ពលរដ្ឋ ខ្មែរ នៅក្រៅប្រទេស តវ៉ា ឲ្យដោះលែង មន្ត្រីសិទ្ធិមនុស្ស និងអ្នក នយោបាយ ជាប់ឃុំ
VOD / វីអូឌី |
ពលរដ្ឋខ្មែរ រស់នៅ ក្រៅប្រទេស បានជួបជុំគ្នា តវ៉ា នៅតាមបណ្ដា ប្រទេសនានា ដែលពួកគេ រស់នៅ ដើម្បី ជំរុញ ឲ្យរដ្ឋាភិបាល ទាំងនោះ ដាក់សម្ពាធ ទៅលើ រដ្ឋាភិបាល កម្ពុជា ឲ្យគោរព លទ្ធិប្រជាធិបតេយ្យ, ដោះលែង អ្នកការពារ សិទ្ធិមនុស្ស និងសកម្មជន នយោបាយ សរុប ១៩នាក់ ដែលកំពុង ជាប់ឃុំ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប មន្ត្រីការពារសិទ្ធិអាដហុក ៤រូប មន្ត្រីគ.ជ.ប.មួយរូប និងសកម្មជនបក្សប្រឆាំងជាច្រើននាក់ទៀត ត្រូវបានតុលាការកម្ពុជាសម្រេចឲ្យដាក់ឃុំជាបន្តបន្ទាប់ ខណៈលោក កឹម សុខា ក៏កំពុងប្រឈមមុខនឹងការចាប់ខ្លួនពីសំណាក់សមត្ថកិច្ចផងដែរ។
វីដេអូឃ្លីបនានា ដែលត្រូវបានបង្ហោះនៅលើទំព័រហ្វេសប៊ុកសម្ព័ន្ធខ្មែរ-អាមេរិក បានបង្ហាញថា ការតវ៉ាទាំងនោះ ត្រូវបានគេរៀបចំធ្វើឡើងនៅសហរដ្ឋអាមេរិក ប្រទេសបារាំង និងកាណាដា។
នៅក្នុងកិច្ចសម្ភាសមួយជាមួយវិទ្យុសំឡេងសហរដ្ឋអាមេរិក លោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធខ្មែរ-អាមេរិក បានថ្លែងថា ក្រុមអ្នកតវ៉ានៅរដ្ឋធានីវ៉ាស៊ីងតោន បានស្នើទៅសភាអាមេរិកឲ្យបង្កើតច្បាប់សម្រាប់ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងកាទូត ទៅលើរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងមនុស្សទាំង ១៩រូបនោះ និងជំរុញឲ្យសភាអាមេរិក បង្កើតក្រុមការងារ ដើម្បីធានាដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌នាពេលខាងមុខ។
មន្ត្រីការពារសិទ្ធិសមាគមអាហុក ៤នាក់ មាន លោក នី សុខា លោក ណៃ វ៉ង់ណា លោក យី សុខសាន្ត និងលោកស្រី លឹម មុនី និងអគ្គលេខាធិការរង គជប លោក នី ចរិយា ត្រូវបានតុលាការចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតក្នុងរឿងសូកប៉ាន់សាក្សី។
ចំណែកឯមន្ត្រីបក្សប្រឆាំង ១៤នាក់ទៀត ក្នុងនោះមាន តំណាងរាស្ត្រលោក អ៊ុំ សំអាន និងសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ ផង ត្រូវបានឃុំខ្លួនទាំងមានអភ័យឯកសិទ្ធិ៕
No comments:
Post a Comment