បក្សប្រឆាំង បដិសេធដំណឹង ថា, កូនស្រី លោក កឹម សុខា ជាបេក្ខភាព គ.ជ.ប.
វិទ្យុ អាស៊ី សេរី | ៣០ កក្កដា ២០១៤
បណ្ដាញ សង្គម ហ្វេសប៊ុក (Facebook) បណ្ដាញសារព័ត៌មាន ក្នុងស្រុក និងប្រភព ក្រៅផ្លូវការ ផ្សព្វផ្សាយ នៅថ្ងៃពុធ ទី៣០ កក្កដា នេះថា, បេក្ខភាព សមាជិក គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ចំនួន ៤រូប ដែលគណបក្ស សង្គ្រោះជាតិ ត្រូវ ជ្រើសរើសនោះ ក៏មានកូនស្រី លោក កឹម សុខា, កញ្ញា កឹម មនោវិទ្យា, ដែរ។ ប៉ុន្តែ គណបក្ស សង្គ្រោះជាតិ បដិសេធ ដំណឹងនេះ។
ក្នុងចំណោម បេក្ខភាព គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ៤រូប ដែលជ្រើសរើស ដោយគណបក្ស សង្គ្រោះជាតិ មានតែ លោក គួយ ប៊ុនរឿន មួយប៉ុណ្ណោះ ដែលសាធារណជន បានដឹង ជាផ្លូវការថា នឹងក្លាយ ជាសមាជិក គ.ជ.ប.។ ចំណែកបេក្ខភាព សមាជិក ៣រូប ផ្សេងទៀត កំពុង នៅមាន ភាពស្រពិចស្រពិល នៅឡើយ។
ទោះជាយ៉ាងណា មានព័ត៌មាន លេចឮថា, បេក្ខភាព ផ្សេងទៀត ដែលអាច ត្រូវ ជ្រើសរើស ដោយគណបក្ស សង្គ្រោះជាតិ នោះ រួមមាន នាយកប្រតិបត្តិ មជ្ឈមណ្ឌល អប់រំច្បាប់ សម្រាប់ សហគមន៍ លោក យ៉េង វីរៈ, នាយកប្រតិបត្តិ អង្គការ ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា, ប្រធាន ក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌល ដើម្បី យុត្តិធម៌ និងការបង្រួបបង្រួម កញ្ញា សេង ធារី, ព្រមទាំង កូនស្រី លោក កឹម សុខា គឺ កញ្ញា កឹម មនោវិទ្យា។
លើសពីនេះ ក៏មាន ការលេចឮ ថា, គណបក្ស សង្គ្រោះជាតិ ដែលបានកើតចេញ ពីការបង្រួបបង្រួម រវាង គណបក្ស អ្នកប្រជាធិបតេយ្យ ពីរ, គឺ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស នោះ, កំពុង ខ្វែងគំនិតគ្នា ទៅលើ ការដាក់បេក្ខភាព កូនស្រី របស់ លោក កឹម សុខា ព្រោះ មានសមាជិកខ្លះ ចង់ដាក់បេក្ខភាព កញ្ញា សេង ធារី ជំនួស កញ្ញា កឹម មនោវិទ្យា វិញ។ ស្របពេល ជាមួយគ្នា ក៏លេចឮ ដែរថា លោក គល់ បញ្ញា ដែលជាបេក្ខភាព មួយរូប ដែរនោះ បានដកខ្លួនចេញ ពីបេក្ខភាព គ.ជ.ប. នេះដែរ។
