Paris Peace Accords 23 Oct. 1991

Wednesday, July 2, 2014

បក្ស​ប្រឆាំង​ ព្រមាន​ថា, ​បើ ​មិន​កែ​ទម្រង់​ គ.ជ.ប., កម្ពុជា​ នឹង​រង​សម្ពាធ ​ពី​អន្តរជាតិ

បក្ស​ប្រឆាំង​ ព្រមាន​ថា, ​បើ ​មិន​កែ​ទម្រង់​ គ.ជ.ប., កម្ពុជា​ នឹង​រង​សម្ពាធ ​ពី​អន្តរជាតិ

វិទ្យុ ​អាស៊ី សេរី | ២ កក្កដា ២០១៤
គ.ជ.ប
ទីស្ដីការ​ គណៈកម្មាធិការ​ ជាតិ ​រៀបចំ ​ការ​បោះ​ឆ្នោត (គ.ជ.ប.)  RFA

មេ​ដឹក​នាំ​ គណបក្ស ​សង្គ្រោះ​ជាតិ ព្រមាន​ថា, បើ​សិន​ជា​ គណបក្ស​ ប្រជាជន​កម្ពុជា មិន​ធ្វើ ​កំណែ​ទម្រង់ ​គណៈកម្មាធិការ​ ជាតិ រៀបចំ​ ការ​បោះ​ឆ្នោត (គ.ជ.ប.) ឲ្យ​បាន​ ពិត​ប្រាកដ​ទេ, ការ​បោះ​ឆ្នោត ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ នឹង​ទទួល ​រង​សម្ពាធ ពី​សហគមន៍​ អន្តរជាតិ។

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់ ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា, ការ​បោះ​ឆ្នោត​ នីតិកាល ​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ បើ​គណបក្ស​ សង្គ្រោះ​ជាតិ មិន​ចូលរួម​ទេ គឺ គណបក្ស​ ប្រជាជន​កម្ពុជា ក៏​មាន​គូ ​ប្រកួតប្រជែង​ ផ្សេង​ទៀត​ដែរ។

មន្ត្រី​ជាន់​ខ្ពស់ ​គណបក្ស​ សង្គ្រោះ​ជាតិ ថ្លែង​ថា, គណបក្ស​ ប្រជាជន​កម្ពុជា គ្មាន ​ចេតនា​ ធ្វើ​កំណែ​ទម្រង់ ​គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត​ទេ ដោយសារ​ គណបក្ស​នេះ ​ខ្លាច​ការ​បោះ​ឆ្នោត ​ត្រឹមត្រូវ ដែល​នឹង​ធ្វើ ឲ្យ​បាត់​បង់​ សំឡេង ​អ្នក​គាំទ្រ​ របស់​ខ្លួន។

ប្រធាន​ ស្ដីទី ​គណបក្ស សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ដឹង ​នៅ​ថ្ងៃ​ ទី​២ កក្កដា ថា, គណបក្ស​ សង្គ្រោះ​ជាតិ នឹង​ពិចារណា ​ថា តើ​ គួរ​ចូលរួម ​បោះ​ឆ្នោត ​ឆ្នាំ​២០១៨ ខាង​មុខ ឬ​មិន​ចូល?  លោក កឹម សុខា សង្កត់​ធ្ងន់​ថា, បើ​សិនជា ​គណបក្ស ​ប្រជាជន​កម្ពុជា មិន​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប. ទេ, ការ​បោះ​ឆ្នោត​ នៅ​ពេល​ ខាង​មុខ ​នៅ​តែ​ មិន​ទទួល​បាន ​យុត្តិធម៌ និង​ត្រឹមត្រូវ, ហើយ​ គណបក្ស ​ប្រជាជន​កម្ពុជា នឹង​ទទួល​សម្ពាធ ​ពី​សហគមន៍ ​អន្តរជាតិ៖ «បោះ​ឆ្នោត​ អត់​ត្រឹមត្រូវ សហគមន៍​ ជាតិ និង​អន្តរជាតិ នឹង​មិន​ទទួល​ យក​បាន​ទេ ម្ដង​នេះ។  ដូច្នេះ​ហើយ ​យើង​ នឹង​ពិចារណា ថា​, តើ​ យើង​ ចូលរួម ឬ​មិន​ចូលរួម?  ហើយ​ មិន​មែន ​គាត់​ ថា, ហេ​ ចេះ​បង្កើត​ បក្ស​ពីរ​ បី​ ទៀត​បាន​ទេ។  គេ​ ដឹង​ហើយ​ ថា, ប្រជារាស្ត្រ​ គាំទ្រ​ បក្ស​ណា។  គឺ មាន​តែ​ សង្គ្រោះ​ជាតិ និង​ប្រជាជន​ទេ។  ដូច្នេះ ​អត់​មាន​ន័យ​ទេ ទោះ​បី​ មាន​បក្ស​ផ្សេង​ ក៏ដោយ។»

