Wednesday, March 26, 2014

ពលរដ្ឋ​ ​ជាច្រើន​គ្រួសារ​ នៅ​ឧត្តរមានជ័យ ​តវ៉ា​រឿង​បាត់​បង់ ​ដី​ស្រែ​ចម្ការ ​រាប់​រយ​ហិកតារ

ពលរដ្ឋ​ ​ជាច្រើន​គ្រួសារ​ នៅ​ឧត្តរមានជ័យ ​តវ៉ា​រឿង​បាត់​បង់ ​ដី​ស្រែ​ចម្ការ ​រាប់​រយ​ហិកតារ

ដោយ ហង្ស សាវយុត / អាស៊ីសេរី | ២៦ មីនា ២០១៤

ប្រជាពលរដ្ឋ​ ជាច្រើន​គ្រួសារ​ រស់​នៅ​ ឃុំ​គោកមន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ថា ចាប់​តាំង​ពី​ខ្មែរ ​មាន​ជម្លោះ​ព្រំដែន​ ជាមួយ​ ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ហើយ​មាន​ការ​ប្រយុទ្ធ​គ្នា​ នៅ​តាម​កន្លែង​ខ្លះ​មក ពួក​គេ​ បាន​បាត់​បង់​ដី​ស្រែ និង​ចម្ការ​រាប់​រយ​ហិកតារ។ ការ​បាត់​បង់​ ដី​ស្រែ​ចម្ការ​ ទាំង​នោះ បណ្ដាល​មក​ពី ​រដ្ឋាភិបាល​​ យក​ទៅ​ ធ្វើ​ជា​កន្លែង​សង់​ផ្ទះ ​ចែក​ជូន​ គ្រួសារ​កងទ័ព ហើយ​កន្លែង​ខ្លះ ​ត្រូវ​ទាហាន​ យក​ទៅ​ ធ្វើ​ជា​កន្លែង ​ដាំ​ដុះ ជាដើម។
ការ​បាត់​បង់​ដី​ស្រែ​ចម្ការ​ដែល​មិន​មាន​ដំណោះស្រាយ​នោះ តើ​កសិករ​អាច​រក​ដី​ផ្សេង​ពី​ណា ដើម្បី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ?
ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២២០​នាក់ រស់​នៅ​ភូមិ​ចំនួន​៩ នៃ​ឃុំ​គោកមន បាន​ប្រមូល​ផ្ដុំ​គ្នា​ផ្ដិត​មេដៃ​តវ៉ា​សាជាថ្មី ដោយ​ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ ធ្វើ​ការ​ដោះស្រាយ​ឡើង​វិញ​ទៅ​លើ​បញ្ហា​ដី​ស្រែ​ចម្ការ​ដែល​បាត់​បង់​ជាច្រើន​ឆ្នាំ​កន្លង​មក ក៏ប៉ុន្តែ​មិន​មាន​ដំណោះស្រាយ​សមរម្យ​នៅ​ឡើយ​នោះ។


