Paris Peace Accords 23 Oct. 1991

Friday, February 13, 2015

សម្ភាស ​មន្ត្រី​​សិទ្ធិ​មនុស្ស ​អន្តរជាតិ​ ស្ដីពី​ ការ​កាន់​អំណាច​ ជាង​៣០​ឆ្នាំ​ របស់​លោក ហ៊ុន សែន | Interview with human rights official re Hun Sen's hold on power for past 30 years

សម្ភាស ​មន្ត្រី​​សិទ្ធិ​មនុស្ស ​អន្តរជាតិ​ ស្ដីពី​ ការ​កាន់​អំណាច​ ជាង​៣០​ឆ្នាំ​ របស់​លោក ហ៊ុន សែន

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ កុម្ភៈ ២០១៥

ប៊្រែដ អាដាម ៦២០
នាយក​ប្រតិបត្តិ ​ទទួល​បន្ទុក​ កិច្ចការ​ តំបន់​អាស៊ី​ របស់ ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប្រ៊ែដ អាដាម (Brad Adams) ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី នា​រាជធានី​វ៉ាស៊ីនតុន កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ ២០១៥។  RFA/Debbie Snguon


អង្គការ​ សិទ្ធិ​មនុស្ស ​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ស្នើ​សុំ​ ឲ្យ​សហរដ្ឋ អាមេរិក ពិនិត្យ​មើល​ ការ​កាន់​អំណាច​ រយៈពេល​ ជាង៣០​ឆ្នាំ​ របស់​លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​មិន​គ្រាន់តែ គ្មាន​ ការ​រីកចម្រើន ​នូវ​ការ​គោរព​ សិទ្ធិមនុស្ស​ ប៉ុណ្ណោះ​ទេ, ប៉ុន្តែ​ ថែម​ទាំង​ មិន​មាន ​ការ​បោះ​ឆ្នោត ​ដោយ​សេរី និង​យុត្តិធម៌​ ទៀត​ផង។   អង្គការ​នេះ ​ក៏​ព្រមាន​រិះគន់​ គណបក្ស​ សង្គ្រោះ​ជាតិ ប្រសិនបើ​ គណបក្ស​ ប្រឆាំង ​មួយ​នេះ ចូល​រួម ​ធ្វើ​ច្បាប់​ មួយ​ចំនួន​ គាប​សង្កត់​ អង្គការ​ សង្គម​ស៊ីវិល និង​អនុញ្ញាត​ ឲ្យ​កងកម្លាំង​ ប្រដាប់​អាវុធ​ មាន​សិទ្ធិ​ ឃោសនា​ បោះ​ឆ្នោត​ នៅ​ពេល​ខាង​មុខ។

ខាង​ក្រោយ​នេះ ​ជា​អត្ថបទ​សម្ភាសន៍ ​របស់​លោក យន់ សាមៀន ជាមួយ​លោក ប្រ៊ែដ អាដាម (Brad Adams) នាយក​ប្រតិបត្តិ​ ទទួល​បន្ទុក ​កិច្ចការ ​តំបន់​អាស៊ី ​របស់​ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ

យន់ សាមៀន៖ តើ​ លោក អញ្ជើញ​មក ​រដ្ឋធានី​ វ៉ាស៊ីនតុន ដើម្បី​ ចូលរួម​កម្ម ​អ្វី​ខ្លះ ​ដែរ​, បាទ?

ប្រ៊ែដ អាដាម៖ ខ្ញុំ​ គ្រប់គ្រង​ កិច្ច​តំបន់​ អាស៊ី​ សម្រាប់ ​អង្គការ​ សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ។  ដូច្នោះ ​ខ្ញុំ​ តែងតែ​ មក​រដ្ឋធានី​ វ៉ាស៊ីនតុន ដើម្បី ​ជួប​នឹង​មន្ត្រី​ សេតវិមាន,​ ក្រុមប្រឹក្សា​ សន្តិសុខ, រដ្ឋ​សភា  និង​ព្រឹទ្ធ​សភា, ក្រសួង​ ការបរទេស, ហើយ ​ខ្ញុំ​ នឹង​ទៅ​ក្រសួង​ ការពារ​ជាតិ។   ខ្ញុំ​ បាន​ជជែក ​នឹង​មន្ត្រី​ ទាំង​នោះ​ អំពើ​ បញ្ហា​សិទ្ធិមនុស្ស​ ក្នុង​ប្រទេស ​មួយ​ចំនួន, ជាពិសេស ​ប្រទេស​កម្ពុជា។


