សាលាឧទ្ធរណ៍ កោះហៅលោក កឹម សុខា ករណី មិនចូលខ្លួន ទៅបំភ្លឺ នៅសាលាដំបូង
RFA / វិទ្យុ អាស៊ី សេរី | ២៨ មិថុនា ២០១៦
មេធាវីម្នាក់ ក្នុងចំណោម ក្រុមមេធាវី ការពារ ឲ្យប្រធានស្ដីទី គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា គឺ លោក សំ សុគង់ មានប្រសាសន៍ ថា សវនាការនោះបន្ទាប់ពីក្រុមមេធាវីបានដាក់បណ្ដឹងមួយទៅសភាស៊ើបសួរ នៃសាលាឧទ្ធរណ៍ កាលពីថ្ងៃទី១៧ ខែមិថុនា។ ក្រុមមេធាវីការពារ បានស្នើមោឃភាពនីតិវិធីរបស់សមត្ថកិច្ច និងរបស់សាលាដំបូងរាជធានីភ្នំពេញ។ លោក សំ សុគង់ ឲ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមមេធាវីកំពុងសិក្សាផ្នែកច្បាប់ និងរង់ចាំការសម្រេចរបស់លោក កឹម សុខា ដែរ ថាតើនឹងចូលខ្លួន ឬមិនចូលខ្លួន៖ «នៅសាលាឧទ្ធរណ៍ ភាសាច្បាប់គេថាជាសំណុំរឿងមុនអង្គសេចក្ដី ពាក់ព័ន្ធនឹងបណ្ដឹងរបស់ក្រុមមេធាវីការពារទៅសភាស៊ើបសួរនៃសាលា ឧទ្ធរណ៍។ សាលាឧទ្ធរណ៍ នឹងសម្រេចតែពីរទេ គឺយល់ព្រមមោឃភាពនីតិវិធីតាមការស្នើសុំ ឬមួយក៏សាលាឧទ្ធរណ៍ហ្នឹងច្រានចោល។»
ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់លោក កឹម សុខា ថាបានប្រព្រឹត្តបទល្មើសជាក់ស្ដែង បន្ទាប់ពីលោកបានបដិសេធមិនចូលខ្លួនទៅបំភ្លឺចំនួន ២លើកក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ករណីចោទប្រកាន់ពីបទល្មើសជាក់ស្ដែងនេះ លោក កឹម សុខា បានសម្រេចទៅស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ អស់រយៈពេលជាងមួយខែមកហើយ។ ម្យ៉ាងទៀត ក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសម្រេចមិនចូលប្រជុំសភា ដោយទាមទារឲ្យគណបក្សកាន់អំណាច ទម្លាក់ចោលការចោទប្រកាន់នានា ចំពោះសកម្មជន និងមន្ត្រីបក្សនេះ ដោយរួមទាំងសំណុំរឿងលោក កឹម សុខា និងអ្នកពាក់ព័ន្ធផង៕
When will it end in other words - will there be light at the end of the tunnel?
ReplyDelete