អង្គការ មួយ រកឃើញ ថា, ក្រុមហ៊ុន ២០០ ទទួលបាន ដីសម្បទាន ប៉ះលើ ព្រៃស្រោង និងតំបន់ ព្រៃការពារ
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់(NGO forum)លោក តឹក វណ្ណារ៉ា
អង្គការ មួយ ដែលធ្វើការ ផ្តោតលើបញ្ហា ដីធ្ លីនិងបរិស្ថាន បានអះអាង ថា មានក្រុមហ៊ុន យ៉ាងតិច ចំនួន ២០០ ទទួលបាន ដីសម្បទាន សេដ្ឋកិច្ច ប៉ះចំ លើព្រៃស្រោង និងខ្លះទៀត ប៉ះលើ តំបន់ ព្រៃការពារ ខណៈ រដ្ឋាភិបាលប្រកាស ធ្វើកំណែទម្រង់ បញ្ហាដីធ្លី និងបរិស្ថាន។
នៅពេលថ្មីនេះ រដ្ឋាភិបាល អះអាងថាតំបន់ព្រៃយ៉ាងតិ១៨កន្លែងទៀតត្រូវដាក់ឲ្យក្រសួងពាក់ព័ន្ធការពារធ្វើជាតំបន់អភិរក្ស និងដកហូតយកដីសម្បទានទំហំជាង៣ម៉ឺនហិកតាពីក្រុមហ៊ុនចំនួន៤មកវិញដោយអះអាងថាក្រុមហ៊ុនទាំងនោះមិនបានគោរពតាមកិច្ចសន្យានៃគម្រោងធ្វើវិនិយោគ ក្រោយពីជម្លោះដីធ្លីបានផ្ទុះឡើងច្រើនឆ្នាំមកនេះ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ស្តីពីដីសម្បទានសេដ្ឋកិច្ចក្នុងរាជធានីភ្នំពេញនាថ្ងៃទី២៨ខែមិថុនានេះ នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាហៅកាត់(NGO forum)លោក តឹក វណ្ណារ៉ា បានលើកឡើងថាតាមការវិភាគស្ថិតិស្តីពីដីសម្បទានសេដ្ឋកិច្ចនៅកម្ពុជាចាប់ពីឆ្នាំ១៩៩៥ដល់ចុងឆ្នាំ២០១៥ លោកថារដ្ឋាភិបាលបានផ្តល់សម្បទានដីជាង១លាន៥សែនហិកតា(១.៥៣២. ៧៨៣,៦៥)ដល់ក្រុមហ៊ុន២៦៧គ្របដណ្តប់លើ១៨ខេត្ត។
លោក តឹក វណ្ណារ៉ា បញ្ជាក់ថាក្នុងនោះមានក្រុមហ៊ុន១២៨ ទទួលបានដីសម្បទានត្រួតស៊ីគ្នាលើតំបន់ព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោង ហើយ៧២ក្រុមហ៊ុនទៀតត្រួតស៊ីគ្នាលើតំបន់ការពារនិងព្រៃការពារ។
លោកថា៖ «ការវិភាគ ទៅលើ ការត្រួត ស៊ីគ្នា ទៅលើព្រៃស្រោង ឬព្រៃ ពាក់កណ្តាល ស្រោង បានកំណត់ យកទំហំ ចាប់ពី៥០០ ហិកតា ឡើងទៅនេះ មានន័យ ថា, បើ លក្ខខណ្ណ កំណត់ តិចជាង ៥០០ ហិកតា នោះ ចំនួន ដីសម្បទាន សេដ្ឋកិច្ច ដែលត្រួត លើតំបន់ ព្រៃស្រោង និងពាក់កណ្តាល ស្រោង មានចំនួន ច្រើន ជាងនេះ។»
បើតាមលោក តឹក វណ្ណារ៉ា ការវិភាគលើស្ថិតិនេះរកឃើញទៀតថាក្រុមហ៊ុនចំនួន២៦៧នោះមានក្រុមហ៊ុន១៥៨បានបង្កឲ្យមានវិវាទដីធ្លីក្នុងគម្រោងរបស់ខ្លួនក្នុង១៨ខេត្ត បង្កឲ្យប៉ះពាល់ដល់ពលរដ្ឋជាង៣ម៉ឺន៥ពាន់គ្រួសារ(៣៥៦០៤)។
