Paris Peace Accords 23 Oct. 1991

Sunday, August 3, 2014

បក្ស​សង្គ្រោះ​ជាតិ ​រង់ចាំ​ចម្លើយ ​របស់​ បក្ស​ប្រជាជន​ ទាក់ទង​ ស្វ័យភាព ​របស់ ​គ.ជ.ប. | CNRP waits response from CPP re autonomy of NEC

បក្ស​សង្គ្រោះ​ជាតិ ​រង់ចាំ​ចម្លើយ ​របស់​ បក្ស​ប្រជាជន​ ទាក់ទង​ ស្វ័យភាព ​របស់ ​គ.ជ.ប.

RFA | ១ សីហា ២០១៤

គ.ជ.ប
ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.)  RFA

គណបក្ស​ សង្គ្រោះ​ជាតិ នៅ​រសៀល​ថ្ងៃ ​ទី​២ ខែ​សីហា ពុំ​ទាន់​ ទទួល​បាន​ ការ​ឆ្លើយ​តប​ នៅ​ឡើយ ​ពី​មេ​ដឹក​នាំ​ គណបក្ស​ ប្រជាជន​ កម្ពុជា ជុំវិញ​សំណើ​ បញ្ចូល​បន្ថែម​ អំពី​ ស្វ័យភាព ​ក្នុង​ការ​រៀបចំ និង​ចាត់​ចែង​ ការងារ ​របស់ ​គណៈកម្មាធិការ​ ជាតិ ​រៀបចំ ​ការ​បោះ​ឆ្នោត ទៅ​ក្នុង​ជំពូក​ថ្មី ដែល​ចែង ​អំពី​ ការ​ដាក់​ស្ថាប័ន​ ការ​បោះ​ឆ្នោត នៅ​ក្នុង ​រដ្ឋធម្មនុញ្ញ។  ប្រសិន​បើ​ គណបក្ស​ ទាំង​២ ឯកភាព ​ទៅ​លើ​ចំណុច ​សេសសល់​នេះ, វា ​អាច​ជា​ការ​បើក​ផ្លូវ​ ឲ្យ​តំណាង​រាស្ត្រ​ ជាប់​ឆ្នោត​ គណបក្ស​ សង្គ្រោះ​ជាតិ ស្បថ​ចូល​សភា។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២ សីហា ថា គណបក្ស​របស់​លោក​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​ កម្ពុជា ទាក់ទង​ស្វ័យភាព​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នេះ។ តែ​ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ឡើយ​អំពី​បញ្ហា​នេះ ដោយ​លោក​លើក​ឡើង​ថា វា​នៅ​ពុំ​ទាន់​មាន​អ្វី​ថ្មី​បន្ថែម​ទៀត។

ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១ សីហា បាន​ជួប​គ្នា​ពិភាក្សា​លើ​សេចក្តី​ព្រាង​ច្បាប់​ធម្មនុញ្ញ ស្ដីពី​វិសោធនកម្ម​មាត្រា​៧៦ និង​ការ​បង្កើត​ជំពូក​ថ្មី ទាក់ទង​នឹង​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត។ ក្រុម​ការងារ​គណបក្ស​ទាំង​២ បាន​ឯកភាព​គ្នា​ទៅ​លើ​ការ​កែ​សម្រួល​មាត្រា​៧៦ និង​បាន​ឯកភាព​ទៅ​លើ​ការ​រៀបចំ​ឲ្យ​មាន​ជំពូក​ទី​១៥​ថ្មី ស្ដីពី​អង្គការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​មាន ២​មាត្រា គឺ​មាត្រា​១៥០ និង ១៥១​ថ្មី។ មាត្រា​ថ្មី​២​នេះ ចែង​គោលៗ​អំពី​តួនាទី និង​សមត្ថកិច្ច​របស់ គ.ជ.ប អំពី​ថវិកា​ស្វយ័ត គ.ជ.ប អំពី​លក្ខណៈ​សមាជិក គ.ជ.ប ព្រម​ទាំង​អំពី​សមាសភាព និង​នីតិវិធី​ជ្រើស​រើស​សមាជិក គ.ជ.ប ជាដើម។

