Saturday, May 2, 2015

ពលរដ្ឋ​ អំពាវនាវ​ ឲ្យ​ទប់ស្កាត់​ ជនជាតិ​ វៀតណាម​ នេសាទ ​ខុស​ច្បាប់ ​នៅ​ព្រៃវែង | Prey Veng residents request that illegal Viets be stopped from illegal fishing

ពលរដ្ឋ​ អំពាវនាវ​ ឲ្យ​ទប់ស្កាត់​ ជនជាតិ​ វៀតណាម​ នេសាទ ​ខុស​ច្បាប់ ​នៅ​ព្រៃវែង

RFA / ​វិទ្យុ ​អាស៊ី សេរី |  ០១ ឧសភា ២០១៥

នេសាទ​ខុស​ច្បាប់ ព្រៃវែង ៦១០
សកម្មភាព​នេសាទ​ត្រី​របស់​ជនជាតិ​វៀតណាម នៅ​ខាង​លិច​វត្ត​ពោធិ៍ថ្មី ភូមិ​ពោធិ៍ថ្មី ឃុំ​កោះសំពៅ ស្រុក​ពាមជរ ខេត្ត​ព្រៃវែង កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៣។  RFA/Hum Chamroeun

ពលរដ្ឋ​រស់នៅ​ឃុំ​ពាមមានជ័យ ស្រុក​ពាមរ៍ ខេត្ត​ព្រៃវែង អំពាវនាវ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ បង្ក្រាប​បទល្មើស​នេសាទ​បង្ក​ដោយ​ជនជាតិ​វៀតណាម ដោយ​ប្រើ​ឧបករណ៍​អួន​ក្នុង​ទំហំ​ធំ​លើស​ពី​ច្បាប់​កំណត់។


ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​អ្នក​ភូមិ​សង្កេត​ឃើញ​ជនជាតិ​វៀតណាម ដែល​នេសាទ​នៅ​ទន្លេ​មេគង្គ​ក្នុង​តំបន់​អ្នក​លឿង​ផ្នែក​ខាង​លើ ប្រើប្រាស់​ឧបករណ៍​នេសាទ​ជា​ទ្រង់ទ្រាយ​ធំ​យ៉ាង​អនាធិបតេយ្យ។ ជនជាតិ​វៀតណាម ទាំង​នោះ​អាច​ប្រមូល​ផល​ត្រី​បាន​ម្តង​រាប់​តោន ដែល​អាច​ជា​បញ្ហា​បង្ក​ឲ្យ​ធនធាន​ជលផល​ទន្លេ​មេគង្គ​ធ្លាក់​ចុះ​យ៉ាង​គំហុក។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​លើក​ឡើង​ថា មន្ត្រី​ជំនាញ និង​អាជ្ញាធរ​នៅ​តំបន់​នោះ ត្រូវ​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ។

ពលរដ្ឋ​រស់នៅ​ភូមិ​បន្លេច ឃុំ​ពាមមានជ័យ បារម្ភ​ធនធាន​មច្ឆជាតិ​នៅ​ទន្លេ​មេគង្គ ប្រឈម​ការ​បាត់បង់ ព្រម​ទាំង​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន​ត្រូវ​ផុត​ពូជ បើ​មន្ត្រី​ជំនាញ​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​ជនជាតិ​វៀតណាម នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុស​ច្បាប់​ជា​ទ្រង់ទ្រាយ​ធំ។

អ្នក​ភូមិ​អះអាង​ថា វៀតណាម បាន​ប្រើ​ឧបករណ៍​នេសាទ​មាន​បណ្តោយ​ជាង ៥០០​ម៉ែត្រ និង​ទទឹង​ជាង ២០០​ម៉ែត្រ ជម្រៅ​ដល់​បាត​ទន្លេ អាច​នេសាទ​តាម​ទំហំ​នៃ​ទន្លេ​ទាំង​រដូវ​ប្រាំង និង​រដូវ​វស្សា ព្រម​ទាំង​ប្រមូល​ត្រី​ទាំង​តូច​ទាំង​ធំ​ម្តងៗ​រាប់​តោន។ ពលរដ្ឋ​បន្ត​ថា ជនជាតិ​វៀតណាម កំពុង​នេសាទ​ទាំង​យប់​ទាំង​ថ្ងៃ​នៅ​ឃុំ​ពាមមានជ័យ រហូត​ដល់​កោះ​ចម្រើន បន្ទាប់​ពី​ជនជាតិ​វៀតណាម ទាំង​នោះ​បាន​នេសាទ​នៅ​ទន្លេ​មេគង្គ ស្រុក​កៀនស្វាយ និង​ស្រុក​លើកដែក ខេត្ត​កណ្ដាល កន្លង​ទៅ។

