អាជ្ញាធរ ស្រុក អូរជុំ ខេត្ត រតនគិរី ណែនាំ ពលរដ្ឋ ឲ្យប្រុងប្រយ័ត្ន ជួបប្រជុំ ជាមួយ អង្គការ សង្គមស៊ីវិល
RFA / វិទ្យុ អាស៊ី សេរី | ២១ មីនា ២០១៦
មន្ត្រីឃ្លាំមើល សិទ្ធិមនុស្ស សមាគម អាដហុក (ADHOC) ខេត្ត រតនគិរី នៅថ្ងៃ ទី២០ ខែមីនា អំពាវនាវ សូម ឲ្យអាជ្ញាធរ ស្រុក អូរជុំ គោរពសិទ្ធិ ជួបប្រជុំ របស់ ពលរដ្ឋ និងសង្គមស៊ីវិល ដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ, ក៏ប៉ុន្តែ ស្វាគមន៍ ចំពោះ ចំណាត់ ការផ្លូវច្បាប់ របស់ អាជ្ញាធរ ចំពោះ កិច្ចប្រជុំ ណាមួយ របស់ មន្ត្រី សង្គមស៊ីវិល ដែលប៉ះពាល់ សន្តិសុខសង្គម និងច្បាប់ បានហាមឃាត់ នោះ។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីប្រជាពលរដ្ឋភូមិក្រេះ រាយការណ៍ថា អាជ្ញាធរភូមិកាលពីខែកុម្ភៈ បានណែនាំមិនឲ្យអ្នកភូមិចូលរួមប្រជុំជាមួយអង្គការសង្គមស៊ីវិល ដែលគ្មានច្បាប់អនុញ្ញាត និងមិនឲ្យចុះហត្ថលេខា និងផ្ដិតមេដៃលើញត្តិ ឬសម្រង់មតិរបស់អង្គការសង្គមស៊ីវិលឡើយ។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ថ្លែងថា ការតម្រូវឲ្យមន្ត្រីសង្គមស៊ីវិលដែលបានចុះបញ្ជីឈ្មោះនៅក្រសួង មហាផ្ទៃ ឬក្រសួងពាក់ព័ន្ធ សុំច្បាប់ពីអាជ្ញាធរបន្ថែមទៀត គឺជាការធ្វើផ្ទុយទៅនឹងលិខិតណែនាំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ដីពីការជួបប្រជុំផ្សព្វផ្សាយ អប់រំ បណ្តុះបណ្តាល និងសិក្ខាសាលាជាមួយពលរដ្ឋ និងសង្គមស៊ីវិល ដែលត្រូវធ្វើលិខិតជូនដំណឹង រួមជាមួយកាលវិភាគ ទីកន្លែង និងប្រធានបទប្រជុំជូនអាជ្ញាធរយ៉ាងតិច ៥ថ្ងៃមុនពេលប្រារព្ធពិធី។ លោកថា អាជ្ញាធរគួរពង្រឹងកិច្ចការពារសុវត្ថិភាពឃ្លាំមើល និងទប់ស្កាត់ទាន់ពេលវេលាគ្រប់សកម្មភាពណា ដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ទាក់ទិនការជួបប្រជុំរបស់សង្គមស៊ីវិល និងពលរដ្ឋនោះ៖ «សុំឲ្យអាជ្ញាធរសហការជាមួយសង្គមស៊ីវិល។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុកអូរជុំ អ្នកស្រី អឿង ឃឿង សុំបញ្ជាក់ពីករណីនេះបានទេនៅថ្ងៃទី២០ ខែមីនា។
ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋរស់នៅភូមិក្រេះ លោក កាំប្លក សាណក ទទួលស្គាល់ថា អនុប្រធានភូមិក្រេះ លោក សំ គា ពិតជាបានកោះប្រជុំ និងណែនាំអ្នកភូមិមិនឲ្យជួបប្រជុំជាមួយសង្គមស៊ីវិលមិនមានលិខិត អនុញ្ញាត និងហាមមិនឲ្យប្រជាពលរដ្ឋផ្ដិតមេដៃ ឬចុះហត្ថលេខាលើញត្តិគាំទ្រសម្រង់មតិរបស់អង្គការសង្គមស៊ីវិលនោះ ឡើយ។ លោកថា អាជ្ញាធរបានរកឃើញខិត្តប័ណ្ណបែបនយោបាយ ទើបធ្វើការរឹតបន្តឹងបែបនេះ៖ «អង្គការសិទ្ធិមនុស្សចុះផ្សព្វផ្សាយនៅហ្នឹង យើងទៅរកសមត្ថកិច្ចចុះចាប់គេហាមឃាត់អត់ឲ្យធ្វើទេ។»
