Sunday, May 1, 2016

គ្រួសារ​ លោក មាជ សុវណ្ណារ៉ា ប្តេជ្ញា​ ប្រើ​ប្រាស់​ តុលាការ​ អាមេរិក ​រក​យុត្តិធម៌ | Family of Meach Sovannara committed to using US court in search of justice

គ្រួសារ​ លោក មាជ សុវណ្ណារ៉ា ប្តេជ្ញា​ ប្រើ​ប្រាស់​ តុលាការ​ អាមេរិក ​រក​យុត្តិធម៌

លោក​ មាជ សុវណ្ណារ៉ា និង​លោកស្រី ជេមី មាជ ជា​ភរិយា​, ព្រម​ទាំង​ កូន​តូចៗ​ ចំនួន​ បីនាក់​, បាន​ដាក់​ពាក្យ​ប្តឹង​ ទៅតុលាការ​ ​សហព័ន្ធ​ ប្រចាំ​​ ភាគ​កណ្តាល​ នៃ​រដ្ឋ​ កាលីហ្វញ៉ា​ ប្រឆាំង​ នឹង​លោក​​ ហ៊ុន ម៉ាណែត ​និង​រាជរដ្ឋាភិបាល​ កម្ពុជា ​ពី​បទធ្វើ​ ទារុណកម្ម, ​ភេរវកម្ម​ អន្តរជាតិ ធ្វើ​ ឱ្យ​ប៉ះពាល់​ ផ្លូវចិត្ត​ ដោយ​ចេតនា, ​ការវាយ​តប់,  ការបំពារ​បំពាន​ រាងកាយ, ​ការឃុំឃាំង​ ដោយ​ខុស​ច្បាប់​,  និង​ការព្រាត់​ប្រាស់​ ប្តី​ប្រពន្ធ។
រូបឯកសារ៖ អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)
រូបឯកសារ៖ អ្នកស្រី Jamie Meach ភរិយា​របស់​លោក មាជ សុវណ្ណារ៉ា កំពុង​ផ្តល់​បទ​សម្ភាសន៍​ឲ្យ VOA នៅ​ទីក្រុង​ឡុងប៊ិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៥។ (ម៉ែន គឹមសេង/VOA)

ពេល​វេលា​ សេស​សល់​ កំពុង​តែ ​ត្រូវ​ រាប់ថយ​ក្រោយ ​សម្រាប់​ សំណុំរឿង​ ដែល​ក្រុម​គ្រួសារ​ លោក​ មាជ   សុវណ្ណារ៉ា ប្តឹង​លោក​ ហ៊ុន ម៉ាណែត ​នាយរង សេនាធិការ​ ចម្រុះ​ នៃ​កងយោធពល​ ខេមភូមិន្ទ​ និង​រដ្ឋាភិបាល ​កម្ពុជា​។  នេះ​ បើ តាម​ការ​អះអាង ​របស់ ​មេធាវី​ សិទ្ធិ​មនុស្ស។

ប៉ុន្តែ​ ការ​ប្តេជ្ញាចិត្ត របស់​ ក្រុមគ្រួសារ​ អ្នក​នយោបាយ​ ខ្មែរ​-អាមេរិកាំង នេះ​ មិនដើរ ថយក្រោយ ​ទេ, ​គឺ​ បោះជំហាន ​ទៅមុខ រហូត​ ទាល់​តែ មាន​ការ​ ដោះលែង​ លោក​ មាជ សុវណ្ណារ៉ា និង​ទទួល​បាន សំណង​ សមរម្យ សម្រាប់​ ការខាតបង់​ ដែល​ខ្លួន​ ទទួល​ រងគ្រោះ។


លោក​ មាជ សុវណ្ណារ៉ា ​មន្ត្រី​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​លោកស្រី ជេមី មាជ ជា​ភរិយា​ព្រម​ទាំង​កូន​តូចៗ​ចំនួន​បីនាក់​បាន​ដាក់​ពាក្យ​ប្តឹង​ ទៅតុលាការសហព័ន្ធ​ប្រចាំភាគ​កណ្តាល​នៃ​រដ្ឋ​កាលីហ្វញ៉ា​ប្រឆាំង​នឹង​លោក​ ឧត្តមសេនីយ៍​ហ៊ុន ម៉ាណែត ​និង​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃសុក្រទី​៨ខែ​មេសា​ពី​បទ​ធ្វើ​ ទារុណកម្ម ​ភេរវកម្ម​អន្តរជាតិ ​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្លូវចិត្ត​ដោយ​ចេតនា ​ការវាយ​តប់ ការបំពារ​បំពាន​រាងកាយ ​ការឃុំឃាំង​ដោយ​ខុស​ច្បាប់​ និង​ការព្រាត់​ប្រាស់​ប្តី​ប្រពន្ធ។