យន់ សាមៀន៖ តើ​ លោក ​បាន​ពិភាក្សា ​បញ្ហា​អ្វី​ខ្លះ​ ពាក់ព័ន្ធ​ នឹង​ប្រទេស ​កម្ពុជា ក្នុង​កិច្ចប្រជុំ​ នៅ​សេតវិមាន និង​ព្រឹទ្ធ​សភា?

​ប្រ៊ែដ អាដាម៖   មន្ត្រី​ទាំង​នោះ​ មាន​ការ ​ងឿង​ឆ្ងល់​ នឹង​ប្រទេស​ កម្ពុជា បន្ទាប់​ ពី​រយៈពេល ២០​ឆ្នាំ​ ក្រោយ​ការ​ បោះ​ឆ្នោត ​រៀបចំ​ ដោយ​អង្គការ​ សហប្រជាជាតិ  នៅ​តែ​ បន្ត​ ជួប​ប្រទះ​ បញ្ហា​អនុវត្ត​ ចំណុច​មូលដ្ឋាន ​នៃ​សិទ្ធិមនុស្ស,​ លទ្ធិប្រជាធិបតេយ្យ, សិទ្ធិ​អ្នក​បោះ​ឆ្នោត,  និង​តួនាទី ​របស់ ​កងកម្លាំង ​ប្រដាប់​អាវុធ។   បញ្ហា​ទាំង​នេះ ​គួរ​ ត្រូវ​ បាន​ដោះស្រាយ​ ជា​ច្រើន​ឆ្នាំ​ កន្លង​មក​ហើយ,  ប៉ុន្តែ​ បញ្ហា​ទាំង​នោះ ​បន្ត ​នៅ​សេស​សល់ ​មិន​ទាន់​ ដោះស្រាយ​ មក​ទល់​ពេល​ បច្ចុប្បន្ន​នេះ ​ទៀត។  មន្ត្រី​ សហរដ្ឋ អាមេរិក តក់ស្លុត​ ជា​ខ្លាំង ការ​ដែល​លោក​ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បន្ត​កាន់​តំណែង ​អស់​រយៈពេល ៣០​ឆ្នាំ។  មន្ត្រី​ ជា​ច្រើន ​ក្នុង​រដ្ឋបាល រដ្ឋធានី​ វ៉ាស៊ីនតុន បាន​ដេក​លក់​ មិន​ចាប់​អារម្មណ៍ ​នឹង​បញ្ហា ​របស់ ​ប្រទេស​កម្ពុជា។  ប៉ុន្តែ​ នៅ​ពេល​ថ្មីៗ​នេះ ពួកគេ​ បាន​ភ្ញាក់​ឡើង​, ហើយ ​ដឹង​ថា, លោក ហ៊ុន សែន បាន​កាន់​កាប់​តំណែង​ ក្នុង​រយៈ៣០​ឆ្នាំ,  ហើយ ​លោក ​អាច​បន្ត​ កាន់​អំណាច​ ដោយ​ការ​ បោះឆ្នោត​ មិន​សេរី និង​យុត្តិធម៌។

