Paris Peace Accords 23 Oct. 1991

Monday, February 23, 2015

មនុស្ស​ស្លាប់ ​២៩​នាក់ ​ដោយសារ​ គ្រោះថ្នាក់​ ចរាចរណ៍ ​ក្នុង​រយៈពេល​ ៤​ថ្ងៃ ​ចូល​ឆ្នាំ​ចិន | 29 dead from traffic accidents this Chinese new year

មនុស្ស​ស្លាប់ ​២៩​នាក់ ​ដោយសារ​ គ្រោះថ្នាក់​ ចរាចរណ៍ ​ក្នុង​រយៈពេល​ ៤​ថ្ងៃ ​ចូល​ឆ្នាំ​ចិន

RFA / ​វិទ្យុ ​អាស៊ី សេរី | ២២ កុម្ភៈ ២០១៥

គ្រោះថ្នាក់​ចរាចរណ៍ កំពង់ចាម ៦១០
ម៉ូតូ​កង់​ ដែល​ទទួល​រង ​ការ​ខូចខាត​ ដោយសារ​ គ្រោះថ្នាក់ ​ចរាចរណ៍ ត្រូវ​ គេ​ ដឹក​ជញ្ជូន ​ទៅ​ស្នងការ​ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ ​ទី​២៣ កុម្ភៈ ឆ្នាំ​២០១៤។  RFA/Saut Sokprathna

នៅ​ក្នុង​ពិធី​ បុណ្យ​សែន និង​ចូល​ឆ្នាំ​ចិន រយៈពេល ៤​ថ្ងៃ ពី​ថ្ងៃ​ ទី​១៨ ដល់​ថ្ងៃ​ ទី​២១ ខែ​កុម្ភៈ, ករណី ​គ្រោះថ្នាក់ ​ចរាចរណ៍​ ដែល​បាន​ កើត​ឡើង ​នៅ​ទូទាំង​ប្រទេស ​មាន​ចំនួន ៧៧​ករណី។  ចំនួន​នេះ គឺ ​តិច​ជាង បើ ​ធៀប​ នឹង​រយៈពេល ​ដូច​គ្នា ​កាល​ពី​ឆ្នាំ​មុន។

របាយការណ៍​បឋម​របស់​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ថា ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ប្រទេស​កម្ពុជា ក្នុង​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​នេះ ប្រសើរ​ជាង​ឆ្នាំ​មុន។

ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក អែល សំនៀង ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ថា គិត​ត្រឹម​ម៉ោង ១២​ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២១ កុម្ភៈ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស មាន​ទាំងអស់ ៧៧​ករណី។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំងអស់​នេះ បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៩​នាក់ និង​រង​របួស​សរុប ១៥១​នាក់ ក្នុង​នោះ​អ្នក​របួស​ធ្ងន់​មាន​ចំនួន ៨៧​នាក់ ហើយ​ស្រាល ៦៤​នាក់។

លោក អែល សំនៀង ឲ្យ​ដឹង​បន្ថែម​ថា គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន ឆ្នាំ​នេះ បាន​ធ្វើ​ឲ្យ​ខូចខាត​ម៉ូតូ​សរុប ៩០​គ្រឿង រថយន្ត​តូច ៣០​គ្រឿង និង​រថយន្ត​ធំ​ចំនួន ១​គ្រឿង។ លោក​បញ្ជាក់​ដែរ​ថា ខេត្ត​ក្រុង​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ច្រើន​ជាង​គេ គឺ​រាជធានី​ភ្នំពេញ ខេត្ត​កំពត និង​ខេត្ត​កំពង់ធំ។ យ៉ាង​ណា លោក​មិន​ទាន់​អាច​ផ្តល់​ព័ត៌មាន​លម្អិត​អំពី​ទំហំ​ខូចខាត​ជា​ទឹក​ប្រាក់​នៅ​ ឡើយ​ទេ។

