Friday, April 17, 2015

បក្ស​ប្រឆាំង​ និង​អង្គការ​ សិល្បៈ​ខ្មែរ ​អមតៈ​ គ្រោង​ប្រារព្ធ​ ពិធី​រំឭក​ខួប​ ថ្ងៃ​ទី​១៧ ​មេសា | Opposition party, Cambodian Living Arts will hold remembrance anniversary of April 17

បក្ស​ប្រឆាំង​ និង​អង្គការ​ សិល្បៈ​ខ្មែរ ​អមតៈ​ គ្រោង​ប្រារព្ធ​ ពិធី​រំឭក​ខួប​ ថ្ងៃ​ទី​១៧ ​មេសា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៦ មេសា ២០១៥

រឭក​ថ្ងៃ​១៧​មេសា ៣០៥
អ្នក​ដឹក​នាំ និង​សមាជិក​សមាជិកា​គណបក្ស​សង្គ្រោះ​ជាតិ និង​ព្រះសង្ឃ ធ្វើ​ពិធី​រំឭក​វិញ្ញាណក្ខន្ធ និង​បង្សុកូល​បញ្ជូន​កុសល​ដល់​អ្នក​ស្លាប់​ក្នុង​របប​ខ្មែរ​ក្រហម នៅ​មជ្ឈមណ្ឌល​ប្រល័យ​ពូជ​សាសន៍​ជើង​ឯក នៅ​ព្រឹក​ថ្ងៃ​ទី១៧ ខែ​មេសា ឆ្នាំ​២០១៣។  RFA/Leng Maly

គណបក្ស​ សង្គ្រោះ​ជាតិ គ្រោង ​នឹង​ធ្វើ​ ពិធី​បង្សុកូល​ ឧទ្ទិស​កុសល​ ដល់​វិញ្ញាណក្ខន្ធ​ អ្នក​ដែល​បាន​ បាត់​បង់​ជីវិត​ ក្នុង​របប ​ខ្មែរ​ក្រហម នៅ​សារមន្ទីរ​ ឧក្រិដ្ឋកម្ម ​ប្រល័យ​ពូជសាសន៍ ​ជើង​ឯក នៅ​ថ្ងៃ​ ទី​១៧ ខែ​មេសា។

អ្នក​នាំ​ពាក្យ​ គណបក្ស​ សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ ថា, ពិធី​នេះ ​គណបក្ស ​របស់​លោក​ បាន​រៀបចំ​ ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន ​និមន្ត​ព្រះសង្ឃ​ សូត្រ​មន្ត និង​ដាក់​បាត្រ។  លោក ​បន្ត​ថា ក្រៅ​ពី​រំឭក​ វិញ្ញាណក្ខន្ធ​ អ្នក​ដែល​ស្លាប់ ​ក្នុង​របប ​ខ្មែរ​ក្រហម, ពិធី​នេះ​ ជា​ការ​ដាស់​តឿន​ ដល់​ពលរដ្ឋ​ខ្មែរ ​គ្រប់​រូប​ ឲ្យ​ចងចាំ​ ពី​ការ​បែក ​បាក់​ក្នុង​សង្គម​ខ្មែរ និង​ការ​កាប់​សម្លាប់​គ្នា ដែល​គួរ​ចៀសវាង៖ «យើង ​ធ្វើ​ការ​រំឭក​ហ្នឹង ដើម្បី ​ឲ្យ​ខ្មែរៗ​ គ្រប់ៗ​រូប ជាពិសេស​ អ្នក​នយោបាយ​ ចៀសវាង​ ការ​ប្រើ​ អំពើ​ហិង្សា​ កាប់​សម្លាប់ ​ប្រជាពលរដ្ឋ ​ខ្លួន​ឯង, ហើយ​ ដែល​ធ្វើ​ ឲ្យ​ប្រទេស​ជាតិ​ ខ្ទេចខ្ទាំ, ធ្វើ​ឲ្យ​ប្រទេស​ជាតិ​បែក​បាក់ ខូចខាត​ទ្រព្យ​សម្បត្តិ​ជាតិ តាំង​ធនធាន​មនុស្ស។ ទី​២ គឺ​ចង់​ឲ្យ​តុលាការ​ដែល​កំពុង​ដំណើរ​ការ​កាត់​សេចក្តី កាត់​ទោស​មេ​ដឹក​នាំ​ខ្មែរ​ក្រហម ធ្វើ​ម៉េច​ដំណើរ​ការ​ដើម្បី​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ កុំ​ឲ្យ​មាន​ការ​ជ្រៀតជ្រែក​នយោបាយ​ពី​មជ្ឈដ្ឋាន​ផ្សេងៗ។»

ចំពោះ​ចំនួន​អ្នក​ចូលរួម​ក្នុង​ពិធី​នេះ លោក យឹម សុវណ្ណ នៅ​មិន​ទាន់​អាច​បញ្ជក់​បាន​នៅ​ឡើយ។ យ៉ាង​ណា​លោក​អះអាង​ថា កាល​ពី​ឆ្នាំ​មុន គឺ​មាន​អ្នក​ចូលរួម​ប្រមាណ​ពី ៥០០​នាក់ ទៅ ១​ពាន់​នាក់។
ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា ពិធី​បង្សុកូល​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ១១​ព្រឹក។

ទាក់ទង​នឹង​ថ្ងៃ​ទី​១៧ ខែ​មេសា ដែរ អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ក៏​គ្រោង​ថា​នឹង​ធ្វើ​ពិធី​រំឭក​ខួប ៤០​ឆ្នាំ​ នៃ​ការ​ដួល​រលំ​នៃ​ទីក្រុង​ភ្នំពេញ ចូល​ទៅ​ក្នុង​របប​ខ្មែរ​ក្រហម​ដែរ។ ពិធី​នេះ​ធ្វើ​នៅ​បរិវេណ​មាត់​ទន្លេ​ខាង​មុខ​វត្ត​ឧណ្ណាលោម ចាប់​ពី​ម៉ោង ៦​ល្ងាច​ដល់​ម៉ោង ៨​យប់។ មហា​ជន​ដែល​ចូលរួម អាច​រំឭក​ការ​ចងចាំ​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ និង​បណ្ដែត​ប្រទីប​លើ​ដង​ទន្លេ​ចតុមុខ៕


No comments:

Post a Comment