ចំណែកឯការដោះស្រាយវិញលោក តឹក វណ្ណារ៉ា អះអាងថាអាជ្ញាធររដ្ឋដោះស្រាយបានទាំងស្រុង៤២ក្រុមហ៊ុន ៥០ក្រុមហ៊ុន ដោះស្រាយបានមួយផ្នែក ១៦២ក្រុមហ៊ុនកំពុងដោះស្រាយ និង៥៤ក្រុមហ៊ុនមិនទាន់ដោះស្រាយសោះ។
អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិនៃក្រសួងបរិស្ថាន លោក ស៊ី រ៉ាមន្នី ដែលចូលរួមក្នុងកម្មវិធីនោះ បង្ហាញការភ្ញាក់ផ្អើលពេលឃើញមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញរបាយការណ៍នេះ។ ប៉ុន្តែលោកអះអាងថា របាយការណ៍នេះហាក់មានការខ្វះចន្លោះដោយមិនបានបញ្ចូលសកម្មភាពប្រឹងប្រែងចុះដោះស្រាយរបស់រដ្ឋាភិបាលអំឡុងពេលពាក់កណ្តាលឆ្នាំ២០១៦នេះ។
លោក ស៊ី រ៉ាមន្នី អះអាងទៀតថាដីនៅតំបន់អភិរក្ស រដ្ឋាភិបាលអាចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគបាន លោកថាបើការសិក្សារកឃើញថាមានសក្តានុពលច្រើនសម្រាប់កាតអភិវឌ្ឍជាតិ។ ប៉ុន្តែលោកមិនបកស្រាយពីការផ្តល់ដីសម្បទានប៉ះលើតំបន់ព្រៃស្រោងទេ ដោយគ្រាន់តែអះអាងថាដីព្រៃរិចរិលរដ្ឋាភិបាលអាចផ្តល់សិទ្ធិឲ្យក្រុមហ៊ុនវិនិយោគបាន។
លោកថា៖
«ឧទារណ៍ ដូចជាតំបន់ វារីអគ្គីសនី ដែលទាមទារ ឲ្យមាន ការវិនិយោគ អភិវឌ្ឍ ដើម្បី ទាញយក ថាមពល មកប្រើប្រាស់ ផ្សេងៗ។ ធនធានរ៉ែ ដែលមាន នៅក្នុងដី មានតម្លៃ សេដ្ឋកិច្ចខ្ពស់ ក៏ស្ថិត នៅក្នុង តំបន់ នេះដែរ ដែលត្រូវ ដកយក មកប្រើប្រាស់ ដែលធានា មិនឲ្យ ប៉ះពាល់ ធ្ងន់ធ្ងរ ដល់ធនធាន ធម្មជាតិ ផ្នែកខាងលើ និងតំបន់ មួយចំនួនទៀត ដែលផ្តល់ សក្តានុពល ទាប សម្រាប់ ទាក់ទាញ ផ្នែកទេសចរណ៍ ធម្មជាតិ។ ដូចជាតំបន់ គីរីរម្យ នៅបូកគោ និងតំបន់ ផ្សេងៗ ដែលអាច បង្កើត ជារមនីយដ្ឋាន ដែលផ្តល់ សក្តានុពល សម្រាប់ ការវិនិយោគ អភិវឌ្ឍន៍។»
បើតាមរបាយការណ៍ ការផ្តល់សម្បទានដីរយៈពេល២០ឆ្នាំមកនេះមិនបានជួយកាត់បន្ថយភាពក្រីក្ររបស់ជនជាតិដើមភាគតិចដែលរស់នៅភូមិភាគខាងជើងនិងភាគឦសាននោះទេ។
តែរបាយការណ៍នោះបញ្ជាក់ថា ការផ្តល់ដីសម្បទាននោះបានធ្វើឲ្យប៉ះពាល់ដល់ជីវភាព វប្បធម៌ ទំនៀមទម្លាប់ប្រពៃណី របស់ជនជាតិដើម ដូចជាការបាត់បង់ដីចំការវិលជុំ ដីកប់សពដូនតា ដីអារក្ស និងការស្វែងរកអនុផលព្រៃឈើ សម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ បើទោះបីរដ្ឋាភិបាលបានចេញសារាចរណែនាំលេខ០១កាលពីឆ្នាំ២០១២ប្រកាសឈប់ផ្តល់ដីសម្បទាននិងបញ្ជាឲ្យដោះស្រាយជម្លោះដីធ្លី ដោយតម្រូវឲ្យកាត់ឃ្វៀលដីអ្នកភូមិចេញពីដីក្រុមហ៊ុន ដើម្បីកាត់បន្ថយជម្លោះក៏ដោយ៕
No comments:
Post a Comment