តំណាង​អ្នក​ភូមិ​ដែល​មាន​មុខ​របរ​ជា​អ្នក​នេសាទ លោក យាន់ សុថាន ឲ្យ​ដឹង​ថ្ងៃ​ទី​១ ឧសភា ថា បន្ទាប់​ពី​វៀតណាម ចាប់​ផ្ដើម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ លោក​អង្កេត​ឃើញ​ថា បរិមាណ​ត្រី​ធ្លាក់​ចុះ​យ៉ាង​គំហុក។ លោក​បន្ត​ថា សកម្មភាព​នេសាទ​របស់​វៀតណាម ប្រើ​ទូក​ធុន​ធំ​ចំនួន​ពីរ​គ្រឿង សម្រាប់​អូស​ទាញ និង​សំណាញ់​ស្វិត​មាន​ជម្រៅ​ជ្រៅ ដែល​អាច​ចាប់​យក​ត្រី​បាន​ស្ទើរ​ទាំងអស់ និង​គ្រប់​ប្រភេទ ដែល​អាច​ធ្វើ​ឲ្យ​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន​ត្រូវ​ផុត​ពូជ។ លោក​ថា សកម្មភាព​នេសាទ​នេះ​កើត​ឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ បង្ក​ឲ្យ​ពលរដ្ឋ​មាន​មុខ​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​បាត់បង់​ចំណូល។ ជាង​នេះ​ទៀត​សោត ឧបករណ៍​នេសាទ​របស់​វៀតណាម បាន​បំផ្លាញ​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពលរដ្ឋ​នៅ​តំបន់​នោះ ដូចជា​មង​ជាដើម ដោយ​គ្មាន​ការ​ទទួល​ខុស​ត្រូវ៖ «យួន វា​រក​ត្រី​បាន យើង​ប្រជាជន​ឃើញ​ត្រី​វា​រក​បាន ស្ដាយ​ជំនួស បណ្ដោយ​តែ​ពួក​វា​រក​តែ​ពីរ​ឆ្នាំ​ទៀត​ត្រី​អស់។ តែ​ឥឡូវ​ដាច់​ពូជ​អស់ ស្ងាត់​អស់​ហើយ​តាំង​ពី​វា​អូស​អា​ហ្នឹង​មក ពាយ​ត្រី​អស់​ហើយ បើ​បណ្តោយ​ឲ្យ​តែ​វា​រក​គ្មាន​សល់​ទេ​ត្រី  បើ​រក​គ្មាន​ខ្លាច​ប្រជាជន​ម្ចាស់​ស្រុក គ្មាន​ខ្លាច​សមត្ថកិច្ច​គិត​តែ​រក។»

កាល​ពី​ឆ្នាំ​២០១២ រដ្ឋាភិបាល​លុប​បំបាត់​ការ​នេសាទ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​អនុញ្ញាត​ឲ្យ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដោយ​ប្រើ​ឧបករណ៍​នេសាទ​មាន​ ប្រវែង​មិន​លើស​ពី ៥០​ម៉ែត្រ។ ចំណែក​អធិការ​ស្រុក​ពាមរ៍ លោក សេង ពន្លក ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​នេសាទ​នៅ​តំបន់​នោះ​ពិត​មែន ប៉ុន្តែ​លោក​រង់ចាំ​ការ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​កណ្ដាល និង​អភិបាល​ស្រុក ព្រម​ទាំង​មន្ត្រី​ជំនាញ​ជា​មុន​សិន ព្រោះ​ទីតាំង​នេសាទ​ខុស​ច្បាប់​នោះ​ភាគ​ខ្លះ​ឋិត​នៅ​ខេត្ត​ព្រៃវែង និង​ភាគ​ខ្លះ​ទៀត​ឋិត​ក្នុង​ខេត្ត​កណ្ដាល៖ «ជលផល​គេ​មាន​ទូក​មាន​ផ្នែក​ខ្ញុំ​មាន​កម្លាំង​អាវុធ ទាំង​ប៉ូលិស និង​ប៉េអិម មាន​តែ​កម្លាំង​ទេ តែ​យើង​កំពុង​សហការ​គ្នា។»

ក្នុង​ករណី​នេះ អនុប្រធាន​រដ្ឋបាល​ជលផល លោកស្រី កាំង ឃីម មាន​ប្រសាសន៍​ថា លោកស្រី​មិន​ទាន់​ទទួល​បាន​ដំណឹង​នេសាទ​ខុស​ច្បាប់​របស់​ជនជាតិ​វៀតណាម ទេ ព្រោះ​មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​នោះ​មិន​បាន​ផ្តល់​ដំណឹង។ លោកស្រី​ធានា​ថា នឹង​ឲ្យ​មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​នោះ​ចាត់​វិធានការ​តាម​ច្បាប់​លើ​ករណី​ នេះ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នេះ៖ «យើង​ខ្វះ​មន្ត្រី គ្នា​យើង​មាន​មន្ត្រី​ទៅ​ឈរ​ជើង​ណា​នៅ​ហ្នឹង ២៤​ម៉ោង​នៅ​កន្លែង​ដែន​នេសាទ ហើយ​មាន​តែ​ប្រជា​នេសាទ​នៅ​ហ្នឹង​ឯង។»

