Thursday, April 30, 2015

លោក ហ៊ុន សែន ព្រមាន​ លុប​ចោល ​វប្បធម៌​សន្ទនា ​បើ​ លោក កឹម សុខា នៅ​តែ​ បន្ត​រិះគន់ | Hun Sen threatens to break culture of dialogue if Kem Sokha continues his criticism

លោក ហ៊ុន សែន ព្រមាន​ លុប​ចោល ​វប្បធម៌​សន្ទនា ​បើ​ លោក កឹម សុខា នៅ​តែ​ បន្ត​រិះគន់

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៩ មេសា ២០១៥

សម រង្ស៊ី ហ៊ុន សែន ៦២០
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (រូប​ពាក់​មួក) ដើរ​ជាមួយ​គ្នា​ ក្នុង​ពិធី ​បើក​កម្មវិធី​ អង្គរ​សង្ក្រាន្ត​ នា​ខេត្ត​ សៀមរាប កាល​ពី​ព្រឹក ​ថ្ងៃ​ទី​១៤ មេសា ឆ្នាំ​២០១៥។  RFA/Hang Savyouth

មន្ត្រី​នាំ​ពាក្យ​ របស់​ គណបក្ស​ សង្គ្រោះ​ជាតិ បាន​ប្រកាស​ ថា, ខ្លួន​ នៅ​តែ​ បន្ត​គាំទ្រ​ ឲ្យ​មាន​ វប្បធម៌​សន្ទនា និង​មាន ​គោល​នយោបាយ​ មិន​ងាករេ ​ឡើយ។  ការ​ប្រកាស​ ជំហរ​ ដូច​នេះ ​របស់​ គណបក្ស​ប្រឆាំង ធ្វើ​ឡើង​ បន្ទាប់​ ពីលោក ហ៊ុន សែន ព្រមាន​ លុប ​វប្បធម៌​សន្ទនា​នេះ ​ចោល ប្រសិន​បើ​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​តែ ​បណ្តោយ​ ឲ្យ​អនុប្រធាន ​គណបក្ស​ សង្គ្រោះ​ជាតិ, គឺ ​លោក កឹម សុខា, បន្ត ​វាយ​បក​ មក​លើ​ គណបក្ស ​ប្រជាជន​កម្ពុជា និង​រិះគន់​ មិន​សំចៃ​មាត់​ នៅ​សាធារណៈ​ ទៀត​នោះ។

ការ​ប្រកាន់​ជំហរ ​របស់​ គណបក្ស ​ប្រឆាំង​នៅ​ ពេល​នេះ ទំនង ​មិន​ចង់ ​ឲ្យ​មាន​ ភាព​ល្អក់ ​កករ ឬ​មាន​ ការ​ប្រេះឆា ​នៃ​ទំនាក់ទំនង​ ល្អ​ ជាមួយ​ គណបក្ស ​ប្រជាជន​កម្ពុជា ដែល​ទើប​ កកើត​បាន ​ប៉ុន្មាន​សប្ដាហ៍​ ថ្មីៗ​នេះ។

ការ​ប្ដេជ្ញា​ចិត្ត​ដ៏​មុតមាំ​ជុំវិញ​ការ​រក្សា​ជំហរ​របស់​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ពេល​នេះ ធ្វើ​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​ក្រោយ​ពី លោក ហ៊ុន សែន ព្រមាន​លុប​វប្បធម៌​សន្ទនា​ចោល​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ មេសា នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​រោងចក្រ​ចម្រាញ់​ ដូង​ប្រេង​ទី​២ របស់​ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុង​ខេត្ត​ព្រះសីហនុ។

មូលហេតុ​ដែល​នាំ​ឲ្យ លោក ហ៊ុន សែន ប្រតិកម្ម​រហូត​ព្រមាន​លុប​ចោល​វប្បធម៌​សន្ទនា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​នេះ បន្ទាប់​ពី លោក កឹម សុខា ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជុំ​មួយ​កាល​ពី​ថ្ងៃ​ទី​២០ មេសា នា​ខេត្ត​កំពង់ឆ្នាំង។ លោក ហ៊ុន សែន អះអាង​ហើយ​អះអាង​ទៀត​ថា មិន​អាច​ទទួល​យក​បាន​ទេ​ចំពោះ​សារ​នយោបាយ​របស់ លោក កឹម សុខា កាល​ណោះ​ដែល​និយាយ​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត នឹង​មិន​សងសឹក​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ទេ។ លោក ហ៊ុន សែន ចាត់​ទុក​ថា តើ​ការ​អះអាង​របស់ លោក កឹម សុខា ថា​ឈ្នះ​ហើយ​មិន​សងសឹក​នោះ សំអាង​លើ​មូលដ្ឋាន​អ្វី?

លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​លោក​នាយក​រដ្ឋមន្ត្រី​តែង​រិះគន់​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ថា​គឺ​តែង​នៅ​ក្រៅ​សង្វៀន​នៃ​វប្បធម៌​សន្ទនា​នោះ មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ភ្លាមៗ​ទេ​នៅ​ថ្ងៃ​ទី​២៩ មេសា។

បើ​ទោះ​ជា​បែប​ណា លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បកស្រាយ​យ៉ាង​ខ្លី​ថា ជំហរ​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ គឺ​មាន​ភាព​ច្បាស់លាស់​ហើយ​ក្នុង​ការ​រក្សា​វប្បធម៌​សន្ទនា។ ក្រៅ​ពី​នេះ លោក យឹម សុវណ្ណ ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​វែង​ឆ្ងាយ​ឡើយ ដោយ​លោក​អះអាង​ថា គណបក្ស​ប្រឆាំង​កំពុង​ជំរុញ​ឲ្យ​មាន​វប្បធម៌​សន្ទនា​ដោយ​មិន​ងាករេ​ទេ។ លោក យឹម សុវណ្ណ បន្ត​ថា «គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​ជំរុញ​លើក​កម្ពស់​វប្បធម៌​សន្ទនា ហើយ​យើង​បាន និង​កំពុង​ធ្វើ​កិច្ចការ​ទាំងអស់​ហ្នឹង។»

ជុំវិញ​រឿង​នេះ លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ផ្តល់​ពេលវេលា​ឲ្យ លោក កឹម សុខា បន្ត​រិះគន់​លោក និង​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ទៀត​នោះ លោក​នឹង​បញ្ចប់​នូវ​វប្បធម៌​សន្ទនា គឺ​ជា​រឿង​ត្រឹមត្រូវ។ លោក ហ៊ុន សែន ថែម​ទាំង​បាន​ប្រៀបធៀប​ទៀត​ថា ជីវិត​នយោបាយ គឺ​មិន​ខុស​គ្នា​ពី​ក្រុម​បាល់​ទាត់​នោះ​ទេ។ ប្រតិកម្ម​របស់ លោក ហ៊ុន សែន នៅ​ពេល​នេះ គឺ​សំដៅ លោក កឹម សុខា ដែល​លោក​យល់​ឃើញ​ថា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​វាយ​បក​មិន​ឈប់​ឈរ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា។ លោក ហ៊ុន សែន បន្ត​ថា «អ៊ីចឹង​សូម​ផ្តាំ​ផ្ញើ​សូម​ឯកឧត្តម សម រង្ស៊ី អប់រំ​ផ្ទៃ​ក្នុង​បក្ស​ឲ្យ​បាន។ បើ​ឯកឧត្តម​ធ្វើ​មិន​បាន​ទេ ខ្ញុំ​ក៏​អា​វប្បធម៌​សន្ទនា​ហ្នឹង គឺ​លុប​ចោល​ក៏​ត្រូវ​លុប​ចោល​ក៏​លុប​ទៅ។ កើត​ហើយ​បើ​វា​ងាប់​ទៅ​វិញ ឲ្យ​វា​ងាប់​ទៅ ព្រោះ​កើត​ហើយ​វា​ត្រូវ​របួស​នៅ​កំពង់ឆ្នាំង។ មិន​អ៊ីចឹង កើត​ជាមួយ​គ្នា​នៅ​សៀមរាប ដល់​មក​ងាប់​ត្រូវ​របួសៗ​នៅ​កំពង់ឆ្នាំង ហើយ​ប្រើ​ពាក្យ​សម្ដី​បែប​ហ្នឹង តើ​ឲ្យ​គេ​តបត​ទេ?» 

ពាក់ព័ន្ធ​បញ្ហា​នេះ លោក សាម អ៊ីន សមាជិក​ស្ថាបនិក​របស់​បណ្ដាញ​ខ្មែរ​ដើម្បី​ខ្មែរ និង​ជា​អ្នក​វិភាគ​សង្គម​ផង យល់​ឃើញ​ថា ការ​ពិត​វប្បធម៌​សន្ទនា​នេះ​វា​ពុំ​មែន​ជា​អ្វី​ដែល​ថ្មី​សម្រាប់​បរិបទ​ នយោបាយ​នៅ​កម្ពុជា ទេ គឺ​គ្រាន់​តែ​ផ្លាស់ប្ដូរ​រូបភាព​នៃ​ចរន្ត​នយោបាយ​ប៉ុណ្ណោះ។ លោក​បន្ត​ថា ប្រសិន​បើ​វប្បធម៌​សន្ទនា​នេះ​អាច​ត្រូវ​បាន ​លោក ហ៊ុន សែន លុប​ដូច​ការ​ព្រមាន​មែន ក៏​មិន​ជា​បញ្ហា​អ្វី​ឡើយ។ លោក​បន្ត​ថា ព្រោះ​វប្បធម៌​សន្ទនា​នេះ​កើត​ឡើង​ដោយ​បង្ខំ និង​ក្នុង​ស្ថានភាព​មួយ​ទាល់ច្រក​ប៉ុណ្ណោះ។ លោក សាម អ៊ីន បន្ត​ថា «ការ​ ព្រួយ​បារម្ភ​ខ្លាំង​ថា​វប្បធម៌​សន្ទនា​នេះ​វា​កើត​ឡើង​ដោយ​ភាព​ទាល់ច្រក ដោយ​ខ្វះខាត​សុចរិត​ភាព។ វា​អាច​បង្កប់​នូវ​កលល្បិច​នយោបាយ។ អ៊ីចឹង​ហើយ​សម្រាប់​ខ្ញុំ​ដូចជា​គិត​ថា​មិន​ជា​រឿង​ចម្លែក​ទេ តាម​មើល​បទពិសោធន៍​កន្លង​មក។»

បើ​ទោះ​ជា​បែប​ណា លោក ហ៊ុន សែន បញ្ជាក់​ថា លោក​មិន​ចង់​ឃើញ​អ្នក​នយោបាយ​ខ្មែរ​ប្រកាន់​គោលការណ៍​វប្បធម៌​ទឹក​ឡើង​ត្រី​ ស៊ី​ស្រមោច និង​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​ម្តង​ទៀត​នោះ​ទេ៕


No comments:

Post a Comment