Paris Peace Accords 23 Oct. 1991

Thursday, February 5, 2015

សង្គម​ស៊ីវិល​ ទាមទារ​ លុប​មាត្រា ​ច្បាប់​បោះឆ្នោត ​ថ្មី​ ដែល​រារាំង​ ការ​បញ្ចេញ​មតិ | Civil society calls for deletion of new article that prevents free expression

សង្គម​ស៊ីវិល​ ទាមទារ​ លុប​មាត្រា ​ច្បាប់​បោះឆ្នោត ​ថ្មី​ ដែល​រារាំង​ ការ​បញ្ចេញ​មតិ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៤ កុម្ភៈ ២០១៥

ប៊ិន ឈិន គួយ ប៊ុនរឿន ៦២០
ប្រធាន​ ក្រុម​ចរចា​ គណបក្ស​ ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន (ឆ្វេង) និង​ប្រធាន ​ក្រុម​ចរចា​ គណបក្ស​ប្រឆាំង លោក គួយ ប៊ុនរឿន (ស្ដាំ) ផ្ដល់​បទសម្ភាសន៍​ ដល់​អ្នក​កាសែត បន្ទាប់​ ពី​កិច្ច​ប្រជុំ​ ស្ដីពី​ ការ​កែ​ទម្រង់​ ច្បាប់​បោះ​ឆ្នោត នា​វិមាន ​រដ្ឋសភា នៅ​ថ្ងៃ​ ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៤។  RFA/Vann Vichar

អង្គការ ​សង្គម​ស៊ីវិល ​ចំនួន ៩ នៅ​ថ្ងៃ​ ទី​៤ កុម្ភៈ នេះ បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍ ​រួម​គ្នា​ សម្ដែង ​ពី​ក្ដី​ ព្រួយ​បារម្ភ​ ចំពោះ​ ច្បាប់​បោះ​ឆ្នោត ​ថ្មី ថា, ​ច្បាប់​នេះ​ នឹង​មាន​ ការ​រឹតត្បិត​ សិទ្ធិ​សេរីភាព ​ក្នុង​ការ​បញ្ចេញ​មតិ​ របស់​ អង្គការ​សង្គម​ស៊ីវិល។

ក្រុម​អង្គការ ​សង្គម​ស៊ីវិល​ ស្នើ​ ឲ្យ​រដ្ឋាភិបាល និង​គណបក្ស​ នយោបាយ ​គោរព​ សេរីភាព​ ខាង​ការ​ បញ្ចេញ​មតិ ដើម្បី​ ឲ្យ​កំណែ​ទម្រង់ ​ច្បាប់​បោះ​ឆ្នោត​នោះ មាន​លក្ខណៈ ​ល្អ​ប្រសើរ​ ឈរ​លើ​ គោលការណ៍ ​ប្រជាធិបតេយ្យ។

ក្រុម​អង្គការ​ សង្គម​ស៊ីវិល​ ទាមទារ ​ឲ្យ​គណបក្ស ​ជាប់​ឆ្នោត​ ទាំង​ពីរ ​ដក​ចេញ​ មាត្រា​១​ ក្នុង​សេចក្ដី​ ច្បាប់​បោះ​ឆ្នោត និយាយ ​ពី​ការ​រឹតត្បិត ​អង្គការ​ សង្គម​ស៊ីវិល​នោះ។

អង្គការ​ សង្គម​ស៊ីវិល ​ចំនួន ៩ បាន​ចេញ​ សេចក្ដី​ថ្លែងការណ៍ ​រួម​គ្នា​នៅ​ថ្ងៃ ​ទី​៤ កុម្ភៈ សម្ដែង​ ការ​ព្រួយ​បារម្ភ​ យ៉ាង​ខ្លាំង​ ចំពោះ​ វិធានការ​ ថ្មី ​នៅ​ក្នុង​សេចក្ដី ​ព្រាង​ច្បាប់​ បោះ​ឆ្នោត ​ដែល​ហាមឃាត់ ​អង្គការ ​សង្គម​ស៊ីវិល ​ក្នុង​ការ​ផ្ដល់ ​បទសម្ភាសន៍​ ជាមួយ ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​ថ្លែងការណ៍ ​ផ្សេងៗ ​ដែល​អាច​ ជេរ​ប្រមាថ​ ដល់​គណបក្ស ​នយោបាយ ​នៅ​ពេល​ ឃោសនា​ បោះ​ឆ្នោត។

