ក្រុមយុវជន ស្នើតុលាការ ឲ្យពិចារណា ឡើងវិញ ចំពោះ ការដាក់ទោស យុវជន គង់ រ៉ៃយ៉ា
RFA / វិទ្យុ អាស៊ី សេរី | ២៧ មីនា ២០១៦
យុវជនចូលរួមកិច្ចពិភាក្សាអំពី
ទស្សនៈយុវជនចំពោះសេចក្តីសម្រេចរបស់តុលាការលើករណីយុវជន គង់ រ៉ៃយ៉ា
ដែលរៀបចំដោយអង្គការបណ្ដាញយុវជនកម្ពុជា នៅភោជនីយដ្ឋានទន្លេបាសាក់
ក្រុងភ្នំពេញ ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦។ RFA/Yang Chandara
ការកាត់ទោស យុវជន គង់ រ៉ៃយ៉ា ឲ្យជាប់ពន្ធនាគារ ១៨ខែ ដោយតុលាការ ក្រុងភ្នំពេញ នៅតែ ជាប្រធានបទ ក្តៅ ក្នុងចំណោម យុវជនសកម្ម មកពីអង្គការ សង្គមស៊ីវិល, សាកលវិទ្យាល័យ, និងព្រះសង្ឃ។
នៅក្នុងវេទិកា ពិភាក្សា រយៈពេល ជាង ៣ម៉ោង ស្ដីពី «ទស្សនៈ យុវជន ចំពោះ សេចក្តីសម្រេច របស់ តុលាការ លើករណី យុវជន គង់ រ៉ៃយ៉ា» ដែលរៀបចំឡើង ដោយអង្គការ បណ្ដាញ យុវជន កម្ពុជា, ក្រុមយុវជន បានលើកឡើង ស្រដៀងគ្នា ថា, អ្វី ដែលលោក គង់ រ៉ៃយ៉ា បង្ហោះ នៅក្នុងទំព័រ ហ្វេសប៊ុក (Facebook) របស់ខ្លួន មិនមាន ចេតនាណា មួយ ក្នុងការញុះញង់ សាធារណជន ឲ្យធ្វើបដិវត្តន៍ ដូចការចោទប្រកាន់ របស់ តុលាការ នោះទេ។
ប្រធានបណ្ដាញយុវជនកម្ពុជា លោក ទឹម ម៉ាឡៃ យល់ឃើញថា ការដាក់ទោសនេះ មិនបានផ្តល់យុត្តិធម៌ដល់យុវជន គង់ រ៉ៃយ៉ា នោះទេ ពីព្រោះខ្លឹមសារដែលរូបគេបង្ហោះតាមហ្វេសប៊ុក មិនមានសភាពធ្ងន់ធ្ងរដូចបទចោទនោះឡើយ។ លោក ទឹម ម៉ាឡៃ គិតថា ការអប់រំណែនាំ ជាជម្រើសប្រសើរសម្រាប់ដាក់ទោសទណ្ឌយុវជន គង់ រ៉ៃយ៉ា ដែលមិនមែនជាការកាត់ទោសដាក់ពន្ធនាគារនោះឡើយ៖ «គ្រាន់តែមានការអប់រំ ការចុះហត្ថលេខា និងព្រមានគាត់ថាមិនគួរធ្វើអ៊ីចឹងទៀតនៅថ្ងៃក្រោយ វាជាការសមរម្យណាស់ទៅហើយសម្រាប់ពលរដ្ឋខ្មែរ ដើម្បីឲ្យគាត់ចេះប្រើប្រាស់បណ្ដាញហ្វេសប៊ុកដោយក្រមសីលធម៌។»
កាលពីថ្ងៃទី១៥ មីនា កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានកាត់ទោសយុវជន គង់ រ៉ៃយ៉ា ឲ្យជាប់ពន្ធនាគារ ១ឆ្នាំ ៦ខែ ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ក្រោយពេលយុវជនរូបនេះលើកឡើងអំពីបដិវត្តន៍ពណ៌នៅក្នុងហ្វេសប៊ុក របស់ខ្លួនកាលពីឆ្នាំ២០១៥ ដោយមានខ្លឹមសារថា «តើមានបងប្អូនណាហ៊ានធ្វើបដិវត្តពណ៌ជាមួយខ្ញុំទេ? ថ្ងៃណាមួយនៅពេលខាងមុខនេះ ខ្ញុំនឹងធ្វើបដិវត្តពណ៌ ដើម្បីផ្លាស់ប្ដូររបបដ៏ថោកទាបមួយនេះចេញពីសង្គមខ្មែរ ទោះបីជាត្រូវជាប់គុក ឬស្លាប់ក៏ដោយ ក៏ខ្ញុំត្រូវតែធ្វើដែរ។»
