លោក ហ៊ុន សែន ព្រមាន បោះឆ្នោត ទម្លាក់លោក កឹម សុខា ពីអនុប្រធាន ទី១ នៃរដ្ឋសភា
RFA / វិទ្យុ អាស៊ី សេរី | ៥ ឧសភា ២០១៥
គិតមកដល់ ពេលនេះ គណបក្សប្រឆាំង មិនទាន់ឆ្លើយតប ណាមួយ ជុំវិញ ការចោទប្រកាន់ របស់លោក នាយករដ្ឋមន្ត្រី ដែលព្រមាន បោះឆ្នោត ទម្លាក់ លោក កឹម សុខា ចេញពីអនុប្រធាន ទី១ នៃរដ្ឋសភា នៅឡើយទេ។ លោក ហ៊ុន សែន ចាត់ទុក ថា, ឥរិយាបថ របស់ លោក កឹម សុខា ដែលតែងតែ រិះគន់ ប្រឆាំងគណបក្សប្រជាជន កម្ពុជា នេះ គឺ ជាវប្បធម៌ ដែលមិនអាច ទទួលបានឡើយ។
ភាពស្ងប់ស្ងាត់របស់គណបក្សសង្គ្រោះជាតិ នៅពេលនេះ ទំនងជាចង់រក្សាជំហរនៃសន្តិភាពក្នុងការតបតជាមួយដៃគូរបស់ខ្លួន គឺគណបក្សប្រជាជនកម្ពុជា ដែលតែងវាយបកប្រឆាំងសារនយោបាយវិញនៅពេលណាមានការរិះគន់ចំៗលើ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ហើយមើលទៅ។
សារនយោបាយរបស់ លោក ហ៊ុន សែន នៅពេលនេះ ត្រូវបានអ្នកវិភាគមើលឃើញថា គណបក្សជាប់ឆ្នោតទាំងពីរនឹងមិនអាចរក្សាវប្បធម៌សន្ទនាបានយូរ អង្វែងនោះឡើយ។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីជាថ្មីទៀតនៅពេលនេះ កើតមានឡើងភ្លាមៗតាមរយៈសារជាលាយលក្ខណ៍អក្សរ បន្ទាប់ពីមានវីដេអូឃ្លីបមួយមានរយៈពេល ២នាទី និង ៤៧វិនាទីរបស់ លោក សម រង្ស៊ី ហើយត្រូវបានគេបង្ហោះជាសាធារណៈនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក (Facebook) និងការចុះផ្សាយរបស់បណ្ដាញព័ត៌មានក្នុងស្រុកផង។
វីដេអូឃ្លីបដែលធ្វើឲ្យ លោក ហ៊ុន សែន ប្រតិកម្មនោះ ដោយសារ លោក សម រង្ស៊ី បានលើកឡើងថា ដើម្បីចាប់ចោរ ត្រូវចូលឲ្យកៀកចោរសិន។ សារនយោបាយនៅចំពោះមុខអ្នកគាំទ្រនៅពេលនោះ ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងដោយលើកយកសម្ដីរបស់អ្នកគាំទ្រថា លោក កឹម សុខា ពិតជាក្លាហាននៅពេលទៅសហរដ្ឋអាមេរិក មិនខ្ចីជួប លោក ហ៊ុ សែន ទេ ក៏ប៉ុន្តែ លោក សម រង្ស៊ី វិញធូរណាស់ ឆាប់និយាយជាមួយលោកនាយករដ្ឋមន្ត្រី។
ឋិតក្រោមហេតុផលនេះហើយ ទើប លោក ហ៊ុន សែន ផ្ញើសារទៅ លោក សម រង្ស៊ី វិញភ្លាមក្រោយពីឃើញវីដេអូឃ្លីបនេះ ដោយស្នើឲ្យប្រធានគណបក្សប្រឆាំង ត្រូវបំភ្លឺឲ្យបានច្បាស់លាស់ ដើម្បីចាប់ចោរត្រូវចូលឲ្យកៀកចោរសិននោះ។ បន្ថែមពីលើនេះទៀត លោកនាយករដ្ឋមន្ត្រីថែមទាំងព្រមានបោះឆ្នោតទម្លាក់ លោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភាទៀតផង ប្រសិនបើអនុប្រធានគណបក្សសង្គ្រោះជាតិ បន្តរិះគន់ទៀតប្រឆាំងគណបក្សប្រជាជនកម្ពុជា និងរូបលោកផ្ទាល់។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងជាច្រើនដងសុំការបំភ្លឺពី លោក កឹម សុខា និងមន្ត្រីមួយចំនួនទៀតរបស់គណបក្សសង្គ្រោះជាតិ ក៏ប៉ុន្តែពុំមានការឆ្លើយតបទេ នៅថ្ងៃទី៥ ឧសភា។
