Wednesday, March 26, 2014

ស្ត្រី​ បុរីកីឡា​ ដែល​លាត​ត្រដាង ​ពី​ ជីវិត ​រក​ស៊ី​ផ្លូវ​ភេទ ​​កែប្រែ​ ជីវភាព​ថ្មី

បុប្ផា ៦១០
បុប្ឆា (រូប​ស្លៀក​ខោ​ឆ្នូត​ក្រហម) និង​គ្រួសារ​នាង​កំពុង​ដេរ​ខោអាវ​នៅ​ក្នុង​ផ្ទះ​ជួល នា​តំបន់​បុរីកីឡា កាល​ពី​ថ្ងៃ​២២ ខែ​មីនា ឆ្នាំ​២០១៤។

ស្ត្រី​ បុរីកីឡា​ ដែល​លាត​ត្រដាង ​ពី​ ជីវិត ​រក​ស៊ី​ផ្លូវ​ភេទ ​​កែប្រែ​ ជីវភាព​ថ្មី

ដោយ ទេព សុរ៉ាវី / អាស៊ីសេរី | ២៦ មីនា ២០១៤

ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​សហគមន៍​បុរីកីឡា ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច (Phan Imex) បាន​ជំរុញ​ឲ្យ​ស្ត្រី​បុរីកីឡា​ខ្លះ​ធ្លាក់​ខ្លួន​ធ្វើ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ជាក់​ស្ដែង​ដូចជា បុប្ឆា (ឈ្មោះ​អ្នក​និពន្ធ​ដាក់​ឲ្យ)។
បុប្ផា ដែល​ធ្លាប់​មាន​ប្ដី​និង​កូន ២​នាក់ ធ្លាប់​ជា​អ្នក​ដេរ​ខោអាវ និង​ជា​អ្នក​បោសសំអាត​នៅ​តាម​ផ្សារ សាលារៀន​ឯកជន ដែល​ធ្លាក់​ខ្លួន​ទៅ​ធ្វើ​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​តាម​សួន​ច្បារ ដើម្បី​ដូរ​ប្រាក់​យក​មក​ផ្គត់ផ្គង់​គ្រួសារ និង​សង​បំណុល​ជាង ២​ពាន់​ដុល្លារ​ជួស​ម្ដាយ ក្រោយ​ពី​ផ្ទះ​របស់​នាង​ត្រូវ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ឈូស​បំផ្លាញ​ចោល​នោះ សព្វថ្ងៃ​បាន​ព្យាយាម​កែខៃ​ជីវិត​របស់​នាង​ឲ្យ​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​មាន​ជំនួយ​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស ក្រោយ​ពី​ជីវិត​ជា​ស្រី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​សង្គម​រើសអើង ត្រូវ​លាត​ត្រដាង។
មួយ​ខែ​ក្រោយ​ការ​ស្ម័គ្រចិត្ត​លាត​ត្រដាង​អំពី​ជីវិត​ពិត​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​នៅ​តាម​សួន​ច្បារ​មាត់​ទន្លេ ក្បែរ​ភោជនីយដ្ឋាន​ទន្លេសាប បុប្ឆា ហាក់​ក្លាយ​ជា​ស្ត្រី​ម្នាក់​ដែល​មជ្ឈដ្ឋាន​ទូទៅ​ស្ងើច​សរសើរ​ពី​ភាព​អង់អាច​របស់​នាង ដែល​ហ៊ាន​កាត់​កេរ្តិ៍​ខ្មាស​ស្រែក​ប្រកាស​ថា ខ្លួន​ប្រកប​របរ​រក​ស៊ី​ផ្លូវ​ភេទ។
តំណាង​សហគមន៍​បុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ឲ្យ​ដឹង​ថា ក្រោយ​ពី​ជីវិត​ពិត បុប្ឆា លាត​ត្រដាង មាន​មនុស្ស​ជា​ច្រើន ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្រុម​សហគមន៍​ដីធ្លី និង​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស មិន​បាន​រើសអើង​នាង​ទេ។ ផ្ទុយ​ទៅ​វិញ មាន​សប្បុរសជន​ជា​ច្រើន​បាន​ផ្ដល់​ជំនួយ​ជា​លុយកាក់​ឲ្យ​នាង សង​បំណុល​គេ និង​លើក​ទឹក​ចិត្ត​ឲ្យ​នាង​លាចាក​ពី​របរ​រក​ស៊ី​ផ្លូវ​ភេទ ហើយ​ចាប់​អាជីព​ថ្មី កែប្រែ​ជីវិត​របស់​នាង​ឡើង​វិញ។
រហូត​មក​ដល់​ពេល​នេះ បុប្ឆា បាន​ទទួល​ប្រាក់​ជំនួយ​ពី​សប្បុរសធម៌​នៅ​ក្រៅ​ប្រទេស​បាន​ចំនួន ១.៣០០​ដុល្លារ និង​ប្រាក់​ជំនួយ​ពី​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក​ខ្លះ ដែល​អាណិត​អាសូរ​នាង ហើយ​ក្រុម​សហគមន៍​មាន​ទំនាស់​ដីធ្លី​ឯ​ទៀត ដូចជា​សហគមន៍​បុរីកីឡា បឹងកក់ ថ្មគោល ក៏​បាន​ឈឺ​ឆ្អាល ហើយ​រៃអង្គាស​លុយ​តាម​សទ្ធា ជួយ​នាង​យក​ទៅ​ដោះ​បំណុល​គេ​បាន​ខ្លះ។


