បក្សប្រជាជន គាំទ្រសំណើ បក្សសង្គ្រោះជាតិខ្លះ, បដិសេធខ្លះ
RFA / វិទ្យុ អាស៊ី សេរី | ៤ សីហា ២០១៤
ក្នុងនាម ជាគណៈអចិន្ត្រៃយ៍ នៃគណបក្ស ប្រជាជនកម្ពុជា លោក ស ខេង បានផ្ញើលិខិត មួយច្បាប់ នៅថ្ងៃ ទី៣ សីហា ទៅប្រធាន បក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បញ្ជាក់ប្រាប់ អំពី ជំហរ របស់ បក្សប្រជាជន ឆ្លើយតបទៅ នឹងការសុំ ធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ទាក់ទង នឹងស្វ័យភាព របស់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ដែលស្នើឡើង ដោយបក្សសង្គ្រោះជាតិ នៅពេលថ្មីៗនេះ។
លិខិតលោក ស ខេង ដែលមានតួនាទី ក្នុងជួរ រដ្ឋាភិបាល ជារដ្ឋមន្ត្រី ក្រសួង មហាផ្ទៃនោះ សរសេរ ថា, បក្សប្រជាជន គាំទ្រសំណើ លើខ្លឹមសារ នៃវិសោធនកម្ម រដ្ឋធម្មនុញ្ញ ទាក់ទង នឹងការកែសម្រួល មាត្រា៧៦ និងការបង្កើត ជំពូក ទី១៥ ថ្មី ទាក់ទង នឹងអង្គការ រៀបចំ ការបោះឆ្នោត។ ក៏ប៉ុន្តែ បក្សប្រជាជន មិនគាំទ្រ សំណើ ពីរទៀត ដែលទាក់ទង នឹងស្វ័យភាព របស់ គ.ជ.ប. និងការបន្ថែម ខ្លឹមសារ ទាក់ទង នឹងការជ្រើសរើស សមាជិកថ្មី ជំនួស ក្នុងករណី មានការបាត់បង់ សមាជិកភាព នោះទេ ដោយបក្សប្រជាជន យល់ឃើញថា, សំណើនេះ មិនចាំបាច់ ព្រោះ វា ជារឿងតូចតាចពេក ដែលមិនគួរចែង ក្នុងរដ្ឋធម្មនុញ្ញ ដែលតម្រូវ ឲ្យចែងតែ ចំណុចសំខាន់ៗ ប៉ុណ្ណោះ។
ម្យ៉ាងទៀត គោលការណ៍ដែលក្រុមការងាររបស់បក្សទាំងពីរបានឯកភាពគ្នាបញ្ចូលទៅ ក្នុងសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញកាលពីថ្ងៃទី១ សីហា កន្លងទៅ គឺមានលក្ខណៈគ្រប់គ្រាន់ ក្នុងការធានាឲ្យ គ.ជ.ប. អនុវត្តការងាររបស់ខ្លួនដោយឯករាជ្យ អព្យាក្រឹត ស្របទៅតាមស្មារតីកិច្ចព្រមព្រៀងរវាងបក្សទាំងពីរ កាលពីថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ រួចហើយដែរ។
ដោយឡែក បក្សប្រជាជនស្វាគមន៍ចំពោះសំណើទាក់ទងនឹងស្វ័យភាពរបស់ គ.ជ.ប. ចំពោះជំហរចុងក្រោយ របស់ បក្សសង្គ្រោះជាតិ ដោយឯកភាពមិនចែងបន្ថែមបញ្ហានេះនៅក្នុងរដ្ឋធម្មនុញ្ញ។
No comments:
Post a Comment