Saturday, May 2, 2015

លោក សម រង្ស៊ី សូម ឲ្យ​ដៃគូ ​វប្បធម៌​សន្ទនា​ គោរព​គ្នា​ ទៅ​វិញ​ទៅ​មក | Sam Rainsy requests culture of dialogue partner to respect each other

លោក សម រង្ស៊ី សូម ឲ្យ​ដៃគូ ​វប្បធម៌​សន្ទនា​ គោរព​គ្នា​ ទៅ​វិញ​ទៅ​មក

RFA / ​វិទ្យុ ​អាស៊ី សេរី |  ០១ ឧសភា ២០១៥

សម រង្ស៊ី កឹម សុខា ៦២០
លោក សម រង្ស៊ី (ស្ដាំ) ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ និង​លោក កឹម សុខា អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ ក្នុង​វេទិកា ​រាស្ត្រ និង​តំណាង​រាស្ត្រ​ នា​ឃុំ ​ផ្អាវ, ស្រុក​ បាធាយ, ខេត្ត​ កំពង់ចាម នៅ​ថ្ងៃ​ ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥។  Photo from Kem Sokha Facebook Page

លោក សម រង្ស៊ី ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ អំពាវនាវ​ ឲ្យ​ប្រជាពលរដ្ឋ​ គាំទ្រ ​វប្បធម៌​សន្ទនា ដើម្បី​ ឲ្យ​គណបក្ស​ ប្រឆាំង និង​គណបក្ស​ កាន់​អំណាច រួម​គ្នា​ អភិវឌ្ឍ​ប្រទេស។  ទោះ​បី​ ជា លោក សម រង្ស៊ី អំពាវនាវ​ យ៉ាង​នេះ​ក្ដី តែ​ លោក​ បញ្ជាក់​ថា, គណបក្ស​ សង្គ្រោះ​ជាតិ ជា​គណបក្ស​ ក្រៅ​រដ្ឋាភិបាល មាន​គោល​ជំហរ ​ឥត​ងាករេ, ស្មោះ​ត្រង់, និង​គោរព​ឆន្ទៈ ​របស់ ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ទាមទារ ​ឲ្យ​មាន​ ការ​ផ្លាស់ប្ដូរ ដោយ​សន្តិវិធី តាម​រយៈ​ ការ​បោះ​ឆ្នោត​ ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌។

ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​គាំទ្រ​វប្បធម៌​សន្ទនា ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហា​ប្រទេស​ជាតិ។

លោក សម រង្ស៊ី ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ជាង ១​ពាន់​នាក់​នៅ​ស្រុក​បាធាយ ខេត្ត​កំពង់ចាម នៅ​រសៀល​ថ្ងៃ​ទី​១ ឧសភា ដោយ​តម្រូវ​ឲ្យ​ដៃគូ​សន្ទនា​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មិន​ជេរ​ប្រមាថ​គ្នា និង​មិន​គំរាម​កំហែង​គ្នា។ លោក​បញ្ជាក់​ថា វប្បធម៌​សន្ទនា​នេះ​តម្រូវ​ឲ្យ​អ្នក​ដែល​មាន​និន្នាការ​នយោបាយ​ខុស​គ្នា បោះបង់​ចោល​នូវ​ទម្លាប់​ចាត់​ទុក​គ្នា​ជា​សត្រូវ វាយ​ប្រហារ​គ្នា ហើយ​ប៉ុនប៉ង​សងសឹក​គ្នា​ទៅ​វិញ​ទៅ​មក​ដូច​ធ្លាប់​ឃើញ​ពី​អតីតកាល។

