Paris Peace Accords 23 Oct. 1991

Tuesday, June 28, 2016

លោក ហ៊ុន សែន ព្រមាន ​បរទេស​ និង​សង្គម​ ស៊ីវិល​ កុំ​ ឲ្យ​ភ្ជាប់​ខ្លួន​ ទៅ​នឹង​ បុគ្គល​ ល្មើស​ច្បាប់ | Hun Sen warns foreigners, civil society against attaching themselves to individuals who broke laws

លោក ហ៊ុន សែន ព្រមាន ​បរទេស​ និង​សង្គម​ ស៊ីវិល​ កុំ​ ឲ្យ​ភ្ជាប់​ខ្លួន​ ទៅ​នឹង​ បុគ្គល​ ល្មើស​ច្បាប់

RFA / វិទ្យុ អាស៊ី សេរី | ២៨ មិថុនា ២០១៦


ហ៊ុន សែន ៨៥៥ ២០១៦
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ខួប​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នា​ទីស្នាក់ការ​កណ្ដាល​បក្ស​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៦។ RFA/Brach Chev 
 
លោក​ នាយក​រដ្ឋមន្ត្រី​ បញ្ជាក់​ជា​ថ្មី​ ថា, កម្ពុជា គ្មាន ​វិបត្តិ​ នយោបាយ ​ទេ, មាន​តែ​ បញ្ហា​បុគ្គល។  លោក​ ក៏​ព្រមាន ​បរទេស និង​សង្គម​ ស៊ីវិល កុំ​ ឲ្យ​ភ្ជាប់​ខ្លួន​ ទៅ​នឹង​បុគ្គល​ ល្មើស​ច្បាប់។  ប៉ុន្តែ​ សង្គម​ស៊ីវិល និង​មន្ត្រី​ គណបក្ស​ប្រឆាំង​ ដែល​មាន​ សំឡេង​ឆ្នោត​ ជិត​ពាក់​កណ្ដាល​ នៅ​សភា ថា, ​ស្ថានភាព ​នយោបាយ​ នៅ​ពេល​នេះ​ហើយ​ ជា​វិបត្តិ​ នយោបាយ, ព្រោះ​ អ្វី​ ដែល​កើត​ឡើង ​ប៉ះពាល់ ​ដល់​អភ័យ​ឯកសិទ្ធិ​ អ្នក​តំណាង​រាស្ត្រ។

ផ្ទុយ ​ពី​កាយវិការ ​លើក​ដៃ​ ចង្អុល​ចុះ​ឡើង​ ដូច​រាល់​ដង, លោក ហ៊ុន សែន ដែល​ថ្លែង​ ក្នុង​នាម​ ជា​ប្រធាន​ គណបក្ស​ ប្រជាជន​ កម្ពុជា ក្នុង​ពិធី​ ប្រារព្ធ​ខួប​ លើក​ទី​៦៥ នៃ​ការ​បង្កើត​ គណបក្ស​ ប្រជាជន​ កម្ពុជា, លោក ហ៊ុន សែន មិន​បាន ​បង្ហាញ​ ការ​ខឹង​ ច្រឡោត​ទេ។  លោក ​នាយក​រដ្ឋមន្ត្រី ថា, ​អ្វី​ ដែល​កើត​ឡើង​ នៅ​ពេល​នេះ ព្រោះ​តែ​ បុគ្គល​ ផ្ទាល់​ខ្លួន​ មួយ​ចំនួន ​ដែល​បាន ​ប្រព្រឹត្ត​ ខុស​ច្បាប់៖ «កម្ពុជា ពុំ​មាន​ វិបត្តិ​ អ្វី​ឡើយ, ហើយ​ ការ​ខិតខំ ​ប្រកាស ​របស់ ​ក្រុម​មនុស្ស​ ដែល​ថា​ កម្ពុជា កំពុង ​មាន​វិបត្តិ ឬ​មាន​កម្ដៅ​ នយោបាយ​នោះ គឺ​ ជា​ការ​ប៉ុនប៉ង ​បំភ័ន្ត​ មតិ​ សាធារណជន។  នេះ​ ជា​វិបត្តិ​ ផ្ទាល់​ខ្លួន​ មួយ​ចំនួន​ តូច។  ដូច្នេះ​ បរទេស, សង្គម​ស៊ីវិល មិន​គួរ​ ភ្ជាប់​ខ្លួន ​នឹង​រឿង​នេះ ​ទេ»



ថ្លែង​ចំពោះ​មុខ​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រមាណ ១​ម៉ឺន​នាក់​ដែល​មាន​ទាំង​ប្រមុខ​ការទូត​ប្រទេស​មួយ​ចំនួន នៅ​ទីស្នាក់ការ​កណ្ដាល​បក្ស​របស់​ខ្លួន​នា​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មិថុនា លោក ហ៊ុន សែន ស្នើ​ទៅ​បរទេស​មួយ​ចំនួន កុំ​លូក​ដៃ​ចូល​ការ​អនុវត្ត​ច្បាប់​ប្រទេស​កម្ពុជា និង​ត្រូវ​ស្វែង​យល់​ពី​ស្ថានការណ៍​កម្ពុជា ឲ្យ​បាន​ច្បាស់៖ «យើង ​សង្ឃឹម​មជ្ឈដ្ឋាន​បរទេស​មួយ​ចំនួន​ដែល​មិន​បាន​យល់​អំពី​សភាពការណ៍​ពិត​នៅ​ កម្ពុជា សុំ​បន្ត​ស្វែង​យល់​ឲ្យ​បាន​ច្បាស់លាស់ ជាមួយ​នឹង​ការ​គោរព​អធិបតេយ្យ​ភាព​របស់​កម្ពុជា»


