ក្រុមការងារ គណបក្សប្រជាជនកម្ពុជា និងសង្រ្គោះជាតិ ត្រៀមជួបគ្នាជាថ្មីនៅរសៀលថ្ងៃសុក្រនេះ
ជំនួបចរចារបស់ក្រុមការងារគណបក្សទាំងពីរនាពេលកន្លងកម។ដោយ វ៉ា សំណព្វ / វីទ្យុបារាំង / 01 សីហា 2014
ក្រុមការងារសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ ស្តីពីការរៀបចំអង្គការបោះឆ្នោតគណបក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិនឹងជួបប្រជុំគ្នាជាថ្មីនៅរសៀលម៉ោង៣ថ្ងៃសុក្រនេះ ដើម្បីបញ្ចប់សេចក្តីព្រាងវិសោធនកម្មរវាងគណបក្សទាំងពីរ ដែលមើលទៅនៅខ្វែងគ្នាតិចតួចនោះ។ ការជួបគ្នានេះ បានធ្វើឡើង ក្រោយពីការឆ្លើយតបជាផ្លូវការរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទៅនឹងលិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃទី៣១កក្កដាម្សិលមិញនេះ។ក្រុមការងារនៃគណបក្សទាំងពីរ ដែលដឹកនាំដោយលោក ប៉ែន បញ្ញា មកពីគណបក្សប្រជាជនកម្ពុជា និងលោក អេង ឆៃអ៊ាង មកពីគណបក្សសង្គ្រោះជាតិ នឹងជួបគ្នាជាថ្មីនៅវេលាម៉ោង៣រសៀលថ្ងៃសុក្រទី១សីហានេះ នៅឯវិមានរដ្ឋសភា។ ក្រុមការងារទាំងពីរ នឹងលើកយកសេចក្តីព្រៀងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៧៦ និងការបង្កើតជំពូកថ្មីទាក់ទងនឹងអង្គការរៀបចំការបោះឆ្នោតមកដាក់លើតុ ដើម្បីពិភាក្សាគ្នាស្វែងរកចំណុចរួមគ្នាមួយ។ នេះបើតាមការបញ្ជាក់ពីលោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
បើតាមលោក ជាម យៀប ដដែល សេចក្តីព្រាងច្បាប់របស់គណបក្សទាំងពីរ វាស្ទើរតែត្រូវគ្នាទាំងអស់ទៅហើយ ក៏ប៉ុន្តែវានៅមានចំណុចខុសគ្នាខ្លះទាក់ទងទៅនឹងអភ័យឯកសិទ្ធិរបស់សមាជិក គ.ជ.ប និងការផ្តល់ថវិការស្វយ័តដើម្បីបំពេញការងាររបស់ខ្លួន។ ដែលចំណុចទាំងពីរនេះ ត្រូវបានគណបក្សសង្គ្រោះជាតិចែងដាច់នៅក្នុងមាត្រា១៥២ និងមាត្រា១៥៣ថ្មី នៃសេចក្តីព្រាងរបស់ខ្លួន។
សូមបញ្ជាក់ថា ការជួបគ្នាជាថ្មីរបស់ក្រុមការងារទាំងពីរនេះ បានធ្វើឡើង នៅក្រោយពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានឆ្លើយតបជាផ្លូវការទៅនឹងលិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃទី៣១ ខែកក្កដាម្សិលមិញនេះ ដោយបានភ្ជាប់មកជាមួយនូវសេចក្តីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ របស់គណបក្សប្រជាជនកម្ពុជាមកជាមួយផង។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃសុក្រនេះ មិនទាន់អត្ថាធិប្បាយយ៉ាងណានៅឡើយទេ ជុំវិញសេចក្តីព្រាងច្បាប់នេះ ដោយលោកនៅរងចាំមើលលទ្ធផលនៃការជួបចរចារគ្នារវាងក្រុមការងារគណបក្សទាំងពីរនារសៀលថ្ងៃសុក្រនេះ។ លោក សម រង្ស៊ី ក៏មិនទាន់បានកំណត់ពីកាលបរិច្ចេទពិតប្រាកដនៃថ្ងៃចូលធ្វើសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងនៅឡើយដែរ ល្គឹកណាភាគីទាំងពីរមិនទាន់ឯកភាពគ្នាទាំងស្រុងនោះ៕
No comments:
Post a Comment