Paris Peace Accords 23 Oct. 1991

Friday, February 13, 2015

សមាជិក​ សភា​ បក្ស​ប្រឆាំង​​​ ស្នើ​ទៅ​ នាយករដ្ឋមន្ត្រី​ ថៃ ​ឲ្យ​បញ្ឈប់​ ការ​បាញ់​សម្លាប់ ​ពលរដ្ឋ​ខ្មែរ | Opposition MPs request that Thai PM put an end to killing of Cambodians

សមាជិក​ សភា​ បក្ស​ប្រឆាំង​​​ ស្នើ​ទៅ​ នាយករដ្ឋមន្ត្រី​ ថៃ ​ឲ្យ​បញ្ឈប់​ ការ​បាញ់​សម្លាប់ ​ពលរដ្ឋ​ខ្មែរ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ កុម្ភៈ ២០១៥

តំណាង​រាស្ត្រ សង្គ្រោះ​ជាតិ សភា ៦១០
តំណាង​រាស្ត្រ​ គណបក្ស​ សង្គ្រោះ​ជាតិ ទាំង ៥៥​រូប ថត​រូប ​នៅ​រដ្ឋ​សភា​ មុន​ចេញ​ដំណើរ​ ទៅ​ធ្វើ​ សច្ចាប្រណិធាន ​នៅ​ព្រះបរមរាជវាំង នៅ​រសៀល​ ថ្ងៃ​ទី​៥ សីហា ឆ្នាំ​២០១៤។  RFA/Sek Bandith


សមាជិក​ រដ្ឋសភា​កម្ពុជា បាន​ដាក់​លិខិត ​ទៅ​នាយករដ្ឋមន្ត្រី​ ថៃ លោក ប្រាយុទ្ធ ចាន់ អូចា (Prayuth Chan Ocha) សូម​ ឲ្យ​បញ្ឈប់​ កងទ័ព​ថៃ បាញ់​សម្លាញ់​ ប្រជាពលរដ្ឋ​ខ្មែរ​ បន្ត​ទៀត។   ការ​ដាក់​លិខិត​ ទៅ​នាយក​រដ្ឋមន្ត្រី​ ថៃ តាមរយៈ ​ស្ថានទូត ​ថៃ ប្រចាំ​ នៅ​ទីក្រុង​ ភ្នំពេញ នេះ ធ្វើ​ឡើង ​ភ្លាមៗ ​បន្ទាប់ ​ពី​ទាហាន​ថៃ បាញ់​សម្លាប់​ ពលរដ្ឋ​ខ្មែរ​ ចំនួន ៣​នាក់ និង​របួស​ម្នាក់ កាល​ពី​ថ្ងៃ​ ទី​៥ កុម្ភៈ នៅ​តំបន់ ​ត្រពាំងទឹម ជិត​ច្រក​ព្រំដែន ​អានសេះ នៅ​ពេល​ ពលរដ្ឋ​ខ្មែរ​ ទាំង​នោះ ​នាំ​គ្នា ​ឆ្លងដែន​ ទៅ​កាប់​ឈើ ​គ្រញូង​ ខុស​ ច្បាប់ ​ក្នុង​ទឹក​ដី​ថៃ។


តំណាងរាស្ត្រ​ គណបក្ស​សង្គ្រោះ​ជាតិ ជិត ២០​នាក់ បាន​ចុះហត្ថលេខា​លើ​លិខិត​រួម​គ្នា​ផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី​ថៃ សម្ដែង​ពី​ការ​ព្រួយ​បារម្ភ និង​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ទាហាន​ថៃ កុំ​ឲ្យ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជា​បន្ទាន់។

​ប្រធាន​ក្រុម​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​តាម​រយៈ​ស្ថានទូត​ថៃ នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ដើម្បី​សុំ​ឲ្យ​លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ថៃ ទប់ស្កាត់​ទាហាន​ថៃ កុំ​ឲ្យ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទៀត ទោះ​បី​ចូល​ទៅ​ថៃ ស្រប​ច្បាប់ ឬ​មិន​ស្របច្បាប់​ក៏ដោយ៖ «តាម​ពិត​គឺ​អាច​ប្ដឹង​ទៅ​អាស៊ាន ឬ​ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ព្រោះ​រឿង​នេះ​អាច​ជា​រូបភាព​ប្រឆាំង​ពូជ​សាសន៍ និង​អាច​ជា​រូបភាព​បទឧក្រិដ្ឋ​អន្តរជាតិ»

