លោក ហ៊ុន សែន ច្រានចោល ការចោទ ថា, លោក ទិញតំណាងរាស្ត្រ បក្សប្រឆាំង
RFA / វិទ្យុ អាស៊ី សេរី | ១៥ កុម្ភៈ ២០១៥
ការលាលែង ពីតួនាទី របស់ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ មណ្ឌលកំពត មួយរួប ឈ្មោះ វ៉ាន សំអឿន នោះ ត្រូវ បានលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ច្រានចោល ចំពោះ ការចោទប្រកាន់ ថា, លោក ជាអ្នកទិញ លោក វ៉ាន សំអឿន ឲ្យចុះចូល ជាមួយ គណបក្ស ប្រជាជនកម្ពុជា។ លោក ហ៊ុន សែន អំពាវនាវ ឲ្យគណបក្ស សង្គ្រោះជាតិ បញ្ឈប់វប្បធម៌ លាបពណ៌នេះ។
សមាជិក គណបក្ស ប្រឆាំង រត់ចុះចូល ជាមួយ គណបក្ស កាន់អំណាចនេះ មិនមែន ជាលើកទី១ទេ។ សមាជិក គណបក្សប្រឆាំង តែងតែ រត់ចុះចូល គណបក្ស ប្រជាជនកម្ពុជា និងទទួលបាន តួនាទី ជាមន្ត្រីជាន់ខ្ពស់ ក្នុងរដ្ឋាភិបាល។
លោក ហ៊ុន សែន ថ្លែងជាសាធារណៈនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃ សាកលវិទ្យាល័យធនធានមនុស្ស នៅថ្ងៃទី១៧ កុម្ភៈ ថា នៅមុនពេល លោក វ៉ាន សំអឿន តំណាងរាស្ត្រមណ្ឌលកំពត គណបក្សសង្គ្រោះជាតិ លាលែងតួនាទីពីសមាជិករដ្ឋសភា និងគណបក្សនោះ លោក វ៉ាន សំអឿន បានមកជួបលោកជាសម្ងាត់ សុំចូលបម្រើការងារនៅគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលហើយនោះ មិនមែនជាការប្រើលុយទិញនោះទេ។
លោក ហ៊ុន សែន ប្រកាសថា លោកបើកចំហទទួលយកសមាជិកគណបក្សសង្គ្រោះជាតិ បន្តទៀត បើសិនជាអ្នកណាចង់ចុះចូលនោះ៖ «ខ្ញុំ ផ្ដាំទៅប្ដីប្រពន្ធពីរនាក់នៅគណបក្សសង្គ្រោះជាតិ ខ្ញុំផ្ដាំទៅឲ្យហើយ ខ្ញុំស្ដាប់សំឡេងបានហើយ ថាខ្ញុំហ្នឹងទិញឯកឧត្តម វ៉ាន សំអឿន ទិញយ៉ាងម៉េចទិញក្បាលមនុស្សយ៉ាងម៉េច?»
នៅក្នុងលិខិតលាលែងរបស់ លោក វ៉ាន សំអឿន កាលពីថ្ងៃទី១៣ កុម្ភៈ ផ្ញើជូនប្រធានរដ្ឋសភា លោក ហេង សំរិន បញ្ជាក់មូលហេតុពីការលាលែងពីសមាជិករដ្ឋសភានោះថា ដោយសារលោកគ្មានឱកាសនឹងបម្រើប្រទេសជាតិតាមឆន្ទៈ និងបទពិសោធន៍របស់លោក ទើបលោកសម្រេចចិត្តលាលែង។
យ៉ាងនេះក្ដី មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ការចាកចេញពីគណបក្សសង្គ្រោះជាតិ របស់ លោក វ៉ាន សំអឿន ជាសិទ្ធិរបស់គាត់ ហើយគណបក្សសង្គ្រោះជាតិ គ្មានព្រួយបារម្ភខ្លាចប៉ះពាល់ប្រជាប្រិយភាពគណបក្សនោះដែរ។
លោក អេង ឆៃអ៊ាង អះអាងថា ការលាឈប់របស់ លោក វ៉ាន សំអឿន នេះ អាចគណបក្សប្រជាជនកម្ពុជា ផ្ដល់ផលប្រយោជន៍ជូនលោក៖ «អ្នក នយោបាយខ្មែរមិនដែលលាលែងចេញពីតួនាទីទៅធ្វើជាប្រជាពលរដ្ឋសាមញ្ញ ទេ គឺការលាលែងទៅបក្សមួយទៀត ត្រូវតែទទួលបានផលប្រយោជន៍អ្វីមួយ។»
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពត លោក វ៉ាន សំអឿន ដើម្បីសុំការបំភ្លឺពីបញ្ហានេះបានទេនៅថ្ងៃទី១៧ កុម្ភៈ។
លោក វ៉ាន សំអឿន ជាអណិកជនខ្មែរមកពីសហរដ្ឋអាមេរិក លោកបានជាប់ជាតំណាងរាស្ត្រលើកដំបូងនៃគណបក្សសង្គ្រោះជាតិ មណ្ឌលកំពត លេខរៀងទី៣។ ខេត្តកំពត មានអាសនៈទាំងអស់ចំនួន៦ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបាន ៣អាសនៈ និងគណបក្សសង្គ្រោះជាតិ ទទួលបាន ៣អាសនៈដូចគ្នា។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ មួយរួបទៀតសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា លោក វ៉ាន សំអឿន ក្រៅពីមានតួនាទីជាតំណាងរាស្ត្រនោះ លោកបានបង្កើតមុខរបរចិញ្ចឹមជ្រូក តែលោកបានបរាជ័យក្នុងការបង្កើតមុខរបរនេះ ក្រោយមកក៏ជំពាក់បំណុលគេច្រើន។ ថ្មីៗនេះ លោកបានទាក់ទងជាមួយ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ដែលជាប់សាច់ញាតិជាមួយលោក ដើម្បីទាក់ទងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាសម្ងាត់។ លោកបញ្ជាក់ថា ការចាកចេញរបស់ លោក វ៉ាន សំអឿន នេះអាចទាក់ទងនឹងបញ្ហាលុយកាក់។
ស្របគ្នានេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លោក ទេព នីថា បញ្ជាក់ថា គ.ជ.ប បានសម្រេចដាក់ លោក ដាង ចំរើន បេក្ខជនលេខរៀងលំដាប់ទី៤ ជំនួស លោក វ៉ាន សំអឿន លេខរៀងទី៣ ដែលបានលាលែងពីសមាជិកសភានៅថ្ងៃទី១៧ កុម្ភៈ។ លោកបញ្ជាក់ថា គ.ជ.ប បានផ្ញើលិខិតយល់ព្រមផ្លាស់ប្ដូរតំណាងរាស្ត្រនេះ ផ្ញើជូនគណបក្សសង្គ្រោះជាតិ វិញហើយដែរ។
ចំពោះ លោក វ៉ាន សំអឿន វិញ លោក ហ៊ុន សែន បង្ហើបឲ្យដឹងថា លោកនឹងទទួលបានតួនាទីនៅក្នុងរដ្ឋាភិបាល ដែលទទួលបានប្រាក់ខែតិចជាងសមាជិករដ្ឋសភា ដែលធ្លាប់ទទួលបានជាង ២ពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែនោះ៕
No comments:
Post a Comment