​លោកស្រី ​ជេមី មាជ ​បាន​បញ្ជាក់ ​ប្រាប់​ VOA ​ក្នុង​បទសម្ភាស​ មួយ ថា៖

«អ្វី​ ដែល​យើង​ ចង់​បាន​ នៅ​ពេល​នេះ ​គឺ​ ចង់​ឱ្យ​គាត់​ សង ​នូវ​ជំងឺ​ចិត្ត​ ដែល​គាត់​ បាន​ធ្វើ​បាប​ ទាំង​ផ្លូវកាយ, ផ្លូវចិត្ត​ មិន​ថា​, គ្រួសារ​ របស់​ខ្ញុំ ​ គាត់​ នៅ​ឯ​ពន្ធនាគារ ​មួយ​ចំណែក​ហើយ ​ មួយ​ចំណែក​ទៀត​ គឺ​ នាង​ខ្ញុំ​ និង​គ្រួសារ ​គឺ កូននាង​ខ្ញុំ​ គាត់ ​រន្ធត់​ស្មារតី​; រៀន​ ក៏​មិនសូវ​បាន;​ អ្វី​ មិន​បាន​ ដោយ​សារ​ ការបាត់​បង់ ​ឱពុក​។  ហើយ ​អ្វី ដែល​យើង​ ចង់​បាន ​គឺ​ យើង​ ចង់​ស្វែង​រក យុត្តិធម៌​ ឱ្យ​គ្រួសារ ​របស់​ នាង​ខ្ញុំ​ នៅ​ក្នុង​ការ ដែល​ចោទ​គាត់​ ថា, ​បង្ក​ កុប្បកម្ម​ អ្វីហ្នឹង​ទៅ, ហើយ​ ចង់​រក​យុត្តិធម៌ ​ឱ្យ​គាត់‍»

លោកមេធាវី ​ម៉តុន​ សក្លា ​ដែល​ការពារ​រឿង​ក្តី​សិទ្ធិ​មនុស្ស​ជាច្រើន​មក​ហើយ​នោះ​និង​ពេល​នេះ​កំពុង​ តំណាង​ឱ្យ​ក្រុម​គ្រួសារ​លោក​មាជ សុវណ្ណារ៉ាអះអាង​ថា​ពេល​កំណត់​ចុងក្រោយ​សម្រាប់​លោក​ហ៊ុន ម៉ាណែត​ សល់​ពេល​ត្រឹម​ថ្ងៃ​ច័ន្ទ​ទី​៩ខែ​ឧសភា​ដើម្បី​ឆ្លើយ​តប​មុន​នឹង​តុលាការ​ ត្រូវ​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​របស់​ខ្លួន​តាម​ការ​ស្នើ​សុំ​របស់​ភាគី ​ដើម​បណ្តឹង​ថា​ភាគី​ចុងចម្លើយ​បោះបង់​សិទ្ធិការពារ​ខ្លួន​និង​ក្រោយ​មក​អាច ​នឹង​ឈាន​ទៅ​ដល់​ការ​ចេញសាលក្រម​កំបាំងមុខ។

លោក​ម៉តុន សក្លា ​ពន្យល់​ថា​តាម​គោលការណ៍​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​គឺ​អ្នក​ដែល​ដាក់​ ពាក្យ​បណ្តឹង​ត្រូវ​ជូនដំណឹង​ទៅ​ដល់​ភាគី​ចុង​ចម្លើយដើម្បី​ឱ្យ​គេ​ត្រៀម​ ការពារ​ខ្លួន​នៅ​ចំពោះ​មុខ​តុលាការ។ ដោយ​ហេតុនោះ​ហើយ​ទើប​មាន​អ្នក​ស៊ើបអង្កេត​ម្នាក់​គឺ​លោក​ Paul Hayes ​បាន​យក​ដីកា​ជូនដំណឹង​ពី​ដំណើរការ​រឿងក្តី​នេះ​ដល់​លោក​ហ៊ុន​ ម៉ាណែត​នៅ​ភោជនីយដ្ឋាន​ឋាន​ព្រះច័ន្ទ​ក្នុង​ទីក្រុង​ឡុងប៊ិច រដ្ឋ​កាលីហ្វញ៉ា ​កាលពី​ ថ្ងៃ​សៅរ៍​ទី​៩ខែមេសា​ពេល​ដែល​លោក​ធ្វើ​ដំណើរទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក។

