លោកស្រី ពុង ឈីវកេក ពិចារណា ឡើងវិញ ក្នុងការធ្វើ ជាសមាជិក គ.ជ.ប.
VOD | ២ សីហា ២០១៤
ប្រធាន អង្គការ លីកាដូ លោកស្រី ពុង ឈីវកេក កំពុងពិចារណា ឡើងវិញ ក្នុងការចូលធ្វើ ជាមាជិក ទី៩ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត បន្ទាប់ ពីគណបក្ស ទាំងពីរ ឯកភាពគ្នា សម្រេច មិនផ្តល់ អភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ ដល់សមាជិក គ.ជ.ប. ថ្មីនេះ។
អ្នកគ្រប់គ្រង បច្ចេកទេស ស៊ើបអង្កេត នៃអង្គការ លីកាដូ លោក អំ សំអាត ប្រាប់ VOD នៅថ្ងៃសៅរ៍នេះ ថា, លោកស្រី ពុង ឈីវកេក ប្រធាន អង្គការ លីកាដូ កំពុង ពិចារណា ឡើងវិញ ថា ចូល ឬមិនចូល ធ្វើជាសមាជិក គ.ជ.ប. បន្ទាប់ ពីបក្សទាំងពីរ បដិសេធសំណើរ របស់ លោកស្រី ក្នុងការផ្តល់ អភ័យឯកសិទ្ធិ ដល់សមាជិក គ.ជ.ប. ដូចតំណាងរាស្ត្រ។
កាលពីថ្ងៃ ទី២២ ខែកក្កដា គណបក្ស នយោបាយ ជាប់ឆ្នោត ទាំងពីរ បានឯកភាពគ្នា បញ្ចប់ជម្លោះ នយោបាយ និងព្រមព្រៀងគ្នា ដោយជ្រើសរើស សមាជិក គ.ជ.ប. ចេញពីបក្ស ម្ខាង ៤រូប និងសង្គមស៊ីវិល ១រូប។ ក្នុងជំនួបនោះ គណបក្ស នយោបាយ ទាំងពីរ ឯកភាពគ្នា ជ្រើសរើស ប្រធាន អង្គការ លីកាដូ លោកស្រី ពុង ឈីវកេក ជាសមាជិក គ.ជ.ប. ទី៩។
ជាការឆ្លើយតប ទៅនឹងសំណើ របស់ បក្សទាំងពីរ លោកស្រី ពុង ឈីវកេក បានឯកភាព នឹងសំណើនេះ, ប៉ុន្តែ លោកស្រី ទាមទារ លក្ខខណ្ឌ ចំនួន៦ចំណុច មុន នឹងធ្វើ ជាសមាជិក គ.ជ.ប., រួមមាន៖
១. ធានា ឲ្យមាន ឯករាជ្យភាព ច្បាស់លាស់ នៃស្ថាប័ន រៀបចំ ការបោះឆ្នោត ថ្មីនេះ;
២. អនុញ្ញាត ឲ្យស្ថាប័ន រៀបចំ ការបោះឆ្នោត មានសិទ្ធិពេញលេញ ក្នុងការអនុវត្ត សមត្ថភាពខ្លួន ក្នុងការរៀបចំ ការបោះឆ្នោត ប្រកប ដោយឯករាជ្យភាព និងអព្យាក្រឹត្យភាព;
៣. ធានា ឲ្យបាន នូវសមាជិក នៃស្ថាប័ន រៀបចំ ការបោះឆ្នោត ទទួលបាន ការពារអភ័យឯកសិទ្ធិ, ការធានា ស្វ័យភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងសកម្មភាព ផ្សេងៗ ទៀត;
៤. ធានា ឲ្យបានថា ស្ថាប័ន រៀបចំ ការបោះឆ្នោត មានសិទ្ធិ ក្នុងការជ្រើសរើស បុគ្គលិក, អ្នកជំនាញ, និងមានសិទ្ធិ ចាត់ចែង លើសម្ភារៈ, ហិរញ្ញវត្ថុ, និងទទួលថវិកា ស្វ័យយ័ត សម្រាប់ ស្ថាប័ននេះ;
៥. ក្នុងករណី ចាំបាច់ ស្ថាប័ននេះ មានសិទ្ធិ ទទួលជំនួយ ដោយគ្មាន លក្ខខណ្ឌ ពីម្ចាស់ជំនួយ; និង
៦. រាល់លក្ខខណ្ឌ ទាំងអស់ ខាងលើនេះ គឺ ឆ្លើយតប ទៅនឹងលក្ខខណ្ឌ របស់ស្ថាប័ន រៀបចំ ការបោះឆ្នោត ដែលជាប់ ពាក់ព័ន្ធ ទៅនឹងវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងច្បាប់ ជាច្រើនទៀត៕
No comments:
Post a Comment