ប្រជាពលរដ្ឋ មកទាមទារសំណងនៅមុខអាជ្ញាធរជាតិអប្សរា ខេត្តសៀមរាប (រូបថត៖ បូ សាវី)
អ្នកមានជម្លោះដីធ្លី ចំនួនពីរស្រុក ទាមទារ ឲ្យអាជ្ញាធរអប្សរា ពន្លឿនដោះស្រាយ និងផ្ដល់សំណង
ដោយ៖ បូ សាវី | ថ្ងៃព្រហស្បតិ៍ ទី3 កក្កដា 2014
អ្នកមានជម្លោះដីធ្លី ជាង១០០នាក់ មកពី ស្រុកចំនួនពីរ នៅខេត្ដសៀមរាប នៅព្រឹកថ្ងៃព្រហស្បត្ដិ៍នេះ ប្រមូលផ្ដុំគ្នាដាក់ញត្ដិ នៅអាជ្ញាធរជាតិអប្សរា ដើម្បីឲ្យស្ថាប័នមួយនេះ ពន្លឿនការដោះស្រាយ និងផ្ដល់សំណង ឲ្យបានឆាប់ ខណៈរដូវវស្សា ចូលមកដល់។
តំណាងពលរដ្ឋ នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី លោក ហ៊ួន ហំ ប្រាប់ VOD នៅខាងមុខទីស្នាក់ការ អាជ្ញាធរជាតិអប្សរា ថា ដីស្រែចម្ការ ពលរដ្ឋ នៅតំបន់នោះ ត្រូវអាជ្ញាធរជាតិអប្សរា យកធ្វើ តំបន់អភិវឌ្ឍន៍ ភូមិរុនតាឯក ដោយមិនមានដំណោះស្រាយ ជាសំណង ដល់ពលរដ្ឋ នៅឡើយ។ លោកបន្ដថា មិនត្រឹមតែ មិនផ្ដល់យុត្ដិធម៌ ដល់ពួកគេ ប៉ុណ្ណោះទេ ប៉ុន្ដែ ស្ថាប័នមួយនេះ ថែមទាំង ប្ដឹង ពួកគាត់ ៧នាក់ ឡើងតុលាការ ថែមទៀតផង។
តំណាងពលរដ្ឋមួយរូបទៀត នៅភូមិខ្នារសង្គ្រាម ឃុំបល្ល័ង ស្រុកប្រាសាទបាគង លោក រ៉ាន់ រ៉ា ឲ្យដឹងថា អាជ្ញាធរជាតិអប្សរា បានសន្យារកដំណោះស្រាយឲ្យពួកគាត់ជាច្រើនលើមកហើយ ប៉ុន្ដែមិនមានប្រសិទ្ធិភាព។ លោកបន្ដថា ពួកគេទាមទារឲ្យអាជ្ញាធរជាតិអប្សរា ពន្លឿនការដោះស្រាយដែលអួសបន្លាយជិត២០ឆ្នាំជាមួយស្ថាប័ននេះ ដោយឲ្យផ្ដល់សំណង ជាគោលនយោបាយ ឬជាថ្នូរដីធ្លីឲ្យបានឆាប់ ដើម្បីឲ្យពួកគាត់ធ្វើស្រែចម្ការខណៈរដូវវស្សាចូលមកដល់។
ប៉ុន្ដែទោះជាយ៉ាងណា ការដាក់ញត្ដិនេះ មិនមានការរារាំងពីកម្លាំងសមត្ថកិច្ចនោះទេ ដោយគេឃើញមានមន្ដ្រីនាយកដ្ឋានផ្សព្វផ្សាយអាជ្ញាធរជាតិអប្សរា លោក អ៊ឹម សុខរិទ្ធី បានចេញមកទទួលយកញត្ដិ និងឲ្យពលរដ្ឋចូលជូប នៅព្រឹកថ្ងៃដដែលនេះ។
VOD មិនទាន់អាចទាក់ទង អគ្គនាយកអាជ្ញាធរជាតិអប្សរា លោក ប៊ុន ណារិទ្ធិ ដើម្បីសុំការបំភ្លឺជុំវិញពីករណីនេះបាននៅឡើយទេ ដោយលោកប្រាប់ថា ជាប់រវល់ជាមួយពលរដ្ឋលើករណីនេះ។
បើតាមពលរដ្ឋ ឲ្យដឹងថា ទំនាស់ដីធ្លីនេះ កើតឡើងតាំងពីឆ្នាំ១៩៩៥មក ដែលមានផ្ទៃដី៣២២ហិកតា ប៉ះពាល់ដល់ពលរដ្ឋ៨២គ្រួសារ ស្ថិតនៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងភូមិខ្នារសង្គ្រាម ឃុំបល្ល័ង ស្រុកប្រាសាទបាគង ខេត្ដសៀមរាប៕
No comments:
Post a Comment