​មន្ត្រី​អាមេរិក​ទាំង​នោះ​យល់​ឃើញ​ថា បេសកកម្ម​បោះឆ្នោត​រៀបចំ​ដោយ​អង្គការ​សហប្រជាជាតិ​បាន​បរាជ័យ​ក្នុង​វិស័យ​ មួយ​ចំនួន។ វត្តមាន​របស់​អង្គការ​សហប្រជាជាតិ​ពិត​ណាស់​បាន​នាំ​មក​នូវ​សន្តិភាព​មែន ប៉ុន្តែ​ចំណុច​ផ្សេង​ទៀត​ដែល​អង្គការ​សហប្រជាជាតិ បាន​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ ដោយ​សង្ឃឹម​ថា នឹង​មាន​ការ​កែលំអ​នោះ មិន​បាន​ក្លាយ​ទៅ​ជា​ការ​ពិត​ទាំង​ស្រុង​ទេ។

យន់ សាមៀន៖ តើ​លោក​មាន​ផ្ដល់​អនុសាសន៍​អ្វី​ខ្លះ​ដល់​មន្ត្រី​សហរដ្ឋអាមេរិក​ទាំង​នោះ?

ប្រ៊ែដ អាដាម៖ ខ្ញុំ​ចង់​ឲ្យ​ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ពី​ ប្រទេស​កម្ពុជា ឲ្យ​បាន​ដិតដល់។ អ្នក​ដឹង​ទេ នៅ​ពេល​មាន​ការ​ផ្ទុះ​ឡើង​បះបោរ​នៅ​ក្នុង​ប្រទេស​អារ៉ាប មួយ​ចំនួន​នោះ។ មាន​មនុស្ស​ជា​ច្រើន​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃ​ផ្សេង​ទៀត​ភ្ញាក់ផ្អើល​ដោយ​ទើបតែ​ដឹង​ថា ពលរដ្ឋ​ក្នុង​ប្រទេស​នោះ​មិន​ពេញ​ចិត្ត នឹង​ជន​ផ្ដាច់ការ​ប្រទេស​អេហ្ស៊ីប (Egypt) យេមែន (Yemen) ដែល​កាន់​កាប់​អំណាច​អស់​រយៈពេល ៣០​ឆ្នាំ និង​ជន​ផ្ដាច់ការ​នៅ​ទុយណេស៊ី (Tunisia) និង​លីប៊ី (Libya) កាន់​កាប់​អំណាច​ជា​ច្រើន​ទសវត្សរ៍។ ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ យើង​ជា​អ្នក​តាម​ដាន​ករណី​ក្នុង​ប្រទេស​ទាំង​នោះ គ្មាន​ការ​ភ្ញាក់ផ្អើល​អ្វី​ទេ ដោយសារ​តែ​យើង​ធ្លាប់​បាន​លើក​ឡើង​ជា​ច្រើន​ដង​មក​ហើយ​ថា ការ​ដឹកនាំ​ផ្ដាច់​ការ​រយៈពេល​យូរ​នឹង​មិន​គង់វង្ស​ឡើយ។ គ្មាន​បុគ្គល​ណា​ម្នាក់​ចង់​ឃើញ​អ្នក​កាន់​កាប់​អំណាច​ដោយ​គ្មាន​ពេល​កំណត់​ នោះ​ទេ។ នៅ​សហរដ្ឋអាមេរិក ប្រធានាធិបតី​​កាន់​អំណាច​ពីរ​អាណត្តិ​មាន​រយៈពេល ៨​ឆ្នាំ​តែប៉ុណ្ណោះ។ ខ្ញុំ​អាច​និយាយ​បាន​ថា ពលរដ្ឋ​អាមេរិក​មាន​ចំនួន​បាន​ធុញ​ទ្រាន់​ឃើញ​មុខ​ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា (Barack Obama) នៅ​លើ​កញ្ចក់​ទូរទស្សន៍​រួច​ទៅ​ហើយ។ ទោះ​បី​មាន​មនុស្ស​ខ្លះ​ពេញ​ចិត្ត និង​មិន​ពេញ​ចិត្ត​លោក​ក៏ដោយ មនុស្ស​ទាំង​ឡាយ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ដោយ​ឡែក​នៅ​ប្រទេស​កម្ពុជា មិន​មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ទាល់តែសោះ។
អ្នក​ដឹង​ទេ​ថា ប្រសិនបើ​លោក ហ៊ុន សែន ឡើង​កាន់​កាប់​អំណាច​ដោយ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ នឹង​គ្មាន​អ្វី​រិះគន់​ឡើយ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​មិន​ទាន់​កើត​មាន​ឡើង​ទាល់​តែ​សោះ។ យើង​បាន​ជជែក​ជា​ច្រើន​ចំណុច​ពី​អនាគត​កម្ពុជា។ មាន​ការ​ចាប់​អារម្មណ៍​ថា យុវជន​នឹង​ងើប​ឡើង​ជា​ថ្មី​ម្ដង​ទៀត ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ។ យើង​ជឿជាក់​ថា ប្រសិនបើ​មាន​ក្រុម​យុវជន​ងើប​ឡើង​ដូច​កាល​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នោះ គណបក្ស​ប្រឆាំង​នឹង​អាច​ឈ្នះ​ឆ្នោត។ ប៉ុន្តែ​យើង​មិន​ទាន់​អាច​ជឿជាក់​បាន​ទាំង​ស្រុង​ទេ ដោយសារ​តែ​ប្រសិនបើ​គណបក្ស​ប្រឆាំង​ឈ្នះ​ឆ្នោត​ឡើង​មែន​នោះ គណបក្ស​ប្រជាជន​កម្ពុជា ប្រហែល​ជា​មិន​ឲ្យ​មាន​ការ​រាប់​សន្លឹង​ឆ្នោត​ទេ។ សំណួរ​ចោទ​សួរ​ថា តើ​ការ​ផ្ដុំ​ឡើង​នៃ​ប្រមូល​ផ្តុំ​ពី​សាធារណជន​នឹង​អាច​ក្លាយ​លទ្ធផល​ផ្សេង​ ទៀត​សម្រាប់​ការ​បោះ​ឆ្នោត​លើ​ក្រោយ​ទេ ប្រសិនបើ​ការ​បោះ​ឆ្នោត​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌?