នាយក​ប្រតិបត្តិ នៃ​អង្គការ​ សមធម៌​ កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការ​ក្នុង​គោល​បំណង​លើក​កម្ពស់​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ។ លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​ធ្វើ​ការ​រិះគន់​ដើម្បី​ស្ថាបនា ដូច្នេះ​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី បាន​កំណត់​មិន​ឲ្យ​សង្គម​ស៊ីវិល​រិះគន់​គឺ​ជា​ចំណុច​ផ្ទុយ​ពី​ប្រទេស​ ប្រកាន់​ប្រជាធិបតេយ្យ៖ «មិន​ត្រូវ​ ដាក់​ខ្លឹមសារ​ នេះ ​នៅ​ក្នុង​ច្បាប់​ ទេ, ធ្វើ​ ឲ្យ​ប៉ះពាល់​ ដល់​សេរីភាព, ដល់​ការ​ បញ្ចេញ​មតិ, ហើយ​ ក៏​អាច​ធ្វើ​ ឲ្យ​ប្រជាពលរដ្ឋ និង​មន្ត្រី, រួម​ទាំង​ មន្ត្រី​ រាជការ​ផង, មាន​ការ​ភ័យ​ខ្លាច។»

ការ​លើក​ឡើង​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ នៅ​ខណៈ​គណបក្ស​ទាំង​ពីរ​កំពុង​ជជែក​ពី​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ដែល​ គណបក្ស​ទាំង​ពីរ​ប្ដេជ្ញា​ថា នឹង​ធ្វើ​ឲ្យ​ចប់​នៅ​ចុង​ខែ​កុម្ភៈ នេះ។ ក៏ប៉ុន្តែ​នៅ​ត្រង់​ចំណុច​ដាក់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឯករាជ្យ និង​មិន​អនុញ្ញាត​ឲ្យ​ប្រមាថ​ដល់​គណបក្ស​នយោបាយ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ភាព​ចម្រូងចម្រាស​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ឡើយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន មាន​ប្រសាសន៍​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​បាន​ជជែក​រួចរាល់​ក្នុង​ជំពូក​ទី​៨ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​២ កុម្ភៈ ក៏ប៉ុន្តែ​មាត្រា​មួយ​ដែល​និយាយ​ពី​ឯករាជ្យ អព្យាក្រឹតភាព និង​ភាព​ឥត​លំអៀង​របស់​អង្គការ​សង្គម​ស៊ីវិល​នេះ គណបក្ស​សង្គ្រោះ​ជាតិ មិន​ទាន់​ឯកភាព​នៅ​ឡើយ៖ «នៅ​ក្នុង​ច្បាប់​នោះ ដាក់​ឲ្យ​ អង្គការ​ សង្គម​ស៊ីវិល​ ឯករាជ្យ, អព្យាក្រឹត ដើម្បី​ ឲ្យ​ពួកគាត់​ តាម​ដាន​ ក្នុង​ពេល​ ឃោសនា​ បោះ​ឆ្នោត និង​បោះ​ឆ្នោត, ហើយ​ ក៏​និយាយ​ ពី​ក្រម​សីលធម៌​ សង្គម​ស៊ីវិល​ដែរ, តែ​ គណបក្ស​ សង្គ្រោះ​ជាតិ មិន​ទាន់​ ឯកភាព​ នៅ​ឡើយ​ទេ។»

សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​បាន​លើក​ក្ដី​កង្វល់​អំពី ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ដែល​រឹតត្បិត​មិន​ឲ្យ​មន្ត្រី​អង្គការ​ សង្គម​ស៊ីវិល​ផ្ដល់​បទសម្ភាសន៍ ឬ​វិភាគ​ដែល​អាច​ប្រមាថ​ដល់​គណបក្ស​ផ្សេងៗ​ក្នុង​ពេល​បោះ​ឆ្នោត។ ការ​រឹត​បន្តឹង​បែប​នេះ​ស្មើ​នឹង​ការ​រំលោភ​បំពាន​សេរីភាព​ខាង​បញ្ចេញ​មតិ។

ឆ្លើយ​តប​នឹង​ករណី​នេះ លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា លោក ប៊ិន ឈិន ពន្យល់​ថា មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​អាច​បញ្ចេញ​មតិ​បាន តែ​មិន​អាច​និយាយ​ដល់​ការ​ប្រមាថ​ដល់​ឥស្សរជន​នយោបាយ ឬ​គណបក្ស​នយោបាយ​ណា​មួយ​បាន​ទេ៖ «កុំ​ ឲ្យ​គាត់​ ប្រមាថ, បើ​ និយាយ​ ថា អ៊ីចេះ ថា​អ៊ីចុះ។  ការ​ពិត​ គឺ ​គាត់ ​ឯករាជ្យ, ឥត​លំអៀង។  គាត់​ អាច​វិភាគ, ប៉ុន្តែ​ កុំ​ ឲ្យ​ប្រមាថ។»

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ឆ្លើយ​តប​ថា ការ​កំណត់​មិន​ឲ្យ​ប្រមាថ​នៅ​ក្នុង​ច្បាប់​នេះ ហាក់​ដូច​ជា​ទូលំទូលាយ​ពេក ថា​តើ​ការ​ប្រមាថ​ណា​មួយ​នោះ ត្រូវ​មាន​ដែន​កំណត់​បែប​ណា?

​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​បញ្ជាក់​ថា ការ​កំណត់​មិន​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បញ្ចេញ​មតិ​ណា​មួយ​ធ្វើ​ ឲ្យ​ប៉ះពាល់​ដល់​គណបក្ស​នយោបាយ ឬ​ការ​ប្រមាថ​នេះ ជា​ការ​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កតិកាសញ្ញា​អន្តរជាតិ​នានា ដែល​កម្ពុជា ជា​ភាគី​ហត្ថលេខី ដូចជា​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ធានា​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ រាប់​បញ្ចូល​ទាំង​សេរីភាព​ស្រាវជ្រាវ​ព័ត៌មាន ទទួល និង​ផ្សព្វផ្សាយ​ព័ត៌មាន និង​គំនិត​សព្វ​បែប​យ៉ាង​ដោយ​មិន​គិត​ពី​ព្រំដែន​ដោយ​ផ្ទាល់​មាត់ សរសេរ ឬ​បោះ​ពុម្ព​តាម​ទម្រង់​សិល្បៈ​ក្ដី ឬ​ក៏​ដោយ​មធ្យោបាយ​ដទៃ​ទៀត​ក្ដី​តាម​ការ​ជ្រើសរើស​របស់​ខ្លួន។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​ដាក់​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ឲ្យ​ឯករាជ្យ និង​មិន​អនុញ្ញាត​ឲ្យ​និយាយ​ប្រមាថ​ដល់​គណបក្ស​នយោបាយ​នៅ​ក្នុង​សេចក្ដី​ ព្រាង​ច្បាប់​បោះ​ឆ្នោត​នេះ គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​យល់​ព្រម​នៅ​ឡើយ។ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​ទុក​ឲ្យ​ថ្នាក់​ដឹកនាំ​ជា​អ្នក​សម្រេច​ជា​ចុង ​ក្រោយ។ បញ្ហា​នេះ គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា តើ​ទី​បំផុត​គណបក្ស​ទាំង​ពីរ​នឹង​ឯកភាព​លើ​ចំណុច​នេះ ឬ​យ៉ាង​ណា?

No comments:

Post a Comment