ទោះ​ជា​យ៉ាង​ណា ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​មាន​ការ​ចែង​អំពី​ស្វ័យភាព​របស់ គ.ជ.ប បន្ថែម​ទៅ​លើ​ខ្លឹមសារ​ដែល​បាន​ឯកភាព។ ប៉ុន្តែ​សំណើ​នេះ ត្រូវ​បាន​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា យល់​ថា ពុំ​ចាំបាច់​ឡើយ ដោយ​លើក​ឡើង​ថា ការ​ចាត់​ចែង​ការងារ​របស់ គ.ជ.ប មាន​កំណត់​រួច​ហើយ​នៅ​ក្នុង​មាត្រា ១៥០​ថ្មី​នេះ ហើយ​ថា ចំណុច​នេះ​នឹង​ត្រូវ​កំណត់​បន្ថែម​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប។ ចំពោះ​ចំណុច​ដែល​ពុំ​ឯកភាព​គ្នា​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​២ ទុក​ឲ្យ​ថ្នាក់​ដឹក​នាំ​គណបក្ស​ជា​អ្នក​សម្រេច។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប មាន​ប្រសាសន៍​ថា គណបក្ស​នៅ​រង់ចាំ​តែ​ការ​សម្រេច និង​ការ​ផ្តល់​យោបល់​របស់​ថ្នាក់​ដឹក​នាំ​កំពូល​ដែល លោក ជាម យៀប គិត​ថា អាច​ក្នុង​ពេល​ឆាប់ៗ​នេះ។ លោក ជាម យៀប បន្ថែម​ថា វា​ពុំ​មាន​បញ្ហា​អ្វី​ច្រើន​នោះ​ទេ៖ «ខ្ញុំ​សុំ​ជម្រាប​អ៊ីចេះ​ថា វា​ស៊ី​សង​ទៅ​លើ​ឆន្ទានុសិទ្ធិ​របស់​លោក​ទៅ​លើ​បញ្ញាញាណ លោក​គិតគូរ​យ៉ាង​ណា យក​ផ្លូវ​ច្បាប់​ធ្វើ​ជា​មូលដ្ឋាន​ទាំងអស់ ការ​និយាយ​អត់​មាន​អ្វី​ក្រៅ​ច្បាប់ ហើយ​និង​យក​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤ រវាង​ថ្នាក់​ដឹក​នាំ​កំពូល​គណបក្ស​ទាំង​២ មិន​អាច​ឃ្លាត​ឆ្ងាយ​ទៅ​នឹង​ច្បាប់​បាន​ទេ។»

ក្រុម​ការងារ​គណបក្ស​ទាំង​២ កាល​ពី​ថ្ងៃ​ទី​១ សីហា ក៏​បាន​ឯកភាព​គ្នា​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ខ្លឹមសារ​ជា​ការ​ការពារ​ផ្លូវ​ ច្បាប់ នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប ចំពោះ​ការ​អនុវត្ត​តួនាទី​របស់​សមាជិក គ.ជ.ប ទៅ​តាម​ស្មារតី​ដូច​ការ​ការពារ​ផ្លូវ​ច្បាប់​ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ ធម្មនុញ្ញ និង​ចៅក្រម។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អង្គការ​សង្គម​ស៊ីវិល​យល់​ថា ជំពូក​ទី​១៥​ថ្មី ដែល​និយាយ​ពី​ការ​រៀបចំ​ការ​បោះ​ឆ្នោត ពុំ​ទាន់​បាន​ចែង​ឲ្យ​ច្បាស់​លាស់​ពី​ការងារ​របស់ គ.ជ.ប. នៅ​ឡើយ។

នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា កត់​សម្គាល់​ថា របៀប​នៃ​ការ​ជ្រើស​រើស​សមាសភាព​សមាជិក គ.ជ.ប ថ្មី មាន​ភាព​ច្របូកច្របល់​នៅ​ឡើយ ដោយ​លោក​ថា គណបក្ស​ក៏​អាច​រើស​បាន​គណៈកម្មការ​អចិន្ត្រៃយ៍ រដ្ឋសភា​ក៏​អាច​រើស​បាន ហើយ​ថា សភា​ពេញ​អង្គ​ក៏​អនុម័ត​សម្រេច​លើ​សមាសភាព គ.ជ.ប ទៀត។ ដូច្នេះ មិន​ដឹង​ថា​នៅ​ពេល​ណា​មួយ ជា​ពេល​ដែល​ជ្រើស​រើស​សមាសភាព​ពិត​ប្រាកដ​នោះ​ឡើយ។ ក្រៅ​ពី​នេះ លោក​ថា ច្បាប់​ក៏​មិន​បាន​ចែង​ពី​ក្របខ័ណ្ឌ​នៃ​សិទ្ធិ​អំណាច​របស់ គ.ជ.ប ឲ្យ​ពិត​ប្រាកដ​នោះ​ដែរ។ មួយ​វិញ​ទៀត លោក​ថា ច្បាប់​ក៏​គួរ​ផ្តល់​អំណាច​ឲ្យ គ.ជ.ប ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​លើ​ភាព​ត្រឹមត្រូវ​របស់​តំណាង​រាស្ត្រ​ ជាប់​ឆ្នោត​តែ​ម្តង ដោយ​មិន​ចាំបាច់​មាន​កិច្ច​ប្រជុំ​ពេញ​អង្គ ប្រកាស​សុពលភាព​របស់​តំណាង​រាស្ត្រ​ក្នុង​សភា ដែល​អាច​ធ្វើ​ឲ្យ​មាន​ទំនាស់​ដូច​សព្វថ្ងៃ​ឡើយ។