​យើង​ក៏​បាន​ជជែក​អំពី​ការ​រំលោភ​បំពាន​របស់​មន្ត្រី​សន្តិសុខ​របស់​ កម្ពុជា។ មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​កើត​ឡើង​ពី​បញ្ហា​ការ​អនុវត្ត​តួនាទី​របស់​ កងរាជអាវុធហត្ថ ប៉ូលិស និង​យោធា ដោយសារ​តែ​មន្ត្រី​ទាំង​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហា​នយោបាយ។ កាល​ពី​សប្ដាហ៍​មុន មន្ត្រី​កង​ប្រដាប់​អាវុធ​ចំនួន​ជាង ៨០​នាក់​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ ប្រជាជន​កម្ពុជា។ នេះ​ជា​លាយឡំ​ដាក់​បញ្ចូល​គ្នា​រវាង​រដ្ឋ​និង​បក្ស។ កាល​ពី​ទសវត្ស​ឆ្នាំ​៨០ និង ៩០ រដ្ឋ​និង​បក្ស​គឺ​តែមួយ ប៉ុន្តែ​នៅ​ពេល​អ៊ុនតាក់ មាន​វត្តមាន​នៅ​កម្ពុជា អ៊ុនតាក់​បាន​រៀបចំ​ឲ្យ​មាន​រចនាសម្ព័ន្ធ​រដ្ឋាភិបាល និង​បក្ស​ដាច់​ដោយ​ឡែក​ពី​គ្នា។ ប៉ុន្តែ​ឥឡូវនេះ​យើង​សង្កេត​ឃើញ​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ដាក់​បញ្ចូល​បក្ស​និង​រដ្ឋ​ឡើង​វិញ។  នេះ​ ជា​គ្រោះថ្នាក់​ មួយ។  កងកម្លាំង​ ប្រដាប់​អាវុធ​ត្រូវ​ធ្វើ​ការងារ​បម្រើ​ពលរដ្ឋ និង​សាធារណជន។ ពួកគេ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កាន់កាប់​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង ​គណបក្ស​នយោបាយ​ឡើយ ប្រសិនបើ​មិន​ដូច្នោះ​ទេ ពួកគេ​នឹង​លំអៀង​ទៅ​លើ​និន្នាការ​នយោបាយ​បក្ស​របស់​ពួកគេ​នៅ​ពេល​បំពេញ​ តួនាទី​បម្រើ​សាធារណជន។

