អ្នកវិភាគ៖ លោក ហ៊ុន សែន សូម កុំឲ្យលោក សម រង្ស៊ី ធ្វើបាប គ្រាន់តែ ជាយុទ្ធសាស្ត្រ
RFA / វិទ្យុ អាស៊ី សេរី | ២៦ មេសា ២០១៥
អ្នកវិភាគ យល់ថា ការលើកឡើង របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលសូម កុំឲ្យលោក សម រង្ស៊ី ធ្វើបាប នៅពេលលោក អស់អំណាចនោះ វា គ្រាន់តែ ជាយុទ្ធសាស្ត្រ របស់លោក ហ៊ុន សែន បង្ហាញភាព ជិតស្និទ្ធ ជាមួយ គណបក្ស សង្គ្រោះជាតិ ដើម្បី ធ្វើឲ្យ គណបក្សប្រឆាំង ថយប្រជាប្រិយភាព ប៉ុណ្ណោះ។
ល្បឿន នៃវប្បធម៌សន្ទនា រវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ ហាក់បានស្ទុះលឿន ទៅមុខ គួរ ឲ្យកត់សម្គាល់ ពិសេស ចាប់តាំង ពីគណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានឯកភាពគ្នា បង្កើតសមាសភាព គ.ជ.ប. ថ្មី និងនៅក្រោយ មានការដោះលែង សកម្មជន បក្សសង្គ្រោះជាតិ កាលពីពេល ថ្មីៗនេះ។
ថ្នាក់ដឹកនាំ បក្សទាំង២ ដែលពីមុនមកធ្លាប់ពាក់មុខយក្សដាក់គ្នា ហើយដែលពេលនេះ បានប្រែក្លាយជាផ្អែមល្ហែមជាមួយគ្នាវិញនោះ បានសម្ដែងមោទនភាពចំពោះគុណតម្លៃនៃវប្បធម៌សន្ទនារបស់ខ្លួននៅពេល នេះ។ ពួកគេមិនត្រឹមតែផ្សព្វផ្សាយអំពីតម្លៃនៃវប្បធម៌សន្ទនា ចំពោះមុខពលរដ្ឋទូទៅនៅក្នុងប្រទេសនោះទេ តែកាលពីថ្ងៃទី២៥ មេសា ពួកគេបានដឹកដៃគ្នាទៅថ្លែងអំពីវប្បធម៌សន្ទនា នៅចំពោះមុខនិស្សិត ពលករ កម្មករខ្មែរនៅប្រទេសម៉ាឡេស៊ី ទៀតផង។ ទង្វើបែបនេះ វាមិនដែលកើតឡើងទេពីមុនមក។
ពីមុនមកគេធ្លាប់តែឮលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ថ្លែងឲ្យលុបបំបាត់ឲ្យអស់នូវវប្បធម៌ទឹកឡើងត្រីស៊ីស្រមោចទឹកហោច ស្រមោចស៊ីត្រី។ ប៉ុន្តែគេមិនដែលឮលោក ហ៊ុន សែន ថ្លែងឲ្យចំៗមិនឲ្យគណបក្សប្រឆាំងធ្វើបាបលោកពេលលោកអស់អំណាចនោះ ទេ៖ «ឥឡូវខ្ញុំនៅធ្វើជានាយករដ្ឋមន្ត្រីទាំងអស់គ្នានៅជាមួយបាន ប៉ុន្តែស្រាប់តែដល់ពេលណាមួយ ស្រាប់តែឯកឧត្ដម សម រង្ស៊ី ធ្វើជានាយករដ្ឋមន្ត្រីម្ដង ឧទាហរណ៍ទេណា! ស្រាប់តែដល់ពេលហ្នឹងឯកឧត្ដមអត់ឲ្យខ្ញុំរស់នៅ ស្រាប់តែទៅធ្វើបាបខ្ញុំ។»
ទោះជាយ៉ាងណាក្ដី លោក ហ៊ុន សែន ក៏បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី ដែរថា ប្រសិនបើមានការធ្វើបាបលោកនៅពេលអស់អំណាចមែន កម្លាំងដែលគាំទ្រលោកក៏ប្រាកដជាវាយបកទៅវិញ មិនអាចធ្វើឲ្យលោក សម រង្ស៊ី នៅបានសុខនោះដែរ ព្រោះលោកថា គ្រប់គណបក្សទាំងអស់សុទ្ធតែមានអ្នកគាំទ្ររៀងៗខ្លួន ទោះតិច ឬច្រើនក្តី។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន អះអាងថា វប្បធម៌ប្រទូសរ៉ាយគ្នាមិនផ្ដល់ផលល្អដល់កម្ពុជា នោះទេ ព្រោះថា វាបានធ្វើឲ្យខ្មែរជួបនូវទុក្ខវេទនាអស់ជាច្រើនរយឆ្នាំមកហើយ ហើយក៏បានធ្វើឲ្យខ្មែរបាត់បង់ទឹកដីអស់ជាច្រើនដែរ។ លោកថា រាល់ដំណោះស្រាយប្រទេសជាតិ វាទាមទារឲ្យមានការចូលរួមពីខ្មែរគ្រប់រូប។