បុគ្គលិកអង្គការសង្គមស៊ីវិលម្នាក់ គឺកញ្ញា សែម នីតា ថ្លែងថា ការដាក់ទោសយុវជន គង់ រ៉ៃយ៉ា ១៨ខែ ហាក់ដូចជាធ្ងន់ធ្ងរពេក ដោយគ្រាន់តែរូបគេបញ្ចេញយោបល់ និងសួរសំណួរអំពីបដិវត្តន៍ពណ៌ទៅកាន់អ្នកប្រើប្រាស់ហ្វេសប៊ុកដទៃ ទៀត ខណៈរូបគេមិនមានឥទ្ធិពលអ្វីអាចកៀរគរមនុស្សមកធ្វើបដិវត្តន៍បាន នោះ។ កញ្ញា សែម នីតា ចង់ឃើញតុលាការកម្ពុជា ចាត់ការរឿងនេះដោយត្រឹមត្រូវ និងផ្តល់យុត្តិធម៌ដល់ លោក គង់ រ៉ៃយ៉ា៖ «បើសិនជាអាច សូមតុលាការធ្វើការសម្រេចចិត្តក្តីសាឡើងវិញ ហើយសូមឲ្យប្រមូលព័ត៌មាន និងភស្តុតាងអ្វីដែលឆ្លុះបញ្ចាំងឲ្យសង្គមស៊ីវិលមើលឃើញថា ពិតជាអ៊ីចឹងមែន។»
ជុំវិញរឿងនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា គ្មាននរណាម្នាក់អាចលូកដៃធ្វើអន្តរាគមន៍ ដើម្បីបន្ធូរបន្ថយទោស ឬដោះលែងយុវជន គង់ រ៉ៃយ៉ា បានឡើយ ព្រោះវាជាកិច្ចការរបស់តុលាការ។ ទោះបីជាបែបនេះក្តី លោក ជិន ម៉ាលីន ពន្យល់ថា មានមធ្យោបាយតែម្យ៉ាងប៉ុណ្ណោះដែលអាចឲ្យយុវជន គង់ រ៉ៃយ៉ា ទទួលបានការលើកលែង ឬបន្ធូរបន្ថយទោសបាន គឺការប្រើប្រាស់យន្តការច្បាប់ប្ដឹងទៅតុលាការជាន់ខ្ពស់ជាបន្តទៀត ហើយដែលនេះជាកិច្ចការរបស់មេធាវីភាគីពាក់ព័ន្ធ និងយុវជន គង់ រ៉ៃយ៉ា ខ្លួនឯងផ្ទាល់៖ «ធ្វើការប្តឹងផ្តល់បន្តទៀត ហើយត្រូវស្វែងរកភស្តុតាង អំណះអំណាង ឬក៏ទឡ្ហីករណ៍ថ្មីណា ដើម្បីបង្ហាញថា គាត់មានលទ្ធភាពអាចទទួលបានការសម្រាលទោសជាងនេះ ឬរួចផុតពីការចោទប្រកាន់។ នេះជាមធ្យោបាយតែមួយគត់ដែលគាត់អាចធ្វើបាន។»
រហូតមកទល់ពេលនេះ ក្រុមគ្រួសាររបស់យុវជន គង់ រ៉ៃយ៉ា មិនទាន់ប្រាកដទេថា នឹងត្រូវប្ដឹងបន្តទៅសាលាឧទ្ធរណ៍នៅពេលណានៅឡើយ។
ការផ្ដន្ទាទោសយុវជន គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារ ១៨ខែនេះ ធ្វើឲ្យក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ រិះគន់ប្រព័ន្ធតុលាការកម្ពុជា កាន់តែខ្លាំង ថាមិនឯករាជ្យ និងរងឥទ្ធិពលនយោបាយ។ ពួកគេថែមទាំងចោទប្រកាន់ទៀតថា ការកាត់ទោសអ្នកបញ្ចេញមតិតាមប្រព័ន្ធទំនាក់ទំនង ដូចជា ហ្វេសប៊ុក ជាដើម បូករួមនឹងការបង្កើតច្បាប់មួយចំនួនដូចជា ច្បាប់សហជីព ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល សុទ្ធតែជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបំបិទសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ៕
No comments:
Post a Comment