ចំណែក​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង លោក អែល សំនៀង បញ្ជាក់​ថា គឺ​បណ្ដាល​មក​ពី​ការ​បើកបរ​លឿន និង​ការ​បើកបរ​ក្នុង​ពេល​ស្រវឹង។

លោក អែល សំនៀង បញ្ជាក់​ថា នេះ​គ្រាន់​តែ​ជា​តួលេខ​នៃ​អ្នក​ស្លាប់​នៅ​លើ​ដង​ផ្លូវ មិន​រាប់​បញ្ចូល​តួលេខ​នៃ​អ្នក​ស្លាប់​ពី​មន្ទីរពេទ្យ​នោះ​ទេ។

ទោះ​យ៉ាង​ណា​ក៏ដោយ លោក អែល សំនៀង បញ្ជាក់​ថា ទាំង​ចំនួន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ទាំង​ចំនួន​អ្នក​ស្លាប់ អ្នក​របួស និង​ការ​ខូចខាត​នៅ​ឆ្នាំ​នេះ គឺ​មាន​ចំនួន​តិច​ជាង បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ពេល​ចូល​ឆ្នាំ​ចិន ឆ្នាំ​មុន។ បើ​តាម​ប្រធាន​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​រូប​នេះ កាល​ពី​ឆ្នាំ​២០១៤ គ្រោះថ្នាក់​ចរាចរណ៍​មាន​ទាំងអស់ ៩៨​ករណី អ្នក​ស្លាប់ ៣៣​នាក់ និង​អ្នក​របួស​សរុប​ទាំងអស់ ១៩៧​នាក់។

ចំណែក​រឿង​ទាក់ទង​នឹង​អគ្គីភ័យ​វិញ ស្នងការ​រង​ទទួល​បន្ទុក​ការងារ​អាវុធ​ជាតិ​ផ្ទុះ និង​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ជាតិ​រាជធានី​ភ្នំពេញ លោក នេត វន្ថា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ថា ក្នុង​រយៈពេល ៤​ថ្ងៃ​នៃ​ពិធី​បុណ្យ​សែន និង​ចូល​ឆ្នាំ​ចិន នេះ នៅ​រាជធានី​ភ្នំពេញ​មាន​ករណី​អគ្គីភ័យ​សរុប​ចំនួន ៥​ករណី គឺ​ក្នុង​ខណ្ឌ​ដូនពេញ ២​ករណី ខណ្ឌ​ច្បារអំពៅ ១​ករណី ខណ្ឌ​ពោធិ៍សែនជ័យ ១​ករណី និង​ក្នុង​ខណ្ឌ​សែនសុខ ១​ករណី។

លោក នេត វន្ថា មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​អគ្គីភ័យ​កើត​ឡើង គឺ​ដោយសារ​ការ​អុជ​ធូប​ទៀន​ក្នុង​ពេល​សែន​ដូនតា ការ​ផ្ទុះ​កំប៉ុង​ហ្គាស៍ និង​ការ​ដុត​សំរាម ជាដើម។ លោក​បញ្ជាក់​ថា ករណី​ទាំងអស់​នេះ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អាយុ​ជីវិត ឬ​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​របួស​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​ទំហំ​នៃ​ការ​ខូចខាត​វិញ គឺ​មាន​តិចតួច​បំផុត។

លោក​បញ្ជាក់​ថា ដោយសារ​ប្រជាពលរដ្ឋ​ខ្លួន​ឯង​បាន​ប្រើ​វិធានការ​បឋម​ទប់ស្កាត់ ទើប​វា​មិន​បាន​បណ្ដាល​ឲ្យ​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ។

យ៉ាង​ណា​ក៏ដោយ លោក នេត វន្ថា បញ្ជាក់​ថា កាល​ពី​ពេល​ចូល​ឆ្នាំ​ចិន ឆ្នាំ​មុន នៅ​រាជធានី​ភ្នំពេញ​ពុំ​មាន​ករណី​អគ្គីភ័យ​កើត​ឡើង​នោះ​ទេ៕



No comments:

Post a Comment