អ្នកស្រី ឆាយ គឹមហ៊ន៖ «សង្គម​គេ​ក៏​ទទួល​ស្គាល់​នាង​ដែរ ក៏​ប៉ុន្តែ​បើ​យើង​និយាយ​ឲ្យ​ចំ ចំពោះ​រដ្ឋាភិបាល​និង​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរ​ក្រុង​អី​ហ្នឹង គេ​រើសអើង​គាត់​ហើយ ព្រោះ​គេ​មិន​ជឿ​ជាក់​គាត់​ទេ ព្រោះ​គេ​មិន​ជឿ​ថា គាត់​មាន​បញ្ហា​ដោយសារ​រឿង​ទំនាស់​ដីធ្លី​ទេ ទៅ​បន្ត​ជីវិត​អ៊ីចឹងៗ​ទេ តែ​តាម​ពិត​ជាក់ស្ដែង ពួក​ខ្ញុំ​រស់​នៅ​ជាមួយ​គ្នា​តាំង​ពី​ដើម​មក គឺ​ខ្ញុំ​ដឹង​ថា ពី​មុន​មក​មិន​មែន​ជា​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ទេ»
បុប្ឆា ឲ្យ​ដឹង​ថា នាង​ពិត​ជា​មាន​ទទួល​ប្រាក់​ពី​សប្បុរសជន​ជាង ១.០០០​ដុល្លារ​មែន។ នាង​បាន​ប្រញិបប្រញាប់​យក​លុយ​ទាំង​នោះ​ទៅ​សង​បំណុល​ដែល​ម្ដាយ​នាង​ជំពាក់​គេ​បាន ៤៥០​ដុល្លារ លុយ​ខ្លះ​ទៀត យក​ទៅ​ទិញ​ម៉ាស៊ីន​ដេរ​ចំនួន ២​គ្រឿង តម្លៃ ៣០០​ដុល្លារ សម្រាប់​ឲ្យ​ម្ដាយ​នាង​ដេរ​ខាវ​អាវ​រយ៖ «ជំនួយ​គេ​ជួយ​ខ្ញុំ ដូច​កសាង​ជីវិត​ខ្ញុំ​ថ្មី ដូច​ខ្ញុំ​កើត​សា​ថ្មី​អ៊ីចឹង។ រាល់​ដង​ខ្ញុំ​ចេញ​ពី​ច្រៀង ចប់​ម៉ោង ៩ ខ្ញុំ​ទៅ​អង្គុយ​នៅ​សួន​រហូត​ដល់​ម៉ោង ១ ឬ​ម៉ោង ២ តែ​ពេល​ឥឡូវ​ខ្ញុំ​ស្បើយ​លុយ​គេ (មិន​សូវ​ជំពាក់​គេ)។ ខ្ញុំ​និយាយ​ប្រាប់​គេ​ថា លុយ​នៅ​សល់ ៦០០​ហ្នឹង ខ្ញុំ​សុំ​សង ១០០»

