លោក ហ៊ុន សែន ព្រមាន លុបចោល វប្បធម៌សន្ទនា បើ លោក កឹម សុខា នៅតែ បន្តរិះគន់
RFA / វិទ្យុ អាស៊ី សេរី | ២៩ មេសា ២០១៥
មន្ត្រីនាំពាក្យ របស់ គណបក្ស សង្គ្រោះជាតិ បានប្រកាស ថា, ខ្លួន នៅតែ បន្តគាំទ្រ ឲ្យមាន វប្បធម៌សន្ទនា និងមាន គោលនយោបាយ មិនងាករេ ឡើយ។ ការប្រកាស ជំហរ ដូចនេះ របស់ គណបក្សប្រឆាំង ធ្វើឡើង បន្ទាប់ ពីលោក ហ៊ុន សែន ព្រមាន លុប វប្បធម៌សន្ទនានេះ ចោល ប្រសិនបើ គណបក្ស សង្គ្រោះជាតិ នៅតែ បណ្តោយ ឲ្យអនុប្រធាន គណបក្ស សង្គ្រោះជាតិ, គឺ លោក កឹម សុខា, បន្ត វាយបក មកលើ គណបក្ស ប្រជាជនកម្ពុជា និងរិះគន់ មិនសំចៃមាត់ នៅសាធារណៈ ទៀតនោះ។
ការប្រកាន់ជំហរ របស់ គណបក្ស ប្រឆាំងនៅ ពេលនេះ ទំនង មិនចង់ ឲ្យមាន ភាពល្អក់ កករ ឬមាន ការប្រេះឆា នៃទំនាក់ទំនង ល្អ ជាមួយ គណបក្ស ប្រជាជនកម្ពុជា ដែលទើប កកើតបាន ប៉ុន្មានសប្ដាហ៍ ថ្មីៗនេះ។
ការប្ដេជ្ញាចិត្តដ៏មុតមាំជុំវិញការរក្សាជំហររបស់គណបក្ស សង្គ្រោះជាតិ នៅពេលនេះ ធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពី លោក ហ៊ុន សែន ព្រមានលុបវប្បធម៌សន្ទនាចោលកាលពីព្រឹកថ្ងៃទី២៩ មេសា នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រចម្រាញ់ ដូងប្រេងទី២ របស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុងខេត្តព្រះសីហនុ។
មូលហេតុដែលនាំឲ្យ លោក ហ៊ុន សែន ប្រតិកម្មរហូតព្រមានលុបចោលវប្បធម៌សន្ទនាជាមួយគណបក្សសង្គ្រោះជាតិ នៅពេលនេះ បន្ទាប់ពី លោក កឹម សុខា ថ្លែងនៅក្នុងពិធីជួបជុំមួយកាលពីថ្ងៃទី២០ មេសា នាខេត្តកំពង់ឆ្នាំង។ លោក ហ៊ុន សែន អះអាងហើយអះអាងទៀតថា មិនអាចទទួលយកបានទេចំពោះសារនយោបាយរបស់ លោក កឹម សុខា កាលណោះដែលនិយាយថា បើគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោត នឹងមិនសងសឹកជាមួយគណបក្សប្រជាជនកម្ពុជា ទេ។ លោក ហ៊ុន សែន ចាត់ទុកថា តើការអះអាងរបស់ លោក កឹម សុខា ថាឈ្នះហើយមិនសងសឹកនោះ សំអាងលើមូលដ្ឋានអ្វី?