ខិត្តប័ណ្ណ និងសម្រង់មតិដែលប្រជាពលរដ្ឋភូមិក្រេះ ទទួលបានពីអនុប្រធានភូមិ មានខ្លឹមសារថា ញត្តិផ្ញើជូនសហប្រធានប្រទេសបារាំង និងឥណ្ឌូនេស៊ី នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ យើងជាខ្មែរសុំរបាយការណ៍ភ្ជាប់ និងឯកសារបញ្ជាក់ពីឯកឧត្តមក្នុងបញ្ហាសិទ្ធិមនុស្ស ការបោះឆ្នោត និងបូរណភាពទឹកដីព្រំដែន។ តើសិទ្ធិមនុស្សត្រូវបានគេគោរពសមរម្យ ឬទេនៅកម្ពុជា? តើអ្នកគិតថា ការបោះឆ្នោតឆ្នាំ២០១៣ ដោយសេរី និងយុត្តិធម៌ដែរឬទេ? តើអ្នកគិតថាបញ្ហាព្រំដែនខ្មែរត្រូវសម្រេចដោយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឬទេ?
ទាក់ទិនករណីនេះ មេឃុំពយ លោក ថង ញើត ទទួលស្គាល់ថា អាជ្ញាធរស្រុកពិតជាបានណែនាំបញ្ហានេះ ខណៈអាជ្ញាធររកឃើញខិត្តប័ណ្ណអនាមិកជាញត្តិសម្រង់មតិបែបនយោបាយ ដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សង្គម ទើបអាជ្ញាធរចាត់វិធានការទប់ស្កាត់ការចូលរួមរបស់ពលរដ្ឋ។ លោកបន្តថា សមាគមការពារសិទ្ធិមនុស្សអាដហុក បានចូលរួមអប់រំ និងបណ្តុះបណ្តាលប្រជាពលរដ្ឋឲ្យមានការយល់ដឹងពីច្បាប់ និងសិទ្ធិមនុស្ស។ ហេតុនេះ អាជ្ញាធរមូលដ្ឋានគាំទ្រគម្រោងផ្សព្វផ្សាយរបស់សមាគមនេះ៖ «ខាងស្រុកគាត់ថាបើអង្គការណាយើងមិនសូវស្គាល់ច្បាស់ ហើយស្រុក-ឃុំគេមិនទទួលស្គាល់ យើងមិនចាំបាច់ទេ។ នៅឃុំអូរជុំ មាន ហើយអង្គការមួយដែលឲ្យគេផ្ដិតមេដៃផ្ដេសផ្ដាស។»
កាលពីថ្ងៃទី១៥ ខែមីនា អាជ្ញាធរស្រុកបរកែវ ខេត្តរតនគិរី ដឹកនាំកងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ ហាមឃាត់មិនឲ្យមន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក បើកវគ្គផ្សព្វផ្សាយកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍ និងទាមទារឲ្យមន្ត្រីសមាគមនេះសុំច្បាប់អនុញ្ញាតពីថ្នាក់ឃុំ-ស្រុក រហូតដល់ខេត្ត មុននឹងផ្សព្វផ្សាយកម្មវិធីនេះ។
ការហាមឃាត់នេះ ត្រូវបានមន្ត្រីសង្គមស៊ីវិលចាត់ទុកថា ជាសកម្មភាពផ្ទុយពីច្បាប់ និងរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយ។ ដោយឡែកមាត្រា៤១ នៃរដ្ឋធម្មនុញ្ញចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងព័ត៌មាន សេរីភាពខាងបោះពុម្ពផ្សាយ និងសេរីភាពខាងជួបប្រជុំ៕
No comments:
Post a Comment