យន់ សាមៀន៖ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ដាក់​បញ្ចូល​មន្ត្រី​កង​ប្រដាប់ ​អាវុធ​ទៅ​ក្នុង​គណបក្ស​នេះ ខ្ញុំ​បាន​សាកសួរ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មន្ត្រី​នោះ​ឆ្លើយ​ថា កង​ប្រដាប់​អាវុធ​ដែល​ទើប​ទទួល​បាន​តួនាទី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា បំពេញ​ការងារ​ដោយ​អព្យាក្រឹតភាព។ តើ​លោក​យល់​យ៉ាង​ណា​ដែរ?

​ប្រ៊ែដ អាដាម៖ ភស្តុតាង​ដែល​យើង​ទទួល​បាន​ក្នុង​រយៈពេល​ជា​ច្រើន​ទសវត្ស​មក​នេះ បង្ហាញ​ថា ប៉ូលិស កងរាជអាវុធហត្ថ និង​យោធា​ពិត​ជា​បម្រើការ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។ កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ ចូលរួម​ធ្វើ​សមាជ​បក្ស​ធ្វើ​សេចក្ដី​ថ្លែងការណ៍​នយោបាយ​គាំទ្រ​គណបក្ស ហើយ​ចាត់​ទុក​គណបក្ស​ប្រឆាំង​ជា​សត្រូវ។ ក្នុង​លទ្ធិប្រជាធិបតេយ្យ​គណបក្ស​ប្រឆាំង​មិន​មែន​ជា​សត្រូវ នឹង​ប៉ូលិស​កងរាជអាវុធហត្ថ និង​យោធា​ឡើយ។ អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​បុគ្គល​អាច​សំដែង​មតិ​ដោយ​ស្រប​ច្បាប់​ហើយ​ មជ្ឈដ្ឋាន​ទូទៅ​អាច​ទទួល​យក​បាន​ដរាប​មតិ​ទាំង​នោះ​មិន​ពាក់ព័ន្ធ​ទៅ​នឹង​ ការ​បង្ក​អំពើ​ហិង្សា។ យើង​ឃើញ​ថា កងកម្លាំង​ប្រដាប់​អាវុធ​នៅ​ពេល​នេះ មាន​ការ​លំអៀង​ទៅ​នឹង​គណបក្ស​នយោបាយ​រួច​ទៅ​ហើយ ដូច្នោះ​នៅ​ពេល​អ្នក​ទាំង​នោះ​ត្រូវ​បាន​ផ្ដល់​តួនាទី​សំខាន់​ក្នុង​គណបក្ស​ ទៅ​ទៀត​នោះ ពួកគេ​កាន់​តែ​លំអៀង​ទៅ​រក​គណបក្ស​ថែម​ទៀត។

យន់ សាមៀន៖ អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ  បាន​ចេញ​របាយការណ៍​ជា​ច្រើន​រិះគន់​រដ្ឋាភិបាល​កម្ពុជា តើ​ហេតុអ្វី​បាន​ជា យូមែន រ៉ៃត៍ វ៉ច្ឆ  បន្ត​រិះគន់​រដ្ឋាភិបាល​កម្ពុជា?

