Paris Peace Accords 23 Oct. 1991

Thursday, July 3, 2014

អង្គការ​​ អន្តរជាតិ៖ រដ្ឋ​ប្រហារ ​មិន​សម្រេច​ ឆ្នាំ​១៩៩៤​​ ធ្វើ​ឲ្យ ​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង

ហ៊ុន សែន ៣០៥
១០-ធ្នូ-២០១២៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្សារ​ទំនើប​របស់​ជប៉ុន នៅ​ក្បែរ​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ រាជធានី​ភ្នំពេញ។

អង្គការ​​ អន្តរជាតិ៖ រដ្ឋ​ប្រហារ ​មិន​សម្រេច​ ឆ្នាំ​១៩៩៤​​ ធ្វើ​ឲ្យ ​លោក ហ៊ុន សែន កាន់​តែ​ខ្លាំង

ដោយ យន់ សាមៀន / អាស៊ីសេរី | ០៣ កក្កដា ២០១៤

មន្ត្រី​ អង្គការ​ សិទ្ធិ​មនុស្ស​ អន្តរជាតិ ​អះអាង​ថា ការ​ធ្វើ​រដ្ឋ​ប្រហារ​ មិន​បាន​សម្រេច​ កាល​ពី​ឆ្នាំ​១៩៩៤ បង្ក​ឡើង​ដោយ​ មន្ត្រី​ ជាន់​ខ្ពស់​ គណបក្ស​ ប្រជាជន​កម្ពុជា ប៉ុនប៉ង​ទម្លាក់​ សហ​នាយក រដ្ឋមន្ត្រី គឺ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ហ៊ុន សែន បាន​បណ្ដាល​ឲ្យ ​កម្ពុជា ជួប​ប្រទះ​ផលវិបាក​អាក្រក់​ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។  បរាជ័យ​ នៃ​រដ្ឋ​ប្រហារ​នោះ បាន​ផ្ដល់​ឱកាស​ ឲ្យ ​លោក​នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្ដោបក្ដាប់​អំណាច​ ប៉ូលិស និង​យោធា​ទាំង​ស្រុង​រហូត​មក​ដល់ ​ពេល​បច្ចុប្បន្ន​នេះ។
លោក ប៊្រែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ផ្នែក​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា រដ្ឋប្រហារ​ឆ្នាំ​១៩៩៤ បណ្ដាល​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែ បង្កើត​កម្លាំង​ប៉ូលិស និង​យោធា​គ្រប់គ្រាន់ ដើម្បី​ធ្វើ​រដ្ឋ​ប្រហារ​ទម្លាក់​ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​១។
លោក ប៊្រែដ អាដាម៖ «នៅ​ពេល​លោក ហ៊ុន សែន ដឹង​ខ្លួន​ថា មាន​មនុស្ស​មួយ​ចំនួន​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា ក្បត់​រូប​លោក​នោះ គាត់​ទាមទារ​គ្រប់គ្រង​កងកម្លាំង​ប៉ូលិស ដើម្បី​អាច​ការពារ​ខ្លួន​គាត់​បាន។ គាត់​បាន​តែងតាំង​លោក ហុក ឡងឌី ជា​អគ្គស្នងការ​ប៉ូលិស។ លោក ហុក ឡងឌី ជា​មនុស្ស​កំណាច​មួយ​រូប គាត់​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន​ករណី។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោក ហ៊ុន សែន បាន​បង្កើត​កង​អង្គរក្ស​ដ៏​ធំ​សម្បើម​មួយ​ផ្ទាល់​ខ្លួន​របស់​គាត់ ចំនួន​កង​អង្គរក្ស​នោះ មាន​ចំនួន​រហូត​ដល់​រាប់​ពាន់​នាក់។ តាម​រយៈ​កងកម្លាំង​អង្គរក្ស​នេះ បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្លាយ​ជា​មនុស្ស​មាន​អំណាច​ជាង​គេ​នៅ​កម្ពុជា»
ព្រឹត្តិការណ៍​ប៉ុនប៉ង​រដ្ឋ​ប្រហារ​ទម្លាក់​សហ​នាយករដ្ឋមន្ត្រី​ទី​១ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​សហ​នាយករដ្ឋមន្ត្រី​ទី​២ លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២ កក្កដា ឆ្នាំ​១៩៩៤ គិត​មក​ដល់​ថ្ងៃ​នេះ​មាន​រយៈពេល ២០ឆ្នាំ​គត់។
មេដឹកនាំ​ប៉ុនប៉ង​រដ្ឋ​ប្រហារ​ដែល​មិន​បាន​ជោគជ័យ​នៅ​ឆ្នាំ​១៩៩៤ នោះ រួម​មាន​ព្រះអង្គម្ចាស់ នរោត្តម ចក្រពង្ស បុត្រា​របស់​ព្រះ​មហា​វីរក្សត្រ សម្ដេច​ព្រះ​នរោត្តម សីហនុ លោក ស៊ិន សុង អតីត​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​លោក ស៊ិន សេន អតីត​ប្រធាន​សន្តិសុខ​ផ្ទៃក្នុង​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ធ្វើ​ឃាត កាល​ពី​សម័យ​អ៊ុនតាក់។