លោក ​ម៉តុន សក្លា​ បាន​ពន្យល់​ ពី​យុត្តាធិការ​ ឬសិទ្ធិ​ស្របច្បាប់​ របស់​ តុលាការ រដ្ឋ កាលីហ្វញ៉ា​ មកលើ​ សំណុំ​រឿង​នេះ​ ថា, ច្បាប់​ សិទ្ធិ​មនុស្ស​ អន្តរជាតិ​ តម្រូវ​ ឱ្យ​រដ្ឋាភិបាល ​ដោះស្រាយ​ បញ្ហា​ រំលោភ សិទ្ធិមនុស្ស​ ធ្ងន់ធ្ងរ​, ហើយ​ ច្បាប់​ ដែល​ចែង​ ដោយ​សភា​ សហរដ្ឋ​ អាមេរិក​ បាន​អនុញ្ញាត​ ឱ្យ​ប្តឹង​ រដ្ឋាភិបាល​ណា​ ដែល​ធ្វើ ទារុណកម្ម​ និង​រំលោភ ​ធ្ងន់​ធ្ងរ ​មក​លើ​ ពលរដ្ឋ​ អាមេរិកាំង។  លោក ​ចាត់ទុក​ ថា, ​ការដាក់​ ពន្ធនាគារ​ លោក មាជ សុវណ្ណារ៉ា​ រយៈពេល​ យូរ​ ដោយ​មិន​មាន​ ការគោរព​ តាម​នីតិវិធី​ របស់​ តុលាការ ​គឺ ជាការ​ធ្វើ​ ទារុណកម្ម​មួយ។

