Wednesday, March 26, 2014

ប្រតិភូ​ សហភាព​ ​អឺរ៉ុប ផ្តើម​ទស្សនកិច្ច ដោយ​ស្វែង​យល់​ ពី ​បញ្ហា​នយោបាយ​

គណៈប្រតិភូ​សហភាព​អឺរ៉ុប និងតំណាងគណបក្ស​ប្រជាជន​កម្ពុជា។
គណៈប្រតិភូ​សហភាព​អឺរ៉ុប និងតំណាងគណបក្ស​ប្រជាជន​កម្ពុជា។
RFI/Siv Channa

ប្រតិភូ​ សហភាព​ ​អឺរ៉ុប ផ្តើម​ទស្សនកិច្ច ដោយ​ស្វែង​យល់​ ពី ​បញ្ហា​នយោបាយ



ដោយ ប៉ែន បូណា / RFI | ២៦ មីនា ២០១៤
គណៈប្រតិភូ​ សហភាព​ អឺរ៉ុប បាន​ផ្តើម​ទស្សនកិច្ច​ របស់ខ្លួន ដោយ​ជួប​ជាមួយ​ មន្ត្រី​ រដ្ឋសភា​ មកពី​ គណបក្ស ​ប្រជាជន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ។ ​ ក្នុងជំនួប​ដាច់ដោយឡែក​ ជាមួយ​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី​២ នៃ​រដ្ឋសភា និង​លោក ឈាន វុន ប្រធាន​ គណៈកម្មការ ​កិច្ចការ​បរទេស​ របស់​ រដ្ឋសភា ប្រតិភូ​ សហភាព​ អឺរ៉ុប ​បាន​ចោទសួរ​សំណួរ​ មួយ​ចំនួន​ ទៅ​កាន់​មន្ត្រី​ រដ្ឋសភា​ កម្ពុជា​ ទាក់ទង ​នឹង​បញ្ហា​នយោបាយ​ ក្រោយ​ការ​បោះឆ្នោត។
ដំណើរការ​របស់​រដ្ឋ​សភា​ដោយ​គ្មាន​វត្តមាន​តំណាងរាស្ត្រ​បក្សប្រឆាំង និង​លទ្ធផល​នៃ​កិច្ចចរចា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​គឺជា​សំណួរ​សំខាន់​ដែល​គណៈប្រតិភូ​សហភាព​អឺរ៉ុប​ចោទសួរ​ទៅកាន់​មន្ត្រី​រដ្ឋសភា​កម្ពុជា។ សំណួរ​ទាំងពីរ​នេះ​ត្រូវបាន​គណៈប្រតិភូ​សហភាព​អឺរ៉ុប​លើកឡើង​ក្នុងជំនួប​ជាមួយ​លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី២របស់​រដ្ឋសភា​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​នៅឯ​មន្ទីរ​រដ្ឋសភាជាតិ។
 
យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ដែល​ត្រូវបាន​ចែក​ផ្សាយ​នៅក្រោយ​ជំនួប​នោះ លោកស្រី ឃួន សុ​ដា​រី បាន​ឆ្លើយតប​ថា រដ្ឋសភា​កម្ពុជា​ត្រូវបាន​បង្កើតឡើង​ដោយ​ស្របតាម​រដ្ឋធម្មនុញ្ញ​ទាំងស្រុង និង​កំពុងដំណើរការ​ដោយ​គ្មាន​ឧបសគ្គ​ទេ។ ពហិការ​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិនបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​របស់​រដ្ឋសភា​ឡើយ។ ចំណែកឯ​កិច្ចចរចា​រវាង​គណបក្ស​ទាំងពីរ​ក៏ត្រូវ​បាន​អនុប្រធាន​ទី២របស់​រដ្ឋសភា​អះអាងថា បានទទួល​លទ្ធផល​មួយចំនួន​រួចហើយ ប៉ុន្តែ គណបក្សប្រឆាំង​បានប្រកាស​ផ្អាក​ការចរចា​បន្ទាប់ពី​ជំនួប​លើកចុងក្រោយ​កាលពី​ថ្ងៃទី ២៤ មីនា។

សូមបញ្ជាក់ថា គណៈប្រតិភូ​សភា​សហភាព​អឺរ៉ុប​ដែលមាន​គ្នា ៧ នាក់​បានមក​ដល់​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៤ ថ្ងៃ​នៅ​កម្ពុជា។ ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ដើម្បី​សិក្សា​អំពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​សភា​សហគមន៍​អឺរ៉ុប​និង​កម្ពុជា និង​ក៏​ដើម្បី​ស្វែងយល់​អំពី​គម្រោង​ទាំងឡាយ ដែល​ទ្រទ្រង់​ថវិកា​ដោយ​សហគមន៍​អឺរ៉ុប ដូចជា​សាលាក្តី​ខ្មែរក្រហម ការរៀបចំ​ការបោះឆ្នោត​សកល ដំណោះស្រាយ​ដីធ្លី និង​បញ្ហា​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ជ​ដើម។

សមាជិកសភា​អឺរ៉ុប ក៏ត្រូវ​ស្វែងយល់​ពី​ផលប៉ះពាល់​ទាំងឡាយ ដែល​កើតចេញពី​គម្រោង​ផលិត​ទំនិញផ្សេងៗ ដើម្បី​យកទៅលក់​នៅលើ​ទីផ្សារ​អឺរ៉ុប ព្រមទាំង​ផលប៉ះពាល់​នៃ​គម្រោង​អភិវឌ្ឍន៍​ទៅលើ​ប្រជាពលរដ្ឋ ក្នុង​សហគមន៍​នានា​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា​កាលពី​ថ្ងៃទី ២៤ មីនា។

ដើម្បី​ស្វែងយល់​ពី​បញ្ហា​ទាំងនោះ គណៈប្រតិភូ​សភា​អឺរ៉ុប ត្រូវ​ជួបពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំសំខាន់ៗមកពី​បក្ស​កាន់អំណាច មាន​ជាអាទិ៍ លោកស្រី ឃួន សុ​ដា​រី អនុប្រធាន​ទី២ រដ្ឋសភា  លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​រដ្ឋសភា លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក សុខ អាន រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី។ ប្រតិភូ​សហភាព​អឺរ៉ុប​ក៏ត្រូវ​ជួប​ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​ប្រឆាំង​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ​ផងដែរ៕


No comments:

Post a Comment