បុប្ឆា និយាយ​បណ្ដើរ​ញញឹម​បណ្ដើរ​ថា អម្រែក​ដែល​នាង​ធ្លាប់​រែក​ពន់​តែ​ឯង​ជាង ២​ឆ្នាំ ក្នុង​ការ​សង​បំណុល​ម្ដាយ ហាក់​ស្រាល​បន្តិច។ សព្វថ្ងៃ​នេះ​នាង​បាន​ផ្អាក​របរ​រក​ស៊ី​ផ្លូវ​ភេទ​នៅ​តាម​សួនច្បារ​បាន​មួយ​រយៈ។ ប៉ុន្តែ​នៅ​ទៅ​កំដរ​ភ្ញៀវ​ក្នុង​ភោជនដ្ឋាន​មួយ គ្រាន់​បាន​លុយ​ធីប​ខ្លះ​មក​ដោះស្រាយ​ជីវភាព៖«ពី​មុន​ខ្ញុំ​ទទួល​ភ្ញៀវ ៤ ទៅ ៥​នាក់ ក៏​ហ៊ាន​ទៅ​ដែរ តែ​ឥឡូវ​ខ្ញុំ​ទៅ​ហាង​គ្រាន់តែ​ទៅ​ជួយ​ច្រៀង​គេ ២ ទៅ ៣​បទ គឺ​ខ្ញុំ​មក​វិញ​ហើយ។ មាន​អ្នក​ខ្លះ​គេ​លប​សួរ​ខ្ញុំ​ថា ឥឡូវ​មាន​រឿង​អី​បាន​លែង​ទៅ? ខ្ញុំ​ថា ស្បើយ​ជំពាក់​គេ​ខ្លះ​ហើយ​លែង​ទៅ​ហើយ»
បុប្ឆា ហាក់​មមាញឹក​ច្រើន​នៅ​ក្នុង​រដូវ​ការ​ឆ្នាំ​នេះ។ ជា​ញយៗ​នាង​តែង​ទទួល​ទូរស័ព្ទ​ពី​ម្ចាស់​ក្រុម​តន្ត្រី​ហៅ​នាង​ទៅ​ច្រៀង​ក្នុង​ពិធី​មង្គលការ និង​ជប់លៀង​ផ្សេងៗ។ នាង​ប្រាប់​ថា ប្រាក់​ដែល​នាង​ទទួល​បាន​ពី​ការ​ច្រៀង អាច​យក​ទៅ​ផ្សែផ្សំ​ជាមួយ​ប្រាក់ខែ​ប្អូន​ស្រី​ជា​អ្នក​ចាប់​ទឹកកក​ក្នុង​ហាង​ខារ៉ាអូខេ អាច​រួច​សង​បំណុល​គេ​បណ្តើរៗ ដោយ​នាង​មិន​ចាំបាច់​ទៅ​ប្រកប​របរ​រក​ស៊ី​ផ្លូវ​ភេទ​ទៀត។
បុប្ផា៖ «ពេល​ណា​គេ​ហៅ ២​នាក់​បង​ប្អូន​ខ្ញុំ​ទៅ​ច្រៀង ក្នុង​មួយ​រោង​បាន ៣០​ដុល្លារ​នៅ​ភ្នំពេញ បើ​ទៅ​ខេត្ត​បាន ៥០​ដុល្លារ​ទាំង​ពីរ​នាក់ ពេល​មក​វិញ​ឲ្យ​លុយ​ម៉ែ ១០ ឬ ២០ (ដុល្លារ) សល់​ប៉ុន្មាន​សន្សំ​ទុក​សង​បំណុល​គេ»
តំណាង​សហគមន៍​បុរីកីឡា លោកស្រី ឆាយ គឹមហ៊ន អះអាង​ថា បុប្ឆា បាន​យក​លុយ​​ជំនួយ​ពី​សប្បុរសជន​ទៅ​សង​បំណុល​ម្ដាយ និង​ទិញ​ម៉ាស៊ីន​ដេរ​មួយ និង​ម៉ាស៊ីន​ផុង​មួយ ឲ្យ​ម្ដាយ​នាង​ដេរ​ខោ​អាវ ខណៈ​ដែល​ពី​មុន​ម្ដាយ​នាង​ជួល​ម៉ាស៊ីន​គេ​យក​មក​ដេរ៖ «រូប​ខ្ញុំ​ផ្ទាល់ ឃើញ​ម្ចាស់​គាត់​យក​លុយ​ទៅ​សង​ម្នាក់​ដែល​ម្ដាយ​គាត់​ជំពាក់​គេ ម្នាក់​ទៀត​ឈ្មោះ​ស្រីហួង ក៏​ជា​ម្ចាស់​បំណុល​ម្ដាយ​គាត់​ដែរ ម្នាក់​ទៀត​ខ្ញុំ​អត់​ស្គាល់​ឈ្មោះ​ទេ ក៏​ម្ដាយ​គាត់​ជំពាក់​គេ​ដែរ គាត់​បាន​យក​ទៅ​សង​គេ​មែន។ ថវិកា​ធំៗ​ដែល​ម្ដាយ​គាត់​ជំពាក់​គេ គាត់​បាន​សង​តែ​ការ​ប្រាក់​ទេ តែ​អា​ជំពាក់​រាយ​រង​នោះ សង​គេ​អស់​ហើយ»
