គណបក្ស ទាំងពីរ ដាក់ចេញ គោលការណ៍ ៧ចំណុច រួមគ្នា ដើម្បី រក្សា វប្បធម៌សន្ទនា
RFA / វិទ្យុ អាស៊ី សេរី | ៨ ឧសភា ២០១៥
គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ នៅថ្ងៃ ទី៨ ឧសភា ចេញសេចក្តី ថ្លែងការណ៍ រួម ដោយបង្ហាញ នូវគោលការណ៍ ៧ចំណុច ដែលគណបក្ស ទាំងពីរ ចាំបាច់ ត្រូវ គោរពតាម ដើម្បី រក្សា និងអនុវត្ត វប្បធម៌សន្ទនា ឲ្យមាន ប្រសិទ្ធភាព។
សេចក្តីថ្លែងការណ៍ ក៏តម្រូវឲ្យមេដឹកនាំគណបក្សនីមួយៗ អប់រំ ណែនាំជាប្រចាំដល់មន្ត្រី សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សរៀងៗខ្លួន ចាប់ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ឲ្យអនុវត្តនូវគោលការណ៍ទាំងអស់នេះឲ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពី ពេលនេះតទៅ។
នេះ គឺជាលើកទី១ហើយដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ចេញសេចក្តីថ្លែងការណ៍ដាក់ចេញនូវគោលការណ៍រួមគ្នា សម្រាប់អនុវត្តវប្បធម៌សន្ទនាចាប់តាំងពីមានកិច្ចព្រមព្រៀងបញ្ចប់ ជម្លោះនយោបាយរវាងគណបក្សទាំងពីរ កាលពីខែកក្កដា ឆ្នាំ២០១៤ មក។
សេចក្តីថ្លែងការណ៍រួមដែលមានចុះហត្ថលេខារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានបង្ហាញនូវគោលការណ៍ចំនួន ៧ចំណុច ដែលបក្សទាំងពីរចាំបាច់ត្រូវគោរពតាម។
គោលការណ៍ទាំងនោះរួមមាន ស្មោះត្រង់ជាមួយគ្នា គោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ចៀសវាងឲ្យខាងតែបាននូវការញុះញង់ ការលាបពណ៌គ្នា ការប្រើពាក្យអសុរោះ និងការជេរប្រមាថគ្នា ដូចជាការប្រើពាក្យ "អាក្បាលយួនខ្លួនខ្មែរ ពួកកុម្មុយនីស្តផ្ដាច់ការ អាយ៉ងយួន អាក្បត់ជាតិ អាលក់ជាតិ អាមេចោរ ឬអាកូនចោរ ជាដើម"។
លើសពីនេះ បក្សទាំងពីរត្រូវចៀសវាងការគំរាមកំហែង និងការបំភិតបំភ័យតាមគ្រប់រូបភាព ដូចជាការប្រើពាក្យចាប់ដាក់គុក ឬសង្គ្រាមនឹងកើតឡើង។ល។ ត្រូវលុបបំបាត់ចោលនូវផ្នត់គំនិតនៃការគុំកួនសងសឹកគ្នា ឬត្រូវបញ្ចប់នូវនយោបាយ ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី លុបបំបាត់ចោលនូវនយោបាយប្រកាន់ពូជសាសន៍ និងនយោបាយជ្រុលនិយម ជាដើម។
គណបក្សទាំងពីរអះអាងថា ការដាក់ចេញនូវគោលការណ៍រួមនេះ គឺដើម្បីលើកកម្ពស់ការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យកាន់តែប្រសើរឡើង នោះមានន័យថា គណបក្សទាំងពីរនៅតែរក្សាការប្រើប្រាស់យន្តការប្រជាធិបតេយ្យទៅតាម តួនាទី និងភារកិច្ចរៀងៗខ្លួន ដោយមានទាំងការរិះគន់តាមរបៀបថ្លៃថ្នូរចំពោះភាពអសកម្ម និងភាពអវិជ្ជមាន ក្នុងន័យ និងក្នុងបំណងស្ថាបនាធ្វើជាកញ្ចក់ ដើម្បីកែលំអស្ថាប័នរដ្ឋ និងនយោបាយរបស់រដ្ឋាភិបាល សម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែប្រសើរឡើង។
