ក្រុមស្រាវជ្រាវ ជប៉ុន បង្ហាញ ពីភាព មិនប្រក្រតី មួយចំនួន ក្នុងពេល បោះឆ្នោត នៅកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២២ តុលា ២០១៤
ឯកអគ្គរាជទូត ជប៉ុន ប្រចាំ នៅកម្ពុជា លោក កួម៉ាម៉ារុ យុជិ
(Kumamaru Yuji) ផ្ដល់បទសម្ភាសន៍ ដល់អ្នកកាសែត នាវិមាន រដ្ឋសភា
នៅថ្ងៃ ទី២២ ខែតុលា ឆ្នាំ២០១៤។ RFA/Tin Zakariya
ក្រុមស្រាវជ្រាវ កំណែទម្រង់ ការបោះឆ្នោត របស់ ជប៉ុន បានជួបតំណាង គណបក្ស ទាំងពីរ ដាច់ដោយឡែក ពីគ្នា និងក្រុម បច្ចេកទេស គណបក្ស ទាំងពីរ រួមគ្នា ដូចការគ្រោងទុក នៅថ្ងៃ ទី២២ តុលា នៅឯវិមាន រដ្ឋសភា។
ភាគីជប៉ុន បានលើកឡើង ថា, ការកែទម្រង់ ការបោះឆ្នោត អាស្រ័យ លើគណបក្ស ទាំងពីរ ចង់បាន, ហើយ ថា, កម្ពុជា ជាប្រទេសមួយ ដែលជប៉ុន ចាប់អារម្មណ៍ លើការបោះឆ្នោត ចាប់តាំង ពីការបោះឆ្នោត ជាលើកដំបូង កាលពីឆ្នាំ ១៩៩៣ មក, ហើយ ជប៉ុន ចង់ឃើញកម្ពុជា មានការបោះឆ្នោត ដ៏ល្អមួយ នៅពេល ខាងមុខ។
តំណាង រដ្ឋាភិបាល ជប៉ុន បានជួបតំណាង គណបក្ស ជាប់ឆ្នោត ទាំងពីរ និងបានបង្ហាញ លទ្ធផល នៃបញ្ហាបោះឆ្នោត កន្លងមក ថា, មានបញ្ហា មិនប្រក្រតី មួយចំនួន ដែលជាដើមចម, ធ្វើឲ្យមាន ទំនាស់ ក្រោយពេល បោះឆ្នោត។
បញ្ហា សំខាន់ៗ មួយចំនួន ដែលជប៉ុន បានរកឃើញ ក្នុងដំណើរការ បោះឆ្នោត កាលពីឆ្នាំ ២០១៣ នោះ គឺ មានបញ្ហាច្បាប់, កង្វះខាតមន្ត្រី រៀបចំ ការបោះឆ្នោត, ភាពមិនទុកចិត្ត របស់ សមាសភាព គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) និងការដោះស្រាយ វិវាទ មិនបានត្រឹមត្រូវ ជាដើម។
ឯកអគ្គរាជទូត ជប៉ុន ប្រចាំ នៅកម្ពុជា លោក កួម៉ាម៉ារុ យុជិ (Kumamaru Yuji) មានប្រសាសន៍ ថា, ក្រុមស្រាវជ្រាវ ជប៉ុន បានបង្ហាញ អំពី លទ្ធផល ដែលក្រុម តាមដាន ការបោះឆ្នោតនេះ បានមកសិក្សា អំពី ការបោះឆ្នោត នៅកម្ពុជា កាលពីខែ ឧសភា កន្លងទៅ។ លោក បញ្ជាក់ថា, ជប៉ុន ចង់ធ្វើ យ៉ាងណា ដើម្បី ធ្វើឲ្យប្រសើរ នូវនីតិវិធី បោះឆ្នោត និងអាច លើកកម្ពស់ សមត្ថភាព ក្នុងការអនុវត្ត ដំណើរការ បោះឆ្នោត នៅកម្ពុជា។ ទន្ទឹមនឹងនេះ, កម្ពុជា ត្រូវ ជំរុញ ការលើកកម្ពស់ ការយល់ដឹង ដល់ប្រជាជន ទូទៅ នៅពេល រៀបចំ ការបោះឆ្នោត, ហើយ បញ្ហា សំខាន់នោះ គឺ ត្រូវ រៀបចំបញ្ជី ចុះឈ្មោះ អ្នកបោះឆ្នោត ជាថ្មី៖ «យើង តែងតែ ដើរតួនាទី ទាំងនេះ តាំងពីកម្ពុជា ស្ដារឡើងវិញ នូវសន្តិភាព ក្នុងឆ្នាំ ១៩៩២-១៩៩៣។ យើង បានយកចិត្ត ទុកដាក់ច្រើន ចំពោះ តំបន់នេះ, ហើយ ខ្ញុំ គិតថា, វា មានសារសំខាន់ ដែលកម្ពុជា នឹងមាន ការអភិវឌ្ឍ លើគ្រប់វិស័យ ទាំងនយោបាយ និងសេដ្ឋកិច្ច, ហើយ យើង ចង់ជួយផងដែរ កន្លែងណា ដែលយើង អាចជួយបាន។»
ឯកអគ្គរាជទូត ជប៉ុន កួម៉ាម៉ារុ បញ្ជាក់ ថា, បញ្ហាកំណែទម្រង់ ការបោះឆ្នោតនេះ មិនទាន់បញ្ចប់ នៅឡើយ ដែលក្រុមការងារ ជប៉ុន បានមកបង្ហាញ អំពី លទ្ធផល នៅពេលនេះ។ ក៏ប៉ុន្តែ ក្រុមការងារ ជប៉ុន នឹងធ្វើការ ពិភាក្សា បន្តទៀត ជាមួយ គណបក្ស ជាប់ឆ្នោត ទាំងពីរ។ តែ សំខាន់, អ្វី ដែលជប៉ុន អាចជួយបាននោះ អាស្រ័យ លើការចង់បាន របស់ គណបក្ស ទាំងពីរ ថា, តើ ចង់ឲ្យជប៉ុន ជួយលើផ្នែក បោះឆ្នោតនេះ ក្នុងកម្រិតណា?
