លោក ហ៊ុន សែន ព្រមាន ចូលចាប់លោក កឹម សុខា បើ មិនព្រម ចេញមក ទទួលទោស
RFA / វិទ្យុ អាស៊ី សេរី | ២៩ មិថុនា ២០១៦
ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា
(រូបកណ្ដាលលើកដៃសំពះ)
ក្នុងពិធីសូត្រមន្តនៅទីស្នាក់ការកណ្ដាលគណបក្ស សង្កាត់ចាក់អង្រែលើ
នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦។ RFA/Rann Samnang
ការព្រមាន របស់លោក ហ៊ុន សែន ធ្វើឡើង ក្នុងពិធី រំលឹកខួប ទី៦៥ នៃថ្ងៃបង្កើត ស្ថាប័នគយ និងរដ្ឋាករ កម្ពុជា នៅព្រឹក ថ្ងៃទី២៩ មិថុនា ដោយលោក បញ្ជាក់ថា, ការអនុវត្ត ច្បាប់ ចំពោះ លោក កឹម សុខា មិនមាន ការលើកលែងឡើយ៖ «ហើយ ខ្ញុំសូមផ្ដាំ ខ្ញុំមើលរ៉ូយទ័រ (Reuters) សម្ភាសន៍ គេ(កឹម សុខា) ថាលោក ហ៊ុន សែន ភ័យ។ នែអាអ្នក (កឹម សុខា) នៅក្នុងកន្លែង៤ជ្រុង ចេញមក! មិនទាន់ដល់ម៉ោងទេ! លោកឯង(កឹម សុខា) ថា លោក ហ៊ុន សែន ភ័យៗខ្លាចចាញ់ឆ្នោត។ តែសុំផ្ដាំទៅលោកឯង (កឹម សុខា) ជាប់គុករកថ្ងៃចេញមិនទេ! ប្រាប់ឲ្យហើយ! អាគុក [កឹម សុខា], កុំ ព្រហើនណា!»
ប្រតិកម្ម របស់លោក ហ៊ុន សែន មិនបញ្ចេញ ចំឈ្មោះ អ្នកនយោបាយ នោះទេ, ប៉ុន្តែ ប្រតិកម្មនេះ ធ្វើឡើង ក្រោយពីលោក កឹម សុខា ផ្ដល់បទសម្ភាសន៍ ដល់ទីភ្នាក់ងារ សារព័ត៌មាន រ៉ូយទ័រ នាពេល ថ្មីៗនេះ ដែលថា, លោក ហ៊ុន សែន ខ្លាច ចាញ់ឆ្នោត នៅឆ្នាំ ២០១៨ ជាដើម។
បន្ថែម ពីនេះ លោក ហ៊ុន សែន បន្តព្រមានទៅបក្សប្រឆាំង ថា កុំឲ្យព្រមានធ្វើបាតុកម្ម ដោយលោកបញ្ជាក់ថា យុទ្ធសាស្ត្របន្លាជួសបន្លាអាចនឹងកើតមាន៖ «សូម្បីតែ ខ្ញុំ អត់មាន សិទ្ធិគ្រប់គ្រាន់ លូកដៃ ក្នុងបញ្ហា ការងារ តុលាការដែរ។ ប៉ុន្តែ ខ្ញុំ អត់ស្មានសោះ។ អាអ្នក [កឹម សុខា] កំពុង ឃុំខ្លួន។ សូម្បីចេញ, អត់ ហានចេញផង! ខ្លាច ចង់ងាប់។ ប៉ុន្តែ បើ លោកឯង [កឹម សុខា] មិនចេញ ក៏គង់ ថ្ងៃណាមួយ, គេ យកចេញដែរ។»
នៅថ្ងៃទី៤ ខែកក្កដា សាលាឧទ្ធរណ៍នឹងកោះហៅលោក កឹម សុខា ឲ្យចូលរួមសវនាការ ករណីដែលលោកបដិសេធមិនចូលខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោមបទចោទថា បានប្រព្រឹត្តបទល្មើសជាក់ស្ដែង បន្ទាប់ពីលោកបានបដិសេធមិនចូលខ្លួនទៅបំភ្លឺចំនួន ២លើកក្នុងសំណុំរឿងសញ្ចារកម្ម ពាក់ព័ន្ធនឹងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ។
ករណីចោទប្រកាន់ពីបទល្មើសជាក់ស្ដែងនេះ លោក កឹម សុខា បានសម្រេចទៅស្នាក់នៅក្នុងទីស្នាក់ការគណបក្សសង្គ្រោះជាតិ អស់រយៈពេលជាងមួយខែហើយ។ ចំណែកក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសម្រេចមិនចូលប្រជុំសភា ដោយទាមទារឲ្យគណបក្សកាន់អំណាច ទម្លាក់ចោលការចោទប្រកាន់នានា ចំពោះសកម្មជន និងមន្ត្រីបក្សនេះ ដោយរួមទាំងសំណុំរឿងលោក កឹម សុខា និងអ្នកពាក់ព័ន្ធផង។
No comments:
Post a Comment