Wednesday, March 26, 2014

លោក​ សម ​រង្ស៊ី ថ្លែង​ថា​ បើ​ការចរចា​ គ្មាន​លទ្ធផល ​លោក​ នឹង​ធ្វើ ​មហា​បាតុកម្ម

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ នៅ​អាកាស​យានដ្ឋាន​​​អន្តរជាតិភ្នំពេញ​។
លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ នៅ​អាកាស​យានដ្ឋាន​​​អន្តរជាតិភ្នំពេញ​។

លោក​ សម ​រង្ស៊ី ថ្លែង​ថា​ បើ​ការចរចា​ គ្មាន​លទ្ធផល ​លោក​ នឹង​ធ្វើ ​មហា​បាតុកម្ម


ហេង​ រស្មី​ / វីអូអេ | ២៦ មីនា​ ២០១៤

ភ្នំពេញ — បន្ទាប់​ពី​បាន​វិល​ត្រឡប់​មកពី​ក្រៅ​ប្រទេស​ភ្លាម មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ដាក់​គម្រោងថា ​អាច​នឹង​មាន​មហា​បាតុកម្ម​សារជាថ្មី​ដើម្បី​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ម្ចាស់ឆ្នោត។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​លោក​បាន​អះអាង​ថា ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ពិនិត្យ​មើល​លទ្ធភាព​គ្រប់​បែប​យ៉ាង​ ដើម្បី​ចរចាជាមួយគណបក្ស​ប្រជាជន​កម្ពុជា។​

ការ​បញ្ជាក់​ជំហរ​របស់​លោក​សម រង្ស៊ី​បាន​កើត​មាន​ឡើង​មួយ​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់​ពី​គណៈកម្មការ​ចម្រុះមកពី​គណបក្ស​គូជម្លោះ​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ជាប់​គាំង​សារជាថ្មី​ពាក់ព័ន្ធ​នឹង​ការ​ជជែក​អំពី​ការ​កំណែ​ទម្រង់ស្ថាប័ន​បោះ​ឆ្នោត។​

គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​ជំហរ​ខ្វែង​គ្នា​នៅ​ឡើយ​ទាក់​ទិន​នឹង​ការ​កែ​ទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត​នេះ​ ដោយ​សារ​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យរាល់​ការ​សម្រេចណា​មួយ​ចំពោះ​កំណែ​ទម្រង់បោះ​ឆ្នោត​ត្រូវ​ធ្វើ​ឡើង​តាម​រយៈ​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ​និង​បោះ​ឆ្នោត​អនុម័ត​ដោយសំឡេង​២​ភាគ​៣​នៃ​សមាជិក​សភា​ដែល​មាន​អាសនៈក្នុង​រដ្ឋសភា។​

លោក​សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ឯព្រលាន​យន្ត​ហោះអន្តរជាតិអន្តរជាតិថា​ លោក​នឹង​ពិនិត្យ​លទ្ធភាព​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យមាន​ជំនួប​កំពូល។ ក៏​ប៉ុន្តែ​លោក​បាន​ព្រមាន​សារ​ជាថ្មី​ថា ​បើ​មិន​អាច​រក​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត​បាន​ទេ​ គណបក្ស​សង្គ្រោះជាតិ​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​សារ​ជាថ្មី​ ហើយ​នឹង​មាន​មនុស្ស​ចូល​រួម​ច្រើន​ជាង​មុន។

លោក​និយាយ​ថា៖​ «យើង​ពិនិត្យ​លទ្ធភាព​គ្រប់​យ៉ាង​ទាំង​អស់​ ធ្វើ​ម៉េច​ឲ្យគោរព​ឆន្ទៈ​ប្រជារាស្ត្រ​ខ្មែរ ​ដែល​ទាមទារ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ»។​

លោក​សម រង្ស៊ី​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ជាមួយ​នឹង​មន្ត្រី​របស់​លោក​មួយ​ចំនួន​កាល​ពី​ពាក់​កណ្តាល​ខែ​មិនា​ទៅ​កាន់​ប្រទេស​អូស្រ្តាលីនិង​ណូវ៉ែលហ្សឺឡង់​ជាង​១​សប្តាហ៍។​