ប្រ៊ែដ អាដាម៖ ការ​ក្ដោបក្ដាប់​អំណាច​រយៈពេល ៣០​ឆ្នាំ​មិន​មែន​រយៈពេល​ខ្លី​នោះ​ទេ។ លោក ហ៊ុន សែន ជា​មនុស្ស​ទី​៦ ដែល​កាន់កាប់​តំណែង​យូរ​ជាង​គេ​ក្នុង​ពិភពលោក។ លោក​បាន​គ្រប់គ្រង​អំណាច​រយៈ​ច្រើនជាង ១​ម៉ឺន​ថ្ងៃ។ អ្វី​ដែល​យើង​បាន​អង្កេត​ជុំវិញ​ការ​គ្រប់គ្រង​អំណាច​របស់​លោក ហ៊ុន សែន នោះ គឺ​បញ្ហា​សិទ្ធិមនុស្ស។ យើង​រក​ឃើញ​ថា បញ្ហា​សិទ្ធិមនុស្ស​គ្មាន​ការ​រើ​ក​ចំរើន​ទាល់​តែ​សោះ​ក្រោម​ការដឹកនាំ​របស់ ​លោក ហ៊ុន សែន។  មាន​អ្នក​ការទូត និង​ប្រទេស​ម្ចាស់​ជំនួយ​ជាច្រើន​សង្ឃឹម​ថា បន្ទាប់​ពី​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាល​ពី​ឆ្នាំ​១៩៩៧ និង​ការ​បង្ហូរ​ឈាម​កាល​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ដែល​ធ្វើ​ឲ្យ​លោក ហ៊ុន សែន ក្លាយ​ជា​នាយករដ្ឋមន្ត្រី​តែ​ម្នាក់​នោះ នឹង​បណ្ដាល​ឲ្យ​លោក​ផ្លាស់ប្ដូរ​របៀប​ដឹកនាំ និង​បន្ទន់​ឥរិយាបថ​ខ្លះ ដោយសារ​តែ​​ជោគជ័យ​គ្រប់គ្រង​នយោបាយ​នៅ​កម្ពុជា។ ប៉ុន្តែ​យើង​បន្ត​ឃើញ ការ​វាយ​ប្រហារ​លើ​គណ​បក្ស​ប្រឆាំង តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​ការ​ ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន សកម្មជន​ដីធ្លី​កំពុង​រង​ការ​វាយ​ប្រហារ។ ការ​គ្រប់គ្រង​របស់​លោក ហ៊ុន សែន គ្មាន​ការ​ផ្លាស់ប្ដូរ​អ្វី​ឡើយ។ លោក​បន្ត​គ្រប់គ្រង​តាម​បែប​ចាប់​បង្ខំ ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​តាម​ចិត្ត​ចង់ និង​ប្រើប្រាស់​អំពើ​ហិង្សា។ ការ​គ្រប់គ្រង​របស់​លោក​គ្មាន​ការ​ទទួល​ខុស​ត្រូវ។ កាល​ពី​ឆ្នាំ​មុន​កងរាជអាវុធហត្ថ​បាញ់​សម្លាប់​បាតុករ និង​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ដោយ​កងកម្លាំង​ឆត្រយោង ប៉ុន្តែ​ទោះ​បី​មាន​ភស្តុតាង​ជា​ច្រើន​ក៏ដោយ ក៏​លោក ហ៊ុន សែន មិន​បាន​នាំ​ជនសង្ស័យ​ទាំង​អស់​នោះ​ទៅ​ផ្ដន្ទាទោស​ដែរ។ លោក ហ៊ុន សែន ក៏​មិន​បាន​ព្យាយាម​បង្កើត​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​ឯករាជ្យ​ដែរ។

យន់ សាមៀន៖ ថ្មីៗ​នេះ ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សា​ធ្វើ​ច្បាប់​គ្រប់គ្រង អង្គការ​សង្គម​ស៊ីវិល​មិន​ឲ្យ​រិះគន់​អ្នក​នយោបាយ​ក្នុង​រយៈពេល​នៃ​ការ​ បោះឆ្នោត។ តើ​លោក​យល់​យ៉ាង​ណា​ដែរ?

