Sunday, April 19, 2015

ពលរដ្ឋ​ ខេត្ត​ ស្វាយរៀង​ ភ័យ​ខ្លាច​ វៀតណាម​ រំលោភ​ដី | Svay Rieng residents fear Vietnam's encroachment on their land

ពលរដ្ឋ​ ខេត្ត​ ស្វាយរៀង​ ភ័យ​ខ្លាច​ វៀតណាម​ រំលោភ​ដី

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៨ មេសា ២០១៥

ដី ព្រំដែន ស្វាយរៀង ៦២០
អ្នក​ភូមិ​នៅ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង អះអាង​ថា ដី​នៅ​ចន្លោះ​ដើម​ឈើ វៀតណាម​ធ្លាប់​យក​បង្គោល​ព្រំដែន​បោះ​ចូល​ក្នុង​ដី​ស្រែ​ពលរដ្ឋ​ខ្មែរ​នៅ​ ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង។ រូបថត​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥ (RFA/Men Sothy)
ពលរដ្ឋ​ ស្រុក​ ចន្ទ្រា, ខេត្ត ស្វាយរៀង កំពុង​ភ័យខ្លាច​ ការ​គំរាម​ ដោយ​អាវុធ​ ពី​កង​កម្លាំង យោធា​ វៀតណាម ដែល​ហាមឃាត់​ ពលរដ្ឋ​ខ្មែរ ​មិនឲ្យ​ធ្វើ​ កសិកម្ម និង​ជីក​ប្រឡាយ​ ទឹក​ ដើម្បី ​ផ្គត់ផ្គង់​ កសិកម្ម ​នៅ​រដូវ វស្សា។  ចំណែក ​មន្ត្រី​ សង្គម​ស៊ីវិល​ យល់​ថា, ទង្វើ​នេះ​ ជា​ការ​រំលោភ​ សិទ្ធិមនុស្ស ​ធ្ងន់ធ្ងរ, ហើយ ​រដ្ឋាភិបាល​ ត្រូវ​ ទទួល​ខុស​ត្រូវ។

ពលរដ្ឋ ​រស់​នៅ ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា អះអាង​ថា ពួកគេ​នៅ​តែ​សង្ស័យ​លើ​បញ្ហា​កំណត់​ព្រំដែន​មិន​ច្បាស់លាស់ ជា​កត្តា​បង្ក​ឲ្យ​ទឹក​ដី​ខ្មែរ​កាន់​តែ​រួញ​ទៅ។ ជាង​នេះ​ទៅ​ទៀត ពលរដ្ឋ​ប្រកប​របរ​ធ្វើ​ស្រែ​ក្បែរ​ព្រំដែន នៅ​តែ​ភ័យខ្លាច​ការ​គំរាម​កំហែង​ពី​យោធា​វៀតណាម ទោះ​បី​ពួកគាត់​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន​ក៏ដោយ។

តំណាង​អ្នក​ភូមិ​ម្នាក់ លោក កែ គា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ភាព​មិន​ច្បាស់​លាស់​ក្នុង​ការ​កំណត់​ព្រំដែន កំពុង​បង្ក​ឲ្យ​ពលរដ្ឋ​រស់​នៅ​ជិត​ព្រំដែន​រង​ផលវិបាក ព្រោះ​តែ​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​វៀតណាម ការ​បំបិទ​សិទ្ធិ​កសិករ​ខ្មែរ​មិន​ឲ្យ​ជីក​ប្រឡាយ​ទឹក​ដើម្បី​ផ្គត់ផ្គង់​ ទឹក​ធ្វើ​ស្រែ និង​ការ​បោះ​បង្គោល​ព្រំដែន​ចូល​ដី​ខ្មែរ​ជាដើម។