ការ​ថ្លែង​ដូច្នេះ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​លែង​កូន​ត្រី ទិវា​មច្ឆជាតិ ១ កក្កដា នៅ​ខេត្ត​កំពង់ឆ្នាំង ដោយ​អះអាង​ថា លោក​មិន​ខ្វល់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម ឬ​មិន​ចូលរួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នោះ​ទេ ពីព្រោះ​នៅ​មាន​គណបក្ស​ជាច្រើន​ទៀត​នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ ​ឆ្នោត​នេះ៖ «ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត រាល់​ថ្ងៃ​ហ្នឹង ចុះ​បើ​អត់​បាន​កែ​ផង? តើ​អា​ថ្មី​មិន​មាន​ច្បាប់​ថ្មី​មិន​មក​ច្បាប់​ច្បាស់​នៅ​តែ​មាន​ជា​ធរមាន លោក​ឯង​ចង់​ឲ្យ​អា​ថ្មី​មក តែ​លោក​ឯង​មិន​ព្រម​ចូល? នៅ​កិកកុក ហើយ​អាង​អី​អាង​សង្កត់​គេ ហេ​ធ្វើ​ដូច​ជា​មេម៉ាហ្វយ៉ា ម៉េច​ហ្នឹង? ហេង​ទាល់​តែ​តាម​អញ​ទើប​អញ​ឲ្យ​ថ្នាំ​ញៀន។»

ការ​ថ្លែង​សារ​នយោបាយ​ព្រមាន​គ្នា​ដូច្នេះ​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅ​ខណៈ​ដែល​ការ​ចរចា​ស្ថិត​នៅ​ទ្រឹង​នៅ​ឡើយ ដែល​តំណាង​គណបក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​លើ​ការ​កែ​ទម្រង់ គ.ជ.ប ដោយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​ការ​ជ្រើស​រើស​សមាជិក គ.ជ.ប ដោយ​សំឡេង​អនុម័ត​ក្នុង​សភា​២​ភាគ​៣។ ដោយ​ឡែក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ​ចង់​បាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប នោះ ដោយ​សំឡេង​៥០​ភាគរយ​បូក​១ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​សមាជិក​សភា​ទាំង​មូល។

អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ប្រសិន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ខាង​មុខ ពុំ​បាន​កែ​ទម្រង់ គ.ជ.ប ទេ​នោះ ការ​បោះ​ឆ្នោត​នេះ លោក​អះអាង​ថា គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​បន្លំ​ភ្នែក​សហគមន៍​អន្តរជាតិ​ទេ ដោយ​ហេតុ​ថា ការ​បោះ​ឆ្នោត​នេះ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ៖ «ហើយ ​អ្វី​ដែល​គាត់​ថា ការ​សម្រេច​២​ភាគ​៣​បំផ្លាញ​ប្រជាធិបតេយ្យ​ហ្នឹង ខ្ញុំ​គិត​ថា ត្រឹមត្រូវ​ហើយ បំផ្លាញ​ប្រជាធិបតេយ្យ ក្លែងក្លាយ​ឲ្យ​ទៅ​ជា​ប្រជាធិបតេយ្យ​ពិត​ប្រាកដ កន្លែង​យើង​នេះ​យើង​ក៏​ដឹង​ដែរ​ថា គណបក្ស​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ហ្នឹង​គ្រាន់​តែ​ជា​ការ​និពន្ធ ជួន​កាល​គាត់​ឲ្យ​អ្នក​នេះ អ្នក​នោះ​បង្កើត​គណបក្ស​ទៅ នឹង​ទៅ​ចូលរួម កន្លង​មក​គឺ​មាន​អ៊ីចឹង?»

ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្ងៃ ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ មក​ទល់​ពេល​នេះ មាន​រយៈពេល​ជាង ១១​ខែ​ហើយ ដែល​តំណាង​គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ជាច្រើន​លើក មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ ដោយ​នៅ​ទ្រឹង​នៅ​ត្រង់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប នេះ។ មក​ទល់​ពេល​នេះ តំណាង​គណបក្ស​ទាំង​ពីរ​មិន​ទាន់​កំណត់​ពេល​ជួប​គ្នា​ជា​ថ្មី​នៅ​ឡើយ៕



1 comment:

  1. Anonymous6:59 PM

    did hunxen scares the yuon or the CNRP?

    ReplyDelete