សង្គមស៊ីវិល ជាតិ, អន្តរជាតិ ថ្កោលទោស ចំណាត់ការ របស់ អង្គភាព ប្រឆាំង អំពើ ពុករលួយ
RFA / វិទ្យុ អាស៊ី សេរី | ២៨ មេសា ២០១៦
នាយកប្រតិបត្តិទទួលបន្ទុកកិច្ចការតំបន់អាស៊ីរបស់អង្គការ
យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams)
ផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី៦ កុម្ភៈ ២០១៥។ RFA/Yun Samean
មេដឹកនាំ អង្គការ សង្គមស៊ីវិល ជាតិ និងអន្តរជាតិ ថ្កោលទោស អង្គភាព ប្រឆាំង អំពើ ពុករលួយ ចំពោះ ចំណាត់ការ របស់ អង្គភាពនេះ ទៅលើ អ្នកការពារ សិទ្ធិមនុស្ស ចំនួន ៩នាក់។ ក្នុងនោះ ក៏មាន បុគ្គលិក អង្គការ សហប្រជា ជាតិ មួយរូបផង ពាក់ព័ន្ធ នឹងពាក្យបណ្ដឹង របស់ អ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលបានប្រាប់ សមត្ថកិច្ច ថា, រូបនាង ត្រូវ បានណែនាំ ឲ្យផ្ដល់ចម្លើយ មិនពិត ដល់អាជ្ញាធរ។
មេដឹកនាំអង្គការសង្គមស៊ីវិលទាំងនេះថា អង្គភាពប្រឆាំងអំពើពុករលួយ កំពុងគំរាមកំហែងដល់បេសកកម្មការពារសិទ្ធិមនុស្សរបស់អង្គការសង្គម ស៊ីវិល ហើយអំពាវនាវឲ្យប្រទេសម្ចាស់ជំនួយលើកយកបញ្ហានេះទៅជជែកជាមួយ តំណាងរដ្ឋាភិបាល។
អង្គការសង្គមស៊ីវិលជិត ៣០ ដែលធ្វើការពាក់ព័ន្ធសិទ្ធិមនុស្សនៅកម្ពុជា ចេញសេចក្ដីថ្លែងការណ៍រួមថ្កោលទោសរដ្ឋាភិបាលថា បានប្រើប្រាស់អង្គភាពប្រឆាំងអំពើពុករលួយជាឧបករណ៍នយោបាយមក គំរាមកំហែងអង្គការសង្គមស៊ីវិល។
ការចេញសេចក្ដីថ្លែងការណ៍រួមនៅពេលនេះ គឺនៅខណៈអង្គភាពប្រឆាំងអំពើពុករលួយ បានសាកសួរអ្នកការពារសិទ្ធិមនុស្សចំនួន ៨នាក់ អស់រយៈពេល ២ថ្ងៃ ហើយសម្រេចឃុំខ្លួន ៥នាក់។ ក្នុងចំណោម ៥នាក់នោះ ៤នាក់សុទ្ធសឹងតែជាមន្ត្រីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងម្នាក់ជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា បញ្ជូនទៅតុលាការ ដោយមិនបានបញ្ជាក់ពីបទចោទ។ រីឯបុគ្គលិកអង្គការសហប្រជាជាតិដែលមិនបានចូលខ្លួនបំភ្លឺតាមការ កោះហៅ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញដីកានាំខ្លួន។
ប្រធានសមាគមអាដហុក លោក ធន សារាយ ថ្លែងក្នុងសេចក្ដីថ្លែងការណ៍រួមថា សមាគមអាដហុក គ្រាន់តែផ្ដល់ជំនួយ និងការពារជនរងគ្រោះពីការរំលោភសិទ្ធិមនុស្សប៉ុណ្ណោះ។
នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការឃ្លាំមើល សិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) មានប្រសាសន៍ថា ចំណាត់ការដោយបំពានច្បាប់ពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយទៅលើ មន្ត្រីជាច្រើនរូបនៃសមាគមការពារសិទ្ធិមនុស្សអាដហុក គឺជាចេតនារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការកម្ទេចអង្គការនេះចោល៖ «ការស៊ើបអង្កេតនេះ ច្បាស់ណាស់គឺធ្វើឡើងសំដៅកម្ទេចអង្គការសង្គមស៊ីវិល។ អង្គការអាដហុក ដែលជាអង្គការសិទ្ធិមនុស្សល្បីឈ្មោះលើឆាកអន្តរជាតិ ត្រូវបានគេដៅ ដោយសារតែអង្គការនេះបានរិះគន់រដ្ឋាភិបាលអស់ជាច្រើនឆ្នាំមកហើយ ហើយលោក ហ៊ុន សែន បានរង់ចាំអស់ជាយូរមកហើយក្នុងការចាត់ការលោក ធន សារាយ ដែលជាប្រធានអង្គការនេះ។ លោក ហ៊ុន សែន ស្អប់លោក ធន សារាយ ព្រោះលោក ធន សារាយ បានចាកចេញពីគណបក្សប្រជាជនកម្ពុជា កាលពីចុងទសវត្សឆ្នាំ៨០ មកធ្វើជាបុគ្គលឯករាជ្យ ដោយបានបង្កើតអង្គការអាដហុក ក្នុងសម័យអ៊ុនតាក់ ដើម្បីតាមដានស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា ហើយធ្វើការងារនេះបានយ៉ាងល្អ ដូចក្រុមការងាររបស់គាត់ដែរ។»