ទោះ​ថ្លែង​មិន​ចេញ​ឈ្មោះ ប៉ុន្តែ​គេ​ដឹង​ថា អ្វី​ដែល​លោក ហ៊ុន សែន លើក​ឡើង គឺ​សំដៅ​ទៅ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​កំពុង​ជាប់​ពាក់ព័ន្ធ​រឿង​អាស្រូវ​ស្នេហា​ជាមួយ​អ្នក​នាង ខុម ចាន់តារាទី ហៅ ស្រី​មុំ ខណៈ​ក្រុម​សមត្ថកិច្ច​កំពុង​ប៉ុនប៉ង​ចាប់​ខ្លួន​ទាំង​កំពុង​មាន​អភ័យ​ ឯកសិទ្ធិ។

ប្រតិកម្ម​របស់​លោក ហ៊ុន សែន នៅ​ពេល​នេះ ស្រប​គ្នា​ដែល​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​អន្តរជាតិ និង​ប្រមុខ​ការទូត​នៃ​ប្រទេស​មួយ​ចំនួន តែង​តែ​នាំ​គ្នា​ទៅ​ជួប​លោក កឹម សុខា នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ពី​ស្ថានភាព និង​បញ្ហា​នយោបាយ។

នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្រ្វែល (COMFREL) លោក គល់ បញ្ញា ដែល​តាម​ដាន​ដំណើរ​ការ​រដ្ឋាភិបាល​បញ្ជាក់​ថា រឿងរ៉ាវ​កើត​ឡើង​ពេល​នេះ ឈាន​ដល់​វិបត្តិ​នយោបាយ​ហើយ ព្រោះ​តំណាង​រាស្ត្រ​គណបក្ស​មួយ​ក្នុង​ចំណោម​ពីរ​នៅ​រដ្ឋសភា កំពុង​រង​ការ​រំលោភ​បំពាន​អភ័យ​ឯកសិទ្ធិ។ ចំពោះ​ការ​ព្រមាន​មិន​ឲ្យ​សង្គម​ស៊ីវិល​ភ្ជាប់​ខ្លួន​ទាក់ទង​រឿង​នេះ លោក គល់ បញ្ញា ថា​នេះ​ជា​ការ​គំរាម​កំហែង​ដល់​សង្គម​ស៊ីវិល៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​ដែរ ដោយសារ​រឿង​ការ​អនុវត្ត​ច្បាប់​នោះ។ យើង​អត់​អាច​គិត​ទុក​មុន​បាន ថា​យក​គំរូ​ស្តង់ដារ​យ៉ាង​ម៉េច?»


ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ សហភាព​អឺរ៉ុប និង​អង្គការ​សហប្រជាជាតិ បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានការណ៍​របស់​កម្ពុជា នៅ​ពេល​នេះ និង​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​វិល​ចូល​តុ​ចរចា។
ចំណែក​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ក៏​មិន​យល់​ស្រប​ទៅ​នឹង​ការ​លើក​ឡើង​របស់​លោក ហ៊ុន សែន ដែរ។ លោក​យល់​ថា ការ​ព្រមាន​របស់​លោក ហ៊ុន សែន មិន​មាន​ប្រសិទ្ធភាព​ទេ៖ «បើ ​មាន​ការ​ទទួល​ស្គាល់​បញ្ហា​ពី​សំណាក់​គណបក្ស​កាន់​អំណាច ទើប​យើង​អាច​ដោះស្រាយ​បាន។ បើ​នៅ​តែ​មិន​ទទួល​ស្គាល់ ហើយ​ថា​ជា​រឿង​បុគ្គល នឹង​ធ្វើ​ឲ្យ​រឿង​នេះ​កាន់​តែ​ស្មុគស្មាញ»
នៅ​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ កំពុង​រក​ច្រក​ចេញ​ពី​វិបត្តិ​នយោបាយ បន្ទាប់​ពី​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ ប៉ុន្តែ​បែរ​ជា​ត្រូវ​លោក ហ៊ុន សែន បញ្ជា​ឲ្យ​សមត្ថកិច្ច​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​នៃ​ញត្តិ​នេះ​ទៅ​ វិញ។

បន្ទាប់​មក​ទៀត តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ចូល​គាល់​ព្រះមហាក្សត្រ ប៉ុន្តែ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី ​ព្រះបរមរាជវាំង​នៅ​ឡើយ​ទេ។ រហូត​មក​ដល់​ពេល​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រមូល​ស្នាម​មេដៃ​ពី​អ្នក​គាំទ្រ ដើម្បី​យក​ទៅ​ថ្វាយ​ព្រះមហាក្សត្រ​បន្ត​ទៀត៕



1 comment:

  1. Anonymous1:21 AM

    And when will that guy [Hun Sen] stop pointing the finger at others?

    ReplyDelete