ការ​លើក​ឡើង​របស់ លោក សម រង្ស៊ី នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​បញ្ចប់​វប្បធម៌​សន្ទនា​កាល​ពី​ថ្ងៃ​ទី​២៩ មេសា។ លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ផ្តល់​ពេលវេលា​ឲ្យ លោក កឹម សុខា បន្ត​រិះគន់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទៀត​នោះ លោក​នឹង​បញ្ចប់​វប្បធម៌​សន្ទនា។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​បណ្ឌិត ឈឹម ផលវរុណ មាន​ប្រសាសន៍​ថា ជា​ការ​ប្រសើរ​មួយ​ដែល លោក សម រង្ស៊ី បាន​ចុះ​ពន្យល់​តម្លៃ​ប្រជាធិបតេយ្យ គឺ​វប្បធម៌​សន្ទនា ដែល​ជា​ភាព​ស្មោះ​ត្រង់​មួយ ដើម្បី​ឲ្យ​ប្រជាធិបតេយ្យ​ពហុបក្ស​មិន​បែក​បាក់​គ្នា។

ទន្ទឹម​នឹង​គ្នា​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​៣០ មេសា ដោយ​បញ្ជាក់​ជា​ថ្មី​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​រក្សា​ជំហរ​វប្បធម៌​សន្ទនា ដើម្បី​ជួប​ជជែក​គ្នា ដោះស្រាយ​បញ្ហា​រួម​គ្នា ដូចជា​បញ្ហា​បូរណភាព​ទឹក​ដី អធិបតេយ្យភាព​ព្រំដែន ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ការ​ការពារ​ធនធាន​ធម្មជាតិ បរិស្ថាន កំណែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌ កំណែ​ទម្រង់​នីតិប្បញ្ញត្តិ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ ជាដើម។

បន្ថែម​ពី​លើ​នេះ ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឃើញ​វប្បធម៌​សន្ទនា​នេះ​តាំង​ពី​ថ្នាក់​ដឹក​នាំ​កំពូល​ដល់​ថ្នាក់​ មូលដ្ឋាន​នៅ​ទូទាំង​ប្រទេស។
អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ មាន​ប្រសាសន៍​ថា គ្មាន​អ្វី​ប្រសើរ​ជាង​ការ​សន្ទនា​នោះ​ទេ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ​លោក​បន្ថែម​ថា វប្បធម៌​សន្ទនា​ទាមទារ​ឲ្យ​មេ​ដឹក​នាំ​គ្រប់​ភាគី មាន​ក្រម​សីលធម៌ និង​គោរព​គ្នា​ទៅ​វិញ​ទៅ​មក ទើប​អាច​រក្សា​វប្បធម៌​នេះ​នៅ​យូរ​អង្វែង​បាន។

អ្នក​វិភាគ​បាន​ប្រៀបធៀប​វប្បធម៌​សន្ទនា​នៅ​កម្ពុជា ប្រៀប​ដូចជា​អាហារ​សម្រន់​មួយ​ក្នុង​ដំណោះស្រាយ​នយោបាយ​កណ្ដាល ដែល​វា​នឹង​មិន​មាន​ស្ថិរភាព​នយោបាយ​យូរ​នោះ​ទេ បើ​សិន​ជា​មេ​ដឹក​នាំ​ទាំង​ពីរ​មិន​ធ្វើ​គោលការណ៍​ច្បាប់​សម្រាប់​ជាតិ​មួយ ដើម្បី​មាន​ស្ថិរភាព​នយោបាយ និង​គោរព​ច្បាប់​ឲ្យ​បាន​ស្មើ​ភាព​គ្នា​គ្រប់​ភាគី ក៏ប៉ុន្តែ​ដំណើរ​ការ​សន្ទនា​មេ​ដឹក​នាំ​ទាំង​ពីរ ហាក់​បី​ដូចជា​សន្ទនា​តែ​មាត់ គឺ​មិន​ទាន់​គោរព​ច្បាប់​នៅ​ឡើយ ដែល​បញ្ហា​នេះ វប្បធម៌​សន្ទនា​នឹង​ងាយ​ប្រេះស្រាំ​ទៅ​វិញ៕


No comments:

Post a Comment