ប្រ៊ែដ អាដាម៖ នេះ​ជា​ការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់ពី​រយៈពេល ២២​ឆ្នាំ​ក្រោយ​ការ​រៀបចំ​បោះឆ្នោត​ដោយ​អ៊ុនកាត់ និង​ច្បាប់​រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​បង្កើត​ឡើង ហើយ ២៤​ឆ្នាំ​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​និង​ភាគី​ហត្ថលេខី​ផ្សេង​ទៀត​សន្យា​ការពារ​មូលដ្ឋាន​នៃ​ សិទ្ធិមនុស្ស​នោះ។ ក្នុង​រយៈ​ពេល​ដំណើរការ​បោះ​ឆ្នោត គឺ​ជា​រយៈពេល​មួយ​ដែល​ត្រូវ​មាន​ការ​ពិភាក្សា​នយោបាយ​ដោយ​សេរី​ជា​ទីបំផុត។ នេះ​ជា​ពេល​វេលា​មួយ​ដែល​មនុស្ស​រាល់​គ្នា​ត្រូវ​ជជែក​ពី​បញ្ហា​នយោបាយ។ ក្នុង​រយៈពេល​នេះ មាន​តែ​ការ​និយាយ​ស្តី​ពាក់ព័ន្ធ​នឹង​ការ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា​ទេ ដែល​ត្រូវ​ច្បាប់​ហាម​ឃាត់។

ខ្ញុំ​អស់សង្ឃឹម​យ៉ាង​ខ្លាំង​នៅ​ពេល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ ដែល​អះអាង​ថា ជា​គណបក្ស​លើក​ស្ទួយ​លទ្ធិប្រជាធិបតេយ្យ ចូលរួម​ក្នុង​ការ​ពិភាក្សា​ដែល​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មាន​ការ​ ព្រួយ​បារម្ភ។ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ យល់​ព្រម​នឹង​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នោះ​អង្គការ​សិទ្ធិ​មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ  និង​អង្គការ​ផ្សេង​ទៀត​ នឹង​ធ្វើ​ការ​រិះគន់​ទង្វើ​នេះ​កាន់​តែ​ខ្លាំង។ គណបក្ស​សង្គ្រោះ​ជាតិ ត្រូវតែ​ប្រុង​ប្រយ័ត្ន មិន​ត្រូវ​យល់ព្រម​ផ្លាស់ប្ដូរ​ច្បាប់​ណា​មួយ​ដែល​អនុញ្ញាត​ឲ្យ​កងកម្លាំង​ ប្រដាប់​អាវុធ​មាន​តួនាទី​សំខាន់​ក្នុង​ឆាក​នយោបាយ​ឡើយ។

យន់ សាមៀន៖ ជា​ពិសេស​ក្នុង​ពេល​​ឃោសនា​បោះ​ឆ្នោត​មែន​ទេ​លោក?

ប្រ៊ែដ អាដាម៖ បាទ! ពិសេស​ក្នុង​ពេល​នៃ​ការ​បោះឆ្នោត យើង​មិន​ចង់​ឃើញ​កងកម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​ឃោសនា​បោះ​ឆ្នោត​ឡើយ។ ទង្វើ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នក​បោះឆ្នោត​ព្រួយ​បារម្ភ។ យើង​មិន​ចង់​ឃើញ​យោធា​ពាក់ព័ន្ធ​នឹង​ដំណើរការ​នៃ​បោះឆ្នោត​ទាល់​តែ​សោះ។ ការងារ​របស់​យោធា​គឺ​ត្រូវ​នៅ​ក្នុង​បន្ទាយ ហើយ​ប្រសិនបើ​មាន​បញ្ហា​អសន្តិសុខ​ដែល​ប៉ូលិស​មិន​អាច​ដោះស្រាយ​បាន​នោះ យោធា​អាច​បញ្ជូន​ទៅ​ដោះស្រាយ​បាន ប៉ុន្តែ​បញ្ហា​ទាំង​នោះ​មិន​ទាន់​កើត​មាន​ឡើង​នៅ​ឡើយ​ទេ ក្នុង​រយៈ​ប្រវត្តិសាស្ត្រ​ចុង​ក្រោយ​នេះ។ កន្លង​មក​មាន​តែ​ការ​ប្រឌិត​ព្រឹត្តិការណ៍​ដើម្បី​យក​លេស​ប្រមូលផ្ដុំ​ កងកម្លាំង​ប្រដាប់​អាវុធ។ ខ្ញុំ​គិត​ថា គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​សំណើ​នេះ​ឡើង​នោះ​ដោយសារ​គណបក្ស​នេះ​ព្រួយ​បារម្ភ​ពី​ការ​ចាញ់​ឆ្នោត​ នៅ​ពេល​ខាង​មុខ ដូច្នោះ​ពួកគេ​ព្យាយាម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​ គំរាមកំហែង​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។
យន់ សាមៀន៖ តើ​កម្ពុជា ដើរ​ដល់​ណា​ហើយ​ឥឡូវ​នេះ?