ទោះជាយ៉ាងណា អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បដិសេធ ចំពោះ ការលើកឡើង ទាំងនេះ, ហើយថា គណបក្ស ប្រឆាំង មួយនេះ ពុំទាន់បានសិក្សា ពីគោលការណ៍ និងលក្ខខណ្ឌ ដើម្បី អាចឲ្យបុគ្គលម្នាក់ ក្លាយខ្លួន ជាបេក្ខភាព គ.ជ.ប. នៅឡើយ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់ថា អ្វី ដែលពិតនោះ គឺ បេក្ខភាពរបស់ លោក គួយ ប៊ុនរឿន ដែលបាន ប្រគល់តំណែង តំណាងរាស្ត្រ ជាប់ឆ្នោត របស់ខ្លួន ទៅឲ្យ លោក សម រង្ស៊ី ដើម្បី ទៅធ្វើ ជាបេក្ខជន របស់ គ.ជ.ប.។ បើ តាមលោក យ៉ែម បុញ្ញឫទ្ធិ គណបក្ស ពុំទាន់ បានគិតគូរ ទៅលើបញ្ហា បេក្ខភាព គ.ជ.ប. ដែលខ្លួន ត្រូវ ជ្រើសរើស នៅឡើយ ព្រោះ អ្វី ដែលជាអាទិភាព សម្រាប់ គណបក្ស ប្រឆាំង ពេលនេះ គឺ ដោះស្រាយ បញ្ហាចាំបាច់ មួយចំនួន ជាមុនសិន។ នៅពេល ដែលសួរថា, តើ កញ្ញា កឹម មនោវិទ្យា អាចនឹងក្លាយ ជាបេក្ខភាព គ.ជ.ប. ដែរឬទេ? លោក យ៉ែម បុញ្ញឫទ្ធិ ឆ្លើយថា, លោក មិនដែលបានឮ ព័ត៌មាននេះទេ, ហើយ លោក ក៏មិនដឹង នោះដែរ៖ «យើង អត់ទាន់ បានកំណត់ ឲ្យជាក់លាក់ នៅឡើយទេ ពីព្រោះ យើង កំពុងប្រមូលកម្លាំង មកពិនិត្យ សេចក្តីព្រាង រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុង នៃរដ្ឋសភា និងការងារ កំណែទម្រង់ ការបោះឆ្នោត, កិច្ចការប្រញាប់ មុន នឹងយើង ចូលស្បថ និងចូលប្រជុំសភា។ ហើយ ពីហ្នឹង បានយើង គិតគូរ ទៅលើបញ្ហា ទាំងអស់ហ្នឹង។»
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល ដែលលេចឮព័ត៌មានថា លោកបានដកខ្លួនចេញពីបេក្ខភាព គ.ជ.ប ដែលជ្រើសរើសដោយគណបក្សសង្គ្រោះជាតិ នោះ អះអាងថា វាមិនមែនជារឿងពិតនោះទេ។ ឆ្លើយតបចំពោះបញ្ហានេះ លោក គល់ បញ្ញា បានសួរបកទៅវិញថា តើឲ្យលោកបោះបង់តំណែងនេះយ៉ាងម៉េចទៅ បើលោកមិនទាន់ទាំងបានដាក់ពាក្យឈរឈ្មោះជាបេក្ខជននៅឡើយ។ តែទោះជាយ៉ាងណា លោកថា លោកពិតជាមានមនុស្សមកពីគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន ពិតជាបានលើកទឹកចិត្តឲ្យទទួលយកការងារនេះមែន ហើយថា លោកកំពុងពិចារណាអំពីបញ្ហានេះ។
លោក គល់ បញ្ញា៖ «មានមិត្តភ័ក្ដិខាងអង្គការក្រៅរដ្ឋាភិបាល គេនាំគ្នាជជែកលើកទឹកចិត្តឲ្យខ្ញុំថា ដាក់ទៅៗធ្វើការងារហ្នឹងទៅ កាលណាគេបើកចឹង យើងដាក់ពាក្យទៅ ហើយគេគាំទ្រ គេជួយធ្វើ campaign គេជួយធ្វើ lobby ឲ្យយើង ដើម្បីឲ្យយើងក្លាយទៅបេក្ខជន ដែលគេអាចរើសបានអ៊ីចឹង ហើយខ្ញុំក៏សប្បាយរីករាយដែរ ហើយមានខាងសមាជិកគណបក្សសង្គ្រោះជាតិ អីក៏គេប្រាប់យើងថា ដាក់ទៅ គេគាំទ្របេក្ខភាពអ៊ីចឹងណា ហើយខ្ញុំមើលទៅក៏មាន potential ប៉ុន្តែទោះបីយ៉ាងណា ខ្ញុំចង់មើលរដ្ឋធម្មនុញ្ញមើលអីសិន មើលច្បាប់ មើលថា តើដំណើររៀបចំម៉េចអីម៉េច ធានាឯករាជ្យបានត្រឹមត្រូវអត់។»
