Tuesday, May 12, 2015

អ្នកស្រី មូរ សុខហួរ មិន​ឆ្លើយ​ សំណួរ​ របស់​ ចៅក្រម​ ស៊ើបសួរ | Mu Sochua refuses to answer questions of investigating judge

អ្នកស្រី មូរ សុខហួរ មិន​ឆ្លើយ​ សំណួរ​ របស់​ ចៅក្រម​ ស៊ើបសួរ

RFA / ​វិទ្យុ ​អាស៊ី សេរី |  ១១ ឧសភា ២០១៥

មូរ សុខហួរ ៦២០
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ ឆ្លើយ​សំណួរ​អ្នក​កាសែត​ក្រោយ​ចេញ​ពី​បន្ទប់​សាកសួរ​នៅ​សាលា​ដំបូង​រាជធានី​ ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ឆ្នាំ​២០១៥។  RFA/Morm Moniroth
តំណាងរាស្ត្រ​ ជា​ស្ត្រី ​មួយ​រូប គឺ ​អ្នកស្រី មូរ សុខហួរ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ប្រើប្រាស់ ​សិទ្ធិ ​របស់​ខ្លួន ​មិន​ឆ្លើយ​តប ​រាល់​សំណួរ ​របស់​ ចៅក្រម ​នៃ​សាលា​ដំបូង​ រាជធានី​ភ្នំពេញ ឡើយ រហូត ​បញ្ចប់​ ការ​សាកសួរ។  មន្រ្តី​ អង្គការ ​ឃ្លាំមើល​ សិទ្ធិមនុស្ស​ ដែល​ចុះ​អង្កេត​ ការ​សាកសួរ​ ឡើង​វិញ​ នៅ​ពេល​នេះ ចាត់​ទុក ​ថា, នីតិវិធី​ ដែល​តុលាការ ​អនុវត្ត​នេះ​ គឺ​ ជា​រឿង​នយោបាយ ជា​ជាង​ អនុវត្ត ​ទៅ​តាម​ច្បាប់។

ការ​ប្រើ​សិទ្ធិ​សាកសួរ​របស់​ចៅក្រម​នៃ​តុលាការ​ក្រុង​ភ្នំពេញ ដែល​ប្រើពេល​ប្រមាណ ១​ម៉ោង​នៅ​ពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា នោះ គឺ​បញ្ចប់​ទៅ​ដោយ​មិន​បាន​កំណត់​ថ្ងៃ​នៃ​ការ​ចូល​បំភ្លឺ​ឡើង​វិញ​ទៀត​ នៅ​ឡើយ។

ថ្លែង​ប្រាប់​ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​នៅ​ក្រៅ​របង​តុលាការ ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​របស់​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ ឲ្យ​ដឹង​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ថា អ្នកស្រី​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន មិន​ឆ្លើយ​ទៅ​នឹង​សំណួរ​ណា​មួយ​របស់​ចៅក្រម លោក កែវ មុនី នៅ​ក្នុង​បន្ទប់​សាកសួរ​នៅ​ពេល​នោះ។

មូលហេតុ​ដែល​អ្នកស្រី​អះអាង​ថា បាន​ប្រើប្រាស់​សិទ្ធិ​មិន​ឆ្លើយ​តប​រាល់​សំណួរ​ដែល​បាន​ចោទ​សួរ​ប្រមាណ ១០​សំណួរ​នោះ ក៏​ព្រោះ​តែ​អ្នកស្រី​យល់​ឃើញ​ថា ការ​បំពេញ​កិច្ចការ​របស់​តុលាការ​នេះ គឺ​រំលោភ​លើ​ក្របខ័ណ្ឌ​នៃ​រដ្ឋធម្មនុញ្ញ​ដែល​ធានា​យ៉ាង​ច្បាស់​សម្រាប់​ តួនាទី​របស់​អ្នក​តំណាងរាស្រ្ត ដែល​មិន​អាច​រំលោភ​បំពាន​បាន៖ «ដោយ​ តុលាការ​ពុំ​បាន​អនុវត្ត​ទៅ​លើ​មាត្រា និង​នីតិវិធី​នៃ​ការ​កោះ​អញ្ជើញ​អ្នក​តំណាងរាស្រ្ត។ ខ្ញុំ​បាន​រក្សា​សិទ្ធិ​នូវ​គ្រប់​សំណួរ​នៃ​តុលាការ​នៅ​ថ្ងៃ​នេះ។»

ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​របស់​អ្នកស្រី មូរ សុខហួរ ជា​តំណាងរាស្ត្រ​មណ្ឌល​បាត់ដំបង នៃ​គណបក្ស​សង្រ្គោះ​ជាតិ​នេះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ដីកា​កោះ​ហៅ​ជា​ថ្មី​ទៀត​របស់​ចៅក្រម​ស៊ើបសួរ លោក កែវ មុនី ជុំវិញ​សំណុំរឿង​បង្ក​ហិង្សា​នៅ​ក្បែ​ស្ពាន​នាគ​កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤ កន្លង​ទៅ។