លោក​ហ៊ុន ម៉ាណែត​បញ្ជាក់​ថា​លោក​នៅ​មិន​ទាន់មាន​ជំហរ​យ៉ាង​ណានៅឡើយ​ទាក់​ទង​នឹង​ បណ្តឹង​នេះ​ទេ។ លោក​បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​នៅ​ឯ​អាកាស​យានដ្ឋាន​ភ្នំពេញ​បន្ទាប់ ​ពី​ដំណើរ​ទស្សនកិច្ច​នៅ ​សហរដ្ឋ​អាមេរិក​និង​កាណាដា​កាលពីថ្ងៃ​ច័ន្ទ​ថា។​
«ទាក់​ទង​នឹង​ករណី​លោក​ម៉ាជ សុវណ្ណារ៉ា ​ខ្ញុំ​អត់​ដឹង​រឿង​ហ្នឹង​ទេ​ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​ឮ​តាម​សារព័ត៌មាន​ថា​ មាន​ប្តឹង​ខ្ញុំ​ប៉ុន្មាន​ចំណុច​រួមទាំង​ភេរវកម្ម​អន្តរជាតិ‍​ ហើយ​ខ្ញុំ​កប់​យោបល់​រឿងហ្នឹង»។
លោក​បន្ថែម​ថាផ្អែកតាម​ការប្តឹ​ង​នេះ​រហូត​ដល់​ភ្ជាប់លោក​ទៅ​នឹង​ករណី​ភេរវកម្ម​គឺ​ជាការប្តឹង​មាន​លក្ខណៈ​នយោបាយ​ច្រើនជាង។
«ខ្ញុំ​គិត​ថា​ការប្តឹង​កន្លង​មក​នេះ​ដែលគ្មាន​មូលដ្ឋាន​ច្បាស់​លាស់​គឺ​ គ្រាន់​តែ​ជា​ការចង់​រៀប​ឱ្យ​ចំណេញ​ខាង​នយោបាយ​តែប៉ុណ្ណោះ​គឺ​គ្មាន​ មូលដ្ឋាន​អ្វីច្បាស់​លាស់​ទេ‍»។​
លោក​ម័រតុន សក្លា ​បាន​បញ្ជាក់​ថា​នេះ​គឺជា​សំណុំរឿង​សិទ្ធិ​មនុស្ស​សុទ្ធសាធ។​
«នេះមិនមែន​ជា​សំណុំ​រឿង​នយោបាយ​ទេ។ ខ្ញុំ​អត់​មាន​អ្វីជាប់​ទាក់​ទង​ ទាល់តែ​សោះ​ជាមួយ​នឹង​អ្នក​នយោបាយ។ ហេតុផល​ដែល​ខ្ញុំ​ចូល​ពាក់​ព័ន្ធ​ក្នុង​សំណុំរឿង​នេះ​ដោយ​សារ​តែ​ខ្ញុំ​គឺ​ ជា​មេធាវី​សិទ្ធិ​មនុស្ស​។ ខ្ញុំ​លះបង់​កម្លាំង​ជួយ​ការពារ​សិទ្ធិ​មនុស្ស​ហើយ​មាន​ដំណើរការ​ជាប្រព័ន្ធ ​ដើម្បី​រំលោភសិទ្ធិ​មនុស្ស​ប្រព្រឹត្ត​ដោយរដ្ឋាភិបាល​កម្ពុជា‍»។​
លោក​បន្ថែម​ថា​លោកមាជ សុវណ្ណារ៉ា​គឺ មិន​មែន​ជា​ជន​រងគ្រោះ​តែម្នាក់​គត់​ដែល​រង​ការរំលោភ​បំពានទេ។ ជន​រងគ្រោះ​ដទៃ​ទៀតដែល​លោក​យក​ចិត្ត​ទុក​ដាក់​ ​មាន​លោក ញ៉យ ចំរើន​និង​លោក​គង់ សភា អ្នកតំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាតុករ​គាំទ្រ​គណបក្ស​ ប្រជាជន​កម្ពុជា​វាយ​ដំទាត់​ធាក់ ​លោកហុង​ សុខហួរ​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ​និង​ លោក​អ៊ុំ សំអាន ​អ្នក​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​លោក​ទាំងពីរ​កំពុង​ជាប់​ ពន្ធនាគារ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ឯកសារ​ព្រំដែន ​និង​កម្មករ​ជាច្រើន​ពាន់​នាក់​ដែល​ត្រូវ​ធ្វើ​បាប​ដោយ​សារតែ​ការ​ តវ៉ាទាមទារ​ការដំឡើង​ប្រាក់​ខែ​និង​ជន​រងគ្រោះ​ដោយ​សារ​ការ​រំលោភ​យក​ដីធ្លី ​ជាដើម។​
បណ្តឹង​នេះ​ ក៏​ ទាមទារ​សំណង​ជាច្រើន​ដែល​មិន​ទាន់​កំណត់​ចំនួន​នៅឡើយ​ចំពោះ​ផល​ប៉ះពាល់​មក​លើ​ក្រុម​គ្រួសារ​លោក​ មាជ សុវណ្ណារ៉ា។
លោក​មាជ សុវណ្ណារ៉ា ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​កាលពី​ថ្ងៃ​ទី​២១​ខែ​កក្កដា​ ឆ្នាំ​២០១៥ ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​២០ឆ្នាំ​ដោយ​សារ​តែ​ការចូលរួម​ក្នុង​បាតុកម្ម​ ទាមទារ​ឱ្យ​បើក​ទីលាន​ប្រជាធិបតេយ្យ។

នាង ​សុវណ្ណារ៉ា សុជាតា ថតរូប​ជាមួយឪពុករបស់នាង គឺលោក មាជ សុវណ្ណារ៉ា ដែលជាមន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ មុនពេលត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ។ (រូបថត៖ ចេមី មាជ)
នាង ​សុវណ្ណារ៉ា សុជាតា ថតរូប​ជាមួយឪពុករបស់នាង គឺលោក មាជ សុវណ្ណារ៉ា ដែលជាមន្ត្រី​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ មុនពេលត្រូវបានឃុំខ្លួន​ក្នុងពន្ធនាគារ។ (រូបថត៖ ចេមី មាជ)

