Wednesday, March 26, 2014

សមាជិក​ សភា​អឺរ៉ុប​​​ ផ្តើម​បំពេញ​ ទស្សនកិច្ច ​​៤​ថ្ងៃ​ នៅ​កម្ពុជា​​ នៅ​ថ្ងៃ​ទី​២៥​ មីនា​នេះ​

សហភាពអឺរ៉ុប
សហភាពអឺរ៉ុប / © រូបថត​រក្សាសិទ្ធិ

សមាជិក​ សភា​អឺរ៉ុប​​​ ផ្តើម​បំពេញ​ ទស្សនកិច្ច ​​៤​ថ្ងៃ​ នៅ​កម្ពុជា​​ នៅ​ថ្ងៃ​ទី​២៥​ មីនា​នេះ​



ដោយ លី ម៉េងហួរ / RFI | ២៥ មីនា ២០១៤
គណៈប្រតិភូ​ នៃ​សមាជិក សភា​ សហភាព​អឺរ៉ុប សម្រាប់​កិច្ចការ​ទំនាក់​ទំនង ជា​មួយ​ បណ្តា​ប្រទេស នៃ​តំបន់​អាស៊ីអាគ្នេយ៍ និង​សមាគម​ប្រជាជាតិ អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា អាស៊ាន ចំនួន ៧រូប​ ដឹកនាំ​ដោយ​ លោក Werner Gangen បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ ជា​ផ្លូវការ នៅ​កម្ពុជា រយៈពេល ៤ថ្ងៃ ចាប់ពី​ថ្ងៃទី២៥មីនា​នេះ។  អំឡុងពេល​ ស្នាក់នៅ​កម្ពុជា គណៈប្រតិភូ​សភា​ សហភាព​អឺរ៉ុប នឹង​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​រដ្ឋសភា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រដ្ឋាភិបាល ព្រម​ទាំង​​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ ជំនួយ និង​បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា ជា​ប្រធានបទ​សំខាន់ សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​សមាជិកសភា​សហភាព​អឺរ៉ុប។
គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ទាំង ៧ រូប បាន​មកដល់​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី២៥មីនា​នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេល ៤ ថ្ងៃ។

សេចក្តីប្រកាស​របស់រ​ដ្ឋ​សភា​កម្ពុជា បង្ហាញថា គណៈប្រតិភូ​សភា​អឺរ៉ុប នឹងធ្វើ​ការសិក្សា​លើ​ការងារ​ទំនាក់ទំនង​រវាង​សភា​សហគមន៍​អឺរ៉ុប និង​កម្ពុជា ក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ និង​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​គម្រោង​អភិវឌ្ឍន៍​ទាំងឡាយ ដែល​ទ្រទ្រង់​ថវិកា​ដោយ​សហគមន៍​អឺរ៉ុប ដូចជា សាលាក្តី​ខ្មែរក្រហម ការរៀបចំ​ការបោះឆ្នោត​សកល ដំណោះស្រាយ​ដីធ្លី ការជំរុញ​ការអភិវឌ្ឍន៍​លទ្ធិប្រជាធិបតេយ្យ។

សមាជិកសភា​អឺរ៉ុប ក៏​នឹង​ស្វែងយល់​ពី​ផលប៉ះពាល់​ទាំងឡាយ ដែល​កើតចេញពី​គម្រោង​អភិវឌ្ឍន៍​ផលិត​ទំនិញផ្សេងៗ ដើម្បី​យកទៅលក់​នៅលើ​ទីផ្សារ នៃ​ប្រទេស ដែលជា​សមាជិក​សហគម​ន៍​អឺរ៉ុប ព្រមទាំង​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ទៅលើ​ប្រជាពលរដ្ឋ ក្នុង​សហគមន៍។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្តីប្រកាស។

សេចក្តីប្រកាស​ព័ត៌មាន ចុះ​ថ្ងៃទី២៤ ខែមីនា ក៏បាន​លើកឡើងថា ក្នុងពេល​ស្នាក់នៅ​កម្ពុជា គណៈប្រតិភូ​សភា​អឺរ៉ុប នឹង​ជួប​សវនាការ និង​ពិភាក្សា​ការងារ ជាមួយ​ថ្នាក់ដឹកនាំសំខាន់ៗ មាន​ជាអាទិ៍៖ ជួប​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី២ រដ្ឋសភា  លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​រដ្ឋសភា ជួប​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជួប​
លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី។

ក្រៅពីនោះ នៅវេលា​ថ្ងៃត្រង់ ថ្ងៃទី២៦មីនា គណៈប្រតិភូ​សមាជិកសភា​អឺរ៉ុប ក៏​គ្រោង​ជួបពិភាក្សា​ការងារ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​ដោយ​លោក សាយ ឈុំ អនុប្រធាន​ទី១ នៃ​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណៈ​ប្រចាំការ នៃ​គណៈកម្មាធិការ​កណ្តា​លគ​ណ​បក្ស​ប្រជាជន​កម្ពុជា។

លោកស្រី មូរ សុខ​ហួរ ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹងថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក​សមរង្ស៊ី ក៏​នឹង​ជួប​ជាមួយ​គណៈប្រតិភូ​សភា​ស​ហ​ភាព​អឺរ៉ុប នៅ​ម៉ោង ២ និង ៣០ នាទី រសៀល​ថ្ងៃទី២៦មីនា។ តាម​លោកស្រី មូរ​សុខ​ហួរ គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើកឡើង​ពី​បញ្ហា​បោះឆ្នោត​នៅ​កម្ពុជា នៅក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិកសភា​អឺរ៉ុប។

កាលពី​ថ្ងៃទី១០ ដល់​ថ្ងៃទី១៣មីនា គណៈកម្មការ​ចម្រុះ កម្ពុជា និង​សហភាព​អឺរ៉ុប បាន​ជួបប្រជុំ លើក​ទី៨ នៅ​ទីក្រុង​ព្រុ​ច​សែ​ល ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ដែលជា​ទីស្នាក់ការ​ធំ របស់​សហភាព​អឺរ៉ុប។ ប៉ុន្តែ​កិច្ចប្រជុំ​កាលណោះ សហភាព​អឺរ៉ុប មិនទាន់​សម្រេច​នៅឡើយ​ទេ ជុំវិញ​បញ្ហា​ជំនួយ​របស់​សហភាព​អឺរ៉ុប សម្រាប់​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០២។

លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​ជា​តំណាង​កម្ពុជា ចូលរួម​កិច្ចប្រជុំ​ជាមួយ​តំណាង​សហភាព​អឺរ៉ុប បាន​បញ្ជាក់ថា តំណាង​គណៈប្រតិភូ​សហ​ភាព​អឺរ៉ុប ដែលមាន ២៨ ប្រទេស ត្រូវធ្វើ​ដំណើរ មកកាន់​ប្រទេស​កម្ពុជា នា​ថ្ងៃទី២៥មីនា​នេះ ដើម្បី​ពិភាក្សា​បន្ត​ជាមួយនឹង​មន្ត្រីជាន់ខ្ពស់​កម្ពុជា អំពី​បញ្ហា​ជំនួយ​អភិវឌ្ឍន៍​រយៈពេល ៧ ឆ្នាំ​នោះ៕


No comments:

Post a Comment