ក្រុមស្រាវជ្រាវ ជប៉ុន បានមកបង្ហាញ លទ្ធផល នៃការរកឃើញ ការស្រាវជ្រាវ របស់ខ្លួន កន្លងមក នោះ មានបី ដំណាក់កាល។ ដំណាក់កាល ទី១, ក្រុមតាមដាន ការបោះឆ្នោត ជប៉ុន នេះ បានជួបជាមួយ តំណាង ក្រុមបច្ចេកទេស ធ្វើកំណែទម្រង់ ការបោះឆ្នោត របស់ គណបក្ស ជាប់ឆ្នោត ទាំងពីរ។ ដំណាក់កាល ទី២, ជួបជាមួយ តំណាង គណបក្ស ប្រជាជនកម្ពុជា ដែលដឹកនាំ ដោយមន្ត្រី ជាន់ខ្ពស់ គណបក្សនេះ គឺ, លោក ប៊ិន ឈិន, ក៏ប៉ុន្តែ ជាការប្រជុំ បិទទ្វារ ដោយខាង គណបក្ស ប្រជាជនកម្ពុជា មិនអនុញ្ញាត ឲ្យអ្នកសារព័ត៌មាន ចូលទៅក្នុង បរិវេណសភា យកព័ត៌មាន និងមិនបានធ្វើ សន្និសីទ សារព័ត៌មាន ឡើយ ក្រោយពីជំនួបនោះ។
រហូត ដល់ដំណាក់កាល ទី៣ ទើប គេ អនុញ្ញាត ឲ្យចូលសភា គឺ នៅពេល ក្រុមស្រាវជ្រាវ ជប៉ុន ជួបជាមួយ តំណាង គណបក្ស សង្គ្រោះជាតិ ចាប់ផ្ដើម ពីម៉ោង ១១ ដល់ម៉ោង ១២ និង២០នាទី ថ្ងៃត្រង់។
វិទ្យុ អាស៊ី សេរី មិនអាច ទាក់ទង សុំការបំភ្លឺ ពីមន្ត្រី ជាន់ខ្ពស់ គណបក្ស ប្រជាជន កម្ពុជា លោក ប៊ិន ឈិន ដើម្បី សួរអំពី បញ្ហានេះ បានទេ នៅថ្ងៃ ទី២២ តុលា។
ចំណែក ខាងតំណាង គណបក្ស សង្គ្រោះជាតិ លោក គួយ ប៊ុនរឿន ថ្លែងឲ្យដឹង នៅក្រោយពេល ជំនួបនោះ ថា, ជប៉ុន ចង់ធ្វើ កំណែទម្រង់ ការបោះឆ្នោត លើកនេះ គឺ ភាគី ទាំងអស់ អាចទទួល យកបាន, ធានានិរន្តរភាព នៃការបោះឆ្នោត, ការគោរព សិទ្ធិប្រជាពលរដ្ឋ ឲ្យមានសិទ្ធិបោះឆ្នោត គ្រប់គ្នា, និងជៀសវាង នូវវិបត្តិ បោះឆ្នោត។ លោក គួយ ប៊ុនរឿន សង្កត់ធ្ងន់ ថា , គណបក្ស សង្គ្រោះជាតិ ចង់ឲ្យមាន បញ្ជីបោះឆ្នោតថ្មី ដែលធ្វើឡើង តាមប្រព័ន្ធ អេឡិចត្រូនិក (rlectronic) និងទាមទារ ឲ្យជប៉ុន បន្តឃ្លាំមើល កិច្ចព្រមព្រៀង របស់ គណបក្ស ទាំងពីរ លើការ កែទម្រង់ ការបោះឆ្នោត៖ «ទី២ យើង ចង់ឲ្យមាន ការពន្លឿន ការរៀបចំ នៃអង្គការ រៀបចំ ការបោះឆ្នោត ហ្នឹង ឲ្យបានលឿន, ហើយ ទី៣, យើង ចង់ឲ្យមាន ការបោះឆ្នោត មួយ ចេញប្រញាប់ ដោយសារ គោលដៅ នៃជំនួយ របស់ជប៉ុន, គឺ រង់ចាំ នៃភាគី កម្ពុជា មានការស្រុះស្រួលគ្នា ជ្រើសរើស យកកំណែទម្រង់ របៀបណា, ហើយ ជាពិសេស ចំណុច ដែលមាន ចែងក្នុង ការព្រមព្រៀង កន្លងមក, គឺ ការរៀបចំបញ្ជី បោះឆ្នោតថ្មី។»