ការដាក់ចេញនូវគោលការណ៍រួមនៅពេលនេះ គឺបន្ទាប់ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្ដែងការមិនទុកចិត្តចំពោះថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ដែល លោក ហ៊ុន សែន អះអាងថា នៅតែបន្តថ្លែងវាយប្រហារជេរប្រមាថថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជា ដែលពេលខ្លះបានធ្វើឲ្យ លោក ហ៊ុន សែន ខឹងសម្បាយ៉ាងខ្លាំង។
លោក ហ៊ុន សែន កាលពីចុងខែមេសា ថែមទាំងព្រមានថានឹងលុបចោលវប្បធម៌សន្ទនាជាមួយ លោក សម រង្ស៊ី ទៀតផង ប្រសិនបើមេដឹកនាំបក្សប្រឆាំងរូបនេះ មិនព្រមអប់រំផ្ទៃក្នុងបក្សឲ្យត្រឹមត្រូវ។ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏បានស្នើឲ្យ លោក សម រង្ស៊ី បកស្រាយអំពីខ្លឹមសារដែលបានថ្លែងក្នុងវីដេអូឃ្លីប (Video Clip) មួយ ដែលក្នុងនោះ លោក សម រង្ស៊ី បានចាត់ទុក លោក ហ៊ុន សែន ថាជាចោរ។ តែក្រោយមក លោក សម រង្ស៊ី បានប្រាប់ លោក ហ៊ុន សែន ថា វាជាវីដេអូចាស់ មិនមែនជាវីដេអូដែលលោកបានថ្លែងក្នុងពេលថ្មីៗនោះទេ។
គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៥ ឧសភា ក៏បានចេញលិខិតណែនាំមន្ត្រីរបស់ខ្លួនគ្រប់ខេត្ត-រាជធានី ឲ្យតាមដានស្តាប់ និងកត់ត្រានូវការជេរប្រមាថរបស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ រួចរាយការណ៍ទៅឲ្យគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលរបស់បក្ស។ ការណែនាំរបស់គណបក្សប្រជាជនកម្ពុជា ដល់មន្ត្រីថ្នាក់ខេត្ត-រាជធានីរបស់ខ្លួននេះ ធ្វើឡើងបើទោះជាគណបក្សសង្គ្រោះជាតិ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរជាថ្មី បន្តការអនុវត្តវប្បធម៌សន្ទនាជាមួយបក្សកាន់អំណាចក៏ដោយ។
កន្លងមក អ្នកវិភាគមួយចំនួនយល់ឃើញថា វប្បធម៌សន្ទនារវាងថ្នាក់ដឹកនាំគណបក្សទាំងពីរ នឹងមិនមានភាពស្ថិតស្ថេរឡើយ ដោយហេតុថា វាជាវប្បធម៌សន្ទនាដែលមិនមានភាពស្មោះត្រង់។
មួយវិញទៀត ពួកគេយល់ថា ប្រសិនបើវប្បធម៌សន្ទនានេះបង្កើតឡើងគ្រាន់តែជាការបំបិទការ រិះគន់ដើម្បីស្ថាបនានោះ នោះវានឹងមិនអាចដោះស្រាយបញ្ហាប្រទេសជាតិបានឡើយ គឺវាគ្រាន់តែជាយុទ្ធសាស្ត្រនយោបាយរបស់គណបក្សកាន់អំណាច ដើម្បីផ្ដួលរំលំភាគីម្ខាងទៀតប៉ុណ្ណោះ៕
No comments:
Post a Comment