រដ្ឋសភា ព្រមាន ចាត់វិធានការ ដាក់ពិន័យ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ ដែលមិន ចូលសភា
RFA / វិទ្យុ អាស៊ី សេរី | ២៧ មិថុនា ២០១៦
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន
ផ្តល់បទសម្ភាសន៍បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មការអចិន្ត្រៃយ៍
រដ្ឋសភា កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។ RFA/Brach Chev
ការព្រមាន ដាក់ពិន័យ លើសមាជិក សភា មកពីគណបក្ស សង្គ្រោះជាតិ នេះ ធ្វើឡើង ក្នុងកិច្ចប្រជុំ របស់ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភា នៅព្រឹកថ្ងៃ ទី២៧ មិថុនា ដោយមាន សមាជិក តែ ពីគណបក្ស ប្រជាជន កម្ពុជា។
មូលហេតុនៃការព្រមាននេះ រដ្ឋសភាបានយោងលើមតិប្រតិកម្មពីគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស ដែលថា ការមិនចូលធ្វើការរបស់តំណាងរាស្ត្របក្សប្រឆាំងក្នុងរដ្ឋសភា ជាការល្មើសបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ប៉ុន្តែនៅតែអាចមកបើកប្រាក់ខែ និងប្រាក់បំណាច់នានាបាន រួមទាំងការប្រើប្រាស់មធ្យោបាយរដ្ឋធម្មតាផង។
អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន ឲ្យដឹងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រគល់ឲ្យគណៈកម្មការទី២ នៃរដ្ឋសភា ដែលទទួលបន្ទុកសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម ធ្វើការសិក្សាពិចារណាលើករណីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូបនេះហើយ។ ចំពោះលទ្ធផលនៃការសិក្សា នឹងត្រូវផ្សព្វផ្សាយជាសាធារណៈ និងដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីសម្រេច។
ការព្រមានចាត់វិធានការបែបនេះ គឺស្របពេលដែលសមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ទាំង ៥៥រូប ធ្វើពហិការមិនចូលប្រជុំសភាបន្តបន្ទាប់ ដោយទាមទារឲ្យដោះស្រាយបញ្ហានយោបាយ និងលើកលែងការចាប់ខ្លួនសកម្មជន និងតំណាងរាស្ត្របក្សប្រឆាំង។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ថ្វីត្បិតតែតំណាងរាស្ត្របក្សប្រឆាំងមិនចូលធ្វើការនៅរដ្ឋសភា ក៏ប៉ុន្តែតំណាងរាស្ត្រទាំងអស់នៅតែធ្វើកិច្ចការរបស់ខ្លួនជាមួយ ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដដែល។ លោកបញ្ជាក់ថា ក្នុងកាលៈទេសៈបច្ចុប្បន្ននេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនអាចចូលទៅបំពេញការងារនៅក្នុងរដ្ឋសភាបានទេ ដោយសាររដ្ឋសភាបានរំលោភរដ្ឋធម្មនុញ្ញ និងមិនបានការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រឡើយ។
រីឯនាយកប្រតិបត្តិនៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា មានប្រសាសន៍ថា ការធ្វើពហិការមិនចូលសភារបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នេះ គឺផ្ដើមចេញពីទំនាស់នយោបាយ ពោលគឺមិនមែនផ្ដើមចេញពីការមិនគោរពវិន័យសុទ្ធសាធនោះទេ។ លោក គល់ បញ្ញា យល់ថា គណបក្សកាន់អំណាចគួរតែបង្ហាញភាពចាស់ទុំរបស់ខ្លួនក្នុងការអត់ឱន អធ្យាស្រ័យ និងផ្សះផ្សាជម្លោះនយោបាយ ដើម្បីឲ្យរដ្ឋសភាដំណើរធម្មតា និងដើម្បីធានាឲ្យការប្រកួតប្រជែងការបោះឆ្នោតប្រព្រឹត្តទៅដោយ សេរី និងយុត្តិធម៌ត្រឹមត្រូវ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានធ្វើពហិការមិនចូលធ្វើការក្នុងរដ្ឋសភា ក្រោយពីមានដីកាកោះហៅប្រធានស្ដីទីគណបក្ស គឺលោក កឹម សុខា និងតំណាងរាស្ត្របក្សនេះ ទៅបំភ្លឺជាបន្តបន្ទាប់។ បើតាមមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អះអាងថា តំណាងរាស្ត្រទាំងអស់ នឹងនៅតែជួបជុំធ្វើការជាមួយប្រជាពលរដ្ឋនៅក្រៅរដ្ឋសភារហូត លុះត្រាតែមានដំណោះស្រាយសមស្រប ដូចជាឈប់យាយីដល់អភ័យឯកសិទ្ធិសភារបស់អ្នកតំណាងរាស្ត្របក្ស ប្រឆាំង និងគោរពចំពោះអភ័យឯកសិទ្ធិសភាឲ្យពេញលេញ ទើបពួកគេអាចចូលបំពេញការងារក្នុងរដ្ឋសភាវិញ៕
No comments:
Post a Comment