ទាក់ទិន​ករណី​នេះ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធភាព ដើម្បី​អភិរក្ស​ធនធាន​ជលផល លោក ឱម សារ៉ាត់ ដាក់​ការ​ទទួល​ខុស​ត្រូវ​លើ​បញ្ហា​នេះ​លើ​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ពាក់ព័ន្ធ។ លោក​បន្ត​ថា ការ​នេសាទ​របស់​ជនជាតិ​វៀតណាម កំពុង​បង្ក​ឲ្យ​ធនធាន​ជលផល​វិនាស​យ៉ាង​ធ្ងន់ធ្ងរ និង​បង្ក​ជា​គុណ​វិបត្តិ​យ៉ាង​ធំ​ដល់​សង្គម ពិសេស​គឺ​មុខ​របរ​ទទួល​ទាន រួម​ទាំង​ជីវភាព​របស់​ពលរដ្ឋ​ជាដើម។ ដោយ​ឡែក​ប្រភេទ​ត្រី​កម្រ​មួយ​ចំនួន ក៏​ប្រឈម​នឹង​ផុត​ពូជ​កាន់​តែ​ច្រើន បើ​មន្ត្រី​ជំនាញ​នៅ​តែ​ព្រងើយ។ លោក​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​នេសាទ​របស់​ជនជាតិ​វៀតណាម ទាំង​នោះ និង​អនុវត្ត​តាម​ច្បាប់៖ «សមត្ថកិច្ច​ជំនាញ​ទៀត​សោត​គួរ​តែ​ចាត់​ វិធានការ​ឲ្យ​ទាន់​ពេលវេលា កុំ​ទុក​ឱកាស​ឲ្យ​ជនល្មើស​ជន​ខិលខូច​ប្រមូល​យក​ផល​នេសាទ ឬ​ក៏​ធ្វើ​បាប​ដល់​អ្នក​នេសាទ​ក្រីក្រ​ដូច​ដាច់​មង​គាត់​ឈឺ​ចាប់​ណាស់។»

មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​ជលផល លោក សំ សត្យា យល់​ថា ពលរដ្ឋ​តាម​មូលដ្ឋាន​ក៏​មាន​សិទ្ធិ​ឃាត់​បទល្មើស​នេសាទ​បាន​ដែរ យោង​តាម​ច្បាប់​ជលផល។ លោក​ថា ច្បាប់​នេះ​បាន​កំណត់​អាជ្ញាយុកាល៖ «គឺ​យើង ​មាន​ប្រកាស​ច្បាប់​ជលផល​បាន​កំណត់​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ហ្នឹង ចេញ​ជា​ប្រកាស ហើយ​កំណត់​ឧបករណ៍ បាទ! ទាំង​សមុទ្រ​ទាំង​ទឹក​សាប ហើយ​បើ​សិន​អត់​មាន​ក្នុង​ប្រកាស​ហ្នឹង​ទេ មាន​ន័យ​ថា ឧបករណ៍​ហ្នឹង​សុទ្ធតែ​ជា​ឧបករណ៍​ខុស​ច្បាប់​ហើយ។»

សហគមន៍​សេសាន ភូមិ​ពាមមានជ័យ អះអាង​ថា កាល​ពី​ឆ្នាំ​២០១២ នគរបាល​ប៉ុស្តិ៍​ឃុំ​ពាមមានជ័យ ចុះ​បង្ក្រាប​ជនជាតិ​វៀតណាម នេសាទ​ខុស​ច្បាប់​នៅ​ទន្លេ​មេគង្គ​ក្នុង​តំបន់​អ្នក​លឿង​ផ្នែក​ខាង​លើ ឋិត​នៅ​ឃុំ​ពាមមានជ័យ តែ​ត្រូវ​បាន​ជនល្មើស​បាញ់​ត​ទល់​ជាមួយ​សមត្ថកិច្ច ក៏ប៉ុន្តែ​មិន​មាន​ភាគី​ខាង​ណា​មាន​របួស​ឡើយ។ ចំណែក​នគរបាល​ចាប់​ជនជាតិ​វៀតណាម បាន ៣​នាក់ តែ​ត្រូវ​ដោះ​លែង​វិញ ដោយ​មិន​បាន​បញ្ជូន​ទៅ​តុលាការ​ទេ៕



No comments:

Post a Comment