ការ​ផ្ដិត​មេដៃ​តវ៉ា​ជា​ថ្មី​នេះ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​មួយ​ចំនួន​គ្មាន​ដី​ស្រែ និង​ចម្ការ​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត ហើយ​បាន​នាំ​គ្នា​ចាក​ចេញ​ពី​ផ្ទះ​សម្បែង ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ក្នុង​ប្រទេស​ថៃ ជា​បន្តបន្ទាប់។
បុរស​ម្នាក់​ជា​អ្នក​ភូមិ​សឹង នៃ​ឃុំ​គោកមន ក្នុង​ចំណោម​អ្នក​ភូមិ​ជាច្រើន​ទៀត​ដែល​បាត់​បង់​ដី​ស្រែ​ចម្ការ គាត់​បាន​មាន​ប្រសាសន៍​ថា កាល​ពី​មុន​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ កើត​ឡើង​នៅ​ជិត​ប្រាសាទ​ព្រះវិហារ គឺ​គាត់​មាន​ដី​ស្រែ និង​ចម្ការ​ជាង ៣០​ហិកតារ។ ក៏ប៉ុន្តែ ចាប់​ពី​ឆ្នាំ​២០០៩ ដែល​កង​ទាហាន​ខ្មែរ-ថៃ បាន​ប៉ះ​ប្រយុទ្ធ​គ្នា ហើយ​រដ្ឋាភិបាល​ខ្មែរ​បញ្ជូន​ទាហាន​ជាច្រើន​ទៅ​កាន់​ព្រំដែន​មក គឺ​ដី​ស្រែ​ចម្ការ​របស់​គាត់​ទាំងអស់ ត្រូវ​គេ​យក​ធ្វើ​ជា​កន្លែង​សង់​ផ្ទះ​ឱ្យ​គ្រួសារ​កងទ័ព។
បុរស​ដដែល​បញ្ជាក់​ថា បន្ទាប់​ពី​គាត់​បាត់​បង់​ដី​ស្រែ​ចម្ការ​ទំហំ​ដល់​ទៅ​ជាង ៣០​ហិកតារ​នោះ បែរ​ជា​អាជ្ញាធរ​ចេញ​មុខ​ដោះស្រាយ​ប្រគល់​ឱ្យ​មក​អ្នក​ភូមិ​ជាច្រើន ព្រម​ទាំង​រូប​គាត់​វិញ​នូវ​ផ្ទៃ​ដី​ទំហំ​កន្លះ​ហិកតារ​ក្នុង​១​គ្រួសារ។ ដំណោះស្រាយ​បែប​នេះ គឺ​ប្រជាពលរដ្ឋ​ជាច្រើន​មិន​អាច​ទទួល​យក​ទេ ពីព្រោះ​ជា​ការ​ដោះស្រាយ​មិន​សមរម្យ៖ «គេ​យក​ធ្វើ​ផ្ទះ​ប្រពន្ធ​ទាហាន ហើយ​ម្យ៉ាង​ទៀត​នោះ មេៗ​គេ​យក​ដាំ​ដំណាំ​ដាំ​ស្វាយ​ដាំ​អី​អត់​មាន​ដោះស្រាយ​ឱ្យ​អ្វី​ទាំងអស់។ មិន​មែន​តែ​ខ្ញុំ​មួយ​ទេ គឺ​ប្រជាពលរដ្ឋ​ចំនួន ២០០-៣០០​គ្រួសារ។ អត់​មាន​ដី​ស្រែ​ចម្ការ​អី​ធ្វើ​នឹង​គេ​ទេ! បង​ប្អូន​ខ្លះ គាត់​មាន​១​ហិកតារ ក្រៅ​ពី​តំបន់​ដែល​គេ​យក​ទៅ​ធ្វើ​កន្លែង​នោះ​ទៅ ហើយ​បើ​ស៊ី​មិន​គ្រប់ ក៏​បញ្ជូន​កូន​ចៅ​ទៅ​ថៃ ហើយ​ខ្ញុំ​បាន​ទៅ​ថៃ នឹង​គេ​ដែរ។ ខ្ញុំ​ទើប​តែ​វិល​វិញ ៦-៧​ខែ​នេះ​ទេ»
ក្រុម​អ្នក​ភូមិ​កំពុង​ទាមទារ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះស្រាយ និង​ប្រគល់​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ​ទាំងអស់​មក​វិញ ក៏ប៉ុន្តែ​ប្រសិន​បើ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បាន​ទាំង​ស្រុង​ទេ គឺ​អាច​ប្រគល់​ផ្ទៃ​ដី ៧០% នៃ​ចំនួន​ដែល​បាត់​បង់​សង​មក​វិញ​ក៏​បាន។
ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​កាល​ពី​ពេល​ថ្មីៗ​បាន​ឱ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ចំនួន​៩ នា​ឃុំ​គោកមន បាន​បាត់​បង់​ដី​ស្រែ​ចម្ការ​ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លង​មក​នេះ ចាប់​តាំង​តែ​ពី​កើត​មាន​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ។ ភូមិ​ទាំង​នោះ ដូច​ជា ភូមិ​តាហាំ ភូមិ​ព្រៃវែង ភូមិ​ថ្នល់បត់ ភូមិ​គោកសង្កើច ភូមិ​សិទ្ធិសេរី ភូមិ​គោកមន និង​ភូមិ​ត្រពាំងអំពិល ជាដើម។
ទោះ​យ៉ាង​ណា វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​ឧត្តរមានជ័យ ដែល​ទទួល​បន្ទុក​ដោះស្រាយ​បញ្ហា​ដីធ្លី លោក វ៉ាត ប៉ារ៉ានីន ដើម្បី​សុំ​ការ​ពន្យល់​ជុំវិញ​រឿង​នោះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ។
ចំណែក​អាជ្ញាធរ​មូលដ្ឋាន​បាន​ប៉ាន់​ប្រមាណ​ថា ដី​ស្រែ និង​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​គោកមន ជាច្រើន​រយ​ហិកតារ​បាន​បាត់​បង់។
មេ​ឃុំ​គោកមន លោក អួន វី បាន​មាន​ប្រសាសន៍​ថា កាល​ពី​ច្រើន​ឆ្នាំ​មក​ហើយ​នៅ​ពេល​ដែល​រដ្ឋាភិបាល​យក​ដី​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ជា​កន្លែង​សង់​ផ្ទះ​ជូន​គ្រួសារ​កងទ័ព​នោះ គឺ​លោក​ឧត្តមសេនីយ៍ គន់ គីម ធ្លាប់​បាន​ទៅ​ប្រជុំ​ដោះស្រាយ​ដោយ​ប្រគល់​ដី​ជូន​ប្រជាពលរដ្ឋ​កន្លះ​ហិកតារ ក្នុង​១​គ្រួសារ​វិញ។ ពេល​នោះ មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​បាន​សុខ​ចិត្ត​ទទួល​យក ដោយ​គណៈកម្មការ​ដោះស្រាយ​ទំនាស់​បាន​ប្រគល់​បង្កាន់​ដៃ​ដី​ជូន​មួយ​ចំនួន​ធំ បន្ទាប់​មក​ខាង​និស្សិត​ស្ម័គ្រ​ចិត្ត​ក៏​បាន​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ និង​កងទ័ព តាម​ការ​ព្រមព្រៀង​គ្នា​នោះ​ដែរ។ ក៏ប៉ុន្តែ​ក្នុង​ចំណោម​នោះ គឺ​មាន​ប្រជាពលរដ្ឋ​ប្រហែល ៤-៥​គ្រួសារ ដែល​មាន​ដី​ច្រើន បាន​ប្រកែក​មិន​ព្រម​ទទួល​យក​ការ​ដោះស្រាយ​ដី​កន្លះ​ហិកតារ​ទេ។
ទោះ​យ៉ាង​ណា លោក​មេ​ឃុំ​គោកមន មិន​ហ៊ាន​វាយ​តម្លៃ​ទៅ​លើ​ការ​ដក​យក​ដី​ស្រែ​ចម្ការ​ពី​ប្រជាពលរដ្ឋ​ខ្លះ ៣០​ហិកតារ ខ្លះ ៦០​ហិកតារ ហើយ​បែរ​ជា​ដោះស្រាយ​ឱ្យ​មក​វិញ​កន្លះ​ហិកតារ​ក្នុង​១​គ្រួសារ​នោះ តើ​វា​ជា​ការ​សមស្រប​ឬ​យ៉ាង​ណា​ទេ? លោក​មេ​ឃុំ​បាន​បញ្ជាក់​ថា លោក​បាន​ប្រឹងប្រែង​សុំ​ឱ្យ​អាជ្ញាធរ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​នេះ​ឱ្យ​បាន​សមរម្យ​ដែរ ក៏ប៉ុន្តែ​លោក​គ្មាន​សមត្ថភាព​ធំ​ដុំ​ទេ៖ «បញ្ហា​នេះ​ខ្ញុំ​បាន​ជជែក​ជាមួយ​គណៈកម្មការ​ដោះស្រាយ​ដីធ្លី​ជាច្រើន​សា​មក​ហើយ តែ​ខាង​គណៈកម្មការ​លោក​បាន​ថា​ដី ទី​១ ពាក់ព័ន្ធ​នឹង​តំបន់​ហាម​ឃាត់ ទេសភាព​ប្រាសាទ​បន្ទាយឆ្មារ ដី​ទាំងអស់​នោះ​ជា​ដី​ដែល​គេ​មិន​ឱ្យ​រុករាន ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ភាគ​ច្រើន​ដែល​ខ្ញុំ​សង្កេត​ឃើញ​គាត់​ទៅ​រុករាន​កាន់​កាប់​នោះ។ អ្នក​ខ្លះ​រហូត​ដល់ ៥​ឆ្នាំ អ្នក​ខ្លះ ៦-៧​ឆ្នាំ អ្នក​ខ្លះ​ដល់​ទៅ ១០​ឆ្នាំ។ ក៏ប៉ុន្តែ ចំណុច​នេះ​ខ្ញុំ​មិន​បាន​ឃើញ​ដំណោះស្រាយ​អ្វី​ក្រៅ​តែ​ពី​ការ​ដោះស្រាយ​ឱ្យ​ដី​កន្លះ​ហិកតារ​នោះ​ទេ»
ចំណែក​អភិបាល​រង​ស្រុក​បន្ទាយអំពិល លោក ហ៊ីង ហឿន បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​អ្វី​ឡើយ ដោយ​លោក​បញ្ជាក់​ត្រឹម​តែ​ថា ការ​យក​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ជា​កន្លែង​សង់​ផ្ទះ​ឱ្យ​គ្រួសារ​កងទ័ព​នោះ គឺ​ជា​គោលការណ៍​របស់​រដ្ឋាភិបាល​ដែល​អាជ្ញាធរ​បាន​ចេញ​អនុប្រយោគ​រួច​ហើយ។
អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​បញ្ហា​ទំនាស់​ដីធ្លី​នោះ បាន​យល់​ថា ការ​ដក​ហូត​យក​ដី​ស្រែ​ចម្ការ​ជាច្រើន​ហិកតារ​ពី​ប្រជាពលរដ្ឋ ហើយ​ដោះស្រាយ​ឱ្យ​មក​វិញ​ទំហំ​តែ​កន្លះ​ហិកតារ​ក្នុង​១​គ្រួសារ គឺ​មិន​សមរម្យ​ទេ។
អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារ៉េន បាន​មាន​ប្រសាសន៍​ថា បញ្ហា​ដីធ្លី​ទី​នោះ គឺ​អាជ្ញាធរ​ហាក់​ដូច​ជា​មិន​ប្រឹងប្រែង​ដោះស្រាយ​ទេ ក៏ប៉ុន្តែ​បែរ​ជា​ប្រឹង​គាប​សង្កត់​ទៅ​លើ​ប្រជាពលរដ្ឋ​ទៅ​វិញ៖ «ចំណាត់​ការ​ហ្នឹង​សាលា​ខេត្ត​គេ​សន្យា​ថា គេ​ដោះស្រាយ ហើយ​ដល់​ពេល​ដោះស្រាយ គឺ​បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​យក​ដី​ក្បាល ៥០​ម៉ែត្រ គុណ ១០០​ម៉ែត្រ​អ៊ីចឹង។ ប្រជាពលរដ្ឋ​ថា អ្វី​ដែល​យក​ទៅ​អភិវឌ្ឍ គេ​មិន​ជំទាស់​ទេ ក៏ប៉ុន្តែ​គ្រាន់​ថា មាន​សំណង​សមរម្យ ហើយ​អា​ដី​ដែល​ថា ដោះ​ឱ្យ ៥០​ម៉ែត្រ គុណ​នឹង ១០០​ម៉ែត្រ​ហ្នឹង ក៏​អ្នក​ភូមិ​ខ្លះ​មិន​ទាន់​បាន​ទទួល​ទៀត»
លោក ស្រី ណារ៉េន បាន​បញ្ជាក់​ថា បញ្ហា​ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ទាហាន​ក្នុង​ខេត្ត​ឧត្តរមានជ័យ គឺ​មាន​ជាច្រើន​កន្លែង​ទៀត​ដែល​មិន​ទាន់​ដោះស្រាយ​ចេញ ដូច​ជា នៅ​ភូមិ​ថ្នល់កែង ដី​ក្រហម ភូមិ​ត្រាំប៉ោង ឃុំ​ព្រះប្រឡាយ នៃ​ស្រុក​ត្រពាំងប្រាសាទ និង​ភូមិ​ត្នោត សង្កាត់​បន្សាយរក្ស ក្រុង​សំរោង ជាដើម៕



No comments:

Post a Comment