មេដឹកនាំ​រដ្ឋ​ប្រហារ​ទាំ​ង​បី​នាក់​នោះ ខឹងសម្បា​ខ្លាំង​នឹង​សហ​នាយករដ្ឋមន្ត្រី​ទាំង​ពីរ ដោយសារ​មិន​បាន​ទទួល​តំណែង​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣។ ក្រៅ​ពី​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា មន្ត្រី​ថៃ និង​ក្រុម​ឈ្មួញ​ថៃ ក៏​ជាប់​ពាក់ព័ន្ធ​គាំទ្រ​ក្នុង​ការ​ប៉ុនប៉ង​រដ្ឋ​ប្រហារ​នោះ​ដែរ។ ក្រុមហ៊ុន​ទូរស័ព្ទ និង​ទូរទស្សន៍ IBC របស់​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រ (Thaksin Shinawatra) ក៏​ខឹងសម្បា​យ៉ាង​ខ្លាំង​នឹង​សហ​នាយករដ្ឋមន្ត្រី​ទាំង​ពីរ ដែល​បាន​លុបចោល​កិច្ចសន្យា ៩៩​ឆ្នាំ​របស់​ក្រុមហ៊ុន​នេះ​​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​មុន។
ការ​ប៉ុនប៉ង​រដ្ឋប្រហារ​មិន​បាន​សម្រេច​នោះ ត្រូវ​បាន​ទប់ស្កាត់​ទាន់​ពេល​វេលា​ដោយ​កងទ័ព​រដ្ឋាភិបាល​ដែល​មាន​ស្វាមីភក្ដិ​ចំពោះ​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ សហ​នាយករដ្ឋមន្ត្រី​ទី​១ ហើយ​មេដឹកនាំ​ទាំង​បី​ត្រូវ​បាន​ចាប់​ខ្លួន។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ធ្លាប់​រិះគន់​លោក ហ៊ុន សែន ដោយ​ប្រយោល​នៅ​ក្នុង​រដ្ឋសភា ក្រោយ​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ហើយ​បន្ទាប់​មក​ត្រូវ​លោក ហ៊ុន សែន បញ្ជូន​អោយ​ទៅ​ធ្វើ​ជា​ឯកអគ្គរាជទូត​ប្រចាំ​កម្ពុជា នៅ​ប្រទេស​អូស្ត្រាលី​នោះ  បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​អង្គារ ទី​២ កក្កដា ថា លោក ប៊្រែដ អាដាម ប្រឌិត​ប្រវត្តិសាស្ត្រ។
លោក​ច្រាន​ចោល​ព័ត៌មាន​ដែល​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្លាប់​មាន​វិបត្តិ​ផ្ទៃក្នុង​ជា​យូរយារ​ណាស់​មក​ហើយ៖ «ធ្វើ​ឡើង​ដើម្បី​ញុះញង់ ដើម្បី​ឲ្យ​អាប់​កិត្តិយស​សម្ដេច ហ៊ុន សែន»
បើ​តាម​ការ​កត់ត្រា​របស់​លោក ប៊្រែដ អាដាម ឲ្យ​ដឹង​ថា កាល​ពី ២០​ឆ្នាំ​មុន ថ្ងៃ​ទី​២ កក្កដា ក្បួន​រថក្រោះ​គាំទ្រ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មិន​ពេញ​ចិត្ត​នឹង​លោក ហ៊ុន សែន បាន​ចាប់​ផ្ដើម​ក្បួន​ពី​ខេត្ត​ព្រៃវែង។ នៅ​ពេល​នោះ លោក ហ៊ុន សែន មាន​ការ​ភ័យ​រន្ធត់​ដោយសារ​មិន​ទាន់​មាន​កម្លាំង​ប្រដាប់​អាវុធ​គ្រប់គ្រាន់​ដើម្បី​ការពារ​សុវត្ថិភាព ក៏​ស្នើ​ឲ្យ​អតីត​មេទ័ព​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ ជួយ​សង្គ្រោះ។ លោក ញឹក ប៊ុនឆៃ ក៏​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ទប់ស្កាត់​កង​ប្រដាប់​អាវុធ​ទាំង​នោះ​ទាន់​ពេល​វេលា មិន​អោយ​ចូល​មក​ទីក្រុង​ភ្នំពេញ បាន ដែល​អាច​ជួយ​សង្គ្រោះ​លោក ហ៊ុន សែន និង​សម្ដេច​ក្រុមព្រះ​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ។
លោក  ប៊្រែដ អាដាម បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ច្បាស់​ថា តើ​មេដឹកនាំ​រដ្ឋ​ប្រហារ​នោះ មាន​គម្រោង​ចាត់​វិធានការ​យ៉ាង​ណា​ចំពោះ​លោក ហ៊ុន សែន និង​សម្ដេច​ក្រុមព្រះ។ ប៉ុន្តែ​ព្រឹត្តិការណ៍​ក្រឡាប់​ចាក់​ដែល​នឹក​ស្មាន​មិន​ដល់​នោះ គឺ ៣​ឆ្នាំ​ក្រោយ​មក លោក ញឹក ប៊ុនឆៃ ដែល​ធ្លាប់​ជួយ​សង្គ្រោះ​លោក ហ៊ុន សែន ត្រូវ​លោក ហ៊ុន សែន ដេញ​តាម​សម្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ ទៅ​វិញ។
ទោះបី​ជា​យ៉ាង​ក៏ដោយ លោក ប៊្រែដ អាដាម បន្ត​អះអាង​ថា លោក​បាន​រំលឹក​ប្រវត្តិ​នៃ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៤ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ​កត់​ទុក​ក្នុង​ប្រវត្តិសាស្ត្រ។
លោក ប៊្រែដ អាដាម បន្ត​ទៀត​ថា បទពិសោធន៍​នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​នេះ បង្ហាញ​ថា ប្រទេស​កម្ពុជា ត្រូវ​មាន​ស្ថាប័ន​កងកម្លាំង​សន្តិសុខ និង​យោធា​ឯករាជ្យ ជៀស​វាង​ពាក់ព័ន្ធ​ចូល​រួម​នឹង​នយោបាយ​ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​រដ្ឋ​ប្រហារ​ទៅ​ថ្ងៃ​ក្រោយ៕


No comments:

Post a Comment