាក់លើគ្នាផង យើងចាប់ដៃធ្វើការជាមួយគ្នាម៉េចនឹងកើត»។
សម្រាប់​អ្នកវិភាគ​រូបនេះ គណបក្ស​ទាំង​ពីរ​គួរតែ​ដោះស្រាយ​តាម​យន្តការ​ជំនួប​ចរចា​ថ្នាក់ក្រោម ដោយចេះ​បន្ទន់ឥរិយាបទ​ឲ្យ​គ្នា​ទៅវិញទៅមក ព្រោះ​ជា​យន្តការ​ខ្លី និង​ងាយស្រួល​។​
​មាត្រា​១១៦​នៃ​រដ្ឋធម្មនុញ្ញ ឲ្យដឹងថា ក្នុង​ករណី​ចាំបាច់ រដ្ឋសភា និង​ព្រឹទ្ធសភា អាច​ប្រជុំ​រួម​គ្នា​ជា​សមាជ​ដើម្បី​ដោះស្រាយ​បញ្ហាសំខាន់ៗ​របស់​ប្រទេសជាតិ។ មាត្រា​១៤៨​ថ្មី បង្ហាញថា សមាជជាតិ ប្រជុំ​មួយដង​ក្នុង​មួយ​ឆ្នាំ​នៅ​ដើម​ខែ​ធ្នូ តាម​ការកោះអញ្ជើញ​របស់​នាយក​រដ្ឋមន្ត្រី​។ ​សមាជជាតិ ប្រព្រឹត្តទៅ​ក្រោម​ព្រះរាជាធិបតីភាព នៃ​ព្រះមហាក្សត្រ​។​
​ការទាមទារ​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅពេល​នេះ កើតឡើង​ចំ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខ្វែងគំនិត​គ្នា​លើ​ការបោះឆ្នោត​សម្តែង​ការទុកចិត្ត​លើសមាសភាព​ គជប ថ្មី​នេះ ដោយ​ភាគី​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​សំឡេង​២/៣​នៃ​រដ្ឋសភា រីឯ​បក្ស​ប្រជាជន​កម្ពុជា​ទាមទារ​សំឡេង​៥០​បូក​១៕



No comments:

Post a Comment