Wednesday, March 26, 2014

លោក សម រង្ស៊ី​៖ សមាជ​ប្រជាជន​ នៅ​ទីលាន​ប្រជាធិបតេយ្យ នឹង​កើតមានឡើង​ នៅ​ថ្ងៃ​អាទិត្យ​នេះ​​

លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃពុធនេះ(រូបថតដោយជន ស្រីណុច)

លោក សម រង្ស៊ី​៖ សមាជ​ប្រជាជន​ នៅ​ទីលាន​ប្រជាធិបតេយ្យ នឹង​កើតមានឡើង​ នៅ​ថ្ងៃ​អាទិត្យ​នេះ​​


ដោយ៖​ ជន ស្រីណុច និងស៊ុន ណារិន​​ / វីអូឌី | ថ្ងៃពុធ ទី26 ខែមិនា ឆ្នាំ2014

ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នៅ​ថ្ងៃ​ពុធ​នេះ ប្រកាសថា គណបក្ស​ សង្គ្រោះ​ជាតិ នឹង​ជួបជុំ​ អ្នកគាំទ្រ​ខ្លួន​ នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​អាទិត្យ​ទី​៣០ ​ខែ​មីនា តែ​មិនមែន​ ជា​បាតុកម្មទម្លាក់ ​រដ្ឋាភិបាល ​នោះ​ទេ​។​
ក្នុង​សន្និសីទ​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​សង្គ្រោះ​ជាតិ នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ លោក សម រង្ស៊ី ប្រកាស​ធ្វើ​សមាជ​មហាជន​នៅ​មុខ​មន្ទីរ​រដ្ឋសភា​ចាស់​នៅ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ ហើយ​ពេល​រសៀល នឹង​ជួបជុំ​ស្តាប់​យោបល់​ប្រជារាស្ត្រ​នៅ​ទីលាន​ប្រជាធិបតេយ្យ តែ​លោក​ថា មិនមែន​ជា​បាតុកម្ម​ទេ ហើយ​ក៏​គ្មាន​ការ​ដង្ហែ​ដែរ​ «យើងឲ្យតំណាង និងអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិមកពីគ្រប់មជ្ឈដ្ឋាន មកពីគ្រប់ខេត្តក្រុង ដូច្នេះ ពីរពាន់ បីពាន់យ៉ាងច្រើនណាស់ ប្រាំពាន់នាក់បានហើយ។ ដូច្នេះកុំឲ្យគណប្រជាជនចោទយើងថា អូហ៍ យើងចង់ធ្វើមហាបាតុកម្មអី វាអត់ទេ ដូចខ្ញុំនិយាយតាំងពីចំនុចទី១មក នេះវាមានដំណាក់កាលរបស់វា យើងគ្រាន់តែពិគ្រោះយោបល់ ហើយស្នើយោបល់ពីប្រជាពលរដ្ឋ ក្នុងក្របខណ្ឌ នៃអ្វីដែលយើងហៅថា សមាជប្រជាពលរដ្ឋ»។
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក ឡុង ឌី​ម៉ង់ មានប្រសាសន៍ថា សាលា​រាជធានី​មិនទាន់​សម្រេច​យ៉ាងណា​នៅ​ឡើយ​ទេ ព្រោះ​លោក​ទើបតែ​ទទួលបាន​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ។​
​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា រហូតមកដល់​បច្ចុប្បន្ន​នេះ​ស្ថានភាព​ប្រទេស​ជាតិ​មិនទាន់​វិល​ទៅរក​ភាពប្រក្រតី​ទេ ដូច​ច្នេះ​មិន​អនុញ្ញាតិឲ្យ​មាន​ការជួ​បប្រ​ជុំ​នៅ​ទី​សាធារណៈ​ទេ «តាមខ្ញុំដឹង គឺថាសភាពការបច្ចុប្បន្ននេះមិនទាន់បានវិលរក ភាពប្រក្រតីឡើងវិញទេ ដូច្នេះអ្វីដែលក្រសួងមហាផ្ទៃ លោកបានស្នើសុំជាសំនូមពរ ឬមានការយោគយល់នោះ គឺឋិតនៅជាធរមានដដែលទេ នោះស្រេចតែគាត់ទៅចុះ យើងនិយាយជាមួយគាត់មិនស្តាប់ហើយ អត់ដឹងធ្វើម៉េច»។
​អ្នកវិភាគ​ឯករាជ្យ លោក កែម ឡី មានប្រសាសន៍ថា ការប្រមូលផ្តុំ​ជួបជុំ ឬ​សមាជ ជា​សិទ្ធិ​របស់​គណបក្ស​នយោបាយ និង​​ប្រជាពលរដ្ឋ ដូច្នេះ​បម្រាម​របស់​រាជរដ្ឋាភិបាល​មិន​ឲ្យ​ជួបជុំ​មិនមែនជា​ច្បាប់​ទេ ហើយ​ក្រសួង​មហាផ្ទៃ​ត្រូវ​រៀបចំ​ការ​ពារ​​សណ្តាប់ធ្នាប់​ជួន​ប្រជាពលរដ្ឋ​ផងដែរ «ជារួម ជាសិទ្ធិសេរីភាពរបស់គណបក្សនយោបាយ ជាសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ មិនអាចអ្នកណាហាមឃាត់បាន ហើយច្បាប់ដែលរាជរដ្ឋាភិបាលលើកឡើង វាមិនមែនជាច្បាប់ វាជាអាកប្បកិរិយានយោបាយ បើច្បាប់ដូចជាអត់មានហាមអីទេ។ ជារួមត្រូវតែ មានកាតព្វកិច្ចត្រូវតែអនុញ្ញាត ឲ្យគេធ្វើ ហើយការពារនូវសុវត្ថិភាពរបស់គេ ពេញលេញ ក្នុងនាមជារដ្ឋឯករាជ្យមួយ»។
​កាលពី​សប្តាហ៍​មុន គណបក្ស​សង្គ្រោះ​ជាតិ បាន​ជូនដំណឹង​ដល់​សាលា​រា​ជរា​ធានី​ភ្នំពេញ អំពី​ការធ្វើ​ពិធី​បង្សុកូល ឧ​ទិ្ទស​កុសល​ ខួប​លើក​ទី​១៧ ថ្ងៃទី​៣០​ខែ​មីនា ជូន​ដល់​វិញ្ញាណក្ខន្ធ​បាតុករ ដែល​បាន​ស្លាប់​ដោយសារ​ការ​គប់​គ្រាប់បែក​ នៅ​មុខ​​អតីត​មន្ទីរ​រដ្ឋសភា​។ គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ពិធី​បង្សុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​បាតុករ ដែល​បាន​បាត់​បង់​​ជីវិត ដោយ​ការ​គប់​គ្រាប់បែក​នៅ​មុខ​អតីត​មន្ទីរ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧​។​
​កន្លងទៅ រដ្ឋាភិបាលបាន​ដាក់​បម្រាម​លើ​ការជួបជុំ​របស់​ពលរដ្ឋ ជាពិសេស​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ បម្រាម​នៃ​ការ​ជួប​ជុំ​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវបាន​អនុវត្ត​កាលពីដើម​ខែ​មករា ឆ្នាំ​២០១៤ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច បង្ក្រាប​កម្មករ​រោង​ចក្រ​កាត់ដេរ​នៅ​ផ្លូវ​វ៉េងស្រេង បណ្តាលឲ្យ​កម្មករ​យ៉ាងតិច​៥​នាក់ស្លាប់ និង​ការ​បំបែក​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​ទីលាន​ប្រជាធិបតេយ្យ៕




No comments:

Post a Comment