ចំពោះការលើកឡើងរបស់លោក ហ៊ុន សែន ដូចនេះ ត្រូវបានអ្នកវិភាគយល់ថា វាគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយប៉ុណ្ណោះ។
អ្នកវិភាគព្រឹត្តិការណ៍សង្គមឯករាជ្យលោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹងខ្លួនថា គណបក្សប្រជាជនកម្ពុជា របស់លោក អាចនឹងមិនឈ្នះឆ្នោតក្នុងពេលខាងមុខ។ លោកថា ការដែលលោក ហ៊ុន សែន បង្ហាញភាពស្និទ្ធស្នាលជាមួយលោក សម រង្ស៊ី នៅពេលនេះ វាអាចជាយុទ្ធសាស្ត្រមួយដើម្បីបង្កើនប្រជាប្រិយភាពបក្សរបស់ខ្លួន ហើយធ្វើឲ្យប្រជាប្រិយភាពរបស់គណបក្សសង្គ្រោះជាតិថយចុះខ្សោយ។
លោក កែម ឡី ហាក់ពុំសូវមានសុទិដ្ឋិនិយមចំពោះភាពស្និទ្ធស្នាលរបស់លោក ហ៊ុន សែន និងលោក សម រង្ស៊ី នៅពេលនេះឡើយ ព្រោះលោកយល់ថា វាគ្រាន់តែជាភាពស្និទ្ធស្នាលមួយរយៈពេលប៉ុណ្ណោះ។
លោកបន្តថា នៅពេលដែលប្រជាប្រិយភាពរបស់បក្សប្រឆាំងធ្លាក់ចុះ ឬនៅក្រោយពេលដែលបក្សកាន់អំណាចខ្ចីដៃបក្សប្រឆាំងអនុម័តច្បាប់ មួយចំនួនដែលបក្សកាន់អំណាចចង់បានរួចហើយ ពេលនោះវប្បធម៌សន្ទនាអាចនឹងបាត់បង់ទៅវិញ៖ «ប៉ុន្តែបើវប្បធម៌ ហ្នឹងវាអ៊ីចឹងមែន ធ្វើការជាមួយគ្នាវាត្រូវមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ថា តើវប្បធម៌ហ្នឹងអាចដោះស្រាយជនអន្តោប្រវេសន៍បានដោយប្រសិទ្ធភាព ឬទេ វប្បធម៌ហ្នឹងអាចរៀបចំអភិបាលកិច្ចបំបាត់អំពើពុករលួយបាន ឬទេ វប្បធម៌ហ្នឹងអាចថែរក្សាព្រៃឈើ ព្រៃឡង់ ព្រៃអារ៉ែង ហ្នឹងបានដែរ ឬទេ។ វប្បធម៌ហ្នឹងអាចធានាថា កោះទាំងឡាយដែលនៅជាធរមានការពារគង់វង្ស ឬទេ? អាហ្នឹងវាចំជាផែនការយុទ្ធសាស្ត្រ ជាយន្តការធ្វើការជាមួយគ្នា។»
កន្លងមកលោក ហ៊ុន សែន ប្រកាសថា វប្បធម៌សន្ទនារវាងលោកនិងលោក សម រង្ស៊ី គឺមានគោលដៅតែ ២ប៉ុណ្ណោះ គឺដើម្បីថែរក្សាសន្តិភាព និងការអភិវឌ្ឍប្រទេស វាមិនមែនជាការទៅស៊ុមគ្រលុំគ្នាដើម្បីប្រព្រឹត្តអំពើអាក្រក់នោះ ឡើយ។
យ៉ាងណាក៏ដោយ លោក កែម ឡី បញ្ជាក់ថា ប្រសិនបើវប្បធម៌សន្ទនានេះ បង្កើតឡើងគ្រាន់តែជាការបំបិទការរិះគន់ដើម្បីស្ថាបនា នោះវាមិនអាចដោះស្រាយបញ្ហាបានឡើយ គឺវាគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយដើម្បីផ្ដួលរំលំភាគីម្ខាងទៀត ប៉ុណ្ណោះ៕
No comments:
Post a Comment