ខ្លឹមសារ​ក្នុង​លិខិត​របស់​ក្រុម​តំណាងរាស្ត្រ​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ ធ្វើការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ប្រកាស​លទ្ធផល​ជា​សាធារណៈ​មុន​នឹង​សំណុំ​រឿង​នេះ​ប្រកាស​បិទ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចាត់​ទុក​ការ​បាញ់​សម្លាប់​នេះ ជា​ការ​បាញ់​សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់ និង​ជា​ការ​ខកខាន​របស់​រដ្ឋ​ដើម្បី​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​អ្នក​ ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​ដែល​សម្លាប់​មនុស្ស ហើយ​ក៏​ដូចជា​ការ​លើក​ទឹក​ចិត្ដ​របស់​រដ្ឋ​នៃ​ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​ ច្បាប់​នេះ។

ការ​ដាក់​លិខិត​ទៅ​រដ្ឋាភិបាល​ថៃ​នេះ នៅ​ក្រោយ​ពេល​ទាហាន​ថៃ បាន​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ ៣​នាក់ និង​ម្នាក់​ទៀត​រង​របួស​នៅ​តំបន់​ត្រពាំងទឹម ជិត​ច្រក​ព្រំដែន​អានសេះ ក្នុង​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​នាំ​គ្នា​ឆ្លង​ដែន​ទៅ​កាប់​ឈើ​គ្រញូង​ ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ។

​ការ​បាញ់​សម្លាប់​នេះ ជា​កា​រំលោភ​កិច្ចព្រមព្រៀង​រវាង​រដ្ឋាភិបាល​ថៃ និង​កម្ពុជា ដែល​នៅ​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​ស្ដីពី​កិច្ច​សហ​ប្រតិការ​ទ្វេ ​ភាគី​កម្ពុជា-ថៃ លើក​ទី​៩ នៅ​ខែត្រ​សៀមរាប កាល​ពី​ថ្ងៃ​ទី​១៦ មករា ឆ្នាំ​២០១៥ ដែល​ភាគី​ថៃ បាន​យល់ព្រម​ជា​ថ្មី​ទៀត​ក្នុង​ការ​ឈប់​ប្រើ​អាវុធ​បាញ់​សម្លាប់​ពលរដ្ឋ​ ខ្មែរ​នេះ។

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ថៃ ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១២ កុម្ភៈ នេះ។

​មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ លោក កុយ គួង មាន​ប្រសាសន៍​ថា ក្រសួង​ការបរទេស​នឹង​ផ្ញើ​កំណត់​ទូត​ទៅ​រដ្ឋាភិបាល​ខ្មែរ​ជា​ថ្មី​ម្ដង​ទៀត ចំពោះ​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​នេះ។ លោក​បន្ថែម​ថា ចំពោះ​ការ​ដាក់​លិខិត​របស់​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​រដ្ឋាភិបាល​ថៃ​នេះ ជា​សិទ្ធិ​របស់​ក្រុម​តំណាងរាស្ត្រ។ លោក កុយ គួង បញ្ជាក់​ថា ភាគី​ថៃ រំលោភ​លើ​កិច្ចព្រមព្រៀង​របស់​ខ្លួន​ជាមួយ​កម្ពុជា ម្ដង​ហើយ​ម្ដង​ទៀត៖ «កន្លង​មក​គឺ​មាន​ជំនួប​ថ្នាក់​ដឹកនាំ​កំពូល​រវាង​ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ ហើយ​រដ្ឋាភិបាល​កម្ពុជា មាន​ការ​ស្នើ​ឲ្យ​បញ្ឈប់​ការ​បាញ់​ពលរដ្ឋ​ខ្មែរ​ទៀត​ផង»

​របាយការណ៍​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៤ ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន ៥​នាក់ និង ៥​នាក់​ទៀត​រង​របួស។
របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) កន្លង​មក​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៨ រហូត​ដល់​ឆ្នាំ​ដើម​ឆ្នាំ​២០១៤ យ៉ាង​ហោច​ណាស់​មាន​ពលរដ្ឋ​ខ្មែរ​ចំនួន ១២៣​នាក់ ដែល​ក្រុម​យោធា​ថៃ បាន​បាញ់​ប្រហារ។

​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​កន្លង​មក​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ កម្ពុជា ប្តឹង​ករណី​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ឆ្លង​ព្រំដែន​ខ្មែរ-ថៃ​នេះ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដើម្បី​បញ្ឈប់​ការ​បាញ់​សម្លាប់​នេះ​ទៅ​ថ្ងៃ​អនាគត តែ​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​បាន​ត្រឹម​ធ្វើ​កំណត់​ទូត​ម្ដង​ហើយ​ម្ដង​ទៀត​ ជា​ច្រើន​លើក​ច្រើន​សា តែ​លទ្ធផល​នៅ​ដដែល៕


No comments:

Post a Comment