បើទោះជាបែបណា លោក នី ចរិយា ប្រធានផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ចាត់ទុកថា ប្រទេសកម្ពុជា សព្វថ្ងៃ កំពុងតែអនុវត្តផ្ទុយពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញ។ លោកអះអាងថា បើផ្អែកលើបទដ្ឋានគតិយុត្តិ គឺនាយករដ្ឋមន្ត្រីត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋសភា។ ក៏ប៉ុន្តែលោកអះអាងថា ការអនុវត្តនាពេលបច្ចុប្បន្ននេះវិញមិនដូច្នេះឡើយ គឺរដ្ឋសភាត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រីទៅវិញ។ ជាងនេះទៀត គឺរាល់សេចក្តីសម្រេចនានា ត្រូវឆ្លងកាត់មនុស្សតែម្នាក់គត់ គឺលោក ហ៊ុន សែន តែម្តង។ លោក នី ចរិយា បន្តថា «បែរទៅជាអង្គការនីតិប្រតិបត្តិជាអ្នកគ្រប់គ្រងទៅ លើអង្គការនីតិប្បញ្ញតិទៅវិញ។ បានន័យថា អង្គការនីតិប្បញ្ញតិជាអ្នកទទួលខុសត្រូវចំពោះអង្គការនីតិប្រតិបត្តិ ជាពិសេសទៅទៀត គឺថាស្ថាប័នជាតិកំពូលៗទាំងអស់ហ្នឹង ជាអ្នកត្រូវទទួលខុសត្រូវចំពោះមុខនាយករដ្ឋមន្ត្រី ជាបុគ្គលតែម្តង។»
ដោយឡែក លោក អ៊ូ វីរៈ ប្រធានអង្គការនៃវេទិកាអនាគត យល់ឃើញថា កៅអីអនុប្រធានទី១នៃរដ្ឋសភានេះ វាមិនសំខាន់អ្វីឡើយ ក្រៅពីដើម្បីឡានទំនើប ប្រាក់ខែខ្ពស់ និងមុខមាត់ប៉ុណ្ណោះនោះ។ ដោយឡែកបើពិនិត្យជារួមសម្រាប់មុខតំណែងមួយនេះ នៅមិនទាន់បានធ្វើអ្វីធំដុំសម្រាប់ជាតិប៉ុន្មាននោះទេ។ ជាងនេះទៀត លោក អ៊ូ វីរៈ អះអាងថា ច្បាស់ណាស់ លោក ហ៊ុន សែន ពិតជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបោះឆ្នោតទម្លាក់ លោក កឹម សុខា ឲ្យខ្ទាតចេញពីអនុប្រធានទី១នៃរដ្ឋសភាបានដោយប្រាកដមែន។ ដោយសារតែសំឡេងសមាជិកសភាគណបក្សប្រជាជនកម្ពុជា មានសំឡេង ៦៨អាសនៈ អាចបោះឆ្នោតទម្លាក់ លោក កឹម សុខា បានដោយងាយ ព្រោះត្រូវការតែសំឡេង ៥០% បូក១ ប៉ុណ្ណោះនោះ។ លោក អ៊ូ វីរៈ បន្តថា «គណបក្សប្រជាជនមាន សំឡេងគ្រប់គ្រាន់នៅក្នុងសភា ក្នុងការទម្លាក់ លោក កឹម សុខា បានដោយសាររូបមន្តសភារបស់យើងហ្នឹង គឺមិនមែនជារូបមន្តបែងចែកជាភាគរយទៅលើតាមសំឡេងឆ្នោតទេ។ អ៊ីចឹងបានន័យថា គណបក្សដែលឈ្នះឆ្នោត បើសិនជាចង់សឹងថាទៅអាចទៅយកតួនាទី និងអំណាចទាំងអស់ក៏បានដែរ រួមទាំងគណៈកម្មការសភាទាំង ៩ ឥឡូវ ១០ ផង។ អ៊ីចឹងមិនទាមទារឲ្យមានការចរចាទេ។»
យ៉ាងណាក៏ដោយ កៅអីអនុប្រធានទី១នៃរដ្ឋសភារបស់ លោក កឹម សុខា នេះ ហាក់មានភាពរង្គោះរង្គើសម្បើមណាស់ ចាប់តាំងពីដើមទីមក។ គេនៅចាំបានថា ក្នុងពេលជ្រើសរើសប្រធាន និងអនុប្រធាននៃរដ្ឋសភា លោក ងួន ញិល កាលណោះនៅជាអនុប្រធានទី១នៃរដ្ឋសភានៅឡើយ សឹងមិនចុះចេញពីកៅអីនេះផង បើទោះជា លោក ហ៊ុន សែន បានបញ្ជាឲ្យផ្លាស់ប្ដូរភ្លាមៗបន្ទាប់ពីសមាជិកសភាបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តរួចយ៉ាងណាក៏ដោយ។
ក្រោយពីសារព្រមានជាលាយលក្ខណ៍អក្សរនេះ ជាញឹកញយ លោក ហ៊ុន សែន តែងគំរាមដក លោក កឹម សុខា ចេញពីអនុប្រធានទី១នៃរដ្ឋសភាជាច្រើនលើកច្រើនសា បន្ទាប់ពីឃើញថា លោក កឹម សុខា នៅតែផ្គើនសម្ដី និងបន្តវាយបកប្រឆាំង លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ដោយមិនសំចៃមាត់នោះ។
ការបន្តរិះគន់របស់ លោក កឹម សុខា ដោយមិនខ្វល់ពីកៅអីសភារបស់លោកនោះ លោក កឹម សុខា ធ្លាប់អះអាងថា នៅក្នុងប្រទេសប្រជាធិបតេយ្យ ជារឿងធម្មតាទេត្រូវតែមានវប្បធម៌រិះគន់ ដើម្បីស្ថាបនាដូចនេះ៕
No comments:
Post a Comment