Thursday, April 16, 2015

គ.ជ.ប. ​ថ្មី ​នឹង​ជ្រើសរើស​ អគ្គលេខាធិការ​ ក្រោយ​ចូលឆ្នាំ | New NEC will choose new Secretary General after New Year

គ.ជ.ប. ​ថ្មី ​នឹង​ជ្រើសរើស​ អគ្គលេខាធិការ​ ក្រោយ​ចូលឆ្នាំ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៥ មេសា ២០១៥

គួយ ប៊ុនរឿន ៦២០
លោក គួយ ប៊ុនរឿន មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ ថ្លែង​ទៅ​កាន់​អ្នក​កាសែត នៅ​វិមាន​រដ្ឋសភា នៅ​ថ្ងៃ​ទី២ កុម្ភៈ ២០១៥។  RFA/Tin Zakariya

គណៈកម្មាធិការ​ ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត បាន​បង្កើត​ គណៈកម្មការ​ ចំពោះ​ កិច្ច​មួយ ដើម្បី​ រៀបចំ​ ការ​បន្ទាន់​មួយ, ក្នុង​នោះ​ ក៏​មាន​ ការ​ជ្រើសរើស ​អគ្គលេខាធិការ គ.ជ.ប. ​ថ្មី​នេះ​ដែរ នៅ​ក្រោយ​ពេល​ ពិធី​បុណ្យ​ ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ ជាតិ​ បញ្ចប់។

តើ​ ការងារ ​អ្វី​ខ្លះ​ ដែល​គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត នឹង​ត្រូវ​ ធ្វើ​បន្ទាន់​ នៅ​ក្រោយ ​ពិធី​បុណ្យ ​ចូល​ឆ្នាំ​ថ្មី​នេះ?

គណៈកម្មាធិការ​ ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ​ហៅ​ថា គ.ជ.ប​ថ្មី នឹង​ធ្វើ​ការងារ​របស់​ខ្លួន​ចំនួន​បី​សំខាន់ៗ នៅ​ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា គ.ជ.ប បាន​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ កាល​ពី​ថ្ងៃ​ទី​១១ មេសា កន្លង​ទៅ នៅ​បន្ទាប់​ពី​សមាជិក​ទាំង ៩​រូប បាន​ទទួល​តំណែង​ពី​សមាជិក គ.ជ.ប​ចាស់​នោះ។ លោក​បញ្ជាក់​ថា នៅ​ក្រោយ​ពិធី​ចូល​ឆ្នាំ គណៈកម្មការ​នេះ​នឹង​ធ្វើ​កិច្ចការ​បី​សំខាន់ៗ ទី​១ រៀបចំ​បុគ្គលិក​ជាប់​កិច្ចសន្យា​ជាង ២០០​នាក់ ឲ្យ​ក្លាយ​ទៅ​ជា​មន្ត្រី​រាជការ​ពេញ​សិទ្ធិ​ដែល​មាន​ចែង​ក្នុង​ច្បាប់។ ទី​២ ពិនិត្យ​មើល​រចនាសម្ព័ន្ធ​ដើម្បី​ឲ្យ គ.ជ.ប​ថ្មី​នេះ ធានា​នូវ​ប្រសិទ្ធភាព​ការងារ និង​ឯករាជ្យ។ ទី​៣ ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​អគ្គលេខាធិការដ្ឋាន គ.ជ.ប៖ «ក្នុង​ករណី​រៀបចំ​ ព្រះរាជក្រឹត្យ​ជា​គោលការណ៍​ត្រូវ​មើល​ថា តើ​មន្ត្រី​ទាំង​នោះ​ស្រប​តាម​ព្រះរាជក្រឹត្យ​ដែរ​ឬ​អត់? ទី​២ មន្ត្រី​មួយ​ចំនួន​ទៀត មាន​អ្នក​ខ្លះ​មាន​អាយុ​គ្រប់​ចូល​និវត្តន៍ មាន​ឈ្មោះ​ខ្លះ​ធ្វើ​ការ​នៅ​ស្ថាប័ន​ផ្សេង ដូច្នេះ​នៅ​ពេល​នោះ ត្រូវ​ឲ្យ​គាត់​ធ្វើ​ការ​សម្រេច​ចិត្ត​ថា នឹង​ត្រូវ​នៅ​ស្ថាប័ន​ណា?»