លោក​បន្ត​ថា ពលរដ្ឋ​ខ្មែរ​រង​ការ​គំរាមកំហែង​ពី​អាជ្ញាធរ​វៀតណាម មិន​មាន​សមត្ថកិច្ច​ខ្មែរ​អន្តរាគមន៍​ទេ ហើយ​បែរ​ជា​ចោទ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ខុស​ទៅ​វិញ។ លោក​ថា ដី​ខ្មែរ​ពី​ដើម​គឺ​នៅ​ឆ្ងាយ​ពី​បង្គោល​ព្រំដែន​បច្ចុប្បន្ន​ប្រមាណ​ជាង ២០​គីឡូម៉ែត្រ។ លើស​ពី​នេះ​ទៀត លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​ខ្មែរ​ព្រងើយ​នោះ​ដី​ខ្មែរ​ប្រាកដ​ជា​ត្រូវ​បាត់បង់​ បន្ថែម​ទៀត​ដោយ​ការ​រំកិល​ចូល​បន្តិច​ម្តងៗ ដោយ​អាជ្ញាធរ​វៀតណាម៖ «ព្រំដែន ​ចេះតែ​រំកិល​ចូលៗ។ ពី​ដើម​យើង​នៅ​ឯ​ណោះ មើល​ទៅ​គឺ​ថា​ដាច់​កន្ទុយភ្នែក ឥឡូវ​ខិត​ជិត​ស្វាយបី នៅ​ជប់ភីង​អី​ណា​ណោះ។ ឥឡូវ​យើង​ចេះតែ​ខិតៗ​ចូល​មក​ដល់​ព្រំដែន​យើង មើល​ខិតៗ​ស្មើ ១​គីឡូ​ដី​ដល់។»

​ឆ្លើយ​តប​បញ្ហា​នេះ​ដែរ អភិបាល​ស្រុក​ចន្ទ្រា លោក នួង រាំ បដិសេធ​ចំពោះ​ការ​លើក​ឡើង​របស់​ពលរដ្ឋ ដោយ​លើក​ហេតុផល​ថា លោក​បាន​ឃើញ​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​វៀតណាម ប្រកប​របរ​កសិកម្ម​ធម្មតា មិន​មាន​អ្វី​ប្លែក​ឡើយ។ លោក​បន្ត​ថា មាន​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​ចេះតែ​ទៅ​ចាប់​យក​ដី​ដែល​គេ​ហាមឃាត់ ហើយ​ត្រូវ​បាន​សមត្ថកិច្ច​វៀតណាម ទប់ស្កាត់ តែ​បែរ​ជា​ពលរដ្ឋ​ចោទ​សមត្ថកិច្ច​វៀតណាម ទៅ​វិញ។

យ៉ាង​ណា​លោក​មិន​បាន​បកស្រាយ​ពិស្ដារ​ជុំវិញ​បញ្ហា​ការ​រំលោភ​យក​ដី​ ខ្មែរ​ដោយ​អាជ្ញាធរ​វៀតណាម ទេ ព្រោះ​លោក​ទើបតែ​ឡើង​កាន់​តំណែង​ថ្មី៖ «ជាក់ស្ដែង ​ទៅ​តំបន់​គេ​ហាមឃាត់​ទាំង​សង​ខាង មិន​មែន​ចេះតែ​គេ​ធ្វើ​បាន​យើង​ធ្វើ​មិន​បាន​ទេ ដី​យើង យើង​ធ្វើ​ធម្មតា។ ខ្ញុំ​ឃើញ​ព្រំដែន​ឃុំ​ចន្ទ្រា គេ​ធ្វើ​ធម្មតា​ហ្នឹង ហើយ​វៀតណាម ធ្វើ​ធម្មតា​ដែល​ហ្នឹង។»

ក្នុង​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ស្វាយរៀង លោក នុត  បូពិណ្ណារ័ត្ន មាន​ប្រសាសន៍​ថា បើ​រដ្ឋាភិបាល​មិន​គិត​បញ្ហា​ព្រំដែន​ទេ នោះ​ផលវិបាក​កាន់​តែ​ខ្លាំង​ទៅ​លើ​ពលរដ្ឋ​រស់​នៅ​ព្រំដែន ដោយ​ការ​ឈ្លានពាន​ពី​អាជ្ញាធរ​វៀតណាម។ លោក​បន្ត​ថា បើ​ពលរដ្ឋ​វៀតណាម ចូល​មក​ទឹក​ខ្មែរ ​ន​តាម​ចិត្ត​មិន​ឃើញ​មាន​សមត្ថកិច្ច​ខ្មែរ​ហាម​ឡើយ តែ​បើ​ពលរដ្ឋ​ខ្មែរ​វិញ មិន​អាច​ចូល​ទៅ​ខាង​ភាគី​វៀតណាម បាន​ទេ។

លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​ព្រំដែន និង​កសាង​ប្រព័ន្ធ​ធារាសាស្ត្រ​នៅ​តាម​ព្រំដែន ដើម្បី​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​កសិកម្ម ថែម​ទាំង​ជា​របង​ការពារ​ការ​រំលោភ​ដែន​អធិបតេយ្យ​ពី​ប្រទេស​ជិត​ខាង៖ «ជី.ភី.អេស (GPS) គេ​ចាប់​ផ្ដើម​វាស់​តាម​ព្រំដែន​ហ្នឹង​ទៅ​បាត់​ដី​គាត់ វា​អត់​មាន​ចូល​ទៅ​វៀតណាម សោះ! វា​ច្រើន​តែ​ចូល​មក​ខ្មែរ។»

ដូច​គ្នា​នេះ​ដែរ តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា អាជ្ញាធរ​វៀតណាម បាន​ហាម​ឃាត់​ខ្មែរ​មិន​ឲ្យ​ចូល​តំបន់​ស តែ​ភាគី​វៀតណាម ចូល​ដោយ​សេរី ហើយ​តំបន់​ស​នៅ​ទឹក​ដី​ខ្មែរ​ត្រូវ​បាន​រំកិល​ជា​បន្ត។

លោក​បន្ត​ថា រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រវត្តិសាស្ត្រ​ដឹកនាំ រួម​ទាំង​បូរណភាព​ទឹក​ដី។ លើ​ល​ពី​នេះ​ទៀត លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កំណត់​បង្គោល​ព្រំដែន​ត្រី​ភាគី មាន​ភាគី​អន្តរជាតិ​ជា​អាជ្ញាកណ្ដាល៖ «មិន​អាច​ឆ្លើយ​ដោះសា គេចវេះ​ពី​បញ្ហា​ទាំង​អស់​នេះ​ទេ ពីព្រោះ​បញ្ហា​ព្រំដែន​វា​ជា​រឿង​មួយ​គេ​ថា​រឿង​អាយុជីវិត​ជាតិ ទឹក​ដី​សំខាន់​ណាស់ ទឹក​ដី​អត់​អាច​រីក​បាន​ទេ តែ​មនុស្ស​រីក​ជា​បន្តបន្ទាប់។ ក្នុង​នាម​យើង​អ្នកដឹកនាំ​យើង​ត្រូវ​តែ​ថែរក្សា​ការពារ​នូវ​បូរណភាព​ទឹក​ដី​ ឲ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។»

ពលរដ្ឋ​ឃុំ​សំរោង បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០០៩ ពលរដ្ឋ ៥​នាក់ បាន​ដក​តម្រុយ​បង្គោល​ព្រំដែន ត្រូវ​វៀតណាម បោះ​ចូល​ដីស្រែ​ពួក​គាត់​ជា​ច្រើន​ហិកតារ ឋិត​នៅ​ត្រង់​ចំណុច​បង្គោល​ព្រំដែន​លេង ១៨៤ និង ១៨៥  ឋិត​នៅ​ភូមិ​កោះក្បានកណ្តាល ឃុំ​សំរោង តែ​ត្រូវ​បាន​តុលាការ​ឃាត់​ខ្លួន​ពលរដ្ឋ​បាន ២​នាក់ និង​មាន​ពលរដ្ឋ ៣​នាក់​គេច​ខ្លួន។ ពលរដ្ឋ​ដែល​តុលាការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន ឈ្មោះ​ថា មាស ស្រី និង​ឈ្មោះ ព្រំ ជា ដោយ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈ ហើយ​ត្រូវ​ជាប់​ពន្ធនាគារ ៩​ខែ ២០​ថ្ងៃ។ កាល​នោះ​លោក សម រង្សី ប្រធាន​គណបក្ស​ប្រឆាំង​ក៏​ចូលរួម​ដក​តម្រុយ​បង្គោល​នោះ​ដែរ៕



No comments:

Post a Comment