បន្ថែមលើនេះ លោក ប្រ៊ែដ អាដាម លើកឡើងថា ការសម្រេចឃាត់ខ្លួនលោក នី ចរិយា ដែលបច្ចុប្បន្នកាន់តំណែងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត គឺជាលេសរបស់រដ្ឋាភិបាលដើម្បីអាចគ្រប់គ្រងស្ថាប័នរៀបចំការ បោះឆ្នោតមួយនេះ ឆ្ពោះទៅរកការឈ្នះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ៖ «ពួកគេ កំពុងស៊ើបអង្កេតអតីតបុគ្គលិករបស់អង្គការអាដហុក គឺលោក នី ចរិយា ដែលបច្ចុប្បន្នត្រូវបានតែងតាំងជាសមាជិកឯករាជ្យក្នុងគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត ពីព្រោះថា គណបក្សប្រជាជនកម្ពុជា ខ្លាចចាញ់ឆ្នោតក្នុងការបោះឆ្នោតលើកនេះ ដូច្នេះពួកគេត្រូវកម្ចាត់បញ្ហានេះ ហើយពួកគេកំពុងប្រើប្រាស់រឿងនេះធ្វើជាលេសក្នុងការកម្ចាត់បញ្ហា នេះ ដើម្បីអាចឲ្យពួកគេគ្រប់គ្រងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។»
លោក ប្រ៊ែដ អាដាម ចាត់ទុកថា ទង្វើរបស់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលព្យាយាមកម្ចាត់អង្គការសង្គមស៊ីវិល ថានឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរ៖ «លោក ឱម យ៉ិនទៀង នឹងប្រព្រឹត្តទោសកំហុសដ៏ធំមួយ។ ការិយាល័យអង្គការសហប្រជាជាតិ ក្នុងទំនាក់ទំនងជាមួយរដ្ឋាភិបាលនៃគ្រប់ប្រទេសទាំងអស់លើពិភពលោក បុគ្គលិករបស់អង្គការសហប្រជាជាតិមានអភ័យឯកសិទ្ធិ។ ប្រសិនបើរដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ ខ្ញុំសង្ស័យថា អង្គការសហប្រជាជាតិនឹងដកការិយាល័យចេញពីកម្ពុជា។ មានន័យថា គ្រប់កម្មវិធីអភិវឌ្ឍន៍ទាំងអស់របស់អង្គការសហប្រជាជាតិនឹងស្ថិត ក្នុងហានិភ័យ ដូចជាអង្គការសុខភាពពិភពលោក (WHO) អង្គការសហប្រជាជាតិស្ដីពីជំងឺអេដស៍ (UNAIDS) យូ.អិន.ឌី.ភី (UNDP) យូនីសេហ្វ (UNICEF) អង្គការទាំងអស់នេះ នឹងត្រូវពិចារណាឡើងវិញថា តើត្រូវនៅកម្ពុជា ឬយ៉ាងណា? ដូច្នេះ ប្រសិនបើលោក ឱម យ៉ិនទៀង ប្រព្រឹត្តកំហុសនេះ នោះនឹងមានផលវិបាកធ្ងន់ធ្ងរ ហើយគាត់ចង់បង្កើតព្រឹត្តិការណ៍អន្តរជាតិមួយ គឺសារព័ត៌មាននៅលើពិភពលោកនឹងផ្សព្វផ្សាយពីរឿងនេះនៅលើទំព័រមុខ នៅលើកញ្ចក់ទូរទស្សន៍ ហើយនោះនឹងក្លាយជាកំហុសដ៏អាក្រក់បំផុត។»
ខណៈសំណុំរឿងនេះត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅ តុលាការហើយ សមាគមការពារសិទ្ធិមនុស្សអាដហុក នៅថ្ងៃទី២៩ ខែមេសា ក៏បានចេញសេចក្ដីថ្លែងការណ៍អំពាវនាវដល់សហភាពអឺរ៉ុបដែលជាប្រទេស ម្ចាស់ជំនួយធំមួយរបស់កម្ពុជា លើកយកបញ្ហាស្ដីពីការគំរាមកំហែងអ្នកការពារសិទ្ធិមនុស្សនេះ ទៅជជែកក្នុងជំនួបពិភាក្សាជាមួយរដ្ឋាភិបាលដែលនឹងប្រព្រឹត្តទៅពី ថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ខាងមុខ៕
No comments:
Post a Comment