កញ្ញា​ សុជាតា​ មាជ ​ឈ្មោះ​ហៅ​ក្រៅ​ថា​សាម៉ាន់តា ​កូនស្រី​ច្បង​របស់​លោក​មាជ សុវណ្ណារ៉ា ​បានរៀបរាប់​ពី​ផល​ប៉ះពាល់​លើ​គ្រួសារ​នាង។​

«ពួក ប្អូនស្រី​ របស់​ខ្ញុំ​ ពៅគេ​ បាន​យ៉ាប់​ ជាង​វា នៅ​តូច ​ទើ​បតែ​ អាយុ​ ៧ឆ្នាំ,​ រៀនអ្វី​ អត់ប៉ា  វា រៀន​អត់​សូវ​ចូល គិត​តែ​យំ​នឹកប៉ា ​មុន​គេង​ក៏នឹក​ប៉ា។ ដូច្នេះ​តាំងពីប៉ា​ចូលគុក​តាំងពីឆ្នាំមុន​មក​ក៏​ខួរក្បាល​គ្នា​ stressed និង​ depressed (ពិបាក ផ្លូវចិត្ត) ​អត់​មាន​ប៉ា​នៅ ជាមួយ​ដូច្នេះ​ត្រូវ​ធ្លាក់​ថ្នាក់​ទីមួយ​ម្តង​ទៀត​ ត្រូវ​រៀនថ្នាក់​ទីមួយ​ពីរដង​ហើយឆ្នាំនេះ‍»

នាង​ក៏ធ្លាប់​បាន​សរសេរ​លិខិត​ស្វែងរក​អន្តរាគមន៍​ពី​លោក​ប្រធានាធិបតី​ សហរដ្ឋ​អាមេរិក​បារ៉ាក់ អូបាម៉ា ​និង​រដ្ឋ​មន្ត្រី​ការបរទេស ​លោក​ចន ឃែរី ។ ប៉ុន្តែ​ក្តី​សង្ឃឹម​ចុងក្រោយ​របស់​នាង​គឺ​សំណុំរឿង​នេះ​ហើយ។

ក្រុមអង្គការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ថា​សំណុំរឿង​របស់​លោក​មាជ សុវណ្ណារ៉ា​និង​មន្ត្រី គណបក្ស​ប្រឆាំង​ដទៃ​ទៀត​គឺ​ជា​សំណុំ​រឿង​មាន​លក្ខណៈ​នយោបាយ​ដែល​ទទូច​ឱ្យ​ មាន​ការ​ដោះស្រាយ​ដោយ​ការ​ចរចា​គ្នា​រវាង​មេដឹកនាំ​គណបក្ស​។​

ប៉ុន្តែ ​សម្រាប់​ លោក​ស្រី​ ជេមី មាជ ​បង្ហាញ​ ការជឿជាក់​ លើ​ការ ដោះស្រាយ សំណុំរឿង​នេះ តាមផ្លូវ ​តុលាការ​ សហរដ្ឋ​ អាមេរិក និង​បង្ហាញ ការអស់​សង្ឃឹម ​ក្នុង​ការ​ ស្វែង​រក​ ដំណោះស្រាយ នយោបាយ។​

«បើ សិន​ជា​ យើង​ ថា, ​រឿង​នយោបាយ​ ចរចា​ ដោយ​នយោបាយ។  ឥឡូវ​ យើង​ សួរ​ថា, ​តើ​ លោក​ ហ៊ុន សែន​, គាត់​ ដែល​និយាយ ​អ្វីមួយ​ គោរព​ នូវ​ពាក្យ​សម្តី​គាត់​ ឬអត់?  យើង​ ឃើញ​ ឧទាហរណ៍​ ពីដើម​ មក​ហើយ​ ធ្លាប់​មានការ​ចរចា ​ដើម្បី​ មាន​ការ ​ដោះដូរ ​ចូល​ប្រទេស​ កម្ពុជា​ វិញ​ គឺ​ ក្រោយមក ​នៅ តែ​ មាន​ចេញ​ចាប់ ​ដដែល​។  ចឹង​ នយោបាយ​ បើ​ សិន​ជា​ យើង​ ដោះស្រាយ ​តាម​នយោបាយ​, តើ គាត់​ អាច​ដម្កល់​ជាតិ​ ជាធំអត់?‍»

