លោក ហ៊ុន សែន និងលោក សម រង្ស៊ី នឹងចូលរួម កម្មវិធី អង្គរសង្ក្រាន្ត ជាមួយគ្នា ឆ្នាំនេះ
RFA / វិទ្យុ អាស៊ី សេរី | ៩ មេសា ២០១៥
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ (ឆ្វេង)
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ)
ថ្លែងទៅកាន់អ្នកកាសែតនៅវិមានរដ្ឋសភា កាលពីថ្ងៃទី៩ ខែមេសា
ឆ្នាំ២០១៥។ RFA/Tin Zakariya
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី នឹងចូលរួម បើកកម្មវិធី អង្គរសង្ក្រាន្ត ឆ្នាំ២០១៥ នៅខេត្ត សៀមរាប។
នេះ ជាលើកទី១ហើយ ដែលថ្នាក់ដឹកនាំ នៃបក្សកាន់អំណាច និងបក្សប្រឆាំង ព្រមព្រៀង បណ្ដើរគ្នា ចូលរួម បើកកម្មវិធី ដ៏ធំ ជាសាធារណៈ បែបនេះ។
កន្លងមក លោក ហ៊ុន សែន មិនសូវ ចូលរួម ជាមួយ បក្សប្រឆាំង ក្នុងកម្មវិធីអ្វី នោះឡើយ តែ ពេលនេះ ប្រហែល ជាមក ពីវប្បធម៌សន្ទនា រវាង លោក និងលោក សម រង្ស៊ី បានដំណើរការបានល្អ បន្ទាប់ពីបក្សទាំងពីរបានសម្រេចបំណង ជ្រើសរើសសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ហើយមើលទៅ បានជាពេលនេះអ្នកទាំងពីរចូលរួមក្នុងកម្មវិធីតែមួយព្រមគ្នាដូច្នេះ។
លោក ហ៊ុន សែន អះអាងនៅថ្ងៃទី៩ មេសា បន្ទាប់ពីប្រជុំសភា ថាការចូលរួមរវាងលោក និងលោក សម រង្ស៊ី ក្នុងកម្មវិធីអង្គរសង្ក្រាន្តឆ្នាំនេះ ជាហេតុការណ៍ប្រវត្តិសាស្ត្រមួយដែលកម្ពុជាពុំធ្លាប់មានពីមុនឡើយ។
តាំងពីឆ្នាំ២០១៣មក កម្មវិធីអង្គរសង្ក្រាន្តត្រូវបានគេរៀបចំធ្វើជារៀងរាល់ឆ្នាំ នៅខេត្តសៀមរាប ហើយព្រឹត្តិការណ៍នៅឆ្នាំនេះនឹងប្រព្រឹត្តិទៅរយៈពេលបីថ្ងៃ ចំថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា។ ការរៀបចំអង្គរសង្ក្រាន្តឆ្នាំនេះ ដឹកនាំដោយកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា៕
No comments:
Post a Comment