លោក ហ៊ុន សែន៖ វប្បធម៌សន្ទនា និងនយោបាយ ឈ្នះៗ កំពុងឈានរក ភាពជោគជ័យ
RFA / វិទ្យុ អាស៊ី សេរី | ៤ ឧសភា ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា, គោលនយោបាយ ឈ្នះៗ និងវប្បធម៌សន្ទនា កំពុង ឈានទៅរក ភាពជោគជ័យ, ហើយ លោក អគុណ ចំពោះ អ្នកគាំ ទ្រវប្បធម៌នេះ។ ប៉ុន្តែ លោក ស្នើ ឲ្យមន្ត្រី ចាប់ពីថ្នាក់ជាតិ រហូត ដល់មូលដ្ឋាន សហការគ្នា តាមដាន ការជេរប្រមាថ ឬរករឿង ចោទប្រកាន់ រូបលោក ឬថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជា ពីសំណាក់ បក្សប្រឆាំង។
ការអំពាវនាវ របស់លោក ហ៊ុន សែន នេះ គឺ ជាការឆ្លើយតប ភា្លមៗ ទៅលោក សម រង្ស៊ី ដែលបានស្នើ ឲ្យដៃគូ សន្ទនា គោរពគ្នា ទៅវិញទៅមកនោះ។
យ៉ាងនេះក្ដី អ្នកវិភាគ លើកឡើង ថា, វប្បធម៌សន្ទនា ក៏មាន អវិជ្ជមានដែរ ដោយសារ តែ លោក ហ៊ុន សែន ព្រមានទៅដៃគូ សន្ទនា ឲ្យបញ្ឈប់រិះគន់ រូបលោក និងមន្ត្រី ជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា មួយចំនួន ទៀតនោះ ព្រោះថា, សកម្មភាព បែបនេះ ផ្ទុយពីប្រទេស ប្រកាន់របប ប្រជាធិបតេយ្យ។
សារនយោបាយ ម្ដងក្ដៅ ម្ដងត្រជាក់ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ ថ្នាក់ដឹកនាំ គណបក្ស ប្រឆាំង ជុំវិញជំហរ រក្សាវប្បធម៌សន្ទនា ត្រូវ បានលោក បញ្ជាក់ ជាថ្មីទៀត នៅព្រឹកថ្ងៃ ទី៤ ខែឧសភា ថា, ការប្រទូសរ៉ាយគ្នា ឬវប្បធម៌ ទឹកឡើង ត្រី ស៊ីស្រមោច, ទឹកហោច ស្រមោច ស៊ីត្រីនោះ នាំឲ្យ ប្រទេសជាតិ អន្តរាយ។
លោក ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៥៥ នៅខេត្ត ពោធិ៍សាត់ កាលពីព្រឹក ថ្ងៃទី៤ ខែឧសភា ថា, កន្លងទៅ រូបលោក និងគណបក្ស ប្រជាជនកម្ពុជា គឺ ជាជនរងគ្រោះ ដោយសារ ការជេរប្រមាថ។ ប៉ុន្តែ លោក ក៏ឆ្លៀត អួតខ្លួនឯង ថា, ប្រវត្តិ នៃនយោបាយ ឈ្នះៗ របស់លោក នៅមិនទាន់មាន លើពិភពលោក នេះទេ, ហើយ ប្រទេស ដែលមានសង្គ្រាម មួយចំនួន នៅរងគ្រោះ ដោយសារ ភ្លើងសង្គ្រាម នៅឡើយ ព្រោះ អត់មាន នយោបាយ ឈ្នះៗ ឬដោយសារ អត់មាន រូបលោក៖ «អត់មាន កុម្មុយនិស្ត ផ្ដាច់ការ ទេណា! បើ ចង់កុម្មុយនិស្ត ផ្ដាច់ការ ធ្វើបីថ្ងៃ សាកមើលទៅ! ប៉ុន្តែមិ នធ្វើទេ, ហើយ វប្បធម៌ ត្រូវ បន្ត បើ បន្ត ត្រូវ តាមដាន មើលជេរប្រមាថ, គឺ អត់ទេ។ សេចក្ដីថ្លែងការណ៍ របស់ គណបក្ស សង្គ្រោះជាតិ បានចេញហើយ, បន្តិចទៀត ឯកឧត្ដម សាយ ឈុំ នឹងធ្វើការ ណែនាំ ឲ្យតាមដាន ពិនិត្យមើល ជេរទៀត អត់? អាក្បាលយួន, ខ្លួនខ្មែរ ទៀតអត់? កុម្មុយនិស្ត ផ្ដាច់ការ ទៀតអត់? អានេះ អានោះ ទៀត ឬអត់? បើឯកឧត្ដម សម រង្ស៊ី គាត់ ប្រកាសហើយ ថា, អត់មាន ជេរគ្នា អត់មាន អីទេ។»
អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ដែលតែងតែ រិះគន់ មិនសំចៃមាត់ លើលោក ហ៊ុន សែន និងគណបក្ស ប្រជាជនកម្ពុជា បានបដិសេធ មិនអត្ថាធិប្បាយ អ្វីឡើយ នៅថ្ងៃ ទី៤ ខែឧសភា ដោយលោក ប្រាប់ថា, កំពុង ជាប់ប្រជុំ។ ប៉ុន្តែ លោក សម រង្ស៊ី នៅតែ បញ្ជាក់ជំហរ របស់លោក ដែលបានថ្លែង ទៅកាន់ អ្នកគាំទ្រ របស់លោក នៅខែត្រ ត្បូងឃ្មុំ កាលពីថ្ងៃ ទី៣ ឧសភា ថា, លោក នឹងរក្សា វប្បធម៌សន្ទនា ដើម្បី ដោះស្រាយ បញ្ហាសង្គម ដែលកំពុង កើតមាន។
ចំណែក សាស្ត្រាចារ្យ ខាងវិទ្យាសាស្ត្រ នយោបាយ និងជាអ្នកវិភាគនយោបាយលោកបណ្ឌិត រស់ រ៉ាវុធ យល់ថា ប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រកាសជំហររក្សាវប្បធម៌សន្ទនា និងចាត់ឲ្យមន្ត្រីក្រោមឱវាទតាមដានរាល់សកម្មភាពរិះគន់រូបលោក និងគណបក្សខ្លួននោះ គឺធ្វើឲ្យបាត់បង់ប្រជាប្រិយភាពទៅវិញទេ ព្រោះនេះជារូបភាពមួយរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ ឬថ្នាក់ដឹកនាំបក្សប្រឆាំង។ លោកថា ការដឹកនាំប្រទេសមួយ បើពុំមានការរិះគន់ស្ថាបនាទេ គឺគ្មានការរីកចម្រើនឡើយ ប៉ុន្តែទាំងអ្នករិះគន់ក្នុងន័យស្ថាបនា ទាំងអ្នកបកស្រាយក្នុងន័យទទួលយកត្រូវតែរក្សាក្រមសីលធម៌ដូចគ្នា៖ «វប្បធម៌សន្ទនានេះ យើងទទួលបានផលប្រយោជន៍ធំណាស់សម្រាប់ជាតិយើង។ ទីមួយពីការប្រឈមមុខដាក់គ្នា មកអង្គុយតុចរចា ទីពីរការបង្កើតនូវអំពើហិង្សាមកដោះស្រាយតាមសន្តិវិធី ប៉ុន្តែអ្វីក៏ដោយវាត្រូវតែមានវិជ្ជមាន និងអវិជ្ជមាន។ ចំពោះអវិជ្ជមានវិញ វប្បធម៌សន្ទនានេះធ្វើឲ្យអ្នករងគ្រោះទទួលនូវភាពអយុត្តិធម៌ អ៊ីចឹងហើយបានជាខ្ញុំនិយាយថា ពេលសន្ទនាគួរតែបង្កើតនូវច្បាប់មួយដែលអាចទទួលយកបាន។»
អ្នកវិភាគនយោបាយរូបនេះ បានហៅវប្បធម៌សន្ទនារបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ថាជាដំណោះស្រាយបន្ទាន់មួយ មិនមែនជាដំណោះស្រាយតាមលក្ខណៈច្បាប់។ ដូច្នេះវប្បធម៌នេះឆាប់កើតហើយក៏ឆាប់រលត់ទៅវិញដែរ បើគេមិនធ្វើច្បាប់រួមមួយដើម្បីជាតិទាំងអស់គ្នា។ ប៉ុន្តែលោកគាំទ្រនូវវប្បធម៌សន្ទនានេះ ព្រោះវាអាចកាត់បន្ថយការប្រមាថកាតទានរបស់អ្នកនយោបាយខ្មែរទៅវិញ ទៅមក និងកាត់បន្ថយការប្រើអំពើហិង្សានៅពេលជួបជុំតវ៉ា ឬបញ្ចេញមតិអ្វីមួយ។ ម្យ៉ាងវិញទៀត ការប្រកាសរបស់លោក ហ៊ុន សែន មិនឲ្យដៃគូសន្ទនារិះគន់លោក និងមន្ត្រីរបស់លោកនោះ គឺជាយុទ្ធសាស្ត្របំបិទមាត់អ្នកប្រឆាំងដោយប្រយោល ព្រោះថា លោក ហ៊ុន សែន នឹងប្រើវប្បធម៌សន្ទនានេះដើម្បីបិទបាំងនូវទង្វើទាំងឡាយដែល គណបក្សប្រឆាំងតែងតែរិះគន់អំពីការរំលោភសិទ្ធិមនុស្សរបស់លោកកន្លង មក និងទាមទារឲ្យលោកទទួលខុសត្រូវក្នុងនាមជាអ្នកដឹកនាំប្រទេស ដូចជាករណីបង្ក្រាបកម្មករនៅផ្លូវវ៉េងស្រេង ធ្វើឲ្យមនុស្សស្លាប់ និងរបួសជាដើម៕
No comments:
Post a Comment