អ្នក​ច្បាប់​លើក​ឡើង​ថា ការ​កោះ​ហៅ​តំណាងរាស្ត្រ​រូប​នេះ មិន​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​នោះ​ឡើយ។ រដ្ឋធម្មនុញ្ញ​មាត្រា ៨០ ចែង​ថា តំណាងរាស្ត្រ​មាន​អភ័យឯកសិទ្ធិ។ តំណាងរាស្រ្ត​រូប​ណា​ក៏ដោយ មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន ឬ​ឃុំ​ខ្លួន​ដោយ​ហេតុ​ព្រោះ​តែ​សំដែង​មតិ​យោបល់ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។ ការ​ចោទ​ប្រកាន់ ការ​ចាប់​ខ្លួន ការ​ឃាត់​ខ្លួន ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​នឹង​អាច​ធ្វើ​ទៅ​កើត លុះត្រា​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការអចិន្រ្តៃយ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​ រដ្ឋ​សភា វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ប៉ុណ្ណោះ។

វិទ្យុ​អាស៊ីសេរី បាន​ព្យាយាម​ទាក់ទង​ជា​ច្រើន​ដង​តាម​ទូរស័ព្ទ​ដើម្បី​សុំការ​បំភ្លឺ​ពី​លោក កែវ មុនី ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏ប៉ុន្តែ​ទូរស័ព្ទ​ពុំ​អាច​ទាក់ទង​បាន​នៅ​ថ្ងៃ​ទី​១១ ឧសភា។
បើ​ទោះ​ជា​បែប​ណា ភ្លាមៗ​ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​ទាមទារ​ឲ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ មាន​អ្នក​តំណាងរាស្រ្ត​ចំនួន ៧​នាក់ របស់​គណបក្ស​សង្រ្គោះ​ជាតិ ដំបូង​គេ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន ក្រោម​បទ​ចោទ​ថា ដឹកនាំ​កុប្បកម្ម នាំ​ឲ្យ​មាន​អំពើ​ហិង្សា​នៅ​ក្បែ​ស្ពាន​នាគ កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៤។ បន្ទាប់​មក​ មាន​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ ១១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​បន្ថែម​ទៀត។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ ដែល​ឃ្លាំមើល​ការ​សាកសួរ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ឧសភា ចាត់​ទុក​ថា ការ​កោះហៅ​អ្នក​តំណាងរាស្ត្រ​ដោយ​ឆៅ​ៗ​បែប​នេះ គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​កំពូល​របស់​ប្រទេស ដែល​មាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​ហើយ។ លោក​ថ្លែង​បន្ត​ថា បើ​ការ​អនុវត្ត​ដូច​នេះ បញ្ជាក់​ថា តួនាទី​របស់​អ្នក​តំណាងរាស្រ្ត ហាក់​ពុំមាន​តម្លៃ​អ្វី​បន្តិច​សោះ​ឡើយ។
លោក អំ សំអាត បន្ត​ថា៖ «ការ​កោះ​អញ្ជើញ និង​ការ​ចោទ​ប្រកាន់​ណា​មួយ​វា​ទាល់​តែ​មាន​ការ​ឆ្លង​កាត់​ទៅ​ប្រធាន​រដ្ឋ​ សភា​ជា​មុន ពីព្រោះ​ទាក់ទង​អភ័យ​ឯកសិទ្ធិ ហើយ​បើ​សិន​ជា​យើង​ចេះ​តែ​កោះអញ្ជើញ​តាម​តែ​ចិត្ត​នឹក​ឃើញ អ៊ីចឹង​តើ​អភ័យ​ឯកសិទ្ធិ​នៃ​អ្នក​តំណាងរាស្រ្ត​ទាំង​អស់​នោះ វា​មាន​តម្លៃ​នៅ​ត្រង់​ណា?»

បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​ នៅ​មុន​បិទ​បញ្ចប់​ការ​សាកសួរ អ្នកស្រី មូរ សុខហួរ បាន​ទាមទារ​សុំ​ឲ្យ​តុលាការ​ទម្លាក់​រាល់​បទ​ចោទ​ទាំង​ឡាយ​ប្រឆាំង​ចំពោះ​ អ្នកស្រី ហើយ​ស្នើ​ឲ្យ​តុលាការ​គួរ​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ដែល​មាន​ជា​ធរមាន​ ផង។ ក៏ប៉ុន្តែ​គេ​មិនទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​តុលាការ​នឹង​សម្រេច​យ៉ាង​ណា​ចំពោះ​ការ​ស្នើ​សុំ​របស់​តំណាងរាស្ត្រ​រូប​ នេះ?



No comments:

Post a Comment