តំណាង​សហគមន៍​ប្រាប់​ថា ថ្មីៗ​នេះ​នៅ​ពេល​ដែល​ម្តាយ​នាង​ទទួល​ខោអាវ​រយ​បាន​ច្រើន នាង​តែង​ជួយ​ដេរ​គាត់​នៅ​ពេល​ថ្ងៃ។ បើ​អត់​ទេ​នោះ នាង​តែង​ដេក​ថ្ងៃ ដើម្បី​ទុក​កម្លាំង​ទៅ​ច្រៀង​នៅ​ពេល​យប់។
ម្តាយ បុប្ឆា ដែល​កំពុង​ញាប់​ដៃ​ដេរ​ខោអាវ​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង​ក្នុង​តំបន់​បុរីកីឡា ប្រាប់​ថា ពី​មុន​គាត់​ត្រូវ​ចំណាយ​ប្រាក់ ១៨​ម៉ឺន​រៀល​ក្នុង​មួយ​ខែ សម្រាប់​ជួល​ម៉ាស៊ីន​ដេរ​និង​ម៉ាស៊ីន​ផុង​ចំនួន ៤​គ្រឿង សម្រាប់​ដេរ​ខោអាវ៖ «ឥឡូវ​វា​ខ្សោយ​ខោអាវ​រយ​នោះ​ហើយ អា​ថោកៗ​ហ្នឹង​អត់​ដេរ ថោក​ពេក មួយ ២០០​អី ធ្វើ​ម៉េច​រួច ទឹក​ផង ភ្លើង​ផង។ អា​ថ្លៃៗ​នោះ​គេ​ឲ្យ​តិចៗ មួយ​ថ្ងៃ​បាន ១០០ ទៅ ២០០​ខោ។ អាវ​ដេរ​បាន​មួយ ១​ពាន់​រៀល ខោ​ថ្លៃ​ត្រឹម ៧០០​រៀល ខ្លះ ៥០០​រៀល ហើយ​ខ្លះ ២០០​រៀល»
ត្បិត​លោកស្រី​ព្យាយាម​ដេរ​ខោអាវ​ទាំង​ថ្ងៃ​ទាំង​យប់ ជួន​រហូត​ដល់​ម៉ោង ១​ទៀបភ្លឺ ក៏​ចំណូល​ពី​ដេរ​ខោអាវ​រយ​នេះ​ហាក់​បាន​កម្រៃ​តិចតួច ដែល​សម​ល្មម​នឹង​ថ្លៃ​ជួល​ផ្ទះ​ចំនួន ៨០​ដុល្លារ​ក្នុង​មួយ​ខែ និង​ចំណាយ​លើ​ថ្លៃ​ទឹក ភ្លើង និង​ថ្លៃ​ជួល​ម៉ាស៊ីន​ដេរ។
យ៉ាង​ណា​លោកស្រី​សង្ឃឹម​ថា ថ្ងៃ​ណា​មួយ​គ្រួសារ​គាត់​អាច​នឹង​សង​បំណុល​គេ​អស់ ហើយ​ចាប់​ផ្តើម​កសាង​ជីវិត​ជា​ថ្មី ដោយ​សន្សំ​ប្រាក់​ទិញ​ផ្ទះ​មួយ​នៅ​ភ្នំពេញ៖ «ពិបាក​ចិត្ត​ឲ្យ​តែ​សង​គេ​រួច​ទៅ សន្សំ​ទិញ​ផ្ទះ​នៅ ដល់​ជំពាក់​គេ​ទៅ​សន្សំ​លុយ​ក៏​មិន​បាន​មិន​ដឹង​ធ្វើ​ម៉េច​ទេ?»
បុប្ឆា ឆ្លៀត​ដក​លុយ​ជំនួយ​ខ្លះ​ទៅ​ទិញ​ចិញ្ចៀន​មាស​មួយ​ជី​ពាក់​នឹង​ដៃ។ នាង​ប្រាប់​ថា នេះ​ជា​លើក​ទី​១​ហើយ ក្រោយ​ការ​បណ្ដេញ​ចេញ​ដោយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច ដែល​នាង​មាន​គ្រឿង​អលង្ការ​ពាក់។ នាង​ត្រៀម​យក​ចិញ្ចៀន​នោះ​ទៅ​លក់​យក​លុយ​ទៅ​រៀន​ជំនាញ​អ៊ុតសក់ និង​រៀន​តុបតែង​មុខ​ក្រោយ​ពិធី​ចូល​ឆ្នាំ​ខ្មែរ​រួច។ នាង​សង្ឃឹម​ថា នឹង​ចាប់​អាជីព​នេះ​ជាប់​លាប់​ទៅ​ថ្ងៃ​មុខ នៅ​ពេល​ដែល​គ្រួសារ​នាង​សង​បំណុល​គេ​អស់។