សេចក្តីរាយការណ៍នានាបានអោយដឹងថា ក្នុងចំណោមបេក្ខភាព គ.ជ.ប ចំនួន ៤រូប ដែលគណបក្សសង្គ្រោះជាតិ នឹងជ្រើសរើសនោះ មាន ២រូបរើសចេញពីគណបក្ស ហើយ ២រូបទៀតចេញពីអង្គការសង្គមស៊ីវិល។ ទោះជាយ៉ាងណាក៏ដោយ លោក សម រង្ស៊ី បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី ថា ចំពោះបេក្ខភាព គ.ជ.ប មិនសំខាន់ថាមកពីណាទេ សំខាន់ឲ្យតែបេក្ខជននោះស្មោះត្រង់ ទិញមិនលក់ សម្លុតមិនខ្លាច និងត្រូវមានបទពិសោធន៍ ព្រមទាំងមានភាពវ័យឆ្លាតក្នុងការចាប់ចោរ ជាដើម។
ទាក់ទងបញ្ហានេះ អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យ លោកបណ្ឌិត កែម ឡី កត់សម្គាល់ថា ប្រសិនបើគណបក្សនយោបាយ ទាំងគណបក្សប្រឆាំង ទាំងគណបក្សកាន់អំណាច ពិតជាចង់ឲ្យ គ.ជ.ប ថ្មីនេះមានភាពឯករាជ្យ និងមានកម្លាំងពេញលេញ ដើម្បីអនុវត្តការងាររបស់ខ្លួនពិតប្រាកដមែន ពួកគេគួរសម្លឹងរកមើលបុគ្គលដែលមានសមត្ថភាព មានការអប់រំ និងមានបទពិសោធន៍គ្រប់គ្រាន់ ព្រមទាំងគួរជៀសវាងនូវការប្រកាន់បក្ខពួក គ្រួសារនិយម។ លោកបន្តថា បក្ខពួកនិយម នឹងមិនអាចធ្វើឲ្យ គ.ជ.ប ថ្មីនេះឯករាជ្យបានឡើយ។
លោកបណ្ឌិត កែម ឡី៖ «ប្រសិនបើយើងរើសវាគ្រាន់តែបំពេញនូវមុខ ងារដែលមានបក្សមានពួកដូច កឹម សុខា អី គាត់ប្រុងដាក់កូនដាក់អី អាហ្នឹងគ្រាន់តែចេញមកហ្នឹង គេហៅថាទំនាស់ផលប្រយោជន៍ហើយ ហើយវាខូចកេរ្តិ៍ឈ្មោះទៀត ប្រសិនជាគាត់ចង់រក្សាកិត្តិយសឲ្យល្អ ជៀសវាងបក្ខពួកនិយម ជៀសវាងគ្រួសារនិយម ដូច សម រង្ស៊ី អី យើងត្រូវជៀសវាង ហើយយើងត្រូវសម្លឹងមើលលក្ខខណ្ឌទាំងពីការអប់រំ ទាំងពីបទពិសោធន៍ ទាំងពីសីលធម៌ ទាំងពីជំនាញបច្ចេកទេស ពីព្រោះ គ.ជ.ប ហ្នឹងត្រូវការបច្ចេកទេសច្រើនដែរ ដើម្បីទៅគ្រប់គ្រងអគ្គលេខាធិការដ្ឋានហ្នឹងបាន។»
តែទោះជាយ៉ាងណាក៏ដោយ លោក កែម ឡី មានប្រសាសន៍ថា លោកមិនបដិសេធចំពោះការចូលរួមរបស់យុវជនក្នុងការងារសង្គម ដូចដែលលោកតែងបានអំពាវនាវឲ្យគណបក្សនយោបាយ បញ្ជ្រាបស្រទាប់យុវជនក្នុងកិច្ចការប្រទេសជាតិនោះទេ ប៉ុន្តែលោកថា លោកមិនគាំទ្រចំពោះការជ្រើសរើសកូនស្រីរបស់ លោក កឹម សុខា ឡើយ។ ផ្ទុយទៅវិញ លោកថា ប្រសិនបើគណបក្សសង្គ្រោះជាតិ ជ្រើសរើសយុវជនដែលមានសមត្ថភាពគ្រប់គ្រាន់ចេញពីបក្សរបស់ខ្លួន ហើយមិនជាប់សាច់ឈាមរបស់ថ្នាក់ដឹកនាំគណបក្ស នោះទើបជារឿងដែលលោកគាំទ្រយ៉ាងពេញទំហឹងទៅវិញ៕
No comments:
Post a Comment