លោក គួយ ប៊ុនរឿន បន្ថែម ថា, ប្រសិនបើ ជប៉ុន នឹងជួយ រៀបចំ ប្រព័ន្ធបោះឆ្នោត ថ្មីនោះ, គ.ជ.ប. ថ្មី នឹងស្នើសុំ អ្នកជំនាញ ពីជប៉ុន ដើម្បី មកជួយ រៀបចំ ដោយផ្ទាល់ នៅពេល ខាងមុខ។ លោកបញ្ជាក់ ថា, ជប៉ុន ក៏រកឃើញ ថា, បញ្ជី បោះឆ្នោតចាស់ មានបញ្ហា។ ដូច្នេះ បញ្ហាចម្បង គឺ គ.ជ.ប. ថ្មី ត្រូវតែ រៀបចំបញ្ជីបោះឆ្នោតថ្មី, ហើយ និងសុំជំនួយ ពីជប៉ុន អំពី បញ្ហានេះ។
ទាក់ទង បញ្ហានេះដែរ, នាយកប្រតិបត្តិ អង្គការ ខុមហ្វ្រែល (Comfrel) និងតំណាង សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត អឺរ៉ា (ERA) លោក គល់ បញ្ញា មានប្រសាសន៍ ថា, ជប៉ុន មានតួនាទី សំខាន់ណាស់ ក្នុងការជំរុញ ឲ្យគណបក្ស ទាំងពីរ ទទួលយក ការកែទម្រង់ ការបោះឆ្នោត ឲ្យស្របតាម និយាមអន្តរជាតិ។ លោក បញ្ជាក់ថា, រដ្ឋាភិបាល ឬគណបក្ស ប្រជាជនកម្ពុជា ត្រូវតែ អនុវត្តកិច្ចសន្យា កំណែទម្រង់ ការបោះឆ្នោត ជាមួយ គណបក្ស សង្គ្រោះជាតិ ដើម្បី ជៀសវាង នូវបញ្ហា នៅពេល បោះឆ្នោត។
ក្រុមស្រាវជ្រាវ ជប៉ុន មកជួប តំណាង គណបក្ស ទាំងពីរនេះ នៅខណៈ ក្រុមបច្ចេកទេស គណបក្ស ជាប់ឆ្នោត ទាំងពីរ កំពុងតែ ធ្វើសេចក្ដី ស្នើច្បាប់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត។ ប៉ុន្តែ តំណាង គណបក្ស ទាំងពីរ នៅខ្វែង គំនិតគ្នា នៅត្រង់ ចំណុច ការជ្រើសរើស អគ្គលេខាធិការ និងអគ្គលេខាធិការ រង គ.ជ.ប. ថ្មី, ហើយ នឹងយកចំណុច ខ្វែងគំនិតគ្នា ដាក់ជូន ថ្នាក់ដឹកនាំ, បន្ទាប់មក នឹងជជែកគ្នា ជាថ្មីទៀត នៅដើម សប្ដាហ៍ក្រោយ។
ជប៉ុន នឹងមាន ដំណាក់កាល ទី២ទៀត ក្នុងការជួយ ធ្វើកំណែទម្រង់ ការបោះឆ្នោត នេះ នៅបន្ទាប់ ពីគណបក្ស ទាំងពីរ បានរៀបចំ ស្ថាប័នបោះឆ្នោត រួចរាល់ នៅពេល ខាងមុខ។ ក្រុមស្រាវជ្រាវ ជប៉ុន នឹងរៀបចំ ដំណើរ ទស្សនកិច្ច សិក្សា នៅប្រទេស ជប៉ុន ដើម្បី ស្វែងយល់ អំពី បទពិសោធន៍ នៃការរៀបចំ ការបោះឆ្នោត នៅប្រទេស ជប៉ុន, រៀបចំ ផែនការ ជាក់លាក់ អំពី កំណែទម្រង់ ការបោះឆ្នោត៕
No comments:
Post a Comment