​ប្រ៊ែដ អាដាម៖ ខ្ញុំ​គិត​ថា ផ្លូវ​ដែល​កម្ពុជា កំពុង​ដើរ​ឆ្ពោះ​ទៅ​មុខ​នោះ មិន​ច្បាស់លាស់​ទាល់​តែ​សោះ។ ឧទាហរណ៍​មួយ​គឺ ប្រសិនបើ​កម្លាំង​បោះ​ឆ្នោត​របស់​យុវជន​នៅ​បន្ត​ខ្លាំង ការ​ប្រមូលផ្ដុំ​ជា​សាធារណៈ​នៅ​តែ​មាន​ជា​បន្ត​ទៅ​ទៀត ហើយ​ពលរដ្ឋ​មាន​ការ​ធុញទ្រាន់​នឹង​ការ​គ្រប់គ្រង និង​អ្នកដឹកនាំ​ដដែលៗ​នោះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ពិបាក​ឈ្នះ​ឆ្នោត​ណាស់​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៨។ ខ្ញុំ​គិត​ថា ករណី​នេះ​នឹង​អាច​កើត​មាន​ឡើង។ សរុប​មក​វា​អាស្រ័យ​ទៅ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ថា​តើ​គណបក្ស​នេះ​នឹង​ធ្វើ​កំណែទម្រង់​តាម​ការ​សន្យា​របស់​ខ្លួន ឬ​ទេ? តើ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​មាន​ទស្សនៈ​វិស័យ​សម្រាប់​ប្រយោជន៍​ប្រទេស​ជាតិ តើ​គណបក្ស​នេះ​នៅ​តែ​បន្ត​រិះគន់​រដ្ឋាភិបាល និង​រក្សា​គោលជំហរ​របស់​ខ្លួន តើ​គណបក្ស​នេះ​នឹង​បង្កើត​កិច្ច​ព្រមព្រៀង​អាក្រក់​ណា​មួយ​នឹង​គណបក្ស​ ប្រជាជន​កម្ពុជា ដែល​បណ្ដាល​ឲ្យ​ខូច​សំឡេង​ឆ្នោត​គាំទ្រ​របស់​គណបក្ស?  បញ្ហា​សេដ្ឋកិច្ច​ក៏​ដើរ​តួនាទី​សំខាន់​ដែរ។ អ្នក​បោះឆ្នោត​តែងតែ​បោះឆ្នោត​ឲ្យ​អ្នក​កាន់កាប់​អំណាច​ប្រសិនបើ​សេដ្ឋកិច្ច ​ល្អ ហើយ​មិន​បោះឆ្នោត​គាំទ្រ​បើ​សេដ្ឋកិច្ច​អាក្រក់។ អនាគត​ពិបាក​ធ្វើ​ការ​ទស្សន៍ទាយ​ណាស់ អ្វី​ដែល​ខ្ញុំ​សង្ឃឹម​នោះ​គឺ មិន​មែន​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឡើយ ប៉ុន្តែ​ជ័យជំនះ សម្រាប់​ប្រទេស​កម្ពុជា គឺ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌។ ការ​រាប់​សន្លឹក​ឆ្នោត​ដោយ​ស្មោះ​ត្រង់ ហើយ​អ្នកណា​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ច្រើន នឹង​ទទួល​បាន​អំណាច៕



No comments:

Post a Comment