Tuesday, April 21, 2015

លោក សម រង្ស៊ី ថា​, នឹង​ប្រើ ​វប្បធម៌​សន្ទនា ​ដោះស្រាយ​ បញ្ហា​អន្តោប្រវេសន៍ ​វៀតណាម | Sam Rainsy says will use "culture of dialogue" to address Vietnamese immigration issues

លោក សម រង្ស៊ី ថា​, នឹង​ប្រើ ​វប្បធម៌​សន្ទនា ​ដោះស្រាយ​ បញ្ហា​អន្តោប្រវេសន៍ ​វៀតណាម

RFA / ​វិទ្យុ ​អាស៊ី សេរី | ២០ មេសា ២០១៥

សម រង្ស៊ី ៦២០
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​នៅ​ទីស្នាក់ការ​បក្ស នា​ទីរួម​ខេត្ត​កំពង់ឆ្នាំង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០១៥។  RFA/Chin Chetha


ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ថា នឹង​ប្រើ​វប្បធម៌​សន្ទនា ដើម្បី​ ជជែក​ដោះស្រាយ​ បញ្ហា​អន្តោប្រវេសន៍​ វៀតណាម នៅ​កម្ពុជា, ប៉ុន្តែ​ លោក​ ថា, នៅ​តែ ​ជំរុញ និង​រិះគន់​ ថ្នាក់​ដឹកនាំ​ រដ្ឋាភិបាល​ លើ​ចំណុច​ ខុស​ឆ្គង​ មួយ​ចំនួន​ ជុំវិញ​ បញ្ហា​នេះ។  អ្នក​វិភាគ​ បញ្ហា​សង្គម​ យល់​ថា,  វប្បធម៌​សន្ទនា​ អាច​គ្មាន​ ប្រយោជន៍ បើ​ គេ ​មិន​រៀបចំ​ ផែនការ​ សកម្មភាព ​ដោះស្រាយ​បញ្ហា​ អ្វី​មួយ​ ឲ្យ​ច្បាស់លាស់។


មេ​ដឹកនាំ​ គណបក្ស ប្រឆាំង​ លោក សម រង្ស៊ី បង្ហាញ​ពី​មោទនភាព និង​លទ្ធផល​ល្អ​កើត​ចេញ​ពី​វប្បធម៌​សន្ទនា​រវាង​លោក និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ការ​ដោះស្រាយ​បញ្ហា​​កន្លង​មក។ ការ​ប្រកាស​នេះ គឺ​នៅ​ចំពោះមុខ​អ្នក​គាំទ្រ​របស់​ខ្លួន​ជាង ៣០០​នាក់ នៅ​ក្នុង​ទីស្នាក់ការ​បក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ឆ្នាំង ក្នុង​ឱកាស​ផ្លាស់ប្ដូរ​តំណែង​ប្រធាន​ក្រុម​ការងារ​បក្ស​​ខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា។

លោក សម រង្ស៊ី ថ្លែង​ថា បញ្ហា​អន្តោប្រវេសន៍ គឺ​ជា​អាយុ​ជីវិត​របស់​ប្រទេស​ជាតិ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ទៀត​ដែល​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា រួម​គ្នា​ដោះ​ស្រាយ​ដោយ​ផ្អែក​លើ​វប្បធម៌​សន្ទនា​ដែល​ជា​របៀប​ធ្វើ​ការ​ថ្មី និង​មាន​ប្រសិទ្ធភាព​ខ្ពស់។ ប៉ុន្ដែ​លោក​មិន​អាច​លាត​ត្រដាង​ពី​នីតិវិធី​ដោះស្រាយ​រឿង​ជនអន្តោប្រវេសន៍​ ទាំង​អស់​បាន​ទេ ព្រោះ​បញ្ហា​ខ្លះ​ស្មុគស្មាញ​ត្រូវ​ការ​ពេល​វេលា​ដោះស្រាយ​យូរ៖ «យើង​ដឹង ​អស់​ហើយ​ចំពោះ​បញ្ហា​ដែល​មិន​ទាន់​មាន​ដំណោះ​ស្រាយ ជួន​កាល​មាន​សភាពការណ៍​ធ្ងន់ធ្ងរៗ គឺ​មាន​បញ្ហា​អន្តោប្រវេសន៍​ហ្នឹង។ ដូច្នេះ​ទោះ​ជា​យើង​មិន​ប្រកូកប្រកាស​មិន​ធ្វើ​ក្ដុងក្ដាំង​តែ​នៅ​ក្នុង​ អារម្មណ៍​របស់​យើង ហើយ​នៅ​ក្នុង​កម្មវិធី​ដើម្បី​ជជែក​រក​ដំណោះស្រាយ​ឲ្យ​សមស្រប។ (ជិន ជេដ្ឋា៖ អាច​នឹង​មាន​ប្រសិទ្ធភាព​ទេ ដោយសារ​តែ​កន្លង​មក​មាន​ការ​រិះគន់​ហើយ​អត់​មាន​ចំណាត់​ការ​អ្វី?) ជឿជាក់​ព្រោះ​វប្បធម៌​ថ្មី គឺ​ជា​ទម្លាប់​ធ្វើ​ការ​ថ្មី​មួយ​ដែល​ត្រូវ​តែ​មាន​ប្រសិទ្ធភាព​ជាង​មុន ព្រោះ​បើ​គណបក្ស​ពីរ​រួម​ធ្វើ​ការ​ជាមួយ​គ្នា​វា​ខ្លាំង​ជាង​ដែល​គណបក្ស​ នីមួយៗ​អាច​ធ្វើ​ការ​បាន​ដោយ​ឡែក​ពី​គ្នា»