លោក គល់ បញ្ញា៖ «យើង​ត្រូវ​ឲ្យ​សិទ្ធិ​អំណាច​ទៅ គ.ជ.ប ហ្នឹង។ អ្នក​ប្រកាស​សមាជិក​តំណាង​រាស្ត្រ​យ៉ាង​តិច ​១២០​នាក់​ទៅ ដើម្បី​ឲ្យ​សភា​កើត​ឡើង​ទៅ កុំ​ឲ្យ​ទៅ​យក​ការ​ប្រជុំ ការ​ស្បថ រឿង​សុពលភាព មិន​សុពលភាព​អី ឲ្យ​តែ​ក្លាយ​ជា​សមាជិក​អ្នក​តំណាង​រាស្ត្រ វា​ជា​ស្វ័យ​ប្រវត្តិ គេ​ត្រូវ​មាន​អភ័យ​ឯកសិទ្ធិ​មាន​អី​អ៊ីចឹង​ទៅ បើ​សិន​ជា​អ្នក​ឯង​អត់​ទៅ​ស្បថ​ក្លាយ​ជា​សមាជិក​រដ្ឋសភា អា​ហ្នឹង​បាន​គេ​និយាយ​រឿង​អត់​ឲ្យ​ប្រាក់​ខែ អត់​ឲ្យ​អី​អ៊ីចឹង​ទៅ អា​ហ្នឹង​នៅ​ប្រទេស​អង់គ្លេស អ៊ីចឹង​ទេ យើង​ត្រូវ​កំណត់​រឿង​ហ្នឹង​ឲ្យ​ច្បាស់ ដើម្បី​កុំ​ឲ្យ​បោះ​ឆ្នោត​លើក​ក្រោយ​ឈ្លោះ​គ្នា​ថា សភា​មិន​គ្រប់​ទឹក រដ្ឋាភិបាល​មិន​គ្រប់​ទឹក យើង​ត្រូវ​ធ្វើ​រឿង​ហ្នឹង​ឲ្យ​ច្បាស់។»

ចំពោះ​បញ្ហា​នេះ លោក ជាម យៀប ឆ្លើយ​តប​ថា អ្វី​ដែល​បាន​ធ្វើ​នេះ គឺ​ជា​នីតិវិធី​របស់​រដ្ឋសភា និង​ច្បាប់​នៅ​កម្ពុជា។ លោក​ថា ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ គេ​មិន​ដែល​ដាក់​អ្វីៗ​គ្រប់​យ៉ាង​ទាំងអស់​នោះ​ទេ គឺ​គ្រាន់​តែ​ដាក់​ចំណុច​គោលៗ​ប៉ុណ្ណោះ ហើយ​ភាព​លម្អិត​ផ្សេងៗ​ទៀត នឹង​មាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ គ.ជ.ប។ តែ​ទោះ​ជា​យ៉ាង​ណា លោក គល់ បញ្ញា ថា ចំណុច​គោល​សំខាន់ៗ​របស់ គ.ជ.ប គួរ​ត្រូវ​បាន​បញ្ចូល​ក្នុង​ច្បាប់​ធម្មនុញ្ញ​ឲ្យ​បាន​ច្រើន​ជាង​នេះ។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា អ៊ីរ៉ា (ERA) កាល​ពី​ថ្ងៃ​ទី​៣១ កក្កដា ក៏​បាន​ផ្ញើ​លិខិត​ទៅ​កាន់​គណបក្ស​ទាំង​២។ នៅ​ក្នុង​លិខិត​នោះ ក្រៅ​តែ​ផ្តល់​អនុសាសន៍​ឲ្យ​គណបក្ស​កំណត់​ឲ្យ​ច្បាស់​ពី​សិទ្ធិ​អំណាច ការ​ទទួល​ខុស​ត្រូវ និង​ឯករាជ្យ​ភាព ព្រម​ទាំង​ជៀសវាង​ការ​ជ្រើស​រើស​បេក្ខជន គ.ជ.ប ដែល​ជា​សាច់ញាតិ​បង្កើត​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស។ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ក៏​បញ្ជាក់​ដែរ​ថា គេ​បាន​រៀបចំ​សេចក្តី​ស្នើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ និង​ច្បាjjប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ហើយ​ត្រៀម​ផ្តល់ និង​បកស្រាយ​សេចក្តី​ស្នើ​ទាំង​នេះ បើ​សិន​ជា​មាន​ការ​ស្នើសុំ​ពី​គណបក្ស​ទាំង​២៕



No comments:

Post a Comment