លោក​ឈាង វ៉ុន​ សមាជិក​ក្រុម​ចរចា​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ប្រសាសន៍​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​ដែល​ប្រកាស​ថា​ បិទ​ទ្វារ​ការ​ចរចា​ទេ។ លោក​បាន​បញ្ជាក់​ថា​ ការ​ប្រកាស​ដឹកនាំ​ធ្វើ​មហា​បាតុកម្ម​សារជា​ថ្មី​គឺ​ជា​លេស​របស់​លោក​សម រង្ស៊ី។​

លោក​និយាយ​ថា៖​«បើ​ការ​ចរចា​អត់​បន្ត​ទៅ​ទៀត​ទេ​ ត្រូវ​ងាក​មក​ធ្វើ​បាតុកម្ម​ដោយ​អញ្ចេះ​ ដោយ​អញ្ចុះ​អី ​គាត់​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិ​សាស្ត្រ ​និង​មុខ​ប្រជារាស្ត្រ​ ហើយ​មុខ​វិនាសកម្ម​ទាំង​ឡាយ​ដែល​កើត​ចេញ​ពី​គំនិត​របស់​គាត់​ហ្នឹង។ ​ខ្ញុំ​យល់​ថា​ នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ។ ការ​ដោះ​ស្រាយ​គឺ​ត្រូវ​អង្គុយ​ចរចា​គ្នា»។​

ការ​បោះឆ្នោត​ជាតិ​កាល​ពី​ថ្ងៃទី​២៨​ខែ​កក្កដា​កន្លង​មក​នេះ​មិន​បាន​ធ្វើ​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ​សុខ​ចិត្ត​ទទួល​យក​លទ្ធផល​ឆ្នោត​ឡើយ​ ដោយ​ចោទ​ប្រកាន់​ថា​ មាន​ការ​លួច​បន្លំ​និង​ភាព​មិន​ប្រក្រតី​យ៉ាង​ច្រើន​ ហើយ​ទាម​ទារ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ​ ព្រម​ទាំង​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ឡើង​វិញ។​

គណបក្ស​សង្គ្រោះជាតិ​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​ចេញ​សេចក្តី​ប្រកាស​ព័តមាន​មួយ​ដោយ​សម្រេច​ផ្អាក​ការ​ប្រជុំ​របស់​គណៈ​កម្មការ​ចម្រុះ​រវាង​គណបក្ស​សង្គ្រោះជាតិ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ បន្ទាប់​ពី​ការ​ចរចា​ក្នុង​ពេល​កន្លង​មក​ហាក់​បោះ​ជំហាន​ម្តង​ទៅមុខ​ និង​ម្តង​នៅ​ទ្រឹង​មួយ​កន្លែង ​ហើយ​គណបក្ស​នេះ​ស្នើ​ឱ្យ​មាន​ជំនួប​កំពូល​រវាង​គណបក្ស​ទាំង​ពីរ​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ជា​គោល​ការណ៍​អំពី​របៀប​នៃ​ការ​កែ​ទម្រង់​ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត​ និង​កាល​បរិច្ឆេទ​នៃ​ការ​បោះឆ្នោត​ឡើង​វិញ។

គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ឆ្លើយ​តប​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​គំនិត​ផ្អាក​ការ​ចរចា​គ្នា​ទេ​ ហើយ​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​សេចក្តី​ប្រកាស​រួម​កាល​ពី​ថ្ងៃទី​១៤​ខែ​កុម្ភៈ​ ដែល​ថា​ ​ក្រប​ខណ្ឌ​កំណែ​ទម្រង់ការ​បោះ​ឆ្នោត​ត្រូវ​ដាក់​ជូន​ឲ្យ​សិក្ខាសាលា​ថ្នាក់​ជាតិ​ផ្តល់​មតិ​ជាមុន​ ទើប​គណៈកម្មការ​ចម្រុះនៃ​គណបក្ស​ទាំង​ពីរ​យក​មក​ពិគ្រោះ​ពិភាក្សា​ដើម្បី​សម្រេច៕



No comments:

Post a Comment