ការ​ថ្លែង​របស់​លោក សម រង្ស៊ី នេះ​គឺ​ស្រប​ពេល​ដែល​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង មាន​វិធានការ​រៀបចំ​ផ្ទះ​បណ្ដែត​ទឹក​រាប់​ពាន់​ខ្នង​ឲ្យ​មាន​សណ្ដាប់​ធ្នាប់ និង​រុញ​ចេញ​ឆ្ងាយ​ពី​ក្រុង​កំពង់ឆ្នាំង​ មុន​នឹង​ជម្លៀស​អ្នក​ទាំង​នោះ​ឲ្យ​ឡើង​មក​រស់​នៅ​លើ​គោក។ អាជ្ញាធរ​ខេត្ត និង​ក្រុង​កំពុង​ស្មុគស្មាញ​រក​ទីតាំង​ឲ្យ​ជន​អន្តោប្រវេសន៍​ទាំង​នោះ​រស់នៅ ​លើគោក​ក្នុង​ទីប្រជុំ​ជន និង​ក្បែរ​ទន្លេ ដើម្បី​បញ្ចៀស​ការ​បំពុល​ទឹកទន្លេ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ស្វាគមន៍​ចំពោះ​ជំហរ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​នេះ ព្រោះ​អាច​ជួយ​ជា​គំនិត​ ​និង​ស្វែង​រក​ដំណោះស្រាយ​ល្អ​ថែម​ទៀត​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ជា​យូរ​មក​ហើយ។ យ៉ាង​ណា​លោក​ថា វប្បធម៌​សន្ទនា​មិន​អាច​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​បាន​ភ្លាម​​ទេ៖ «យើង ​សន្ទនា​គ្នា​បន្ថែម​ទៀត​កាន់​តែ​ល្អ ក៏​ប៉ុន្តែ​យើង​គិត​ថា វា​មិន​អាច​សន្ទនា​គ្នា​ហើយ​ចាប់​ទៅ​ប្រផាប់ប្រភីង​ដូច​ជំនាន់ លន់ នល់ ធ្វើ​អី​ហ្នឹង​ប្រហែល​ទៅ​មិន​រួច​ទេ។ លទ្ធផល​គឺ​ត្រូវ​តែ​គោរព​ច្បាប់​កម្ពុជា ច្បាប់​អន្តរជាតិ ហើយ​មាន​ការ​គោរព​សិទ្ធិមនុស្ស​ផង នេះ​ជា​រឿង​ដែល​យើង​កំពុង​ធ្វើ​បច្ចុប្បន្ន»

អ្នក​ស្រាវជ្រាវ​ផ្នែក​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី យល់​ថា ប្រសិន​បើ​វប្បធម៌​សន្ទនា​ប្រែក្លាយ​ជា​ច្បាប់ ជា​គោលនយោបាយ ឬ​ផែនការ​សកម្មភាព​ដើម្បី​ដោះស្រាយ​បញ្ហា​នឹង​ទទួល​បាន​ផ្លែផ្កា។ ប៉ុន្តែ​ប្រសិន​បើ​វប្បធម៌​សន្ទនា​គ្រាន់​តែ​ទៅ​ប្រថាប់ត្រា​ឲ្យ​គណបក្ស​ កាន់​អំណាច ដើម្បី​ឲ្យ​គណបក្ស​នេះ​បន្ត​កាន់​អំណាច​កាន់​តែ​រឹងមាំ និង​បំបិទ​មាត់​អ្នក​ប្រឆាំង​នោះ នឹង​មិន​ទទួល​បាន​ផល​អ្វី​ឡើយ៖ «ទោះ​បី ​ជា​យ៉ាង​ណា​ក៏​ដោយ​បើ​សិន​ជា​យើង​មាន​ផែន​ការ​ច្បាស់លាស់​ថា រៀបចំ​ដោះស្រាយ​ជន​អន្តោប្រវេសន៍​ដូច​ម្ដេច? ទាមទារ​កោះ​ត្រល់​ដូច​ម្ដេច? ប្រឆាំង​អំពើ​ពុករលួយ​ដូច​ម្ដេច? ឲ្យ​ទៅ​ជា​ច្បាប់ ឬ​ឲ្យ​ទៅ​ជា​ផែនការ ហើយ​មាន​យន្តការ​តាមដាន​ត្រួតពិនិត្យ​ត្រឹមត្រូវ​នូវ​ការ​អនុវត្ត​បាន​អាច​ ទទួល​លទ្ធផល​ចុង​ក្រោយ​បាន»

បច្ចុប្បន្ន​ជនអន្តោប្រវេសន៍​វៀតណាម បាន​តាំង​ទីលំនៅ​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ស្អេកស្កះ និង​នៅ​តាម​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា តួលេខ​ជន​អន្តោប្រវេសន៍​ដែល​ទើប​ធ្វើ​ជំរឿន​ថ្មី មាន​ចំនួន​មិន​ដល់ ១​សែន​នាក់​ទេ។ តំបន់​ដែល​ជនជាតិ​វៀតណាម រស់​នៅ​ច្រើន​ជាង​គេ គឺ​នៅ​ឃុំ​ឆ្នុកទ្រូ និង​សង្កាត់​ផ្សារឆ្នាំង នៃ​ខេត្ត​កំពង់ឆ្នាំង និង​នៅ​ឃុំ​កំពង់លួង ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់៕



No comments:

Post a Comment