លោក ស ខេង បារម្ភ ពីបញ្ហា គណនេយ្យភាព បើ សមាជិក គ.ជ.ប. មានអភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ
VOD | ១ សីហា ២០១៤
រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ និងជាមន្ត្រី ជាន់ខ្ពស់ គណបក្ស ប្រជាជន កម្ពុជា លោក ស ខេង កាលពីថ្ងៃ ព្រហស្បតិ៍ បានលើកយក បញ្ហា គណនេយ្យភាព របស់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ក្នុងករណី សមាជិក មានអភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ នៅរដ្ឋសភា។
លោក ស ខេង ថ្លែងថា, ចំណុចពីរ ដែលត្រូវ មានការពិភាក្សា លម្អិត គឺ បញ្ហាផ្តល់ អភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ ដល់សមាជិក គ.ជ.ប. និងបញ្ហា ទី២ គឺ ថវិកាស្វយ័ត របស់ គ.ជ.ប.។ លោក បន្តថា, ប្រសិនបើ សមាជិក គ.ជ.ប. មានអភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ សំណួរសួរ ថា, តើ គ.ជ.ប. ត្រូវ មានគណនេយ្យភាព ទៅអំណាច មួយណា ក្នុងចំណោម អំណាចទាំងបី, គឺ៖ នីតិបញ្ញត្តិ, នីតិប្រតិបត្តិ, និងតុលាការ។ លោក បញ្ជាក់ថា, នេះ ជារឿងថ្មី មួយទៀត ដែលត្រូវ ពិភាក្សា ពីបំណង ជាក់លាក់ ក្នុងការស្នើ សមាជិក គ.ជ.ប. ឲ្យមាន អភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ។
លោក ស ខេង បញ្ជាក់ថា, «នេះ គឺជាបញ្ហា ធំណាស់, មិនមែន ជារឿង លេងសើចទេ។ យើង ត្រូវ គិតគ្រប់ ជ្រុងជ្រោយ។ យើង នឹងជជែកគ្នា ទៀត, ថា រកច្រកណា ចេញ។»
លោកក៏បានលើកយកបញ្ហាមួយទៀតទាក់ទងនឹងថវិកាស្វ័យភាពរបស់គជប ដែលប្រភពថវិកាទាំងនោះ អាចមកពីរដ្ឋាភិបាល និងពីប្រភពក្រៅ។ លោកលើកជាសំណួរថាតើគជប ត្រូវធ្វើគនេយ្យភាពជាមួយស្ថាប័នណាមួយ ហើយក្នុងករណីមិនមានគណនេយ្យភាពទៅកាន់រដ្ឋាភិបាល ថាតើអាចធ្វើបានដែរឬទេ។
ក្នុងលិខិតផ្ញើជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលធ្វើឡើងដោយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ចុះថ្ងៃទី៣០ ខែកក្កដា គណបក្សសង្គ្រោះជាតិ ក៏បានស្នើឲ្យសមាជិក គជបថ្មីនេះ មានអភ័យឯកសិទ្ធិ ដូចតំណាងរាស្ត្រ ក្នុងការបំពេញតួនាទីរបស់លោក។
អ្នកនាំពាក្យ គណបក្ស សង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា, ជំហរ របស់ គណបក្ស សង្គ្រោះជាតិ ជុំវិញ ការស្នើ អភ័យឯកសិទ្ធិ ដើម្បី ធានា ឯករាជ្យភាពនេះ ដោយសារ គណបក្សនេះ សង្កេតឃើញ ថា, បរិបទ ប្រព័ន្ធតុលាការ បច្ចុប្បន្ន មិនទាន់មាន ភាពឯករាជ្យ, ហើយ បរិយាកាស នយោបាយ នៅមាន ការគាបសង្កត់ នៅឡើយ៖ «ខាងគណបក្ស សង្គ្រោះជាតិ, យើង បានស្នើហើយ។ នេះទុកពេលវេលា ឲ្យគាត់ គិតពិចារណា ទៅ។ ជាការល្អ ពីព្រោះ ក្នុងកាលៈទេសៈ ដែលតុលាការ មិនឯករាជ្យ, ហើយ មានបរិយាកាស នយោបាយ, មានការគាបសង្កត់, យើង ចង់ឲ្យ សមាជិក គ.ជ.ប. បានបំពេញ ភារកិច្ច, កាតព្វកិច្ច ប្រកប ដោយឯករាជ្យ និងអព្យាក្រឹត្យ។»
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត (ERA) ក៏បានស្នើឲ្យគណបក្សនយោបាយទាំងពីរ រៀបចំកំណែទម្រង់រដ្ឋធម្មនុញ្ញ ដោយចែងកំណត់ ផ្តល់អភ័យឯកសិទ្ធិដល់សមាជិក គជប ថ្មី ដូចតំណាងរាស្ត្រ ដើម្បីធានាឯករាជ្យនៃសមាជិកស្ថាប័ននេះ។
ពាក់ព័ន្ធនឹងការស្នើអភ័យឯកសិទ្ធិសមាជិក គជប ថ្មីនេះ លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ និងជាសមាជិកទី៩ ដែលត្រូវបានជ្រើសរើសដោយគណបក្សទាំងពីរ មានជំនឿជាក់ថា គណបក្សទាំងពីរ គឺសុទ្ធតែបានទទួលយកសំណើរបស់លោកស្រី រួចមកហើយ ដោយសារមិនមានការបដិសេធ ជាលាយលក្ខណ៍អក្សរណាមួយឡើយ នៅក្នុងលិខិតឆ្លើយតបរបស់គណបក្សទាំងពីរ ដែលលោកស្រី បានដាក់លក្ខខណ្ឌមុនសម្រេចទទួលយកតួនាទីនោះ៖ «ថ្ងៃនេះបានទទួលសំបុត្រទាំងពីរហ្នឹងហើយ ព្រមហើយ យើងមិនទទួល[សំបុត្រ]ណាមួយឆ្លើយថា អត់ទទួលយកបានទេ។ ម្សិលមិញយប់ ថាដើម្បីនឹងជម្រាបជូនបងប្អូនជាប្រជាពលរដ្ឋ លក្ខខណ្ឌទាំងប៉ុន្មាន គណបក្សទាំងពីរទទួលព្រមហើយ។ យើងងាកទៅមើលក្នុងរដ្ឋធម្មនុញ្ញ ដែលពង្រៀង រដ្ឋសភាមិនទាន់អនុម័តទេ ប៉ុន្តែឃើញថា ពង្រៀងហ្នឹងនៅក្នុងហ្នឹងមានទាំងអស់៕»
No comments:
Post a Comment