​លោក គ្រីស ផៅវឺ ​មន្ត្រី​តុលាការ​សហព័ន្ធ​ប្រចាំ​ភាគកណ្តាល​នៃរដ្ឋ​កាលីហ្វញ៉ា​បាន​បញ្ជាក់​ ប្រាប់​វីអូអេ​តាម​អ៊ីម៉េល​ថា​ពាក្យ​បណ្តឹង​នេះ​ត្រូវ​បាន​តុលាការ​ទទួល​បាន ​ជាផ្លូវការ​នៅ​ថ្ងៃ​ទី​៨ខែ​មេសា។​

លោក​ បាន​បន្ថែម ថា​៖

«ប៉ុន្តែ​ នៅ​មិន​ ទាន់​បាន​ ចាត់ការ​អ្វី​ នៅឡើយ​ ទេ​ ក្រៅពី​ការ​ ចុះបញ្ជី ​ឯកសារ​ ដំបូង​ និង​ការ ជូន​ដំណឹង រដ្ឋបាល ​មួយ​ចំនួន​ ប៉ុណ្ណោះ‍»

នៅក្នុងប្រទេស​កម្ពុជា​ក្រុម​មេធាវី​ការពារ​ក្តី​ឱ្យ​លោក​មាជ សុវណ្ណារ៉ា​កំពុង​តែ​ដាក់​ពាក្យ​ប្តឹង​បន្ត​ទៅ​សាលាឧទ្ធរណ៍​ប្រឆាំង​នឹង​ការ ​សម្រេច​ដាក់​ទោស​លោកឱ្យ​ជាប់​ពន្ធនាគារ​ចំនួន​២០​ឆ្នាំ​ដោយចាត់​ទុកថា​មាន​ កំហុសនីតិវិធី។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​មេធាវី ជូង ជូងី​ហើយ​លោក​ក៏​បាន​សម្តែង​ការគាំទ្រ​ចំណាត់​ការ​របស់​តុលាការ​សហរដ្ឋ​ អាមេរិក។

«​សម្រាប់ ​ប្រយោជន៍​ លោក មាជ សុវណ្ណារ៉ា​ បើ កាលណា​ ក្រុម​គ្រួសារ​គាត់ ​ឬគាត់ ប្តឹង នៅតុលាការ​ អាមេរិក​ គឺ​ មាន​ផល​ល្អ​ សម្រាប់​គាត់​ ទៅវិញ​ ពីព្រោះ​ ថា, ​បើ​ យើង​ ពិនិត្យ ទៅលើ ​ចំណាត់​ការ​ របស់​ តុលាការ ​គឺ ​តុលាការ​ ខ្មែរ​យើង​ អត់​ទាន់​មាន​ ស្តង់ដា​ ដូចគេ​ នៅ​ស្រុក​ក្រៅ​ ទេ​។  តុលាការ​ នៅ​អាមេរិក, ​ខ្ញុំ​ មាន​ជំនឿ​។  គេ មាន​ការវិនិច្ឆ័យ ​ខ្ពស់​ជាង​។  អីចឹង ​គឺ​ ខ្ញុំ​ មើល​ឃើញ​ ថា​, ការ ដែល​ក្រុមគ្រួសារ​ លោក ​មាជ សុវណ្ណារ៉ា ​ឬគាត់​ ប្តឹង​នៅ​តុលាការ​ អាមេរិក​ មាន​ផល​ល្អ​ សម្រាប់​ គាត់​ ជាង​ បើ ​ប្រៀបធៀប​ ទៅនឹង​ខ្មែរ‍»

លោក​ម៉តុន សក្លា​ បញ្ជាក់​ថា​ក្រុម​ការងារ​កំពុង​តែ​រៀបចំ ​ដំណើរការ​ដើម្បី​ជូនដំណឹង​ដល់​រដ្ឋាភិបាល​កម្ពុជា​ហើយ​អាច​នឹង​ត្រូវ​ ចំណាយពេល​យូរ​ដោយ​សារ​តែ​នីតិវិធី​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ព្រោះ ត្រូវ​ឆ្លងកាត់​ប្រព័ន្ធ​ការទូត។ ​រដ្ឋាភិបាល​កម្ពុជា​នឹង​មាន​ពេល​៦០ថ្ងៃ​នៅ​ក្រោយ​ពី​ពេល​ជូនដំណឹង​ដើម្បី​ ឆ្លើយ​តប៕



No comments:

Post a Comment