ចំពោះ​អគ្គលេខាធិការ គ.ជ.ប វិញ លោក គួយ ប៊ុនរឿន បន្ថែម​ថា គ.ជ.ប នឹង​ប្រកាស​ជ្រើស​រើស​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក គួយ ប៊ុនរឿន ក៏​បាន​ឆ្លើយ​តប​នឹង​ព័ត៌មាន​ចចាមអារ៉ាម​ថា លោក ទេព នីថា នឹង​ធ្វើ​ជា​អគ្គលេខាធិការ គ.ជ.ប ដដែល ឬ​យ៉ាង​ណា​នោះ? លោក​បញ្ជាក់​ថា គ.ជ.ប. នឹង​ប្រកាស​ជ្រើស​រើស​ជា​សាធារណៈ ហើយ​ការ​សម្រេច​យក​អ្នក​ណា​ម្នាក់​នោះ អាស្រ័យ​លើ​សំឡេង​ភាគ​ច្រើន​របស់​ថ្នាក់​ដឹក​នាំ គ.ជ.ប ទាំង ៩​រូប​នោះ៖ «ព្រោះ ​អគ្គលេខាធិការ​ហ្នឹង​ជា​រឿង​មួយ​សំខាន់​ដែរ ក្នុង​ការ​រៀបចំ​យន្តការ​ផ្សេងៗ​ទៀត​ដែល គ.ជ.ប ត្រូវ​តែ​បំពេញ ដើម្បី​ឲ្យ​ការងារ​នេះ​ទាន់​ពេល​វេលា។ ថ្នាក់​ដឹក​នាំ គ.ជ.ប ទាំង ៩​រូប​នេះ ត្រូវ​បាន​សភា​បោះ​ឆ្នោត​ជ្រើស​រើស​កាល​ពី​ថ្ងៃ​ទី​៩ មេសា និង​បាន​ទទួល​តំណែង​ពី​សមាជិក គ.ជ.ប ចាស់ កាល​ពី​ថ្ងៃ​ទី​១៣ មេសា នៅ​មុន​ពិធី​ចូល​ឆ្នាំ​ថ្មី​បាន​ចូល​មក​ដល់​មួយ​ថ្ងៃ។»

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ថ្មី លោក ស៊ិក ប៊ុនហុក មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នោះ បាន​ប្ដេជ្ញា​ថា​នឹង​ប្រឹងប្រែង​អនុវត្ត​តួនាទី ភារកិច្ច ប្រកប​ដោយ​ឯករាជ្យ អព្យាក្រឹត និង​តម្លាភាព ដើម្បី​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទទួល​យក​បាន។ លោក ស៊ិក ប៊ុនហុក លើក​ឡើង​ថា នៅ​ក្រោយ​ពេល​ចូល​ឆ្នាំ​ថ្មី​នេះ គ.ជ.ប​ថ្មី នឹង​កែប្រែ​បទបញ្ជា​ផ្ទៃ​ក្នុង​ឲ្យ​ស្រប​ទៅ​នឹង​ច្បាប់​ថ្មី​ដែល​សភា​បាន​ អនុម័ត៖ «ការ​កែ​សម្រួល​បទបញ្ជា និង​នីតិវិធី បទបញ្ជា​ផ្ទៃ​ក្នុង​ទៀត​ដែល គ.ជ.ប ត្រូវ​កែ​សម្រួល ព្រោះ​ច្បាប់​នោះ​នៅ​តែ​ជា​ធរមាន​ដដែល ដូច្នេះ​យើង​ត្រូវ​កែ​សម្រួល​ឲ្យ​ស្រប​នឹង​ច្បាប់​ថ្មី​នេះ។»

គ.ជ.ប​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​នេះ គឺ​មេ​ដឹក​នាំ​គណបក្ស​ទាំង​ពីរ​អះអាង​ថា បាន​កើត​ចេញ​ពី​វប្បធម៌​សន្ទនា​ក្រោយ​កិច្ច​ព្រមព្រៀង​បញ្ចប់​ជម្លោះ​នយោបាយ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ និង​បាន​ដាក់​ចេញ​រូបមន្ត​បង្កើត គ.ជ.ប​ថ្មី​នេះ គឺ​សមាជិក​ម្ខាង ៤​រូប​ជ្រើស​ចេញ​ពី​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ និង ១​រូប​ទៀត​ជ្រើស​ចេញ​ពី​អង្គការ​សង្គម​ស៊ីវិល។ គណបក្ស​ទាំង​ពីរ បាន​ឯកភាព​យក​រូបមន្ត​បែប​នេះ ដើម្បី​ធានា​នូវ​ឯកភាព តម្លាភាព និង​សេរី នៅ​ពេល​បោះ​ឆ្នោត​អាណត្តិ​ក្រោយ។ ក៏ប៉ុន្តែ គេ​នៅ​រង់ចាំ​មើល​ទៀត​ថា តើ គ.ជ.ប​ថ្មី​នេះ នឹង​អាច​ផ្លាស់ប្ដូរ​ប្រវត្តិសាស្ត្រ​កម្ពុជា ក្នុង​ការ​បោះ​ឆ្នោត ដែល​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ដែល​គ្មាន​បញ្ហា និង​ទទួល​បាន​គ្រប់​ភាគី​មែន​ដែរ​ឬ​ទេ?

លោក គួយ ប៊ុនរឿន បន្ថែម​ថា គ.ជ.ប. ចង់​ពន្លឿន​ការងារ​របស់​ខ្លួន​នៅ​ក្រោយ​ពេល​រៀបចំ​អគ្គលេខាធិការដ្ឋាន​រួច នឹង​ត្រូវ​រៀបចំ​ការ​ចុះ​ឈ្មោះ និង​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី ដែល​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ព្រមព្រៀង និង​មាន​ចែង​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​នោះ៕


No comments:

Post a Comment