បុប្ឆា បាន​រំលែក​លុយ​ជំនួយ​ខ្លះ​ទៀត​ទៅ​បង់​សាលា​ឲ្យ​កូនស្រី​នាង​ម្នាក់​រៀន​ភាសា​ចិន និង​អង់គ្លេស នៅ​សាលា​ឯកជន​មួយ​ក្បែរ​បុរីកីឡា។ រី​ឯ​កូន​ប្រុស​ម្នាក់​ទៀត​របស់​នាង​រៀន​នៅ​សាលា​ជាមួយ​គ្នា តែ​អតីត​ប្តី​នាង​ជា​អ្នក​ឧបត្ថម្ភ។
គ្រូបង្រៀន​ម្នាក់​ប្រាប់​ថា កូន បុប្ឆា ទាំង​ពីរ​នាក់​ទើប​តែ​ចូល​សាលារៀន ហើយ​ពួកគេ​ត្រូវ​ការ​ពេល​អប់រំ និង​បង្រៀន​ច្រើន​ពី​ម្ដាយ​នៅ​ផ្ទះ ក្រៅ​ពី​ការ​បង្រៀន​របស់​គ្រូ​នៅ​តាម​សាលា៖ «ទៅ​ផ្ទះ​ហៅ​វា​រៀន​ខ្លះ​ទៅ ក្មេង​ពេល​ទៅ​ផ្ទះ​វា​អត់​រៀន អត់​សរសេរ​ទេ ពេល​មក​ដល់​សាលា​ចាប់​ផ្ដើម​ឲ្យ​សរសេរ​តែម្ដង»
ក្រៅ​ពី​នៅ​បន្ត​ជា​អ្នក​ចម្រៀង​សម័យ​ក្នុង​ពិធី​មង្គលការ​និង​ជប់លៀង និង​ជា​អ្នក​កំដរ​ភ្ញៀវ​ក្នុង​ភោជនដ្ឋាន​នៅ​ពេល​យប់។ សព្វថ្ងៃ បុប្ឆា ហាក់​សកម្ម​ជាមួយ​ក្រុម​សហគមន៍​ដីធ្លី​ឯ​ទៀត ពិសេស​សហគមន៍​បុរីកីឡា នៅ​ពេល​ដែល​ពួកគេ​ចេញ​តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ផានអ៊ីម៉ិច។
បុប្ឆា សង្ឃឹម​ថា ក្រុមហ៊ុន​ផានអ៊ីម៉ិច នឹង​សាងសង់​អាគារ ២​បន្ថែម​ទៀត ឲ្យ​គ្រប់ ១០​អាគារ តាម​កិច្ចសន្យា​ជាមួយ​អ្នក​បុរីកីឡា ដែល​នៅ​សេសសល់​ជាង ១៥០​គ្រួសារ​ទៀត ដែល​កំពុង​រស់​នៅ​លើ​គំនរ​សំរាម​ក្រោម​កៅស៊ូ​តង់​ក្ដៅ​ហែង និង​ក្រោម​ជណ្ដើរ​អាគារ។
មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ប្រាប់​ថា អភិបាល​រាជធានី​ភ្នំពេញ ត្រូវ​ការ​ពេល​យូរ​ដើម្បី​ដោះស្រាយ​រឿង​នេះ។ តែ​ដំបូង​លោក​ស្នើ​សុំ​ឲ្យ​អ្នក​បុរីកីឡា​ជាង ១០០​គ្រួសារ ដែល​សេសសល់​យល់​ព្រម​ទទួល​យក​កន្លែង​ស្នាក់នៅ​បណ្ដោះអាសន្ន​សិន។
អ្នក​ភូមិ​បុរីកីឡា​ខ្លះ ប្រកាស​យល់​ព្រម​ទទួល​សំណង់​បណ្ដោះអាសន្ន ហើយ​ភាគ​ច្រើន​បដិសេធ​ដោយសារ​តែ​ខ្លាច​ចាញ់​បោក​អាជ្ញាធរ ព្រោះ​កន្លង​មក​មាន​អ្នក​ភូមិ​បុរីកីឡា ច្រើន​គ្រួសារ ព្រម​ទទួល​យក​សំណង់​បណ្ដោះអាសន្ន​នោះ ហើយ​ត្រូវ​ស្នាក់​នៅ​រហូត​ដល់​សព្វថ្ងៃ ដោយ​គ្មាន​ដំណោះស្រាយ៕




No comments:

Post a Comment