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលលោកនាយករដ្ឋមន្ត្រីតែងរិះគន់មិនចេះចប់មិនចេះហើយ ថាគឺតែងនៅក្រៅសង្វៀននៃវប្បធម៌សន្ទនានោះ មិនអាចសុំការបំភ្លឺបានភ្លាមៗទេនៅថ្ងៃទី២៩ មេសា។
បើទោះជាបែបណា លោក យឹម សុវណ្ណ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បកស្រាយយ៉ាងខ្លីថា ជំហររបស់គណបក្សប្រឆាំងនៅពេលនេះ គឺមានភាពច្បាស់លាស់ហើយក្នុងការរក្សាវប្បធម៌សន្ទនា។ ក្រៅពីនេះ លោក យឹម សុវណ្ណ ពុំបានធ្វើអត្ថាធិប្បាយអ្វីវែងឆ្ងាយឡើយ ដោយលោកអះអាងថា គណបក្សប្រឆាំងកំពុងជំរុញឲ្យមានវប្បធម៌សន្ទនាដោយមិនងាករេទេ។ លោក យឹម សុវណ្ណ បន្តថា «គោលជំហររបស់គណបក្សសង្គ្រោះជាតិ គឺជំរុញលើកកម្ពស់វប្បធម៌សន្ទនា ហើយយើងបាន និងកំពុងធ្វើកិច្ចការទាំងអស់ហ្នឹង។»
ជុំវិញរឿងនេះ លោក ហ៊ុន សែន បានព្រមានថា ប្រសិនបើគណបក្សសង្គ្រោះជាតិ នៅតែផ្តល់ពេលវេលាឲ្យ លោក កឹម សុខា បន្តរិះគន់លោក និងគណបក្សប្រជាជនកម្ពុជា បន្តទៀតនោះ លោកនឹងបញ្ចប់នូវវប្បធម៌សន្ទនា គឺជារឿងត្រឹមត្រូវ។ លោក ហ៊ុន សែន ថែមទាំងបានប្រៀបធៀបទៀតថា ជីវិតនយោបាយ គឺមិនខុសគ្នាពីក្រុមបាល់ទាត់នោះទេ។ ប្រតិកម្មរបស់ លោក ហ៊ុន សែន នៅពេលនេះ គឺសំដៅ លោក កឹម សុខា ដែលលោកយល់ឃើញថា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅតែវាយបកមិនឈប់ឈរមកលើគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន បន្តថា «អ៊ីចឹងសូមផ្តាំផ្ញើសូមឯកឧត្តម សម រង្ស៊ី អប់រំផ្ទៃក្នុងបក្សឲ្យបាន។ បើឯកឧត្តមធ្វើមិនបានទេ ខ្ញុំក៏អាវប្បធម៌សន្ទនាហ្នឹង គឺលុបចោលក៏ត្រូវលុបចោលក៏លុបទៅ។ កើតហើយបើវាងាប់ទៅវិញ ឲ្យវាងាប់ទៅ ព្រោះកើតហើយវាត្រូវរបួសនៅកំពង់ឆ្នាំង។ មិនអ៊ីចឹង កើតជាមួយគ្នានៅសៀមរាប ដល់មកងាប់ត្រូវរបួសៗនៅកំពង់ឆ្នាំង ហើយប្រើពាក្យសម្ដីបែបហ្នឹង តើឲ្យគេតបតទេ?»
ពាក់ព័ន្ធបញ្ហានេះ លោក សាម អ៊ីន សមាជិកស្ថាបនិករបស់បណ្ដាញខ្មែរដើម្បីខ្មែរ និងជាអ្នកវិភាគសង្គមផង យល់ឃើញថា ការពិតវប្បធម៌សន្ទនានេះវាពុំមែនជាអ្វីដែលថ្មីសម្រាប់បរិបទ នយោបាយនៅកម្ពុជា ទេ គឺគ្រាន់តែផ្លាស់ប្ដូររូបភាពនៃចរន្តនយោបាយប៉ុណ្ណោះ។ លោកបន្តថា ប្រសិនបើវប្បធម៌សន្ទនានេះអាចត្រូវបាន លោក ហ៊ុន សែន លុបដូចការព្រមានមែន ក៏មិនជាបញ្ហាអ្វីឡើយ។ លោកបន្តថា ព្រោះវប្បធម៌សន្ទនានេះកើតឡើងដោយបង្ខំ និងក្នុងស្ថានភាពមួយទាល់ច្រកប៉ុណ្ណោះ។ លោក សាម អ៊ីន បន្តថា «ការ ព្រួយបារម្ភខ្លាំងថាវប្បធម៌សន្ទនានេះវាកើតឡើងដោយភាពទាល់ច្រក ដោយខ្វះខាតសុចរិតភាព។ វាអាចបង្កប់នូវកលល្បិចនយោបាយ។ អ៊ីចឹងហើយសម្រាប់ខ្ញុំដូចជាគិតថាមិនជារឿងចម្លែកទេ តាមមើលបទពិសោធន៍កន្លងមក។»
បើទោះជាបែបណា លោក ហ៊ុន សែន បញ្ជាក់ថា លោកមិនចង់ឃើញអ្នកនយោបាយខ្មែរប្រកាន់គោលការណ៍វប្បធម៌ទឹកឡើងត្រី ស៊ីស្រមោច និងទឹកហោចស្រមោចស៊ីត្រីម្តងទៀតនោះទេ៕
No comments:
Post a Comment